ក្រុម​អ្នក​ឃ្លាំមើល​ថា ការ​បោះឆ្នោត​​២០២៣​​បក្ស​ប្រជាជន​កម្ពុជា​នឹង​ថយ​សំឡេង​គាំទ្រ

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ​ខាង​មុខ គណបក្ស​ប្រជាជន​កម្ពុជា ​នឹង​បាត់បង់​ការ​គាំទ្រ​មួយ​ចំនួន​ធំ​ ដែល​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ​ មិន​អាច​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​បាន​ទៀត​ទេ។ ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ស្រប​ថា គណបក្ស​កាន់​អំណាច អាច​នឹង​បាត់បង់​កៅអី​ក្នុង​សភា​ខ្លះ ​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។

ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​ ៤០​ឆ្នាំ​មក​នេះ ប្រវត្តិ​សាស្ត្រ​ច្រំដែល​​ ១០​ឆ្នាំ​ម្ដង តែង​កើត​ឡើង​លើ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​គណបក្ស​នេះ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ រហូត​ធ្វើ​ឱ្យ​លោក​ ហ៊ុន សែន ស្ទើរ​របូត​កៅអី​នាយករដ្ឋមន្ត្រី​ចេញ​ពី​ខ្លួន​ម្ដងម្កាល។ តើ​ការបោះឆ្នោត​ឆ្នាំ​២០២៣ខាងមុខ អាច​ជា​ខួប​លើក​ទី​៤ នៃ​គ្រោះ​កាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ទេ?។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា គណបក្ស​ភ្លើង​ទៀន​នឹង​ចូល​មក​ដណ្ដើម​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។ លោក​យល់​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២៣ បាន​ទេ​ ចំណែក​គណបក្ស​តូចៗ​ផ្សេង​ក៏​ប្រហែល​គ្មាន​គីឡូ​អាច​ដណ្ដើម​ការ​គាំទ្រ​ពី​ពលរដ្ឋ​បាន​នោះ​ទេ។ អ្នកជំនាញ​កិច្ចការ​នយោបាយ​រូប​នេះ​បន្ត​ទៀត​ថា ទោះ​គណបក្ស​ ភ្លើងទៀន ​មិន​ទាន់​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ ប៉ុន្តែ​ពលរដ្ឋ​​ មិន​ទាន់​ជម្រើស​ថ្មី​អាច​រក​គណបក្ស​ណា​ផ្សេង ​ដែល​ល្អ​ជាង​គណបក្ស​ភ្លើង​ទៀន​បាន​នោះ​ដែរ។

លោក ឯម សុវណ្ណារ៉ា៖«ពលរដ្ឋ​កម្ពុជា​មិន​បាន​ទទួល​អត្ថប្រយោជន៍​នៃ​ការ​រីកចម្រើន​សង្គម​ពេញលេញ​ទេ ទី២ ការ​ដោះស្រាយ​កម្លាំង​​ការងារ​របស់​យុវជន​គាត់​ចេញ​ពី​សាលា​គាត់​ទៅ​នៅតែ​ខ្វះខាត​។ ប្រហែល​ប៉ូល​យុវជន​ដែល​ជា​ពលរដ្ឋ​គន្លឹះ​ពលរដ្ឋ​សកម្ម​នៅក្នុង​ការ​សម្រេច​ចិត្ត​ហ្នឹង​ ខ្ញុំ​គិត​ថា មាន​ការ​ជ្រើសរើស​រិះរក​គណបក្ស​ណាមួយ​ ដែល​លោក​ចង់​បាន​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​និង​សង្ឃឹម​ថា គណបក្ស​ថ្មី​អាច​ផ្ដល់​ជា​ពន្លឺ​ឱកាស​ការងារ​ដល់​ពួកគាត់​ជាង​បាទ»។​

