រដ្ឋមន្ត្រីក្រសួងព័ត៌មានរងការរិះគន់ថា បានបង្ហោះរូបឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃហាមឃាត់។ ការរិះគន់ថា ក្រោយពេល រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបភាពនានាទាក់ទងការឃោសនាបោះឆ្នោត នៅថ្ងៃ០៤ ខែមិថុនា ដែលជាថ្ងៃស ឬថ្ងៃ គ.ជ.ប មានឃាត់មិនឲ្យគ្រប់គណបក្សនយោបាយធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនោះឡើយ។ ឆ្លើយតបការលើកឡើងនេះលោក ខៀវ កាញារីទ្ធ អះអាងថា សារដែលលោកបង្ហោះមិនបានស្នើទៅពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថា បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីកេងចំណេញនយោបាយ។ មន្ត្រីសង្គមស៊ីវិល ស្នើទៅអ្នកប្រើប្រាស់បណ្ដាញសង្គម គួរមានការប្រុងប្រយ័ត្នលើការបង្ហោះរូបភាពនានាក្នុងថ្ងៃហាមឃាត់។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស លើកឡើងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ គួរធ្វើជាគំរូ ក្នុងការរក្សាភាពស្ងៀមស្ងាត់ មុនថ្ងៃបោះឆ្នោតមួយថ្ងៃ។ លោកបន្តថា ការបង្ហោះរូបភាពទាក់ទងការឃោសនាបោះឆ្នោត ក្នុងថ្ងៃហាមឃាត់នេះមិនត្រឹមត្រូវនោះទេ៖ «ការបង្ហាញរូបនេះគឺខុសហើយ ខុសនេះមិនមែនគាត់ ( ខៀវ កាញារីទ្ធ )ហែសកម្មភាពហ្នឹងទេ សកម្មភាពគាត់ហែម្សិល ប៉ុន្តែ គាត់បង្ហាញរូបភាពថ្ងៃហ្នឹងដែលយើងចាត់ទុកថា ថ្ងៃនេះគេ (គ .ជ .ប ) ហាមឃាត់ »។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិអង្គការ និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា ទោះច្បាប់បោះឆ្នោត មិនរាប់បញ្ចូលការបង្ហោះហ្វេសប៊ុកថា ជាបម្រាម ក្នុងថ្ងៃហាមឃាត់ក្ដី ក៏អ្នកនយោបាយ ដែលមានឥទ្ធិពលគួរទុកពេលសម្រាក និងត្រៀមខ្លួនទៅបោះឆ្នោតថ្ងៃទី៥ ខែមិថុនា។ លោកបន្តថា គ្រប់គណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនា ១៤ថ្ងៃកន្លងទៅនេះ គួរសមល្មមហើយ ដូច្នេះ គួរបញ្ចប់សកម្មភាពនានា ទាក់ទងការឃោសនាបោះឆ្នោតក្នុងថ្ងៃដែល គ.ជ.ប ហាមឃាត់៖ «យើងគួរបញ្ចប់ទៅណាព្រោះថ្ងៃនេះគឺថ្ងៃសម្រាករក្សាភាពស្ងប់ស្ងៀមត្រៀមសម្រាប់បោះឆ្នោតស្អែកទៅណា »។
មន្ត្រីសង្គមស៊ីវិលប្រតិកម្មបែបនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន បង្ហោះរូបភាពជាច្រើនសន្លឹកបន្តបន្ទាប់គ្នា ទាក់ទងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ១៤ថ្ងៃកន្លងទៅ។ ទោះសកម្មភាពទាំងនោះ មិនបានធ្វើក្នុងថ្ងៃហាមឃាត់ក្ដី ប៉ុន្តែលោក ខៀវ កាញារីទ្ធ បានបង្ហោះក្នុងថ្ងៃទី៤ ខែមិថុនា ជាថ្ងៃដែល គ.ជ.ប ហាមឃាត់មិនឲ្យគណបក្សនយោបាយធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។
