សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត ជំរុញឲ្យក្រសួងមហាផ្ទៃ និងតំណាងគណបក្សបេះដូងជាតិ រកយន្តការជជែកគ្នា ដើម្បីបញ្ចៀសការប្ដឹងទៅវិញទៅមក។ ការជំរុញនេះធ្វើឡើងក្រោយពេលគណបក្សបេះដូងជាតិព្រមានប្ដឹងក្រសួងមហាផ្ទៃវិញ ចំពោះការរើសអើង ការធ្វើទុក្ខបុកម្នេញ និងការបដិសេធចុះបញ្ជីគណបក្សនេះ។
អ្នកឃ្លាំមើលការបោះឆ្នោត សោកស្ដាយចំពោះក្រសួងមហាផ្ទៃ ដែលមិនព្រមរកយន្តការជួយសម្រួលឲ្យពលរដ្ឋមានលទ្ធភាពបើកគណបក្សនយោបាយនៅកម្ពុជាបាន។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ (និកហ្វិច) លោក សំ គន្ធាមី យល់ថា ការបដិសេធចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ និងការព្រមានប្ដឹងគ្នាទៅតុលាការនេះ ជាការបង្កើតភាពអាប់អួនយោបាយសម្រាប់កម្ពុជា ដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទៅវិញ៖ « វានាំឲ្យមានបរិយាកាសនយោបាយអត់ល្អ ព្រោះអ្វីយើងបើកទូលាយ យើងប្រកាន់ប្រជាធិបតេយ្យសេរីពហុបក្ស ហើយឲ្យគេបើកគណបក្ស បើកចំហទៅ។ ខ្វះខាតឯកសារអ្វី ក្រសួងហ្នឹងណែនាំទៅ ចេញសេចក្ដីណែនាំប្រាប់គេថាខ្វះអ្វីអ៊ីចឹងទៅណា ឲ្យគេរកបន្ថែមទៅ »។
ជម្លោះការបង្កើតគណបក្សនយោបាយថ្មីនេះ កើតឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតបដិសេធការចុះបញ្ជីគណបក្សបេះដូងជាតិរបស់អតីតសមាជិកបក្សប្រឆាំងម្នាក់ លោក សៀម ភ្លុក។ ក្នុងលិខិតចុះថ្ងៃទី៨ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានរាយការណ៍ជូននាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថា មានស្នាមមេដៃ ២៨៧នាក់ ក្នុងចំណោម ៤.៧៨១នាក់ ខូចគុណភាព ដែលមិនអាចធ្វើកោសល្យវិច័យបាន រួមទាំងមានស្នាមមេដៃមិនប្រក្រតីធ្ងន់ធ្ងរចំនួន ៥នាក់ផ្ដិតលើឈ្មោះបុគ្គលចំនួន ២១នាក់ទៀត។ បន្ថែមពីនេះក្រសួងមហាផ្ទៃក៏ប្រកាសប្ដឹងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការករណីបន្លំស្នាមមេដៃនេះដែរ។

ពាក់ព័ន្ធករណីនេះ គណបក្សបេះដូងជាតិបានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២២ វិច្ឆិកាបង្ហាញការសោកស្ដាយចំពោះក្រសួងមហាផ្ទៃដែលបដិសេធការសុំចុះបញ្ជី និងការចោទប្រកាន់មកលើគណបក្សនេះ។ គណបក្សបេះដូងជាតិអះអាងថា ស្នាមមេដៃ ដែលខ្លួនបានដាក់ជូនទៅក្រសួងមហាផ្ទៃ មានចំនួនតែ ៤.៦១៨នាក់ មិនមែន ៤.៧៨១នាក់ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃទេ។ មួយវិញទៀត ក្រសួងមហាផ្ទៃគួរតែណែនាំឲ្យគណបក្សបេះដូងជាតិកែសម្រួលករណីស្នាមមេដៃតាមលក្ខន្តិកច្បាប់ ពោលគឺមិនមែនប្ដឹងទៅតុលាការនោះទេ។
