អ្នកឃ្លាំមើល​បារម្ភ​ពី​កម្ពុជា​អាច​ជួប​គ្រោះ​នា​ថ្ងៃអនាគត ដោយសារ​គ្មាន​ជំហរ​នយោបាយ​ឯករាជ្យ

0:00 / 0:00

អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត អាច​នាំ​ឱ្យ​កម្ពុជា​មាន​ជោគវាសនា​មិន​ល្អ​នា​ថ្ងៃ​អនាគត​ ដោយសារ​តែ​មិន​អាច​រក្សា​បាន​ជំហរ​នយោបាយ​ឯករាជ្យ​ អព្យាក្រឹត្យ និង​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ ទោះ​យ៉ាង​ណាក្ដី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អះអាង​ជា​ថ្មី​ទៀត​ កាល​ពី​ថ្ងៃទី៧ មករា​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ និង​តែងតែ​ប្រកាន់​ជំហរ​នយោបាយ​ឯករាជ្យ និង​អព្យាក្រឹត្យ បន្ទាប់​ពី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយកម្ពុជា​រិះគន់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា កម្ពុជា​មាន​ជំហរ​នយោបាយ​ឯករាជ្យ​ អព្យាក្រឹត្យ គឺ​មាន​ចែង​តែ​ក្នុង​ក្រដាស​តែប៉ុណ្ណោះ។ ពួកគេ​ថា ការ​អនុវត្ត​ជាក់ស្ដែង​តាំង​ពី​អាណត្តិ​កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រហូត​ត​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូន​របស់​ខ្លួន​ គឺ​លោក ហ៊ុន ម៉ាណែត តែងតែ​ព្យាយាម​បង្ក្រាប​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​ផ្ដេកផ្ដួល​ទៅ​ខាង​ប្រទេស​ប្លុក​កុម្មុយនិស្ត។

អ្នកតាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៨ ខែមករា​ថា លោក​មើល​មិន​ឃើញ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើយ។ លោក​បញ្ជាក់​ថា ដោយសារ​តែ​កម្ពុជា​មាន​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មាន​ភាព​ដុនដាប ហើយ​គណបក្សប្រជាជន​កម្ពុជា​ចង់​ក្ដោបក្ដាប់​នយោបាយ​គ្រប់គ្រង​ប្រទេស​ផ្ដាច់​មុខ​នោះ កម្ពុជា​ជ្រើសរើស​យក​ចិន ដើម្បី​បង្អែក​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន។ លោក​ជឿជាក់​ថា បើ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​លោក​សេរី។

លោក សេង វណ្ណលី៖«ដោយសារ​តែ​ការ​គាំទ្រ​ពី​ភាគី​ចិន​ផ្នែក​នយោបាយ និង​យោធា អាច​អនុញ្ញាត​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ក្ដោបក្ដាប់​នយោបាយ​នៅ​ស្រុកខ្មែរ​បាន ក៏​ដូចជា​ការ​អាស្រ័យផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ការ​វិនិយោគ​របស់​ចិន​ហ្នឹង​ ជា​ប្រភព​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ អាច​ទ្រទ្រង់​របប​ខ្លួន​ឯង​បាន។ ដើម្បី​ក្ដោបក្ដាប់​អំណាច​បាន​យូរ គណបក្សប្រជាជន​កម្ពុជា​ត្រូវតែ​មើលឃើញ​ពី​កម្លាំង​សេដ្ឋកិច្ច​ ដែល​ជា​ឧបករណ៍​មួយ​ ដែល​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកគាំទ្រ។ អ៊ីចឹង​ បាន​ជា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ រដ្ឋាភិបាល​ថ្មី​នេះ ព្យាយាម​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ គឺ​ប្រទេសចិន​ហ្នឹង​ខ្លាំង»។

ថ្លែង​នៅ​សាល​មហោស្រព កោះពេជ្រ​កាល​ពី​ថ្ងៃ​ទី៧ មករា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ទៀត​ថា បន្ទាប់​ពី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី០៧ មករា គឺជា​ស្មារតី​មួយ​ក្នុង​ការ​កសាង​ប្រទេសជាតិ​ឱ្យ​មាន​ប្រជាធិបតេយ្យ មាន​ជំហរ​នយោបាយ​អព្យាក្រឹត្យ និង​មាន​ការ​អភិវឌ្ឍ​សង្គម។

