កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ​​ត្រូវ​លើក​ពេលអាច​ដោយសារ «សម្ពាធ​របស់​ចិន»

0:00 / 0:00

ក្រុម​អ្នក​តាម​ដានស្ថានការណ៍​នយោបាយ​​យល់ថា ការណ៍​ដែល​កម្ពុជា​ចេញមុខ​មកប្រកាស​តែឯង​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) ត្រូវ​លើកពេល អាច​ជាប់ពាក់ព័ន្ធ​នឹង​សម្ពាធ​របស់​ប្រទេស​ចិន។ អ្នកខ្លះទៀត​ថា ទោះជាយ៉ាងណា កម្ពុជា​នៅតែ​ចង់ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ដដែល​ដើម្បី​ជា​ឱកាស​ស្តារ​មុខមាត់​ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ។

រឿងរ៉ាវ​ចម្រូងចម្រាស​ដែល​កម្ពុជា​ប្រកាស​តែឯង​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ត្រូវ​លើកពេល ខណៈ​សហរដ្ឋអាមេរិក និង​ប្រទេសឥណ្ឌូនេស៊ី (Indonesia)​ ដែលជា​អ្នកសម្របសម្រួល​កិច្ចប្រជុំនេះ​នៅ​មិនទាន់​បញ្ជាក់​យ៉ាងណា​នៅឡើយ​នោះ ធ្វើឱ្យ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ដាក់​ជា​ចម្ងល់​សង្ស័យ និង​ការយល់ឃើញ​មួយចំនួន។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា ថ្លែងក្នុង​កិច្ចពិភាក្សា​របស់វិទ្យុអាស៊ីសេរី កាលពី​យប់ថ្ងៃទី១០ ខែមីនា ថា លោក​មិនឃើញ​មាន​ហេតុផល​ផ្សេង​ណាមួយ​ក្រៅតែពី​ហេតុផល​ទាក់ទង​នឹង​ការជាប់​រវល់​របស់​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន ខណៈ​កម្ពុជា​ខ្លួនឯង​ក៏​ចង់​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ឡើង​ដើម្បី​ជា​ឱកាស​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាមេរិក៖ « អ្វី​ដែល​កម្ពុជា​ចង់បាន​បំផុត​នោះ គឺថា​កាលណា​មាន​ឱកាស​ប្រជុំជាមួយ​លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) នេះ​គឺជា​ឱកាស​មួយ​ដែល​កម្ពុជា​អាច​យក​វេទិកា​នេះ​ដើម្បី​សន្ទនា​ដោយផ្ទាល់​ជាមួយ​លោក ចូ បៃឌិន ហើយ​បង្ហាញ​ពី​កិត្យានុភាព​ការទូត​ក្នុងនាមជា​ប្រធាន​អាស៊ាន​ផង ហើយ​មួយទៀត កម្ពុជា​ខ្លួនឯង​ក៏យក​វេទិកា​នេះ​ជាឱកាស​ដើម្បី​និយាយ​ត្រង់ទៅត្រង់មក​ជាមួយ​លោក ចូ បៃឌិន អំពី​ការស្តារ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ឡើងវិញ។ ខ្ញុំ​គិតថា ​កម្ពុជា​មួយ​រយៈពេលនេះ ទោះបីជា​មានទំនាក់ទំនង​ល្អូកល្អឺន​ជាមួយ​ចិន​ក៏ពិតមែន ក៏ប៉ុន្តែ​កម្ពុជា​នៅតែ​គិតថា​ សហរដ្ឋអាមេរិក​គឺជា​តួអង្គ​សំខាន់ »

សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ បាន​ប្រកាស​ជាផ្លូវការ​តាមរយៈ​អ្នកនាំពាក្យ​សេតវិមាន​ប្រធានាធិបតី​ថា កិច្ចប្រជុំ​ពិសេស​នេះ​នឹងធ្វើឡើង​នៅ​សេតវិមាន​ប្រធានាធិបតី​នៅ​រដ្ឋធានីវ៉ាស៊ីនតុន (Washington)​​ នៅថ្ងៃទី២៨ និង២៩ ចុងខែ​មីនា​នេះ។ ក៏ប៉ុន្តែ មិនបាន​ជាង​មួយ​សប្តាហ៍​ផង ទាំង​ប្រធាន​ប្តូរវេន​អាស៊ាន គឺលោក ហ៊ុន សែន និង​ទាំងប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន បាន​ចេញមុខ​មកថ្លែង​អះអាង​ថា កិច្ចប្រជុំ​កំពូលពិសេស​នេះ​ត្រូវ​លើកពេល ដោយសារ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់រវល់។ ពួកលោក​មិនបាន​បញ្ចេញ​ឈ្មោះ​ក្រុមមេដឹកនាំ​នៃ​ប្រទេស​ទាំងនោះទេ។