គណបក្សបេះដូងជាតិចាត់ទុកការចោទប្រកាន់របស់ក្រសួងមហាផ្ទៃថា មានចរិតនយោបាយក្នុងការគំរាមកំហែង។ គណបក្សក៏កំពុងពឹងពាក់មេធាវីឲ្យជួយរៀបចំឯកសារប្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ាចំពោះសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃដែលមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ។
សមាជិកក្រុមហ៊ុនមេធាវី ប៊ី.ប៊ី.ស៊ី (BBC) លោក សំ សុគង់ ឲ្យដឹងថា លោក និងមេធាវី ជូង ជូងី បានទទួលយកការពឹងពាក់ផ្នែកផ្លូវច្បាប់ពីតំណាងគណបក្សបេះដូងជាតិរួចហើយ។ លោកបន្តថា មេធាវីទាំង ២នាក់ កំពុងសិក្សា និងរៀបចំបណ្ដឹង ហើយទំនងជានឹងអាចដាក់ប្ដឹងទៅតុលាការនៅសប្ដាហ៍ក្រោយ៖ « ក្រុមមេធាវីការពារកំពុងតែរៀបចំសិក្សាទាក់ទងទៅនឹងច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាអង្គហេតុ ក៏ដូចជាភស្តុតាងផ្សេងៗ ដើម្បីរៀបចំបណ្ដឹងដាក់ជូនទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលហ្នឹងធ្វើការពិនិត្យឡើងវិញអំពីសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃទាក់ទងនឹងការបដិសេធមិនឲ្យគណបក្សបេះដូងជាតិចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃហ្នឹង »។

នេះគឺជាករណីលើកដំបូងបង្អស់ហើយ ដែលក្រសួងមហាផ្ទៃប្រកាសប្ដឹងស្ថាបនិកគណបក្សនយោបាយរឿងសុំចុះបញ្ជី។ លិខិតដាច់ដោយឡែកមួយទៀតរបស់លោក ស ខេង ប្រាប់ទៅលោក សៀម ភ្លុក កាលពីថ្ងៃទី១៦ វិច្ឆិកា បញ្ជាក់ថាហេតុផលដែលក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជី ដោយសារមានករណីបន្លំស្នាមមេដៃ និងមានខ្លឹមសារមួយចំនួននៃលក្ខន្តិកៈបក្សបេះដូងជាតិផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយ។ ទោះយ៉ាងណា លោក ស ខេង មិនបានបញ្ជាក់ថា ខ្លឹមសារផ្ទុយ និងករណីស្នាមមេដៃនេះ ខុសត្រង់មាត្រាណាខ្លះទេ។
ច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា១៩ ចែងថា ដើម្បីទទួលបានសុពលភាពគណបក្សនយោបាយត្រូវមានសមាជិកយ៉ាងតិចណាស់ ៤.០០០នាក់ មកពីបណ្ដាលខេត្តក្រុងមួយចំនួន។ ទាំងច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនបានចែងលម្អិតពីករណីស្នាមមេដៃនេះទេ។ តែនៅត្រង់មាត្រា២២ មាត្រា២៤ និងមាត្រា២៥ នៃច្បាប់គណបក្សនយោបាយចែងបើកផ្លូវឲ្យក្រសួងមហាផ្ទៃអាចបដិសេធការចុះបញ្ជីបក្សនយោបាយបាន ករណីមិនបានបន្ថែមសំណុំឯកសារនានា ឲ្យស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់នយោបាយ និងច្បាប់នានាតាមការស្នើសុំរបស់ក្រសួង។ ក្នុងករណីនេះ គណបក្សនយោបាយនៅតែមានសិទ្ធិប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលភាពត្រឹមត្រូវរបស់សំណុំឯកសាររួច ក្រសួងមហាផ្ទៃត្រូវចុះបញ្ជីឲ្យគណបក្សនយោបាយនោះភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។