លោក ឯម សុវណ្ណារ៉ា កត់​សម្គាល់​ទៀត​ថា គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ប្រទេស​​ចាប់​តាំង​ពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​មក ​គឺ​គណបក្ស​នេះ ​មិន​បាន​ដោះស្រាយ​វិបត្តិ​សង្គម​ វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ​នេះ អាច​នឹង​មាន​របត់​នយោបាយ​ថ្មី​ គឺ​នឹង​មាន​សភា​ពហុបក្ស​ឡើងវិញ​ ប៉ុន្តែ​លោក​មិន​រំពឹង​ថា នឹង​អាច​មាន​រដ្ឋាភិបាល​ចម្រុះ​អាច​កើត​មាន​ទៀត​ទេ​ ព្រោះ​ប្រព័ន្ធ​បោះឆ្នោត​សព្វ​ថ្ងៃ​អាច​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​អាច​បន្ត​ដឹកនាំ​រដ្ឋាភិបាល​បាន​​ដដែល។ លោក រស់ សុដ្ឋា យល់​ថា បើ​ទោះ​ជា​បក្ស​កាន់​អំណាច​មាន​មធ្យោបាយ​គ្រប់​សព្វ​បែប​យ៉ាង​ក្ដី ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​គណបក្ស​នយោបាយ​ធ្ងន់ធ្ងរ​ រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​នឹង​ប្រឈម​​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។

លោក រស់ សុដ្ឋា៖«គេ(សហគមន៍​អន្តរជាតិ)​ថា​ដែរ អ្នក​ដែល​កម្ពស់​សិទ្ធិមនុស្ស​ត្រូវ​លើក​ដំកើង​ហើយ​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស​ត្រូវ​ដាក់​ទោស​តាម​ច្បាប់​ អ៊ីចឹង​គេ​បាន​ធ្វើ​ហើយ​ណា​ ដូច​ជា​ក្រើន​រំលឹក​យើង​ដែរ បើសិន​ជា​យើង​មិន​ចាប់​អារម្មណ៍​ទេ កាលណា​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ ហើយ​នៅ​អូស្ត្រាលី​អី​អ៊ីយូ​(EU)​អី​ទៀត​ តើ​យើង​ដើរ​ទៅ​ណា​រួច»។

មន្ត្រី​សិទ្ធិមនុស្ស លោក រស់ សុដ្ឋា កត់​សម្គាល់​ឃើញ​ទៀត​​ថា បរិបទ​នយោបាយ​សព្វ​ថ្ងៃ​នេះ​ គ.ជ.ប ដែល​ជា​អាជ្ញាកណ្ដាល​កំពុង​មាន​ភាព​ស្អិត​ល្មួត​ជាមួយ​បក្ស​កាន់​អំណាច​ ដែល​ធ្វើ​ឱ្យ​​គេ​ពិបាក​មើល​ឃើញ​ថា តើ​អ្នកណា​ជា​អ្នក​រៀបចំ​ការបោះឆ្នោត ហើយ​តើ​​អ្នក​ណា​ជា​គូ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

លោក រស់ សុដ្ឋា៖«ការ​រៀបចំ​ការបោះឆ្នោត​ហ្នឹង​មាន​លក្ខណ​សេរី​យុត្តិធម៌​ប៉ុណ្ណា​ហើយ​អាច​ទុក​ចិត្ត​​បាន​ប៉ុណ្ណា បើ​យើង​ឃើញ​ថា គ.ជ.ប និង​គណបក្ស​ប្រជាជន​ស្វិត​រលួត​អ៊ីចឹង​ណា លិខិត​ គ.ជ.ប​ អបអរ​នាយករដ្ឋមន្ត្រី​អី​ នេះ​ជា​តួនាទី​ឯករាជ្យ​ហើយ​យើង​ទៅ​ធ្វើ​អី​អ៊ីចឹង​ ហ្នឹង​ជា​សញ្ញា​មិន​សូវ​ស្រូល​ដែរ»។

កាល​ពី​ពេល​ថ្មីៗ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី​តុលាការ​ មាន​តួនាទី​ក្នុង​ជួរ​បក្ស​កាន់អំណាច​ផង​នោះ បាន​បំពាន​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​បាន​យក​តួនាទី​របស់ខ្លួន​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​​ដែល​ជា​គូ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច។

ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ​គណបក្ស​ប្រជាជន​នឹង​មិន​ជួប​ព្យុះភ្លៀង​​ ឬ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ទេ។ ទោះ​បែប​នេះ​ក្ដី លោក​ សុខ ឥសាន ទទួល​ស្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​​អាច​នឹង​របូត​កៅអី​រដ្ឋសភា​ជាង ១០​អាសនៈ ​ទៅ​ឱ្យ​គណបក្ស​ភ្លើងទៀន។

