អ្នកឃ្លាំមើល​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៧​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ម្ចាស់​ឆ្នោត

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា តំណាងរាស្ត្រ​នៅ​នីតិកាល​ទី​៧ នេះ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដែល​រាស្ត្រ​ដង្ហោយហៅ​ឱ្យ​អន្តរាគមន៍​ឡើយ។ ពួកគាត់​ថា ភាព​អសកម្ម​នេះ​កើតឡើង​ដោយសារ​ឥទ្ធិពល​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់​នៅក្នុង​សភា ដែល​ពួកគេ​អង្គុយ​នៅ​លើ​កៅអី​ចាំតែ​គាំទ្រ​មេដឹកនាំ​បក្ស​កាន់អំណាច​មួយ​ប៉ុណ្ណោះ។

ទោះបីជា រដ្ឋសភា​អាណត្តិ​ថ្មី​នេះ មាន​គណបក្ស​២ ដែល​ខុសប្លែក​កាល​ពី​អាណត្តិ​ចាស់​ក្ដី ក៏​អ្នក​តាមដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី​នេះ អសកម្ម​មិន​បាន​ប្រើប្រាស់​តួនាទី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញ​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅតែ​អសកម្ម​ដូច​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែរ ដោយសារតែ​ពួកគេ​កើត​ចេញ​ពី​ការបោះឆ្នោត​គ្មាន​ភាព​សេរី និង​យុត្តិធម៌ មិន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ប្រសិនបើ​តំណាងរាស្ត្រ​កើត​ចេញ​ពី​បំណង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតមែន​នោះ​ពួកគាត់​នឹង​ធ្វើ​អ្វីៗ​ដែល​បម្រើ​ប្រយោជន៍ និង​ចាំ​ទទួលយក​ការ​ពឹង​ពាក់​ពី​ប្រជាពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «ហើយ​ធ្វើ​យ៉ាងម៉េច កុំឱ្យ​ប្រជាពលរដ្ឋ មាន​អារម្មណ៍​ថា ពេល​ដែល​ត្រូវការ​ពឹងពាក់​តំណាងរាស្ត្រ​ទាំងអស់​ហ្នឹង វា​ពិបាក​ដូច​អូស​ឫសី​បញ្ច្រាស​ចុង។ បើ​ថា​តំណាងរាស្ត្រ​គាត់​ក្លាហាន​មែន​ហ្នឹង អា​របង​ខាងក្រៅ​ហ្នឹង​គឺ​គាត់​ដកចេញ​ហើយ គឺ​មិនមែន​ទៅ​ទុក​ដូច​របង​គុក​អ៊ីចឹង​ទេ ដែល​យើង​មើលទៅ​ដូច​អត់​សម​ភ្នែក​ទាល់តែសោះ»។

អាណត្តិ​ទី៧​នេះ រដ្ឋសភា​មាន​គណបក្ស​នយោបាយ​តែ​២ ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​គ.ជ.ប​មិន​ឱ្យ​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង កាលពី ថ្ងៃទី​២២ ខែ​កក្កដា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទទួល​បាន​អាសនៈ​ចំនួន​១២០ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួល​បានតែ​អាសនៈ​ចំនួន​៥​ប៉ុណ្ណោះ។ តែ​ទោះ​យ៉ាងណា​តាំងពី​ជាប់ឆ្នោត​រហូតមកដល់​ពេលនេះ មិន​ទាន់​ឃើញ​មាន​តំណាងរាស្ត្រ​ណា​ម្នាក់​ចេញមុខ​ដោះស្រាយ ឬ​មាន​យោបល់​ជុំវិញ​បញ្ហា​ប្រឈម​ធំៗ របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បី​សុំ​សួរ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៧ តុលា។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​តំណាងរាស្ត្រ លោក ញឿន រ៉ាដែន បដិសេធ​ចំពោះ​ការ​លើកឡើង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាំតែ​លើកដៃ​គាំទ្រ តាម​ការសម្រេច​របស់​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ។

លោក ញឿន រ៉ាដែន៖ «ចំពោះ​មតិ​ដែល​លើកឡើង​ថា យើង​ចាំតែ​ហៃអើ លើកដៃ​អនុម័ត​នោះ គឺ​មិនមែន​ទេ ដោយសារ​កន្លងមក បន្ទាប់​ពី​ការ​បង្កើត​សភា ជាពិសេស​ការ​តាក់តែង​ច្បាប់​ហ្នឹង តើ​មានច្បាប់​មួយ​ណា ដែល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ជាតិ​?ប្រសិនបើ​ច្បាប់​ទាំងនោះ ធ្វើ​ឱ្យ​ខូចប្រយោជន៍​ជាតិ គឺ​តំណាងរាស្ត្រ និង​គណបក្សហ៊្វុនស៊ិនប៉ិច យើង ក៏​មិន​ព្រងើយ​កន្តើយ​ដែរ»។