វិទ្យុអាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​ការប្រកាស​របស់​កម្ពុជា​នេះ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ពុំទាន់​បញ្ជាក់​យ៉ាងណា​ចំពោះ​ការប្រកាស​តែ​ឯង​របស់​កម្ពុជា​នេះទេ និង​ថា ខ្លួន​ពុំមាន​ព័ត៌មាន​បន្ថែម​នៅឡើយទេ។ នៅមុន​ការប្រកាស​របស់​កម្ពុជា​នេះ ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ប្រាប់វិទ្យុអាស៊ីសេរី (RFA) ថា​ខ្លួន​កំពុង​ធ្វើការ​យ៉ាងដិតដល់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ឱ្យបាន​ជោគជ័យ។

អ្នកជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី ដែល​បច្ចុប្បន្ន​កំពុង​រងនូវ​ការធ្វើទុក្ខបុកម្នេញ​ពី​ប្រព័ន្ធតុលាការ​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះយល់ថា ចិន​អាចជា​អ្នកនៅពី​ក្រោយ​ការដាក់សម្ពាធ​មកលើ​កម្ពុជា​ជុំវិញ​រឿង​ប្រកាស​លើកពេល​តែឯងនេះ។ កញ្ញា​យល់ថា​នេះ​គឺ​ដោយ​សារ​​តែ​​ចិន​​ចង់បង្ហាញ​ពី​ឥទ្ធិពល​របស់​គេ ខណៈ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ នឹង​ផ្តោត​មួយភាគធំ​លើ​យុទ្ធសាស្ត្រ​របស់​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពលចិន​នៅតំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុងតែ​កើនឡើង៖ « អ្វីដែល​ខ្ញុំ​បូក​សរុប​សភាពការណ៍​ទៅ ខ្ញុំគិតថា ការពន្យាពេល​នេះ​ចេញ​មក​ពី​របបផ្តាច់ការ​នេះ មិនមែន​មកពី​ខ្លួនគាត់​ចង់ពន្យាពេល​ទេ ពីព្រោះ​គាត់ចង់បាន។ ប៉ុន្តែ គាត់ដឹងថា គង់តែ​មាន​ដដែល គាត់នឹង​តាម​ចិន​សិន​ពីព្រោះ​ចិនបាន​ធ្វើ​អន្តរាគមន៍​រំខាន ។ ខ្ញុំ​គិតថា ​មកពី​មាន​ការដាក់​សម្ពាធ​ខ្លាំង​ពី​ចិន។ យើងឃើញ​ឧទាហរណ៍​ដូច​លោក ប្រាក់ សុខុន ទៅសួរ​មតិពី​ចិនភ្លាម​ពី​រឿងនេះ​ពីរឿងនោះ។ ចិនគេ​អត់នៅ​ស្ងៀមទេ »

ហេតុផល​នៃ​សម្ពាធ​របស់​ចិននេះ ក៏ត្រូវបាន​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយរូបទៀត គឺបណ្ឌិត សូ ណារ៉ូ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ ថ្លែង​​ប្រាប់​វិទ្យុអាស៊ីសេរីថា លោក​សង្ស័យ​ថា ​រឿងនេះ​អាច​មិនពាក់ព័ន្ធ​នឹង​រឿងបច្ចេកទេស​នៃ​ការរៀបចំ​ពេលវេលា​នោះទេ។ ក៏ប៉ុន្តែ លោកថា អាច​ជាករណី​នយោបាយ​ច្រើនជាង ដោយសារ​តែ​ប្រទេស​កុម្មុយនិស្ត​ចិន​អាច​ព្យាយាម​បញ្ចុះបញ្ចូល​កម្ពុជា ស្របពេល​ដែល​ពិភពលោក​កំពុង​ជួបនឹង​រឿងរ៉ាវ​នៃ​បញ្ហា​សង្គ្រាម​​ឈ្លាន​ពាន​​របស់​​ប្រទេស​រុស្ស៊ី ​(Russia)​ ទៅ​លើ​​ប្រទេស​​អ៊ុយក្រែន (Ukraine)​ ដែល​​បញ្ហា​​នេះ​​ធ្វើ​ឱ្យ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ពិបាក​សម្រេចចិត្ត ក្នុងនោះ​ក៏រួម​ទាំង​​ប្រទេស​កុម្មុយនិស្ត​ចិន​ផងដែរ៖ « រឿងបច្ចេកទេស​នេះ​ខ្ញុំសង្ស័យ​ណាស់។ វាមិនមែន​ជា​រឿងបច្ចេកទេសទេ វាជារឿង​នយោបាយ។ អាចចិន​ឡប់ប៊ី​ជា​មួយនឹង​ ហ៊ុន សែន តែម្តង ហើយ​អាចចិន​ឡប់ប៊ី​ជាមួយ ប្រាក់ សុខុន តែម្តង សូមឱ្យ​ពន្យារ​កិច្ចប្រជុំ​នេះ​ដើម្បីឱ្យ​ចិន​ក៏មាន​ពេល​ទំនេរ​សម្រាប់​ធ្វើ​កិច្ចការ​ទប់ស្កាត់​យុទ្ធសាស្ត្រ ឬ​វៃបក​យុទ្ធសាស្ត្រ​ជួយ​រុស្ស៊ី​ក្នុងការ​ទប់ស្កាត់​សេដ្ឋកិច្ច​កុំឱ្យ​ដួលរលំ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន »

