អ្នក​ឃ្លាំមើល​ថា គ្រួសារ​ត្រកូល ហ៊ុន តាំង​ពី​ឪ​ដល់​កូន​បំពាន​ព្រះមហាក្សត្រ

0:00 / 0:00

អ្នក​ឃ្លាំមើល​ថា ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តាំង​ពី​ឪ​ដល់​កូន បំពាន​ព្រះមហាក្សត្រ ម្ដង​ហើយ​ម្ដង​ទៀត។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ចេញ​សារ​ប្ដេជ្ញា​ដង្ហែ​តាម​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​សុំ​ទោស​ព្រះអង្គ និង​ប្រជាពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​រៀបចំ​ព្រឹត្តិការណ៍​ធ្វើ​ឱ្យ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ។

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​ នៅ​ប្រទេស​អូស្ត្រាលី​ លោក ស៊ឹង សែន ករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមករា​ថា ការ​យក​ទី​ធ្លា​ខាង​មុខ​ព្រះ​បរម​រាជវាំង ទៅ​ធ្វើ​ពិធី​រាំរែក​តាម​ទំនើង​ចិត្ត គឺ​ជា​ការ​បំពាន​អង្គ​ព្រះមហាក្សត្រ​រួច​ទៅ​ហើយ។

លោក ស៊ឹង សែន ករុណា មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ហេតុការណ៍​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍ ព្រះអង្គ​ហើយ លោក ហ៊ុន ម៉ានី ត្រឹម​តែ​ចេញ​ប្ដេជ្ញា​ចិត្ត​ដោះសា​ធ្វើ​ជា​គោរព​ទ្រង់ របៀប​គេច​ពី​ការ​ទទួល​ខុស​ត្រូវ គឺ​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ជាន់​ទៀត ដោយ​លោក​ថា ការ​ប្ដេជ្ញា​ចិត្ត គ្រាន់​តែ​ជា​សារ​យោបល់ មិន​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់​មហាជន​ឡើយ។ លោក​ពន្យល់​ថា ការ​គោរព​ត្រូវ​សម្ដែង​ចេញ​ពី​ការ​ ប្រតិបត្តិ​ជាក់​ស្ដែង ដូចជា ការ​សុំទោស និង​ការ​ទទួល​ខុស​តាម​រយៈ​ការ​អនុវត្ត​ ច្បាប់​ច្បាស់លាស់។

លោក ស៊ឹង សែនករុណា៖ «ជា​អ្នក​នាំ​ជា​អ្នក​ជំនាន់​ក្រោយ គួរ​តែ​ហ៊ាន​ទទួល​ខុស​ត្រូវ​នូវ​អ្វី ដែល​ជា​អំពើ​​ខុស​ឆ្គង​របស់​ខ្លួន​ទេ វា​គ្មាន​ទាស់​ខុស​ទេ ហើយ​យើង​កសាង​ឡើង​វិញ​ទៅ។ ការ​ប្ដេជ្ញា​ចិត្ត វា​គ្រាន់​តែ​ជា​រឿង​មួយ​ទេ។ ប៉ុន្តែ យើង​នៅ​រង់​ចាំ​មើល​នូវ​អំពើ​នៃ​ការ​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង។ ខ្ញុំ​ជឿ​ជាក់​ថា គ្មាន​អ្នក​ហ៊ាន​ទៅ​បំពារ​បំពាន​អង្គ​ព្រះ​មហាក្សត្រ​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​មាន​អំណាច​ជាង​ក្រុម​គ្រួសារ​មេ​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន​ទេ ប្រសិន​បើ​ក្រុម​គ្រួសារ​មេ​ដឹក​ប្រទេស​ចង់​បំពារ​បំពាន​អា​ហ្នឹង បាន​អាច​ធ្វើ​ទៅ​បាន»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ានី នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែមករា បាន​ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​លោក ដោយ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ក្រោយ​ពេល​ផ្ទុះ​ហេតុការណ៍​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះអង្គ​នៅ​ទី​ធ្លា​ខាង​មុខ​ព្រះ​បរម​រាជវាំង ជា​កន្លែង ដែល​លោក ហ៊ុន ម៉ានី ដឹក​នាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) រៀបចំ​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា»។

លោក ហ៊ុន ម៉ានី មិន​បាន​សុំទោស​ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ​ចំពោះ​ហេតុ​ការណ៍​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ឡើយ។ លោក ហ៊ុន ម៉ានី គ្រាន់​តែ​សរសេរ​ថា លោក​ដង្ហែ​តាម​ព្រះរាជ​តម្រិះ នៃ​អង្គ​ព្រះមហាក្សត្រ​ក្នុង​ការ​ដឹក​នាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព​សុភមង្គល​និង​សុខដុម​រមនា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន រូប​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែមករា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាងណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់ វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមករា ថា លោក ហ៊ុន ម៉ានី បាន​បង្ហាញ​សារ​បញ្ជាក់​ជំហរ​របស់​លោក​រួច​ហើយ ចំពោះ​ព្រះមហាក្សត្រ។ ដូច្នេះ ​លោក សុខ ឥសាន មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​អំពី​បញ្ហា​នេះ​ទេ។

