អ្នកវិភាគ៖ ប្រទេស​រុស្សី​នឹង​មិន​អាច​វាយ​តម្លៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​ត្រឹម​ត្រូវ​នោះ​ឡើយ

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ប្រទេស​រុស្សី​នឹង​មិន​អាច​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ពេល​ខាង​មុខ ដោយ​ផ្អែក​លើ​ភាព​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​ថា នឹង​អញ្ជើញ​ស្ថាន​ទូត​រុស្សី​ប្រចាំ​នៅ​កម្ពុជា ធ្វើ​ជា​ភ្ញៀវ​ពិសេស​ក្នុង​ការ​សង្កេតការណ៍​បោះ​ឆ្នោត​ថ្នាក់​ជាតិ ក្នុង​ខែ​កក្កដា ខាងមុខ។

អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ស្រដៀង​គ្នា​ថា វត្តមាន​អ្នក​សង្កេតការណ៍​ពី​បណ្ដា​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​ផ្ដាច់ការ នឹង​មិន​អាច​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ​នោះ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា វត្តមាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​ពី​ស្ថានទូត​រុស្សី មិន​អាច​វាយ​តម្លៃ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ ពីព្រោះ​តែ​ប្រទេស​រុស្សី (Russia) ខ្លួន​ឯង​ផ្ទាល់ មិន​ដែល​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ម្ដង​ណា​នោះ​ឡើយ។ លោក​បន្ថែម​ថា វត្តមាន​អ្នក​សង្កេតការណ៍​ពី​បណ្ដា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​បែប​​កុម្មុយនីស្ត ផ្ដាច់ការ មិន​ត្រឹមតែ​មិន​អាច​ផ្ដល់​ភាព​ត្រឹម​ត្រូវ​ដល់​ការ​បោះឆ្នោត​នោះ​ឡើយ ក៏​ប៉ុន្តែ​ក៏​ជួយ​បំភ្លៃ​ការ​លួច​សន្លឹក​ឆ្នោត​ ដែល​លោក​ចោទ​ថា ប្រព្រឹត្តិ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ផង​ដែរ។

លោក គឹម សុខ៖«ដរាប​ណា​សហភាព​អឺរ៉ុប(EU)ជប៉ុន(Japan)អង់គ្លេស(England)កាណាដា(Canada)សហរដ្ឋអាមេរិក(United States)ជាដើម មិន​ចូលរួម​ផ្ដល់​ជំនួយ ទាំង​ជំនួយ​ហិរញ្ញវត្ថុ បច្ចេកទេស មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍ និង​ធ្វើ​របាយការណ៍​នោះ​ទេ ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ មិន​មែន​ជា​ការ​បោះឆ្នោត​ទេ ក៏​ប៉ុន្តែ​គឺជា​ព្រឹត្តិការណ៍ ប្លន់​អំណាច កម្មវិធី​ប្លន់​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ»។

ស្រដៀង​គ្នា​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រេល (Comfrel) លោក កន សាវាង្ស យល់​ឃើញ​ថា ការ​វាយ​តម្លៃ​ពី​បណ្ដា​ប្រទេស​ដែល​គ្មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ នឹង​មិន​អាច​ផ្ដល់​ភាព​ត្រឹម​ត្រូវ​ទៅដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ។ លោក​ថា មូលហេតុ​ដែល​​គេ​ចង់​បាន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នោះ គឺ​ដោយសារ​ប្រទេស​ទាំង​នោះ​អនុវត្ត​ល្អ ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក កន សាវាង្ស៖ «កាលណា​ធ្វើការ​វាយតម្លៃ គេ​កាន់តែ​ទុកចិត្ត​ទៅ​លើ​សហគមន៍​អឺរ៉ុប ទៅ​លើ​អាមេរិក​ហ្នឹង ដោយសារ​តែ​ប្រទេស​គេ​ហ្នឹង ប្រកាន់​ខ្ជាប់​ណាស់​គោលការណ៍​ហ្នឹង ហើយ​គេ​មាន​មូលដ្ឋាន ១ ២ ៣ ៤ ៥ អ៊ីចឹង​ទៅ ហើយ​ជាពិសេស​ប្រទេស​ទាំង​ហ្នឹង គឺថា​គេ​អនុវត្ត​ខ្ជាប់ខ្ជួន​ណាស់​នៅក្នុង​គោលការណ៍​នៃ​ការ​បោះឆ្នោត​សម្រាប់​ប្រទេស​គេ គឺ​ថា​មាន​ភាព​ត្រឹមត្រូវ ភាព​យុត្តិធម៌​ហ្នឹង​ប៉ុនណា ធ្វើ​ប្រទេស​គេ ប្រជាពលរដ្ឋ​ហ្នឹង​ជឿជាក់»។

