ក្រុមអ្នកឃ្លាំមើលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើល្បិចប្រមូលក្រុមយុវជនឱ្យទៅជល់នឹងយុវជនដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាលរបស់លោក។ ការលើកឡើងនេះក្រោយពេលលោក ហ៊ុន សែន ប្រកាសទិញយុវជនធ្វើការងារដែលធ្លាប់រិះគន់រដ្ឋាភិបាលឱ្យមកបម្រើរដ្ឋាភិបាលរបស់លោកវិញម្ដង។
លោកនាយករដ្ឋមន្ត្រី ពេលថ្មីៗនេះបានប្រកាសទិញយុវជនដែលធ្វើការងារសង្គម និងបរិស្ថានវិញម្ដង ក្រោយបរាជ័យក្នុងការទិញទឹកចិត្តមន្ត្រី និងសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសម្ដងជាពីរដង។ ទោះយ៉ាងណាក្រុមអ្នកឃ្លាំមើលយល់ថានៅពេលរដូវបោះឆ្នោតមកដល់ម្តងៗគណបក្សកាន់អំណាចតែងតែប្រើយុទ្ធសាស្ត្រប្រមូលទិញយុវជនធ្វើការងារសង្គម និងយុវជនបរិស្ថានដើម្បីបំបាត់សំឡេងរិះគន់លោក។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោកកើត សារ៉ាយ សង្កេតឃើញថា ក្រុមយុវជនដែលត្រូវបានលោក ហ៊ុន សែន ប្រមូលយកទៅគ្រប់គ្រងអ្នកទាំងនោះក្លាយជាសំឡេងថ្មីជាអ្នកវាយប្រហារលើយុវជនដែលធ្វើការងារសង្គមដូចគ្នា ឬក្លាយជាអ្នកវាយប្រហារលើអង្គការសង្គមស៊ីវិលផ្សេងៗ។ លោកយល់ថា នេះជាយុទ្ធសាស្ត្របំបាក់ស្មារតីយុវជនឬធ្វើឱ្យយុវជនផ្សេងទៀតដែលចង់ធ្វើការងារសង្គមមានការរារែកក្នុងការចូលរួមធ្វើការងារនេះ។
លោក កើត សារ៉ាយ៖«ជំហររបស់យុវជនមួយរយៈកន្លងដែលចូលរួមជាមួយគណបក្សកាន់អំណាចហាក់ដូចមិនមានការងារអីដែលធ្វើឱ្យការងារពិត ទៅជាការងារប្រឌិតទេ។ ខ្ញុំមើលឃើញថា យុវជនទាំងអស់គឺមានតម្លៃតែមុនពេលបោះឆ្នោត២០២៣ខាងមុខនេះឯង កន្លងមកគឺឃើញមានស្រដៀងៗគ្នាដែរទេ ជិតបោះឆ្នោតមានយុវជនលេចៗធ្លោចូលរួម ក្រោយពីចូលរួមក៏បាត់ឈ្មោះបាត់សំឡេងម្ដងបន្តិចក៏មិនដឹងរសាត់រសាយដល់ណាទេ»។
ស្រដៀងគ្នានេះដែរប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោករស់ សុដ្ឋា យល់ថា ការសម្រេចចិត្តរបស់យុវជនក្នុងបំពេញការងារអ្វីមួយគឺជាសិទ្ធិប៉ុន្តែលោកថា ការប្រមូលយុវជនក្នុងពេលកៀកបោះឆ្នោតដូច្នេះទំនងជាយុទ្ធសាស្ត្រនយោបាយដើម្បីឱ្យយុវជនទាំងនោះឈប់រិះគន់រដ្ឋាភិបាលនិងបង្ហាញជំហរគាំទ្ររដ្ឋាភិបាលវិញម្ដង។ លោកបន្តថាយុវជនខ្លួនឯងមុននឹងសម្រេចចិត្តទៅបម្រើក្រុមណាមួយគួរគិតថាតើក្រុមនោះបម្រើផលប្រយោជន៍ប្រទេសជាតិឬផលប្រយោជន៍បុគ្គល? មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងទៀតថាការដែលអ្នកនយោបាយព្យាយាមអូសទាញយុវជនគឺអាចធ្វើឱ្យគេចំណេញប្រយោជន៍នយោបាយតិចតួចប៉ុណ្ណោះប៉ុន្តែធ្វើឱ្យខួចប្រយោជន៍សង្គមដ៏ធំធេង នាពេលខាងមុខដោយធ្វើឱ្យបាត់បង់យុវជនដែលមានទស្សនៈវែងឆ្ងាយជាធនធានសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
លោក រស់ សុដ្ឋា៖«ធ្វើឱ្យបាត់បង់យុវជនដែលមានមនសិការដែលមានទស្សនៈវែងឆ្ងាយ ទិសដៅរបស់មេដឹកនាំគឺចង់ឱ្យប្រជាពលរដ្ឋចេះគិតចេះមានទស្សនៈ ដើម្បីយកទស្សនៈហ្នឹងមកជាមូលដ្ឋានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ កាលណាយើងទៅធ្វើអីរារាំងធ្វើឱ្យមនសិការហ្នឹងបាត់បង់ បាត់បង់ក្នុងរង្វង់ដៃរបស់យើងហើយយើងក៏អត់បានលើកកម្ពស់អ្វីគេហៅថា ការចូលរួមរបស់ប្រជាពលរដ្ឋគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស»។
គិតមកដល់ពេលនេះយ៉ាងហោចណាស់យុវជន០៦ក្រុមបានប្ដូរទស្សនៈរបស់ខ្លួនទៅគាំទ្ររដ្ឋាភិបាលវិញ។ ជាក់ស្តែង ក្រុមយុវជនទាំងនោះ ក៏ចេញសេចក្ដីថ្លែងការណ៍គាំទ្រចំណាត់រដ្ឋាភិបាលក្នុងការបិទវិទ្យុវីអូឌី(VOD) បើទោះជាគេមើលឃើញថា ការបិទវិទ្យុវីអូឌីនេះ ជាការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយនៅកម្ពុជាក្ដី។ក្រុមអ្នកទាំងនោះរួមមានក្រុមយុវជន១០០រាត្រី ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមអ្នកស្រលាញ់បរិស្ថាននិងសង្គម ក្រុមយុវជនខ្មែរមហានគរ និងក្រុមយុវជនសន្តិភាពនិងការអភិវឌ្ឍជាដើម។
ពួកគេដំបូងឡើយដើរប្រកាសខ្លួនថា ជាសិស្សបណ្ឌិតកែម ឡី និងថាជាអ្នកស្រលាញ់បរិស្ថាន ប៉ុន្តែគេមើលឃើញថា ពួកគេមិនសូវធ្វើសកម្មភាពនោះទេ ទើបថ្មីៗនេះពួកគេបានបង្ហាញខ្លួនតាមបណ្ដាញសង្គមគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ស្ទើរគ្រប់រឿងនិងស្ទើររាល់ថ្ងៃ។ នៅចុងក្រោយនេះក៏មានយុវជនជាអ្នកសារព័ត៌មាន និងយុវជនបរិស្ថានបានចេញមុខវាយប្រហារស្ថាប័នចាស់របស់ខ្លួន និងបង្ហាញការភាក់រលឹកដោយប្ដូរឆន្ទៈឈប់រិះគន់រដ្ឋាភិបាលជាដើម។
ឆ្លើយតបនឹងឆន្ទៈថ្មីរបស់យុវជនទាំងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅយុវជនទាំងនោះថាជាកូនៗនិងជាបញ្ញវន្តដែលលោកត្រូវការ។ លោកហ៊ុន សែនប្រដូចក្រុមយុវជនដែលប្ដូរមកបម្រើឱ្យការងារឱ្យលោកពេលនេះថា ជាខ្យល់ប្ដូរទិស។លោកក៏ប្រកាសស្វាគមន៍យុវជនផ្សេងទៀតដែលមានចំណងចង់បម្រើនយោបាយរបស់លោកផងដែរ។