លោក សុខ ឥសាន៖ «ខ្ញុំ​អត់​មាន​យោបល់​អី​ទេ គ្រាន់​តែ​ទុសេ​ខ្សែ​ភ្លើង(ឆ្លង​ចរន្ត​អគ្គិសនី)ឬ​ចៃដន្យ​ឧបទ្ទវហេតុ​អា​ហ្នឹង​វា​បច្ចេកទេស ឬ​មួយ​វា​រឿង​ទេ ទន្ទឹង​នឹង​ក៏​មាន​ឆេះ​ផ្ទះ​ប្រជាជន​គគោក​ក្ដី​ទៀត​ដែរ។ អា​ហ្នឹង វា​ជា​ចៃដន្យ​តើ ហើយ​ប្រទេស​ខ្លះ ក៏​ដូច​តែ​គ្នា​ហ្នឹង។ វា​មិន​មែន​មាន​តែ​ប្រទេស​ខ្មែរ​យើង​ឯ​ណា ហើយ​អ្នក​វិភាគ​អ្នក​ដែល​ចេះ​តែ​និយាយ!និយាយ​ដាក់​កំហុស​មក​លើ​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល»។

អ្នក​ជំនាញ​ផ្នែក​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមករា ថា កម្ពុជា​គួរ​ដល់​ពេល​បោះបង់​ចោល​នូវ​វប្បធម៌ ដែល​មាន​កំហុស​ហើយ មិន​ទទួល​ខុស​ត្រូវ និង​មិន​ឆ្លើយ​តប​នឹង​កង្វល់ និង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ។ លោក​ថា អ្នក​កាន់​តួនាទី​តំណែង​ទាំង​ឡាយ ត្រូវ​យក​វប្បធម៌​អនុវត្ត​ច្បាប់​ឱ្យ​រឹង​មាំ និង​ដោយ​មិន​ប្រកាន់​បក្ខពួក ទុក​ជា​គំរូ​ប្រតិបត្តិ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ ក្នុង​ការ​ បន្ត​ដឹក​នាំ និង​កសាង​ប្រទេស​ជាតិ។

លោក ប៉ោ មករា៖ «វា​ពាក់ព័ន្ធ​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ កាលណា​មិន​ទទួល​ខុស​ត្រូវ វា​អាច​ពាក់ព័ន្ធ​នឹង​ការ​មិន​គោរព​ច្បាប់ ការ​មិន​ទទួល​ខុស​ត្រូវ វា​ជា​ការ​ខ្វះ​សីលធម៌​ក្នុង​ការ​កាន់​តួនាទី​របស់​ខ្លួន​ឯង មុខ​ងារ​សាធារណៈ​ហ្នឹង ហើយ​មួយ​ទៀត អាច​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​ហ្នឹង កំហុស​ប៉ុណ្ណឹង​វា​ស៊ើបអង្កេត​ត្រូវ​មាន​ឡើង ហើយ​កំហុស​ហ្នឹង ត្រូវ​សុំទោស​ជា​សាធារណៈ ឬ​អាច​លា​លែង​ពី​តំណែង​កំហុស​ណា​មួយ ដែល​ធ្ងន់ធ្ងរ​មិន​អាច​កែ​ប្រែ​បាន»។

អ្នកឃ្លាំមើលលើក​ឡើង​ថា សារ​របស់​លោក ហ៊ុន ម៉ានី ពុំ​មាន​អ្វី​ខុស​ពី​លោក ហ៊ុន សែន កន្លងមក​ទេ គឺ​ភាសា​នយោបាយ​របស់​ពួកគាត់​ថា ដង្ហែ​តាម​ព្រះ​តម្រិះ​របស់​ ព្រះមហាក្សត្រ ប៉ុន្តែ​មិន​គោរព​តាម​ព្រះ​តម្រិះ​របស់​ព្រះអង្គ ដែល​តែង​តែ​អំពាវនាវ​​ឱ្យ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ឡើយ ហើយ​លោក ហ៊ុន សែន ជា​ច្រើន​ដង ​ថែម​ទាំង​​បំពាន​ព្រះមហាក្សត្រ​ជា​សាធារណៈ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ធ្លាប់​គំរាម​រំលាយ​រាជ​បល្ល័ង្ក កាល​ពី​ចុង​ឆ្នាំ២០០៥ ប្រសិន​បើ​ព្រះមហាក្សត្រ មិន​ចុះ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​របូត​ កោះត្រល់​ទៅ​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​វៀតណាម​មក​ដល់​សព្វ​ថ្ងៃ។

លោក ហ៊ុន សែន៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ​ហើយ ខ្ញុំ​ថា ព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​​យន្ត​ហោះ​តាម​ទូរស័ព្ទ ខ្ញុំ​ថា​​ព្រះអង្គ​​ បើ​លើក​នេះ​វា​ពិបាក​​ស៊ីញេ ត្រូវ​​ពិនិត្យ​​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​​សាធារណរដ្ឋ​ឱ្យ​វា​មាន​ប្រធានាធិបតី​​តែ​​ម្តង?ឬ​ហោច​ណាស់​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ លើ​មាត្រា​ណា​មួយ ដែល​កាល​ណា​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ត្រូវ​ឡាយ​ព្រះហស្តលេខា។ បើ​មិន​ឡាយ​ព្រះហស្តលេខា​ទេ គឺ​នឹង​ចូល​ជាធរមាន»។

មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា អង្គ​ព្រះ​មហាក្សត្រ មិន​អាច​រំលោភ​បំពាន​បាន​ឡើយ។ ប៉ុន្តែ​សមាជិក​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ជា​ពិសេស​លោក ហ៊ុន សែន ដែល​បាន​បំពាន និង​ប្រមាថ​ព្រះមហាក្សត្រ និង​រាជ​បល្ល័ង្ក​​ម្ដង​ហើយ​ម្ដង​ទៀត មិន​ដែល​រង​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​ម្ដង​ណា​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។