អ្នកវិភាគថា ប្រទេសលោកសេរីនៅតែសង្ស័យវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជា
2023.04.01

អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា នាវាយោធាប្រទេសលោកសេរីមកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបន្តបន្ទាប់នៅពេលនេះ បង្ហាញថា ប្រទេសលោកសេរីនៅតែសង្ស័យករណីវត្តមានមូលដ្ឋានយោធាកងទ័ពចិននៅកម្ពុជាដដែល។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចនៅតែអះអាងថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជាឡើយ។
រយៈពេលពីរខែនេះ យ៉ាងហោចណាស់នាវាយោធាប្រទេសមហាអំណាចនិងប្រទេសសេរីចំនួន០៣បានបណ្ដាក់គ្នាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងនោះរួមមាន៖ នាវាយោធាអង់គ្លេស នាវាបារាំង និងនាវាយោធារបស់ជប៉ុន។ ដំណើរទស្សនកិច្ច របស់នាវាប្រទេសសេរីនៅពេលនេះ ធ្វើឡើងខណៈដែលភាគីកម្ពុជានៅតែអនុញ្ញាតឱ្យយោធាកុម្មុយនីស្តចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម ខេត្តព្រះសីហនុជាង៨ខែមកហើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ដំណើរទស្សនកិច្ចរបស់នាវាប្រទេសលោកសេរីពេលនេះ បើមើលរូបភាពធម្មតា ជាការបង្ហាញពីជាកិច្ចសហប្រតិបត្តិការយោធា ប៉ុន្តែបើមើលឱ្យស៊ីជម្រៅ គឺក្រុមប្រទេសលោកសេរីនៅតែសង្ស័យពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជាដដែល។ លោកបន្តទៀតថា នេះជាសញ្ញារបស់ប្រទេសលោកសេរីចង់រំលឹកទៅរដ្ឋាភិបាលលោក ហ៊ុន សែនថា កុំចង់ធ្វើអ្វីផ្ដេសផ្ដាស ឬលួចផ្ដល់មូលដ្ឋានកងទ័ពចិននៅកម្ពុជា ព្រោះនាវាយោធារបស់ពួកគេអាចចូលមកសមុទ្រកម្ពុជាបានគ្រប់ពេល។
លោក គឹម សុខ៖ «ជាការពញ្ញាក់ស្មារតីលោកនាយករដ្ឋមន្ត្រីថា មិនអាចធ្វើតាមចិត្តបានទេ បញ្ហាធំនឹងកើតឡើង ប្រសិនបើភាពសម្ងាត់នៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃរដ្ឋាភិបាលលោក ហ៊ុន សែន និងកងទ័ពជើងទឹកចិនហ្នឹងកាន់តែបង្កើតកម្ដៅដល់តំបន់ទាំងមូល»។
អ្នកវិភាគលើកឡើងដូច្នេះក្រោយពេលសហរដ្ឋអាមេរិកបានបញ្ចេញព័ត៌មានជាបន្តបន្ទាប់ពីការវិវឌ្ឍន៍កំពង់ផែយោធាសមុទ្ររាមខេត្តព្រះសីហនុ។ ចំណែកនាវាយោធានៃប្រទេសលោកសេរីភាពក៏ចូលមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបន្តកន្ទុយនារយៈពេលចុងក្រោយនេះ។
កាលពីថ្ងៃទី២៤ខែមីនា នាវាល្បាតបារាំងឈ្មោះ Prairial បានចូលមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ និងទើបចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៨ ខែមីនា។ ស្ថានទូតបារាំងប្រចាំកម្ពុជា ឱ្យដឹងថា នេះក៏ជាឱកាសដើម្បីរំលឹកឡើងវិញពីបំណងប្រាថ្នារបស់បារាំងក្នុងការពង្រឹងទំនាក់ទំនង ជាមួយកម្ពុជានៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកមួយដែលលើកកម្ពស់ការគោរពអធិបតេយ្យភាព។
ស្ថានទូតបារាំងលើកឡើងទៀតថា ការសំចតនៅកំពង់ផែកម្ពុជាពេលនេះ ដើម្បីបន្តបេសកកម្មរបស់ខ្លួននៅតំបន់អាស៊ី ក្នុងគោលដៅគូសបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់របស់បារាំងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម ឆ្ពោះទៅកាន់ការចូលសំចតនៅតាមបណ្តាប្រទេសជាដៃគូនៃលំហឥណ្ឌូប៉ាស៊ីហ្វិក។ នៅថ្ងៃដដែលនាវាបារាំងចាកចេញពីកំពង់កម្ពុជា នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ឈ្មោះJS KIRISAME ក៏ចូលមកម្ដង។ នាវានេះ ជានាវាមេបញ្ជាការកងពលធំកងស្វ័យការពារដែនសមុទ្រជប៉ុនទី៤ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែមីនា។ ទំព័រហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ការសំចតនេះ ក្នុងបំណងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងនោះក៏មានការចូលរួមហ្វឹកហ្វឺនរវាងនាយនាវីមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកម្ពុជា ជាមួយកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងទស្សនកិច្ចសិក្សាស្វែងយល់នៅលើនាវាកងទ័ពជើងទឹកជប៉ុនផងដែរ។
ចំណែកទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា ឱ្យដឹងដែរថា ការចូលចតនៅកំពង់ផែកម្ពុជាពេលនេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងកងទ័ពជើងទឹកកម្ពុជានឹងធ្វើសមយុទ្ធសុច្ឆន្ទៈមួយចំនួនដើម្បីបង្កើនទំនុកចិត្ត និងមិត្តភាពនៃភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ទាក់ទងរឿងនេះដែរ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនិច វីល្លាម (Dominic Williams) បានជួបជាមួយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោក ហ៊ុន ម៉ាណែត។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ឱ្យដឹងនៅថ្ងៃទី៣១ ខែមីនាថា កាលពីខែកុម្ភៈ នាវាកងទ័ពជើងទឹកអង់គ្លេសបានមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាដើម្បីបង្ហាញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។
ចំណែកលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញព័ត៌មានជាក់លាក់នៃជំនួបរវាងលោកជាមួយឯកអគ្គរាជទូតប្រទេសអង់គ្លេសនេះទេ។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេនៅថ្ងៃទី៣១ ខែមីនា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា កម្ពុជាមិនកំណាញ់ ឬចិត្តចង្អៀតចង្អល់មិនឱ្យនាវាយោធាប្រទេសណាមួយចង់មកបំពេញទស្សនកិច្ចនៅកំពង់ផែយោធារបស់កម្ពុជាឡើយ។ លោកលើកឡើងទៀតថា ការបំពេញទស្សនកិច្ចរបស់នាវាយោធាប្រទេសលោកសេរីទាំងនោះ ជាការបង្ហាញថា ពួកគេជឿថា គ្មានវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា ទើបប្រទេសសេរីទាំងនោះបញ្ជូននាវារបស់ខ្លួនមកទស្សនកិច្ចនៅកំពង់ផែកម្ពុជាជាបន្តបន្ទាប់ដូច្នេះ។
លោក សុខ ឥសាន៖ «ព័ត៌មានហ្នឹងមិនដល់អ្នកដែលគេមកជាន់ឃើញនៅកំពង់ផែរាមហ្នឹងទេ ព័ត៌មានហ្នឹងនៅអន់ជាងគេ មកដល់ជាន់ជើងទឹកដីកំពង់ផែរាមរបស់កងទ័ពកម្ពុជាហ្នឹងអ៊ីចឹង បើសង្ស័យទេមិនបាច់ថា ពីចម្ងាយទេ ណាមិនបាច់ថា ពីវ៉ាស៊ីនតោន ឌីស៊ីឬក៏កំពង់ផែនៅឯណា?ឱ្យគាត់អញ្ជើញមក បើថាកម្ពុជាមិនស្វាគមន៍ចាំថា»។
ដោយឡែកប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើគិតតាមយុទ្ធសាស្ត្រយោធា ជាការបង្ហាញពីកង្វល់ របស់ប្រទេសលោកសេរីពាក់ព័ន្ធនៃវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជា និងជាការបង្ហាញបំណងចង់ទប់ស្កាត់បញ្ហានេះរបស់ក្រុមប្រទេសលោកសេរី។ លោកបន្តទៀតថា ក្រុមប្រទេសលោកសេរីធ្វើដូច្នេះ ជាការបង្ហាញថា ពួកគេនៅតែចង់រាប់អានកម្ពុជាដដែល និងចង់ឱ្យកម្ពុជាគោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិដើម្បីរក្សាអព្យាក្រឹត្យរបស់ខ្លួន។ លោកបន្តទៀតថា បញ្ហាដែលប្រទេសលោកសេរីមិនទាន់ជឿការអះអាងរបស់ភាគីរដ្ឋាភិបាលថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅកម្ពុជា ព្រោះរដ្ឋាភិបាលមិនទាន់បង្ហាញព័ត៌មាន និងតម្លាភាពពីការសាងសង់កំពង់ផែយោធារាមឱ្យបានទូលំទូលាយនៅឡើយ។
លោក រស់ សុដ្ឋា៖ «តម្លាភាពជាការល្អដែរយើងមើលទៅតើកន្លែងណាខ្លះយើងមិនទាន់បានបើកឱ្យទូលំទូលាយ យើងអាចបើកទូលំទូលាយឱ្យគេជ្រាបច្បាស់ជាលក្ខណៈតម្លាភាពបានឬទេ បើសិនជាកិច្ចការនោះមិនពាក់ព័ន្ធអ្វីដែលជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិកម្ពុជា»។
ទាក់ទងរឿងនេះដែរ របាយការណ៍ការិយាល័យរបស់ប្រធានកិច្ចការសម្ងាត់អាមេរិកាំង (ODNI) ដែលជាបណ្ដុំភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងចំនួន ១៧ស្ថាប័ន ក្នុងនោះរួមទាំងភ្នាក់ងារ ស៊ី.អាយ.អេ (CIA) បានចេញផ្សាយក្នុងខែមីនានេះ ដោយបានវាយតម្លៃថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងបន្តមហិច្ឆតាបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់ខ្លួន និងសម្រេចបាននូវកិច្ចព្រមព្រៀងផ្តល់លទ្ធភាពឱ្យយោធារបស់ខ្លួនអាចចេញចូលតាមកំពង់ផែបរទេសនានា។ របាយការណ៍ដដែលលើកឡើងទៀតថា ការធ្វើដូច្នេះគឺដើម្បីពង្រីកអំណាច និងការពារផលប្រយោជន៍របស់ចិននៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។