លោក ហ៊ុន សែន៖«កម្ពុជា​ដែល​ធ្លាប់​ត្រូវ​គេ​ឈ្លានពាន ប្រមាថ ត្រូវគេ​ហ៊ុមព័ទ្ធ និង​ឯកោ ឥឡូវនេះ គឺជា​រដ្ឋ​មួយ​ដែល​មាន​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាពទឹកដី​ពេញលេញ បាន​ធ្វើ​សមាហរណកម្ម​ខ្លួន​ក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន និង​កំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​រាល់​កិច្ចការ​អន្តរជាតិ ដោយ​ស្មើ​ភាព និង​ស្មើ​សិទ្ធ​ធ្វើ​ឱ្យ​កិត្យានុភាព​ជាតិ បាន​លេច​ត្រដែត​លើ​ផ្ទៃ​រាប​អន្តរជាតិ»។

ទោះ​ជា​យ៉ាងណា អ្នកឃ្លាំមើល​វាយ​តម្លៃ​ថា កម្ពុជា​បច្ចុប្បន្ន​មាន​សេរីភាព និង​មាន​ភាព​រីកចម្រើន​ចំពោះ​មនុស្ស​មួយ​ក្រុម​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ។ ចំណែក ស្ថានការណ៍​នយោបាយ​វិញ ពួកគេ​រិះគន់​ថា លោក ហ៊ុន សែន គឺជា​អ្នក​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ២០១៧ ដែល​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គូ​ប្រកួតប្រជែង​មាន​សំឡេង​គាំទ្រ​អាច​ឈ្នះ​ឆ្នោត​គណបក្សប្រជាជន​កម្ពុជា​ក្នុង​អាណត្តិ​ទី៥។ ក្រោយ​គាស់​រម្លើង​ប្រជាធិបតេយ្យ​បាន​ជោគជ័យ​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ស្នង​តំណែង​ត​ដល់​កូន ត្រូវ​បាន​អ្នកឃ្លាំមើល​ចាត់​ទុក​របត់​នយោបាយ​ការបរទេស​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​ចិន និង​រណប​វៀតណាម​ដែល​ជា​ចៅ​នាយចៅហ្វាយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​មិន​ទាន់​ធានា​បាន​នូវ​អព្យាក្រឹត្យ និង​ឯករាជ្យ​របស់​កម្ពុជា​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ។

លោក សេក សុជាតិ៖«ក្រោម​ការដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​មិន​ទាន់​អាច​ឆ្លើយតប ១០០ភាគរយ​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​ទេ ដោយសារ​តែ​ពួកគាត់​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ ដែល​ជា​មិត្ត​របស់​ពួកគាត់ ក្រោម​រូបភាព​ផ្សេង ដែល​មើល​ទៅ​ហាក់​មិន​បាន​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ សេរីភាព​នយោបាយ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​រឹតត្បិត តូច​ចង្អៀត​ទៅៗ ក្នុង​រយៈពេល​ជិត ១ទសវត្សរ៍​ចុងក្រោយ»។

អ្នកឃ្លាំមើល​នយោបាយ​ព្រួយបារម្ភ​អំពី​ការ​ដឹកនាំ​កម្ពុជា​ដោយ​គណបក្សប្រជាជន​កម្ពុជា​ដោយ​លម្អៀង​ទៅ​ខាង​ប្រទេស​ចិន​កុម្មុយនិស្ត​តែ​ម្ខាង​ថា អាច​នឹង​នាំ​ឱ្យ​កម្ពុជា​ប្រឈម​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន ខណៈ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ដឹកនាំ​ប្រទេស​មិន​ខុស​ពី​គន្លង​អ្នក​ដឹកនាំ​ជំនាន់​ចាស់ ដោយ​ពឹង​ដង្ហើម​ប្រទេស​ចិន​ស្ទើរ​គ្រប់​វិស័យ ខណៈ​បំណុល​វិញ​កម្ពុជា​ជំពាក់​ចិន​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។