ច្បាប់ស្ដីពីការបោះឆ្នោត ចែងថា សកម្មភាពឃោសនានៃការបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ គ.ជ.ប បានហៅថ្ងៃទី៤ ខែមិថុនាថា ថ្ងៃ រក្សាភាពស្ងៀមស្ងាត់ ឬជាថ្ងៃស។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឆ្លើយតបថា រូបភាពទាំងនេះជាការបង្ហោះលក្ខណៈជនប៉ុណ្ណោះ។ លោកបន្តទៀតថា សារដែលលោកសរសេរលើហ្វេសប៊ុក ក៏មិនបានស្នើពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយនោះដែរ៖«សិទ្ធិរបស់ខ្ញុំតាមអ្នកណាចង់មើលទៅ អ្នកណាមិនចង់មើលហីទៅ ខ្ញុំមានបង្ខំឲ្យអ្នកណាមើល មានដាក់ថា ជាផ្លូវការរបស់ក្រសួងឯណា សិទ្ធិរបស់ម្នាក់ៗ គេបោះមិនបោះលើគេតាស ហ្វេសប៊ុករបស់គេម្នាក់ៗ តាសហ្នឹង »។
ទោះលោក ខៀវ កាញារីទ្ធ លើកឡើងដូច្នេះក្ដី មន្ត្រីសង្គមសង្គមស៊ីវិលសង្កេតឃើញថា លោក ខៀវ កាញារីទ្ធ ជាមនុស្សម្នាក់មានឥទ្ធិពលលើបណ្ដាញសង្គមហ្វេសប៊ុក ហើយការបង្ហោះរូបភាពរបស់លោកម្ដងៗ មានអ្នកចុចចូលចិត្ត ឬចុចឡៃ (Like) រាប់ពាន់នាក់។ ម៉្យាងវិញទៀត សកម្មភាពឃោសនានោះ គឺជាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត កាលពីថ្ងៃទី១ មិថុនា ក្រសួងព័ត៌មាន ដែលលោក ខៀវ កាញារីទ្ធ ខ្លួនឯងជារដ្ឋមន្ត្រីនោះ ក៏បានចេញសេចក្ដីណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនា និងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនាដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ឲ្យដឹងថា គ.ជ.ប គ្មានសមត្ថកិច្ចត្រួតពិនិត្យ ការបង្ហោះយុទ្ធនាការនានាទាក់ទងការបោះឆ្នោតលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។លោកបន្តថា ប្រសិនបើមានបណ្ដឹងទាក់ទងការបំពានបម្រាមរបស់ គ.ជ.ប នោះគ.ជ.ប នឹងដោះស្រាយជូន៖ «បើគ្មានពាក្យបណ្ដឹងលាយលក្ខណ៍អក្សរគឺគ .ជ .ប មិនធ្វើការស៊ើបអង្កេតលើរឿងហ្នឹងទេបាទ »។
លោក ហង្ស ពុទ្ធា អះអាងថា ទិដ្ឋភាពទូទៅនៃថ្ងៃស ឬថ្ងៃ គ.ជ.ប ហាមឃាត់មិនឲ្យគ្រប់គណបក្សនយោបាយធ្វើសកម្មភាពឃោសនានេះ គ្មានបាតុភាពអ្វីគួរកត់សម្គាល់ឡើយ ពោលគឺគ្រប់គណបក្សនយោបាយបានគោរពតាមការណែនាំរបស់គ.ជ.ប។
ថ្ងៃទី៥ ខែមិថុនា ជាថ្ងៃពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅមូលដ្ឋាន។ គណបក្សដែលចូលរួមដណ្ដើមសន្លឹកឆ្នោតមាន១៧គណបក្ស ប៉ុន្តែ គេសង្កេតឃើញថា មានគណបក្សពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន មានអ្នកគាំទ្រចូលរួមហែក្បួនច្រើនក្នុងយុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃកន្លងទៅនេះ៕