លោក សុខ ឥសាន៖«មិន​ទែន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែ​រឹតត្បិត​ធ្ងន់ធ្ងរ​លំហ​សេរីភាព​ប្រជាពលរដ្ឋ​ក៏​មិន​បើក​ សិទ្ធិ​សង្គម​ស៊ីវិល​ក៏​តែ​តឹងតែង​ជា​ពិសេស​ការ​ប្រកួតប្រជែង​នយោបាយ​ក៏​ចង្អៀត​មែនទែន​ មេដឹកនាំ​នយោបាយ​ជា​ច្រើន​បាត់​វត្តមាន​ក្នុង​ការ​ប្រកួត​នោះ​ ដូច្នេះ​ខុស​ពី​អំពី​ជំហរ​សហគមន៍​អន្តរជាតិ​ដែល​ទទូច​ឱ្យ​មាន​ការប្រកួតប្រជែង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​អាច​ទទួល​យក​បាន»។

ជា​រឿង​គាប់ជួន​រៀងរាល់​ ១០​ឆ្នាំ​ម្ដង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្លាំង​ហួស​ពី​ការ​ស្មាន​។ គណបក្ស​​ប្រជាជន​កម្ពុជា ហាក់​ឡាក់​ឆុង​​នឹង​ឆ្នាំ​បោះឆ្នោត ដែល​មាន​លេខ​៣ នៅ​ចុង​ឆ្នាំ​ក្នុង​នោះ​រួម​មាន​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ការ​បោះឆ្នោត​ឆ្នាំ​២០០៣ និង​បោះឆ្នោត​ឆ្នាំ​២០១៣។

ការ​បោះឆ្នោត ​អាណត្តិ​ទី​១​ ឆ្នាំ​១៩៩៣ បើទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​មុន​ការបោះឆ្នោត​លើក​ទី១ នោះ​ជាង​១០​ឆ្នាំ​ហើយ​ក្ដី​ ប៉ុន្តែ​លទ្ធផល​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ចាញ់​ឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ។ ​ ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ហៅ​កាត់​ថា ​អ៊ុនតាក់ (UNTAC) ​មាន​២០​គណបក្ស​ចូលរួម​ប្រកួត​នោះ​គឺ​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ៥៨​អាសនៈ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​​​ត្រឹម​ ៥១​អាសនៈ​។ ក្រៅ​ពី​នេះ​ក៏​មាន​គណបក្ស​ផ្សេង​ទៀត​​ដែល​ទទួល​បាន​អាសនៈ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​របស់​លោក​ សឺន សាន ទទួល​បាន ​១០​អាសនៈ និង​គណបក្ស​ម៉ូលីនាកា ទទួល​បាន ១​អាសនៈ។

កាល​នោះ​លោក ហ៊ុន សែន មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត​នោះ​ឡើយ ដោយ​​ចោទ​ប្រកាន់​ថា ជា​ការ​បោះឆ្នោត​នោះ​លំអៀង និង​គ្មាន​យុត្តិធម៌។ លោក ហ៊ុន សែន បាន​ព្រមាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់កាប់​ខេត្ត​មួយ​ចំនួន​ ហើយ​ទី​បំផុត​ ក៏​មាន​ការ​ចរចា​មួយ​ដែល​ធ្វើ​ឱ្យ​​​លោក ហ៊ុន សែន ពី​អ្នក​​ចាញ់​ឆ្នោត ​ក្លាយ​ជា​​នាយក​រដ្ឋមន្ត្រី​ទីពីរ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ ជា​មួយ​នឹង​គណបក្ស​ឈ្នះ​ឆ្នោត​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ​ ​ ជា​នាយករដ្ឋមន្ត្រី​ទី១​។

១០​ឆ្នាំ​ក្រោយ​មក​ដែល​ជា​ការ​បោះឆ្នោត​ អាណត្តិ​ទី​៣​ ឆ្នាំ២០០៣។ កាល​នោះ​មាន​គណបក្ស​នយោបាយ​ចំនួន​៧​ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​មាន​តែ​​គណបក្ស ៣​ប៉ុណ្ណោះ​​ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ៧៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន ២៦អាសនៈ និង​គណបក្ស​សម រង្ស៊ី បាន​ ២៤​អាសនៈ។

