អ្នកឃ្លាំមើល ចាត់​ទុក​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​កម្ទេច​អ្នក​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់

2024.06.12
អ្នកឃ្លាំមើល ចាត់​ទុក​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​កម្ទេច​អ្នក​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់ (រូបឯកសារ) លោក ហ៊ុន សែន ថ្លែងសន្ទរកថា ក្នុង​ពិធី​មួយ នៅ​ឆ្នាំ២០២០ កាល​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ចាត់​ទុក​ផែនការ​របស់​លោក ហ៊ុន សែន ដែល​បន្ត​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង​ពី​លើ​ដល់​ក្រោម​នោះ គឺ​ជា​អំពើ​ខុស​ច្បាប់។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​មាន​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន បញ្ជា​ឲ្យ​មនុស្ស​របស់​លោក បន្ត​យុទ្ធនាការ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង និង​បង្ក្រាប​អ្នក​ណា ដែល​នៅ​តែ​មិនព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល លើក​ឡើង​ថា សារ​សំឡេង​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ដៃជើង​របស់​លោក កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង គឺ​ជា​ភស្តុតាង​ថ្មី​មួយ​ទៀត ដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​កន្លង​មក​គ្មាន​សេរី ​យុត្តិធម៌ ត្រឹមត្រូវ និង​បញ្ជាក់​ថា បុរស​ខ្លាំង​រូប​នេះ គឺជា​មេខ្លោង​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​និង ឃាតកម្ម​នយោបាយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមរ៉ា ថ្លែង​ថា ជា​រឿង​សោក​ស្ដាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស ​ប៉ុន្តែ​មាន​​ចរិត​កោង​កាច​ព្រៃផ្សៃ។

លោក អ៊ិន ហេមរ៉ា៖ «នេះ គឺ​ជា​អំពើ​ខុស​ច្បាប់។ បើសិន​ជា​នៅ​ប្រទេស​អូស្ត្រាលី​វិញ ទង្វើ ឬ​ក៏​សារ​បែប​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ សម្រាប់​លោក ហ៊ុន សែន នេះ គាត់​បន្សល់​ទុក​មរតក​នយោបាយ​ព្រៃផ្សៃ​នេះ ប្រវត្តិសាស្ត្រ​នឹង​កត់​ទុក»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​សារ​សំឡេង​របស់​លោក ហ៊ុន ​សែន រយៈពេល​ជាង​១០នាទី បាន​ផ្ញើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រ ជា​ជន​កម្ពុជា​គ្រប់​រាជធានី-ខេត្ត ឲ្យ​ធ្វើការ​សហការ​ជាមួយ​ក្រុម​ការងារ​ថ្មី​មួយ​ដែល មាន​ជំនាញ​ខាង​បំផ្លាញ​កម្លាំង​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន​​ដើម្បី​កុំ​ឲ្យ​មាន​លទ្ធភាព​កសាង​កម្លាំង សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២៧។នៅ​ក្នុង​សារ​សំឡេង បែក​ធ្លាយ​ដែល​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចែក​ចាយ​ព្រោងព្រាត​នោះ មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​រូប​នេះ ដាក់​បទ​បញ្ជា​ឲ្យ​មន្ត្រី​បក្ស​របស់​លោក និង​ក្រុម​អតីត​សកម្មជន​បក្ស​ប្រឆាំង ដែល​លោក​ទិញ​ទឹក​ចិត្តបាន​ថា ត្រូវ​ចុះ​ទៅ​មូលដ្ឋាន ដើម្បី​វាយ​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង កុំ​ឲ្យ​នៅ​ទើស​មុខ​ទើស​មាត់​លោក​ត​ទៅ​ទៀត ចាប់​ពី​ពេល​នេះ​ទៅ។ ទន្ទឹម​នឹង​ការ​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ដៃជើង​របស់​លោក​ថា ត្រូវ​អូស​ទាញ​កម្លាំង​គណបក្ស​ប្រឆាំង​នោះ​មក​គ្រប់គ្រង និង​ប្រើប្រាស់​តាម​រយៈ​ការ​ផ្ដល់​តំណែង​តួនាទី។ លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុម​ការងារ ដែល​មាន​ជំនាញ​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង​នេះ មាន​កញ្ចប់​លុយ​ពិសេស ក្រោម​ការ​ចាត់ចែង​ដឹក​នាំ​ដោយ​​លោក យូ សិរីវុឌ្ឍ និង​លោក ភឺន ផល្លា ដែល​ជា​ជំនួយ​ការ​របស់​លោក។