ប្រតិកម្ម​អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​កាល​ពី​ថ្ងៃទី២០ ខែ​មេសា បាន​ប្រកាស​ថា នឹង​អញ្ជើញ​ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា ចូលរួម​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខ។

កន្លង​មក គ.ជ.ប បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​សម្រាប់​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា ខាងមុខ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប្រទេស​នាំ​មុខ​លទ្ធិប្រជាធិបតេយ្យ​ទាំង​នោះ នៅ​មិន​ទាន់​ឆ្លើយ​តប​ថា​យ៉ាងណា​នៅឡើយ​ទេ។ ប្រទេស​នាំ​មុខ​ប្រជាធិបតេយ្យ ដែល​តែងតែ​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​របស់​ខ្លួន ប្រកប​ដោយ​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​នោះ រួម​មាន​ដូចជា​ប្រទេស​សហរដ្ឋអាមេរិក (United States) បណ្ដា​ប្រទេស​ក្នុង​សភាព​អឺរ៉ុប (EU) ប្រទេស​ជប៉ុន (Japan) និង​ប្រទេស​អង់គ្លេស (England) ជាដើម មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ ចាប់​តាំង​ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧កន្លងទៅ។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វត្តមាន​ស្ថាន​ទូត​រុស្សី​ចូល​រួម​សង្កេត​ការណ៍ នឹង​មិន​អាច​លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ ព្រោះ​ប្រទេស​រុស្សី​ដែល​ដឹកនាំ​តាម​បែប​ផ្ដាច់ការ មិន​បាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​ភាព​ត្រឹមត្រូវ​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ។ លោក គីមសួរ ភីរិទ្ធ បន្ថែម​ថា បើ​ទោះបីជា​គណបក្ស​ភ្លើង​ទៀន​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ក្ដី ប៉ុន្តែ​គណបក្ស​នេះ​ក៏​កំពុង​ពិចារណា​មិន​ចូលរួម​វិញ​ដែរ បើ​ស្ថានភាព​មុន​ការ​បោះឆ្នោត​កាន់​តែ​មាន​ការ​គំរាម​កំហែង​ខ្លាំង។

ដោយសារ​តែ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​បណ្ដា​ប្រទេស​នាំ​មុខ​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ ក៏​ត្រូវ​បាន មជ្ឈដ្ឋាន​មួយ​ចំនួន ចាត់​ទុក​ថា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ​ដែរ។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា វត្តមាន​អ្នក​សង្កេតការណ៍ និង​ការ​វាយ​តម្លៃ​ការ​បោះឆ្នោត​ពី​បណ្ដា​ប្រទេស​ផ្ដាច់ការ និង​កុំមុយនិស គ្រាន់​តែ​ជា​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​អ្នក​ដឹក​នាំ​ផ្ដាច់ការ​បន្ត​ការ​ដឹកនាំ​ប្រទេស​តែ​ប៉ុណ្ណោះ។ អ្នក​វិភាគ​បន្ថែម​ថា ការ​គាំទ្រ​របស់​ប្រទេស​រុស្សី​មក​លើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​តែ​លោក​ ហ៊ុន សែន តែងតែ​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្សី ដែល​បាន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន (Ukraine) កាល​ពី​ពេល​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។