ទោះជា​យ៉ាងនេះ​ក្ដី កន្លង​មក​គណបក្សហ៊្វុនស៊ិនប៉ិច បាន​ចេញមុខ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧ ដែល​ជា​គូប្រជែង​ដ៏​មាន​ឥទ្ធិពល​ជាងគេ​របស់​គណបក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាត់​ផ្ដាច់ជំនួយ​មួយ​ចំនួន។ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ហើយ គណបក្សហ៊្វុនស៊ិនប៉ិច ហាក់​មិន​មាន​ការ​អៀនខ្មាស​ឡើយ ក្នុង​ការ​ទទួល​យក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មិន​បាន​គាំទ្រ​នោះ។

ចំណែក​តំណាងរាស្ត្រ ខេត្តបាត់ដំបង លេខ​រៀង​ទី​៥ មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​នោះ​ឡើយ។

លោក ឈាង វុន៖ «ខ្ញុំ​អត់​ឆ្លើយ​ទេ​ក្មួយ​។ ខ្ញុំ​អត់​និយាយ​អ្វី​ទាំងអស់ ប្រាក់ខែ មិន​ប្រាក់​ខែ​អីហ្នឹង​។ ឆ្លើយ​ក៏​អត់​បានការ​អី​ដែរ ក្មួយ​ឯង​នោះ»។

ការ​បដិសេធ​របស់​លោក ឈាង វុន នេះ​ហាក់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​តួនាទី​របស់​តំណាងរាស្ត្រ ដែល​មាន​ភារកិច្ច​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​នោះ។

មាត្រា ៧៧ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពុំ​មែន​គ្រាន់តែ​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ឡើយ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ទៀត​ថា ភារកិច្ច​ចម្បង​របស់​រដ្ឋសភា និង​តំណាងរាស្ត្រ គឺ​ការ​តាក់តែង​ច្បាប់ តាមដាន​ការអនុវត្ត​ច្បាប់ និង​ចុះ​ជួប​ពលរដ្ឋ ដើម្បី​ស្វែងយល់​ពី​បញ្ហា​និង​ផ្ដល់​ដំណោះស្រាយ​ទៅ​ឱ្យ​ពួកគាត់។

ក៏ប៉ុន្តែ នៅ​លើ​គេហទំព័រ និង​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​រដ្ឋសភា មិនបាន​ឆ្លុះបញ្ចាំង​ពី​ការ​ចូល​រួច​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម មាន​ដូចជា វិវាទ​ដីធ្លី ការរំលោភ​សិទ្ធិ​ការងារ ការរំលោភ​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌​សង្គម របស់​តំណាងរាស្ត្រ​នោះ​ទេ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​សភា បង្ហាញ​តែ​សកម្មភាព​ឯកជន​របស់​តំណាងរាស្ត្រ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ លិខិត​អបអរសាទរ កិច្ច​សន្ទនា​ជាមួយ​តំណាង​ការ​ទូត​បរទេស និង​ការប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​តែប៉ុណ្ណោះ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា តំណាងរាស្ត្រ ដែល​អង្គុយ​នៅក្នុង​សភា​នីតិកាល​ទី៧ នេះ ហាក់​អសកម្ម ក្នុង​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ ដែល​បន្សល់ទុក​ពី​រដ្ឋាភិបាល​អាណត្តិ​ចាស់​។ លោក​បន្តថា ខុសពី​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​មាន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ដែល​ធ្វើ​ឱ្យ​មាន​ការ​តស៊ូ​មតិ និង​លើកយក​បញ្ហា​សង្គម​មក​ពិភាក្សា​ក្នុង​អង្គប្រជុំ ប៉ុន្តែ​ពេលនេះ ៥​អាសនៈ​របស់​តំណាងរាស្ត្រ​មកពី​គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុង​រដ្ឋសភា​ពេល​នេះ ហាក់​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​តំណាងរាស្ត្រ ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក រស់ សុដ្ឋា៖ «ស្ថាប័ន​រដ្ឋសភា​ហ្នឹង ដូច​មិន​ទាន់​មាន​ឯករាជ្យ​ទេ​។ ហើយ​ធ្វើការ​លក្ខណៈ​ជា​ប្រព័ន្ធ ទៅតាម​គោលនយោបាយ​បក្ស»។

អ្នក​តាមដាន​បញ្ហា​សង្គម លើកឡើង​ថា មូលហេតុ​សំខាន់ ដែល​ធ្វើ​ឱ្យ​តំណាងរាស្ត្រ​អសកម្ម និង​មិន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន គឺ​ដោយសារ​គ្មាន​សំឡេង​របស់​គណបក្ស​ប្រឆាំង ដែល​មាន​ឥទ្ធិពល​ចូលរួម ដើម្បី​រិះគន់ និង​លើកយក​បញ្ហា​សង្គម​មក​ពិភាក្សា ដើម្បី​រក​ដោះស្រាយ​នោះ​ឡើយ៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។