អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែចង់បង្ហាញពីភក្ដីភាពជាមួយវៀតណាមដែលជាចៅហ្វាយនាយលើកបន្តុបលោកឱ្យដឹកនាំកម្ពុជានៅទសវត្សទី៨០។ ការលើកឡើងនេះ ធ្វើឡើងស្របពេល លោក ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាមលោក វឿង ឌីញហ្វេ (Vuong Dinh Hue) ក្នុងឱកាសខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាព្រមានថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វេសប្រហែស ឬបង្ហាញឆន្ទៈនយោបាយក្នុងការគាំទ្រប្រទេសណាមួយជាពិសេសប្រទេសចិន និងវៀតណាម នោះកម្ពុជាអាចនឹងប្រឈមបាត់បង់អធិបតេយ្យ និងឯករាជ្យលើខ្លួនឯង។
ការលើកឡើងនេះស្របពេលដែលពួកគេមើលឃើញថា ប្រទេសចិន និងវៀតណាមនៅតែបន្តប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយ ជាពិសេសជុំវិញរឿងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែវិច្ឆិកាថា ទោះបីជានយោបាយការទូតលោក ហ៊ុន សែន បច្ចុប្បន្នត្រូវគេមើលឃើញថាហាក់លម្អៀងទៅរកចិនកុម្មុយនីស្តយ៉ាងណាក្ដី លោក ហ៊ុន សែន នៅតែចង់បង្ហាញពីភក្ដីភាពនៃទំនាក់ទំនងជាមួយវៀតណាមព្រោះវៀតណាមជាអ្នកលើកបន្តុបលោកឱ្យដឹកនាំកម្ពុជាក្រោយនៅទសវត្សទី៨០។
លោក គៀន ពន្លក យល់ថា រដ្ឋាភិបាលត្រូវប្រកាន់ជំហរឯករាជ្យលើខ្លួនឯង និងត្រូវអនុវត្តគោលនយោបាយអព្យាក្រឹត្យតាមច្បាប់រដ្ឋធម្មនុញ្ញដោយមិនលម្អៀង ឬចាប់យកប្រទេសណាមួយធ្វើជាខ្នងបង្អែក ដើម្បីរក្សាបាននូវអធិបតេយ្យជាតិកម្ពុជា៖
«យើងដឹងហើយថា វៀតណាម និងចិនជាប្រទេសគូរទំនាស់នៃសមុទ្រចិនខាងត្បូង។ ជំនួបទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក វឿង ឌីញហ្វេ (Vuong Dinh Hue) ជាជំនួបមួយដែលបង្ហាញថា វៀតណាមនៅតែមានឥទ្ធិពលមកលើប្រទេសកម្ពុជា ហើយវៀតណាមចង់ប្រាប់ទៅមិត្តកម្ពុជាថា ប្រសិនបើមិត្តកម្ពុជាដកខ្លួនពីឥទ្ធិពលរបស់វៀតណាម កម្ពុជានឹងអាចជួបគ្រោះមហន្តរាយមួយដ៏ធំ ប្រសិនបើកម្ពុជាទៅចាប់ចិន។ មេដឹកនាំវៀតណាមនៅតែចិញ្ចឹមចិត្តមួយគឺការគ្រប់គ្រងប្រទេសកម្ពុជា ដែលកម្ពុជាកន្លងមកធ្លាប់ស្ថិតក្រោមឥទ្ធិពលប្រទេសវៀតណាមទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ (Vuong Dinh Hue) និងបន្តរឹតចំណងមិត្តភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឱកាសខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ លោក ហ៊ុន សែន ឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ភាគីវៀតណាមស្នើសុំកម្ពុជាចុះកិច្ចសហប្រតិបត្តិការកាន់តែ «ស៊ីជម្រៅថែមទៀត» លើគ្រប់វិស័យ។ លោក ហ៊ុន សែន អះអាងថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយ និងវិស័យផ្សេងៗទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេនៅថ្ងៃទី២០ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាមលោក វឿង ឌីញហ្វេ កំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ នៅក្រុងភ្នំពេញ។
នៅមុនកម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ លោក ហ៊ុន សែន ហាក់ផ្ដោតសំខាន់ក្នុងការទទួលជំនួបទ្វេភាគីជាមួយមិត្តម៉ឺនឆ្នាំវៀតណាម និងសម្ពន្ធមិត្តដែកថែបរបស់លោកគឺប្រទេសចិន។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា លោក ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ដែរ ដោយផ្ដោតលើការពង្រឹងទំនាក់ទំនង នយោបាយ និងសេដ្ឋកិច្ច។ កាលនោះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១១ ពាក់ព័ន្ធនឹង វិស័យពាណិជ្ជកម្ម កសិកម្ម ទូរគមនាគមន៍ ការងារ និងវិស័យហិរញ្ញវត្ថុ ជាដើម។ ចំណុចសំខាន់មួយនៃសេចក្ដីថ្លែងការណ៍រួម ១៦ចំណុច រវាងប្រទេសទាំងពីរ គូសបញ្ជាក់ថា ភាគទីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្តោតលើគោលការណ៍ដែលមិនអនុញ្ញាតឱ្យ «កម្លាំងអមិត្ត» ណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ បើទោះបីជាភាគីទាំងពីរមិនបានបញ្ជាក់ថា «កម្លាំងអមិត្ត» នេះ ជាប្រទេសណាមួយឱ្យពិតប្រាកដក៏ដោយ វៀតណាមទំនងជាចង់ឱ្យកម្ពុជាបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសចិនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានទ័ពឡើយ ខណៈសហរដ្ឋអាមេរិកបន្តសង្ស័យពីរឿងវត្តមានយោធាចិននៅកម្ពុជា។ វៀតណាម បានងាកទៅត្រូវរ៉ូវគ្នាជាមួយសហរដ្ឋអាមេរិកក្នុងរឿងជម្លោះដណ្ដើមអធិបតេយ្យជាមួយចិននៅលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង។
ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីប្រទេសចិនកុម្មុយនីស្តក៏បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយបានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ៊ុន សែន ដោយប្រកាសថា ប្ដេជ្ញាចិត្តបន្តរឹតចំណងមិត្តភាពក្នុងនាមជាមិត្តដែកថែបយូរអង្វែង ដើម្បីកសាងជោគវាសនានៃប្រទេសទាំងពីរ ព្រមទាំងបង្កើននៃការពង្រឹងនូវកិច្ចប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានប្រកាសពីការចុះហត្ថលេខាលើឯកសារចំនួន ១៨ពាក់ព័ន្ធនឹងកម្ចីឥណទានសម្បទាន កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អប់រំជាដើម។ អ្វីដែលជាការកត់សម្គាល់គឺភាគីទាំងពីរបានចុះអនុសារណៈយោគយល់គ្នាតម្រូវឱ្យកម្ពុជាដាក់បញ្ចូលភាសាចិននៅតាមសាលារៀនរដ្ឋចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ សេចក្ដីប្រកាសរួម ៨ចំណុចរវាងប្រទេសទាំងពីរ ប្រកាសថា ភាគីទាំងពីរបានឯកភាពថា នឹងពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដោយសន្យាថា នឹងប្រើប្រាស់ឱ្យ « អស់សក្ដានុពល »នូវយន្តការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការយោធាដោយបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដូចជា ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។
ក្រុមអ្នកឃ្លាំកម្ពុជា ព្រួយបារម្ភថា ឥរិយាបថប្រទេសចិនកុម្មុយនីស្ត និងប្រទេសវៀតណាមពេលនេះ ឆ្លុះបញ្ចាំងអំពីការដណ្ដើមភូមិសាស្រ្តនយោបាយដែលអាចយកកម្ពុជាធ្វើជាកូនអុក ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។ លើសពីនេះ ពួកគេថា ប្រសិនកម្ពុជាធ្វេសប្រហែសឱ្យធ្លាក់ក្នុងអន្ទាក់នយោបាយនៃប្រទេសណាមួយ នោះកម្ពុជាអាចនឹងប្រឈមគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងបាត់បង់ឯករាជ្យខ្លួនឯង។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ដំណើរទស្សនកិច្ចប្រធានសភាវៀតណាមមកកម្ពុជាពេលនេះមិនមែនជារឿងចៃដន្យនោះទេ។ លោក គឹម សុខ មើលឃើញថា ភាគីវៀតណាមហាក់កំពុងព្រួយបារម្ភ ក្រោយពីលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប្រទេសចិនចំហក្នុងអំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ានកន្លងទៅ។ ក្រៅពីនេះ លោកថាប្រធានសភាវៀតណាមមកកម្ពុជាពេលនេះគ្មានផ្ដល់ដល់ប្រជាជាតិខ្មែរឡើយ ក្រៅតែពីការជជែកអំពីពង្រឹងបក្សកុម្មុយនីស្តវៀតណាម ជាមួយគណបក្សប្រជាជនកម្ពុជា៖