លោក ហ៊ុន សែន៖ «បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង កុំ​ឲ្យ​ពួក​ប្រឆាំង​មាន​កម្លាំង​ប្រើ។ បើ​ហ្អែង​ប្រឆាំង ងើប​មួយ​វៃ​មួយ ហើយ​ចូល​ទាញ​មួយ ទាញ​មួយ​ហើយ​ទាញ​បាន​មួយ​ហ្នឹង គឺ​ថា ឲ្យ​អ្នក​ហ្នឹង​ទៅ​ទាញ​បន្ត​ទៀត តាម​វិធី​យក​លលក​ទាក់​លលក។ កុំ​យក​ដំរី​ទាក់​កូន​ខ្លា ឬ​យក​ដំរី​ទាក់​លលក យក​នាគរាជ​ទាក់​លលក វា​អត់​ត្រូវ​ទេ។ អ៊ីចឹង សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ​បំផុត។សង្ឃឹម​ថា ឯកឧត្តម លោក​ជំទាវ​ធ្វើ​កិច្ច​ការងារ​នេះ ដោយ​ហ្មត់ចត់​ហើយ​នៅ​មាន​យន្តការ​មួយ​ចំនួន គឺ​ជំនាញ​ខាង​រក​មុខ​សញ្ញា ដើម្បី​វៃ​ហ្មង។ មុខ​សញ្ញា​ណា​រឹង គឺ​ចុះ​វៃ​ហ្មង»

នៅ​មុន​សារ​សំឡេង​នេះ ​​​បែក​ធ្លាយ​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ បាន​ចេញ សេចក្ដី​សម្រេច​មួយ​ស្តី​ពី​ការ​ចាត់តាំង​ក្រុម​ស្នូល​ដើម្បី​ទប់ស្កាត់​ចរន្ត​ជ្រុល​និយម។សមាស​ភាព​ក្រុម​ការងារ​នេះ ​គឺជា​អតីត​សកម្មជន​​បក្ស​ប្រឆាំង​រួមមាន​លោក ម៉ៃ ហុងស្រៀង ជា​ប្រធាន និង​លោក សាន សាង ជា​អនុប្រធាន។កន្លងមក​ក្រុម​មនុស្ស​ដែល​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន​ សែន ​ទាំង​នេះ​ហើយ​ដែល​តែងតែ​ដើរ​គំរាមកំហែង និង​អូសទាញ​សកម្មជន​និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​ ឲ្យ​លក់​ឧត្ដមគតិ​ដូច​ពួកគេ​ដែរ​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា សារ​សំឡេង​​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​គំរាមកំហែង និង​ជា​ការ​រំលោភ​ច្បាប់ ធ្ងន់ធ្ងរ ព្រោះ​កម្ពុជា ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ សេរី ​ពហុបក្ស​ដែល​ធានា​​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ដោយ​គ្មាន​ការ​គំរាមកំហែង និង​​ការ​បង្ខិត​បង្ខំ។លើស​ពី​នេះ លោក ចាត់​ទុក​ថា សារ​សំឡេង​ហ៊ុន សែន គឺជា​ភស្តុតាង​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​កន្លងមក គ្មាន​សេរី និង​យុត្តិធម៌ ហើយ​លោក ហ៊ុន សែន គឺជា​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា​លើ​អ្នករិះគន់​និង​សកម្មជន​បក្ស​ប្រឆាំង​ជា​ហូរហែ។

លោក ស៊ឹង សែន​ករុណា៖ «សារ​នេះ​ស​បញ្ជាក់​ថា គឺ​ជា​ការ​បញ្ជា ឬ​ក៏​ថា ហាក់​ដូច​ជា​ដឹង​មុខ​សញ្ញា​អ្នក​បញ្ជា​អ្នក​ពី​ក្រោយ​ខ្នង ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​សកម្មជន បក្ស​ប្រឆាំង​នា​ពេល​កន្លង​មក​នេះ​ហើយ។ នេះ​គឺ​ជា​ភស្តុតាង ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច គប្បី​មាន​ការ​បើក​ការ​ស៊ើប​អង្កេត ឲ្យ​បាន​ច្បាស់លាស់ ហើយ​ធ្វើ​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ប៉ុន្តែ យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គឺ​ឋិត​នៅ​ក្រោម​អំណាច​របស់​អតីត​នាយករដ្ឋមន្ត្រី»

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​យល់​ថា ទោះ​បី​ជា​ពេល​នេះ លោក ហ៊ុន សែន កំពុង​កាន់​អំណាច អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ក្ដី ក៏​លោក នៅតែ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ និង​មិន​អាច​យក​បេះដូង​ប្រជាពលរដ្ឋ​បាន​ឡើយ​ដោយសារ​តែ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត នៅតែ​ពោរពេញ​ដោយ​អំពើ​ពុករលួយ អយុត្តិធម៌​សង្គម ការ​រំលោភ​សិទ្ធិមនុស្ស ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ការបំផ្លាញ​ធនធាន​ធម្មជាតិ បញ្ហា​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​បញ្ហា​អសន្តិសុខ​សង្គម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។