បើ​ទោះ​ជា​គណបក្ស​ប្រជាជន​ទទួល​បាន​កៅអី​ចំនួន ៧៣​ក្ដី ប៉ុន្តែ​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​​បង្កើត​រដ្ឋាភិបាល​បាន​ទេ ព្រោះ​កាល​នោះ​ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន ​គឺ​ត្រូវ​អនុវត្ត​តាម​រូបមន្ត​២ភាគ៣ ដែល​មាន​ន័យ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការ​ចំនួន​អាសនៈ​ក្នុង​សភា ​​ចាប់​ពី ៨១​កៅអី​ឡើង​ទៅ ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន។

ពេល​នោះ​ដំបូង​ឡើយ​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ដែល​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ព្រមព្រៀង​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ថា​ មិន​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទេ។ នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន ដូច្នោះ​ វិបត្តិ​នយោបាយ​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​ទម្រាំ​ដោះស្រាយ​បាន​​ ព្រោះ​​លោក ហ៊ុន សែន បាន​លួច​ជួប​គ្នា​​ជា​មួយ​សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ហើយ​លោក​ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល ចំណែក​សម្ដេច​ក្រុមព្រះ​កាន់​តួនាទី​ជា​ប្រធាន​រដ្ឋសភា ដោយ​ទុក​ឱ្យ​លោក សម រង្ស៊ី ធ្វើ​ជា​​បក្ស​ប្រឆាំង​នៅ​ក្រៅ​រដ្ឋាភិបាល​ដដែល ហើយ​ទីបំផុត លោក សម រង្ស៊ី ក៏​​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​មួយ​រយៈពេល​ធំ។

១០​ឆ្នាំ​ក្រោយ​មក​ទៀត​គឺ​ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​៨​ចូលរួម ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា។ គ.ជ.ប បាន​ប្រកាស​ថា ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​៥៥​។ ទោះ​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ​រក​ឃើញ​ថា លទ្ធផល​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ និង​បាន​ទាមទារ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ។

ពេល​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គ្រប់គ្រាន់​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង​បាន ​ដោយ​យក​រូបមន្ត ៥០ភាគរយបូក ១​ មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​អាសនៈ​ត្រឹម ៦៣​ប៉ុណ្ណោះ​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល។

គណបក្ស​កាន់​អំណាច​បាន​ដឹកនាំ​រដ្ឋសភា​ឯក​បក្ស​បើក​​អង្គប្រជុំ​បង្កើត​រដ្ឋាភិបាល​តែឯង។ ទោះ​បែប​​នោះ​ក្ដី​ គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​គណបក្ស​នេះ​ បាន​ធ្វើ​បាតុកម្ម​ផ្អើល​ភ្នំពេញ​ជាង​មួយ​ឆ្នាំ ដែល​មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ​អង្គុយ​ធ្វើ​ការ​ដោយ​មិន​អើពើ​ពី​ការ​ទាមទារ​នោះ​ទេ។

ទីបំផុត​នៅ​ដើម​ឆ្នាំ​២០១៤ មាន​ការ​ចរចា​នយោបាយ​​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ការ​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​ គ.ជ.ប និង​ការ​ចែក​តួនាទី​នៅ​ក្នុង​រដ្ឋសភា ដោយ​លោក កឹម សុខា កាន់​តួនាទី​ជា​អនុប្រធាន​ទី១​ រដ្ឋសភា និង​មាន​ការចែក​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​រដ្ឋសភា​ស្មើ​ៗគ្នា​ រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង ហើយ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥​រូបក៏​បាន​​យល់​ព្រម​ចូល​អង្គុយ​ធ្វើការ​នៅ​រដ្ឋសភា។

ការ​ត្រូវរ៉ូវ​របស់​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​កាលនោះ ​ត្រូវ​បាន​ប្រសិទ្ធនាម​ថា វប្បធម៌​សន្ទនា។ ប៉ុន្តែ​ភាព​ផ្អែមល្ហែម​មិន​បាន​នៅ​យូរ​អង្វែង​ឡើយ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រក​រឿង​ចាប់​កំហុស​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដោយ​ទី​បំផុត ​គឺ​លោក សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ចំណែក​លោក កឹម សុខា ដែល​បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​លោក សម រង្ស៊ី ក៏​ត្រូវ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ខ្លួន​ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន ក៏​បាន​រៀបចំ​ការបោះឆ្នោត ​ឆ្នាំ២០១៨ ដោយ​គ្មាន​វត្តមាន ​បក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង និង​បាន​ដឹកនាំ​ប្រទេស​ដែល​ពោរពេញ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​សេរី​ មកដល់​សព្វ​ថ្ងៃនេះ។ ​

ដោយឡែក​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស​ សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ភាគ​ច្រើន​ជា​អ្នក​នយោបាយ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រួម​គ្នា​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន​តតាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន សាជាថ្មី។ គណបក្ស​ភ្លើងទៀន​ បាន​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​មើល​ឃើញ​កម្លាំង​របស់​ខ្លួន​ម្ដង​រួច​ហើយ​ក្នុង​ការបោះឆ្នោត​​ឃុំ​សង្កាត់​អាណត្តិ​ទី៥ កន្លង​ទៅ​ ដែល​មាន​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​នេះ​​ ​ជាង ៦០​ម៉ឺន​នាក់ និង​ដណ្ដើម​បាន​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ពី​បក្ស​កាន់អំណាច​ជាង​២​ពាន់​អាសនៈ​ទូទាំង​ប្រទេស។

ទោះ​យ៉ាងណា អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ យល់​ថា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ហ៊ាន​បើក​លំហ​ប្រជាធិបតេយ្យ​ សិទ្ធិពលរដ្ឋ សិទ្ធិ​សង្គម​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ឱ្យ​បាន​ទូលំទូលាយ​ឡើយ​​។ លោក​យល់​ថា ប្រសិន​លោក ហ៊ុន សែន មិន​ហ៊ាន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ ព្រោះ​នឹង​អាច​​ប៉ះពាល់​ដល់​ផែនការ​កាន់​អំណាច និង​ផ្ទេរ​អំណាច​ពី​លោក​ ហ៊ុន សែន ទៅ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត។ លោក​យល់​ថា ​​ការ​បាត់បង់​ទំនុកចិត្ត​របស់​ពលរដ្ឋ ​ពី​បក្ស​កាន់​អំណាច ​អាច​បង្ក​ឱ្យ​មាន​វិបត្តិនយោបាយ​​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ប៉ុន្តែ​វិបត្តិ​នោះ​ទំនង​មិន​ធ្វើ​លោក ហ៊ុន សែន ភ័យ​បុក​ពោះ​ដូច​កាល​ពី​ឆ្នាំ​២០១៣​ឡើយ។

លោក គឹម សុខ៖«ដើម្បី​ឱ្យ​ភ្លើងទៀន ចូល​ខ្លួន​មក​លំអ​សួន​ផ្កា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ ត្រង់​ថា ឱ្យ​មាន​លទ្ធភាព​ដើម្បី​ទៅ​ចូល​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​អី​អត់​មាន​ទេ អ៊ីចឹង​សភា​ត្រឹម​១០​ជាង​អី​ណឹង​មាន ព្រឹទ្ធសភា​ប្រាំពីរ​ប្រាំបី​ អី​អ៊ីចឹង​ទៅ​គ្រាន់តែ​​ចង​ក្រវ៉ាត់ក​ទៅ​អង្គុយ​លើក​ដៃ​ទៅ។ ​»)

នៅតែ​ជាង​៧​ខែ​ទៀត​ទេ ពលរដ្ឋ​កម្ពុជា​នឹង​មាន​ឱកាស​ជ្រើសរើស​មេដឹកនាំ​ថ្មី​តាមរយៈ​ការបោះឆ្នោត​។ ការបោះឆ្នោត​សកល​ អាណត្តិទី៧ នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី២៣ ខែ​កក្កដា​ឆ្នាំ២០២៣ខាងមុខ​។

ទន្ទឹម​គ្នា​នេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​​ស្នើ​ទៅ​រដ្ឋាភិបាល ​រដ្ឋសភា និង​គ.ជ.ប ឱ្យ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​មុន​ការបោះឆ្នោត​ឆ្នាំ​២០២៣ខាងមុខ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣​ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ចុះ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ លើកឡើង​ថា បរិយាកាស​នយោបាយ​សព្វ​ថ្ងៃ​មិន​បាន​ជំរុញ ឬ​ក៏​លើក​​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​កិច្ច និង​វប្បធម៌​ដោយ​គ្មាន​ការ​ភ័យខ្លាច​បាន​នោះ​ទេ។

ចំណែក​សហគមន៍​អន្តរជាតិ​ក៏បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។