លោក ហ៊ុន សែន៖«ក្រុមនេះគឺក្រុមពីដើមធ្លាប់ធ្វើបាតុកម្មនានាតាំងពី១០០រាត្រីស្អីៗក៏មាន អ៊ីចឹងគេចាប់ផ្ដើមវាយទៅលើក្មួយកូនៗទាំងហ្នឹង ខ្ញុំគ្រាន់តែផ្ញើសារថាបើបានគិតទៅនឹងដំណើរការប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋក្នុងបញ្ហានយោបាយអ្នកកុំវាយប្រហារកូនៗទាំងនេះ»។
លោកហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ កាលពីថ្ងៃទី២៧ខែកុម្ភៈ។
ទាក់ទងរឿងនេះដែរអ្នកវិភាគនយោបាយលោក គឹម សុខ សង្កេតឃើញថាចាប់តាំងពីឆ្នាំ១៩៩៣មកដល់ពេលនេះមានយុវជនរាប់ពាន់នាក់ត្រូវបានលោក ហ៊ុនសែន ប្រមូលយកមកប្រើប្រាស់តែក្នុងរយៈពេលខ្លី ហើយលោក ហ៊ុន សែន ក៏ឈប់ប្រើប្រាស់អ្នកទាំងនោះ។ លោកបន្តទៀតថា ជាង៣០ឆ្នាំមកនេះមានយុវជនជាច្រើនខកខ្លួនក្រោយលក់ខ្លួនឱ្យលោក ហ៊ុន សែន។ លោកគឹម សុខ រំលឹកយុវជនគួរកុំចង់បានប្រយោជន៍តិចតួចរួចក៏បំភ្លេចគោលដៅវែងឆ្ងាយរបស់ខ្លួនក្នុងបុព្វហេតុសង្គមជាតិ។
លោក គឹម សុខ៖«គឺទាក់ទាញយុវជនដែលធ្លាប់កិច្ចការសង្គមក្នុងចលនាប្រជាធិបតេយ្យក្នុងចលនានយោបាយប្រឆាំងឱ្យទៅអនុវត្តនូវយុទ្ធវិធីវាយបកក្រុមប្រឆាំង និងអ្នកប្រជាធិបតេយ្យវិញ៩៩.៩៩គ្រាន់តែស្លឹកចេកខ្ចប់ប្រហុកនៃរបៀបដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះពេលដែលខ្ចប់មួយរយៈហើយស្លឹកចេកស្លោកស្អុយរលួយហើយគេ(រដ្ឋាភិបាលលោក ហ៊ុន សែន)បោះចោលគេមិនទុកទៀតទេ»។
ដូចទៅនឹងការលើកឡើងរបស់លោក គឹម សុខ នេះដែរ ក្នុងចំណោមយុវជនដែលប្ដូរមកគាំទ្រលោកហ៊ុន សែន នៅពេលនេះគេមិនទាន់ដឹងថាយុវជនណាត្រូវបានលោក ហ៊ុន សែន ផ្ដល់តួនាទីល្អយ៉ាងណានោះទេ។ ជាទូទៅអ្នកដែលងាកមកចុះចូលនឹងលោក ហ៊ុន សែន បានទទួលតំណែងខ្យល់ឬ ត្រឹមទទួលតួនាទីជាទីប្រឹក្សា នៅក្នុងស្ថាប័នមួយចំនួនឯអ្នកខ្លះទៀតត្រូវបានអនុញ្ញាតឱ្យទៅបើកអង្គការការពារបរិស្ថានជាដើម។ ចំណែកយុវជនពីគណបក្សនយោបាយមួយចំនួន ដែលដើរចេញពីបក្សប្រឆាំងទៅបម្រើការឱ្យលោក ហ៊ុន សែន ដំបូងបានទទួលតួនាទីល្អគួរសមតែក្រោយមកក៏ត្រូវលោក ហ៊ុន សែន ចាប់ដាក់គុកដូចជាករណីអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោកស៊ុត ឌីណា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។