កម្ពុជា​ដែល​ធ្លាប់តែ​ជាមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី និង​ជា​មិត្តដែកថែប​របស់​ចិន កាលពី​ថ្ងៃទី០១ ខែមីនា បាន​សម្រេច​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មិនធ្វើតាម​បន្ទាត់​នយោបាយ​ការបរទេស​របស់​ចិន ដោយ​ងាកមក​ធ្វើតាម​ការចង់បាន​របស់​ក្រុមប្រទេស​លោកខាងលិច រួមគ្នា​បោះឆ្នោត​គាំទ្រ និង​ធ្វើជា​សហស្ថាបនិក​នៃ​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការវាយប្រហារ​ជា​បន្ទាន់​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ ប្រទេសចិន​បាន​បោះឆ្នោត​អនុប្បវាទ មិនគាំទ្រ ហើយ​ក៏មិនជំទាស់​ទៅនឹង​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​នេះ។

អ្នកឃ្លាំមើល​មួយចំនួន​យល់ឃើញថា ការសម្រេចចិត្ត​របស់​កម្ពុជា​នេះ អាច​ដោយសារ​តែ​កម្ពុជា​ចង់យក​ចិត្ត​ក្រុមប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក នៅ​មុន​​កិច្ចប្រជុំ​កំពូលពិសេស​អាស៊ាន-អាមេរិក​នេះ។ ក្រោយការ​សម្រេចចិត្ត​នេះ ប្រមុខការទូត​កម្ពុជាលោក ប្រាក់ សុខុន កាលពី​ថ្ងៃទី៤ ខែមីនា បាន​ចំណាយពេល​ពន្យល់​លម្អិតមន្ត្រីការទូត​ជាន់ខ្ពស់​របស់​ចិន​អំពី​ហេតុផល​ដែល​នាំ​ឱ្យ​ខ្លួន​សម្រេចចិត្ត​យ៉ាងដូច្នេះ។ ការខំ​ពន្យល់​ភាគី​ចិន​នេះ នាំឱ្យ​មាន​ការរិះគន់​ថា បាន​ឆ្លុះបញ្ចាំង​​​ពី​ភាព​​គ្មាន​ឯករាជ្យ និង​ថា​កម្ពុជា​នៅតែ​រណបចិន។

អ្នកនាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ប្រកាសថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ​នឹងបង្ហាញ​ថា​ សហរដ្ឋអាមេរិក​ប្តេជ្ញាចិត្ត​យ៉ាងមុត​មាំ​​ចំពោះ​​តំបន់​​អាស៊ាន ដោយ​ទទួលស្គាល់​ពី​តួនាទី​នៃ​មជ្ឈភាព​របស់​អាស៊ាន​ក្នុងការ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​ចិរភាព​លើ​បញ្ហា​ប្រឈម​ចម្បងនានា​ក្នុង​តំបន់ និង​ដើម្បី​រំឮក​ខួបលើកទី៤៥ នៃ​ទំនាក់ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូល​ពិសេស​នេះ នឹង​ធ្វើឡើង​ដោយផ្អែកលើ​ការចូលរួម​របស់​ប្រធានាធិបតី​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​កាលពី​ខែតុលា ឆ្នាំ២០២១ ដែល​នៅពេលនោះ​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ផ្តល់​ថវិកាជាង ១០០លាន​ដុល្លារ (១០២ លានដុល្លារ) ទៅដល់​តំបន់អាស៊ាន។

ប្រសិនបើ​គ្មាន​អ្វីប្រែប្រួលទេ កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ​នឹងប្រព្រឹត្ត​ទៅ​មួយថ្ងៃ​ចំថ្ងៃ​ខួប​លើទី២៥ នៃ​ព្រឹត្តិការណ៍​គប់គ្រាប់បែក​លើ​ក្រុមបាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ឆ្នាំ១៩៩៧។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា ប្រធាន​ប្តូរវេន​អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង​ការ​ចោទ​ប្រកាន់​​ដោយ​ប្រយោល​ពី​តុលាការ​បារាំង​ថា បាន​ប្រព្រឹត្ត «អំពើ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ» ក្នុង​សំណុំរឿងគប់គ្រាប់បែក​នេះ ខណៈ​កូនចៅ​របស់​លោក ហ៊ុន សែន ពីររូប​គឺលោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ត្រូវបាន​តុលាការ​បារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។