«មានន័យថាវៀតណាម ទោះបីជាមានឈ្មោះជាចៅហ្វាយលើកអំណាចឱ្យលោក ហ៊ុន សែន ក៏ដោយនៅពេលនេះមានការព្រួយបារម្ភខ្លះដែរ។ [វៀតណាម]ព្រួយខ្លាចសាធារណរដ្ឋប្រជាមានិតចិន លូកដៃយ៉ាងស៊ីជម្រៅក្នុងការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាសម្ងាត់ជាមួយនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលលោក ហ៊ុន សែនឈានរហូតចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការយោធាជាចំហតែម្ដង»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានសភាវៀតណាម គឺជាកិច្ចការងារការទូតធម្មតានៃការបង្កើនទំនាក់ទំនងកម្ពុជា និងវៀតណាមតែប៉ុណ្ណោះ។ លោកអះអាងទៀតថា រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ និងអព្យាក្រឹត្យដោយមិនចាប់យកប្រទេសណាមួយធ្វើជាខ្នងបង្អែក ដើម្បីរួមដៃរំលោភបំពានអធិបតេយ្យប្រទេសណាមួយឡើយ៖
«វៀតណាមមកនេះ មិនមែនមកដើម្បីកៀរគរកម្ពុជាឱ្យឃ្លាតឆ្ងាយពីចិន ឯណា។ មេដឹកនាំចិនក៏មកជួបថ្នាក់ដឹកនាំកម្ពុជាដែរ ក៏មិនមែនកៀរគរឱ្យកម្ពុជាឃ្លាតឆ្ងាយពីវៀតណាម ឯណាអត់ទេ។ អ៊ីចឹង អ្នកវិភាគហ្នឹង មិនដឹងវិភាគស្អីទេ ព្រោះគាត់វិភាគហ្នឹងប្រហែលនឹងដៃម្ភៃ វាខ្លាំងជាព្រះនារាយណ៍ទៅទៀត»។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ថ្វីត្បិតប្រទេសចិនកុម្មុយនីស្តកំពុងមានឥទ្ធិពលខ្លាំងនៅកម្ពុជា របត់នយោបាយនៅកម្ពុជាបច្ចុប្បន្នកម្ពុជានៅតែបន្តស្ថិតក្រោមឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយវៀតណាម។ អ្នកជំនាញរូបនេះព្រមានថា បើកម្ពុជាខ្វះភាពឯករាជ្យក្នុងការរៀបចំកិច្ចជាតិរបស់ខ្លួនដោយឯករាជ្យ នោះកម្ពុជានឹងពិបាកក្នុងការរក្សាបានផលប្រយោជន៍ពេញលេញសម្រាប់ប្រជាជាតិខ្លួនឯង៖
«ជាមួយចិន យើងមានឥទ្ធិពលពាក់ព័ន្ធនយោបាយការបរទេស ពាក់ព័ន្ធទៅនឹងសង្គមវប្បធម៌ ដែលកម្ពុជារងឥទ្ធិពលពីប្រទេសចិនច្រើន។ ក៏ប៉ុន្តែ ចំពោះវៀតណាមវិញវាមានពាក់ព័ន្ធទៅនឹងគេហៅថា ឥទ្ធិពលសេដ្ឋកិច្ច ឥទ្ធិពលសង្គមវប្បធម៌ផង ឥទ្ធិពលនយោបាយផង ហើយនិងគេហៅថា ពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាទៀត ហើយកាលណាបើសិនជាយើងទៅពឹងអាស្រ័យទៅបណ្ដារដ្ឋ ឬប្រទេសជិតខាងខ្លាំងពេក យើងខ្វះម្ចាស់ការក្នុងការរៀបចំកិច្ចការជាតិយើង ដោយឯករាជ្យហ្នឹង យើងពិបាកនឹងរក្សាបានផលប្រយោជន៍ជាតិយើងពេញលេញដែរ»។
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជា រិះគន់ថា ការណ៍ដែលកម្ពុជាបន្តឱបក្រសោបប្រទេសកុម្មុយនីស្តធ្វើជាខ្នងបង្អែកនឹងមិនផ្ដល់ចំណេញអ្វីសម្រាប់ជាតិឡើយ ក្រៅពីការពារខ្លួន និងអំណាចរបស់ខ្លួន។ លើសពីនេះ ពួកគេថា ទោះបីជារបត់នយោបាយពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន ស្ថិតក្រោមឥទ្ធិពលនយោបាយចិនក្ដី លោក ហ៊ុន សែន ទំនងមិនអាចរំដោះខ្លួនរួចផុតពីឥទ្ធិពលនយោបាយនៃប្រទេសវៀតណាមបានឡើយ ដ្បិតបក្សកុម្មុនីស្តវៀតណាមនេះឯង ដែលបានលើកបន្តុបលោកឡើងកាន់អំណាចកាលពីអំឡុងទសវត្សទី៨០ ក្រោយរបបខ្មែរក្រហមដួលរលំ។ ទោះជាយ៉ាងណា ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាថា មិត្តភាពនៃទំនាក់ទំនងក្នុងនាមជាមិត្តដែកថែបកម្ពុជាចិនពេលនេះឆ្លុះបញ្ចាំងនៃភាពទំនាក់ទំនងកាន់តែជម្រៅ ដែលធ្វើឱ្យភាគីវៀតណាមព្រួយបារម្ភអំពីសន្តិសុខជាតិរបស់ខ្លួន ស្របពេលដែលអាមេរិកដាក់ការសង្ស័យថា ចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពនៅកម្ពុជាដោយសម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។