អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​តំណាងរាស្ត្រ​បង្កើន​ការ​បំពេញ​តួនាទី​ការពារ​ម្ចាស់​ឆ្នោត

0:00 / 0:00

ស្របពេល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់ អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ជំរុញ​ឱ្យ​តំណាងរាស្ត្រ​បង្កើន​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ការពារ​ផលប្រយោជន៍​ម្ចាស់​ឆ្នោត។ ចំណែក​អ្នកនាំពាក្យ​ព្រឹទ្ធសភា​អះអាង​ថា អ្នក​តំណាងរាស្ត្រ​បាន​បំពេញ​តួនាទី​ខ្លួន​បាន​​ល្អ​ហើយ។

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ស្ថិត​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា ជំរុញ​ឱ្យ​តំណាងរាស្ត្រ​បង្កើន​ការ​បំពេញ​តួនាទី​របស់​ខ្លួន​បន្ថែម​ទៀត ឱ្យ​ត្រូវ​តាម​ការកំណត់​របស់​ច្បាប់​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​របស់​ម្ចាស់​ឆ្នោត។

មាត្រា​២ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែងថា តំណាងរាស្ត្រ​ក្រោយពេល​បោះឆ្នោត​ជ្រើសតាំង​និង​ស្បថ​ចូលកាន់​តំណែង​ហើយ​គឺ​ក្លាយជា​តំណាង​ពលរដ្ឋ​ទូទាំង​ប្រទេស​មិនមែន​តំណាង​តែ​ពលរដ្ឋ​នៅ​មណ្ឌល​ដែល​ខ្លួន​ឈរ​ឈ្មោះ​នោះ​ទេ។

តំណាងរាស្ត្រ​មាន​តួនាទី​សំខាន់ ៣​គឺ​ធ្វើ​ច្បាប់ តាមដាន​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ជួប​ប្រជាពលរដ្ឋ​ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​នៅ​តាម​មូលដ្ឋាន។

អ្នក​សិក្សា​កិច្ចការ​នយោបាយ​លោក ប៉ោ មករា មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​លោក​គឺ​តំណាងរាស្ត្រ​មិន​ទាន់​បាន​បំពេញ​ការងារ​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​នៅ​ឡើយ ទាំង​ការ​ហៅ​រដ្ឋាភិបាល​សាកសួរ​ពេល​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ និង​ការ​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ​ផ្សេងៗ​ផ្ទុយទៅវិញ​តំណាងរាស្ត្រ​យក​តួនាទី​បម្រើ​ឱ្យ​បក្ស។

លោក ប៉ោ មករា៖ «ខ្ញុំ​ឃើញ​តំណាងរាស្ត្រ​មួយចំនួន​គាត់​ច្រើនតែ​យក​តួនាទី​តំណាង​របស់​ខ្លួន​ហ្នឹង​ទៅ​ប្រើ​ជា​តំណាង​របស់​បក្ស​មិនមែន​នៅ​ក្នុង​តំណាង​របស់​ពលរដ្ឋ​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​មហាជន​ទូទៅ​ទេ»។

លោក ប៉ោ មករា ក៏​បាន​ផ្តល់​យោបល់​ថា តំណាងរាស្ត្រ​មិន​ត្រូវ​ឈរ​ឈ្មោះ ច្រើន​អាណត្តិ ឬមួយ​ជីវិត​ទេ ដើម្បី​កុំឱ្យ​តំណាងរាស្ត្រ​យក​តួនាទី​នេះ​ធ្វើជា​របរ​ចិញ្ចឹមជីវិត

លោក ប៉ោ មករា៖ «តំណាងរាស្ត្រ​ហ្នឹង​គាត់​ថា មិន​ត្រូវ​បាន​ឱ្យ​បោះឆ្នោត​ឱ្យ​ជាប់ៗ​គ្នា​ឱ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ហ្នឹង​ទេ។ វា​គួរ​ណាស់​តែ​មាន​ការ​ឈប់​សម្រាក​ណា​មួយ​ដើម្បី​ជៀសវាង​នូវ​ការ​យក​តួនាទី​តំណាងរាស្ត្រ​ហ្នឹង​ទៅ​ជា​មុខរបរ ជា​ការ​ស្វែងរក​លាភ​សក្ការ​តាមរយៈ​តំណាងរាស្ត្រ​ហ្នឹង»។

ជុំវិញ​រឿង​នេះ​អតីត​នាយិកា​អង្គការ​សីលកា ហើយ​បច្ចុប្បន្ន​ជា​អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ សង្គម​អ្នកស្រី ធីតា ឃឹះ មើលឃើញ​ថា បច្ចុប្បន្ន​តំណាងរាស្ត្រ​ហាក់​មិនសូវ​បាន​បំពេញ​ការងារ តាម​ការ​សន្យា​មុន​បោះឆ្នោត​និង​បំពេញ​តួនាទី​ទៅ​តាម​ច្បាប់​នោះ​ទេ។

អ្នកស្រី ជំរុញ​ឱ្យ​អ្នក​នយោបាយ​ឬ​តំណាងរាស្ត្រ យក​គំរូ​តាម​អ្នក​នយោបាយ នៅ​ប្រទេស​រីក​ចម្រើន​គឺ​នៅ​ពេល​ជាប់ឆ្នោត​គេ​បំពេញ​ការងារ​ទៅ​តាម​ច្បាប់​និង​គោល​នយោបាយ​ដែល​ពួកគេ​សន្យា​ពេល​ឃោសនា។

អ្នកស្រី ធីតា ឃឹះ៖ «នៅ​ស្រុក​គេ​ដែល​ជឿនលឿន បើ​គេ​សន្យា​គេ​ធ្វើ​ណា!។ គេ​ធ្វើ​រាប់​ទៅ ១ ២ ៣ ៤ ៥ គឺ​គេ​ធ្វើ​ភ្លាម​ហ្នឹងឯង​។ ដូចជា​លោក​Joe Bidenប្រធានាធិបតី​នៅ​ស្រុក​អាមេរិក​នេះ គឺ​គាត់​ថា គាត់​នឹង​ដោះស្រាយ​បញ្ហា​បរិស្ថាន​គាត់​ទៅ​សាញ៉េអាគ័រ អា​រឿង​បរិស្ថាន​ហ្នឹង​ឡើង​វិញ។ ដែល​ប្រធានាធិបតី​មុន​លុបចោល​គាត់​អត់​ធ្វើ​ឥឡូវ​គាត់​មក​គាត់​ធ្វើ​អាហ្នឹង​ឡើងវិញ»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា បញ្ហា​ដែល​កម្មករ​និយោជិត​បាន​ដាក់​លិខិត​ស្នើ​ទៅ​តំណាងរាស្ត្រ ឱ្យ​ជួយ​ដោះស្រាយ​លើ​ការ​រំលោភ​បំពាន និង​កេងប្រវ័ញ្ច​នានា ពី​ថៅកែ​នោះ​មិន​ដែល​ទទួល​បាន​ដំណោះស្រាយ​ទេ។

តំណាងរាស្ត្រ​ធ្វើ​ការ​នