អ្នកឃ្លាំមើល​ថា ដើម្បី​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ «គួរ​អនុវត្ត​ពី​ថ្នាក់​ជាតិ»

0:00 / 0:00

អ្នក​ឃ្លាំ​មើល និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ និង​ធ្វើ​កំណែទម្រង់​ស្ដារ​នីតិរដ្ឋ នៅក្នុង​រដ្ឋបាល​ថ្នាក់​ជាតិ​ជាមុន​សិន ដើម្បី​បង្ហាញ​គំរូ​ដល់​មន្ត្រី​ថ្នាក់ក្រោម ឱ្យ​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ការ​លើកឡើង​បែបនេះ បន្ទាប់ពី​ពួកគាត់​សង្កេត​ឃើញ​ថា អំពើពុករលួយ​ដែល​រារាំង​តម្លាភាព​នៃ​ក្នុង​រដ្ឋបាល​សាធារណៈ​គឺ​មាន​ឫសគល់ ចេញពី​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ លើកកម្ពស់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ ព្រោះ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​មួយ​នេះ នៅ​ពោរពេញ​ដោយ​អំពើពុករលួយ​នៅ​ឡើយ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៦ ធ្នូ ថា ការ​កែទម្រង់ និង​ពង្រឹង​ភាព​ស្អាតស្អំ​នេះ គួរ​ចាប់​ផ្ដើម​ធ្វើ​ចេញពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​កំពូល​ជាមុន​សិន ព្រោះ​ក្នុង​ស្ថាប័ន​ទាំងនេះ ពោរពេញ​ដោយ​សាច់ញាតិ បក្ខពួក​និយម និង​សែស្រឡាយ​។ លោក​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការអនុវត្ត​នូវ​គោលការណ៍​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ ឱ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​មន្ត្រី​ស្ថាប័ន​ថ្នាក់​ជាតិ មាន​ដូចជា​តំណាងរាស្ត្រ និង​មន្ត្រី​តាម​ក្រសួង មាន​ភាព​ឯករាជ្យ ក្នុង​ការ​បំពេញភារកិច្ច និង​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ភាព​អព្យាក្រឹត្យ ដោយ​មិន​ត្រូវ​គិត​ពី​សែស្រឡាយ ឬ​បក្ខពួក​និយម​នោះ​ឡើយ។

លោក ប៉ោ មករា៖ «ក្នុង​កាលៈទេសៈ​នេះ ដែល​ជា​ជំនាន់​ថ្មី គួរតែ​ចាប់ផ្ដើម​អនុវត្ត​។ ព្រោះ​ជំនាន់​មុន មិនសូវ​ហ៊ាន​អនុវត្ត​ប៉ុន្មាន​ទេ សម្រាប់​មន្ត្រី​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ រំលោភសិទ្ធិ​មនុស្ស កេងប្រវ័ញ្ច​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ហ្នឹង គឺ​ពីមុន​មិនសូវ​ឃើញ​អនុវត្ត​ជា​ដុំកំភួន​អ្វី​ប៉ុន្មាន​នោះ​ទេ។ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​ហ៊ាន កាត់​សាច់​កន្លែង​ណា​ស្អុយ​ចេញ បក្ខពួក​បងប្អូន ក្រុម​របស់​ខ្លួន​ហ្នឹង គឺ​ត្រូវតែ​ហ៊ាន​កាត់ចេញ ទើប​ប្រសិទ្ធភាព​រដ្ឋបាល​សាធារណៈ​ហ្នឹង មាន​ភាព​ស្អាតស្អំ»។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារលិខិត​អបអរសាទរ​ដល់ ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ​៩ ធ្នូ និង​បង្ហាញ​ពី​ការងារ​អាទិភាព ៥​ចំណុច របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្នុង​ការ​ជំរុញ​ការ​កែ​ទម្រង់ ការ​ពង្រឹង​អភិបាលកិច្ច ដោយ​ផ្ដោត​លើ​ការ​លើក​កម្ពស់ និង​ការ​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ។ ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត លើកឡើង​ពី​ការ​ផ្ដោត​អាទិភាព​លើ​ការងារ ៥​ចំណុច មាន​ដូចជា ការរៀបចំ និង​ការ​ដាក់​ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​មុខងារសាធារណៈ ការ​ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​ធ្វើ​អធិការកិច្ច និង​សវនកម្ម ការ​ពង្រឹង​យន្តការ​គ្រប់គ្រង និង​ផ្ដល់​សេវា​សាធារណៈ ការ​ចាត់​វិធានការ​ម៉ឺងម៉ាត់​តាមច្បាប់ ក្នុង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​បទល្មើស​អំពើពុករលួយ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​សាធារណៈ។

ទោះជា​បែបនេះ​ក្ដី គោលការណ៍​អាទិភាព​ទាំង ៥​ចំណុច ដែល​លោក ហ៊ុន ម៉ាណែត អះអាង​ថា ដើម្បី​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ​នោះ ហាក់​ពិបាក​នឹង​អាច​ធ្វើ​ទៅរួច ព្រោះ​មន្ត្រី​គ្រាក់ៗ នៅ​តាម​ក្រសួង​ស្ថាប័ន​ធំៗ នៅតែ​បន្ត​វប្បធម៌​ចូល​តាម​ខ្សែ ឬ​ស្គាល់​អ្នកធំ ដែល​បង្ក​ឱ្យ​មាន​គំរូ​ភាព​អាក្រក់​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ជាក់ស្ដែង សមាជិកគ្រួសារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្លួន​លោក​ផ្ទាល់ បាន​ក្រសោប​យក​តំណែង និង​តួនាទី​សំខាន់ៗ ក្នុង​ស្ថាប័នរដ្ឋ ដោយ​មិនបាន​ឆ្លងកាត់​ការប្រកួតប្រជែង​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី៦ ធ្នូ។

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់ឃើញ​ថា ដើម្បី​ពង្រឹង​រដ្ឋបាល​សាធារណៈ រដ្ឋាភិបាល​គួរ​កែ​លម្អ​នូវ​ចន្លោះ​ខ្វះខាត​មួយចំនួន ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ មាន​ដូចជា លុបបំបាត់​អំពើពុករលួយ ស្ដារ​នីតិរដ្ឋ និង​ការ​ពង្រឹង​សេវា​សាធារណៈ។

លោក ប៉ិច ពិសី៖ «ខ្ញុំ​ក៏​ឯកភាព​ដែរ ចំពោះ​ការ​ពង្រឹង​អំណាច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​ការ​ធ្វើ​ការ​លើ​គ្រប់​វិស័យ​។ ដែល​យើង​ឃើញ​ជាទូទៅ​ហ្នឹង គឺ​កម្ពុជា​យើង​មាន​បញ្ហា​ទាក់ទង​ទៅ​នឹង​អំពើពុករលួយ​ខ្នាត​ធំ ពិបាក​ដោះ​។ ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល មាន​គោលដៅ​ពង្រឹង​ស្ថិរភាព​នយោបាយ ពង្រឹង​សេដ្ឋកិច្ចជាតិ គឺ​ចៀស​មិន​ផុត​ពី​ការ​ដោះ​ឧបសគ្គ​ចម្បង ជាពិសេស​គឺ​ការ​កាត់​បន្ថយ​នូវ​អំពើពុករលួយ​ខ្នាត​ធំ និង​ការជំរុញ នូវ​ការអនុវត្ត​ច្បាប់ ហើយ​និង​នីតិរដ្ឋ​ទេ»។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ លុះត្រាតែ​ថ្នាក់​ដឹកនាំ​ហ៊ាន​ធ្វើជា​គំរូ ឱ្យ​ដូច​ទៅ​នឹង​គោលការណ៍​ដែល​បាន​ដាក់ចេញ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដើម្បី​ធានា​បាន​នូវ​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​លំដាប់​ថ្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។