សង្គមស៊ីវិល ជំរុញឲ្យកម្ពុជាបញ្ចប់ជម្លោះនយោបាយដើម្បីបង្កើនសាមគ្គីភាព និងរួមគ្នាការពារឯករាជ្យជាតិ តាមបណ្ដាំអតីតព្រះមហាក្សត្រ។ ការលើកឡើងនេះធ្វើ ឡើងក្នុងឱកាសដែលកម្ពុជាប្រារព្ធខួប ៦៨ ឆ្នាំនៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា។
ក្រុមអ្នកឃ្លាំមើលជំរុញមេដឹកនាំនយោបាយធំៗទាំង២ រកយន្តការចូលតុចរចាបិទបញ្ចប់ជម្លោះនយោបាយដើម្បីបង្កើនសាមគ្គីភាពគ្នាការពារឯករាជ្យជាតិ តាមបណ្ដាំព្រះបាទនរោត្តម សីហនុ ដែលផ្ដាំឲ្យខ្មែរសាមគ្គីគ្នាទើបខ្មែរអាចខ្លាំងបាន។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត(M.O.D) លោក សេក សុជាតិ យល់ថា ការចងគំនុំគ្នារវាងអ្នកនយោបាយ និងភាពមានៈមិនព្រមត្រូវរ៉ូវគ្នានេះ បានបង្កើតជាក្ដីបារម្ភសម្រាប់ជាតិខ្មែរនាពេលខាងមុខ និងជាទុក្ខរបស់ពលរដ្ឋស្លូតត្រង់។ លោកជំរុញឲ្យអ្នកនយោបាយរកវិធីស្រុះស្រួលគ្នាដើម្បីឈានដល់ការឯកភាពជាតិខ្មែរជាធ្លុងមួយ៖ « ដោយសារអ្វី ពួកគាត់កំពុងតែរវល់នៅក្នុងការប្រជែងឥទ្ធិពលគ្នា នៅក្នុងការប្រជែងយកកិត្តិយសហើយនិងអំណាច សឹងតែថាពេលខ្លះវាជាបញ្ហានាំគ្រោះទៅឲ្យពលរដ្ឋ។ ពួកគាត់មិនទទួលបាននូវសេចក្ដីសុខតាមរយៈអ្នកនយោបាយ គាត់បែរជាទៅរងគ្រោះដោយសារអ្នកនយោបាយមិនត្រូវរ៉ូវគ្នានេះវិញ » ។
ក្នុងឱកាសទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំនេះ ក្រុមមេដឹកនាំនយោបាយនៅកម្ពុជា មិនសូវបានបញ្ចេញសារនយោបាយច្រើនទេ ទាក់ទងនឹងទិវាបុណ្យឯករាជ្យជាតិ។ តែយ៉ាងណា រដ្ឋាភិបាលនៅតែរៀបចំទិវាអនុស្សាវរីយ៍នៅវិមានឯករាជ្យជាតិដូចធម្មតា ដោយមានការចូលរួមពីព្រះមហាក្សត្រក្រុមមេដឹកនាំរបបក្រុងភ្នំពេញ មន្ត្រីរាជការ សិស្សានុសិស្ស និងពលរដ្ឋ។

ដូចរាល់ឆ្នាំដែរ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ទ្រង់ចូលរួមរំលឹកខួប ប៉ុន្តែព្រះអង្គពុំបានចេញព្រះរាជសារនយោបាយ និងមិនមានព្រះរាជបន្ទូលអ្វីជាមួយក្រុមមេដឹកនាំរបបក្រុងភ្នំពេញទេ។ ព្រះអង្គ គ្រាន់តែបង្ហាញព្រះរាជវត្តមានចូលអុជភ្លើងជ័យនៅលើវិមានឯករាជ្យ រួចហើយព្រះអង្គយាងត្រឡប់ទៅព្រះបរមរាជវាំងវិញ។ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ក៏មិនបានថ្លែងសារអ្វីដែរ ក្រៅពីដើរតាមអមព្រះមហាក្សត្រ។ ចំណែកអាជ្ញាធរនៅខេត្ត ក៏នាំគ្នាប្រារព្ធទិវាឯករាជ្យជាតិនេះ នៅតាមវិមានឯករាជ្យក្នុងខេត្តរៀងៗខ្លួនដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះបាទនរោត្តម សីហនុ ដែលព្រះអង្គបានតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យពិតប្រាកដនៅកម្ពុជា។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏បង្ហោះសារខ្លីដែរថា ឯកភាពជាតិនាំមកនូវឯករាជ្យជាតិ។ រីឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិញ មិនបានចាប់អារម្មណ៍ពីខួបឯករាជ្យជាតិឆ្នាំនេះទេ។ លោកបានបង្ហោះសារថា ៩ វិច្ឆិកា ២០២១ គឺជាខួប២ឆ្នាំ នៃការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍របស់លោក កាលពីឆ្នាំ២០១៩។ លោកថា ទោះជាការប៉ុនប៉ងមាតុភូមិនិវត្តន៍នេះមិនបានសម្រេច តែប្រជារាស្ត្រខ្មែរ និងពិភពលោកបានឃើញច្បាស់ថា លោក ហ៊ុន សែន ភ័យខ្លាច និងបានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍របស់លោក។
ពាក់ព័ន្ធនឹងជម្លោះនយោបាយនេះដែរ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេនៅថ្ងៃទី៩ ខែវិច្ឆិកា នេះ។ ប៉ុន្តែលោកធ្លាប់អះអាងថា កម្ពុជាមានគ្រប់លក្ខណៈសម្បត្តិអស់ទៅហើយ ដូច្នេះគ្មានភាពចាំបាច់ក្នុងការសន្ទនានយោបាយឡើងវិញជាមួយគណបក្សប្រឆាំងនោះទេ។

ប៉ុន្តែប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង នៅតែលើកទឹកចិត្តឲ្យអ្នកនយោបាយខ្មែរវិលរកការចរចាគ្នាវិញ ហើយបង្កើនសាមគ្គីភាពដើម្បីឈានចូលរួមការពារឯករាជ្យជាតិទាំងអស់គ្នា។ លោកជឿជាក់ថា អ្នកនយោបាយនឹងវិលចូលតុចរចាសាមគ្គីគ្នា ដើម្បីបង្កើនភាពសុខសាន្តជូនពលរដ្ឋ៖« អ៊ីចឹងយើងអាចយកគំនិតទាំងអស់មកផ្ដុំគ្នា រួមបញ្ចូលគ្នាសម្រាប់ជាចក្ខុវិស័យវែងឆ្ងាយទៅមុខក្នុងការអភិវឌ្ឍន៍ជាតិ ខ្ញុំថាវាហ្នឹងធ្វើឲ្យយើងកាន់តែមានការរីកចម្រើន ហើយឯករាជ្យជាតិរបស់យើងក៏កាន់តែមានមោទនភាពតកូនចៅទៅមុខនិរន្តទៀត » ។
កម្ពុជាបានទទួលឯករាជ្យ ជារដ្ឋអធិបតេយ្យបរិបូរណ៍ពីសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្នុងរាជ្យព្រះបាទ នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមលើកម្ពុជាជាង៩០ឆ្នាំ គឺពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣។ ស្ថាបនិកទាមទារឯករាជ្យជាតិ គឺអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ កាលនៅមានព្រះជន្មធ្លាប់មានព្រះរាជបន្ទូលផ្ដាំឱ្យខ្មែរសាមគ្គីគ្នា ដោយព្រះអង្គឈ្វេងយល់ថា ខ្មែរសាមគ្គីគ្នា ប្រែថាខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។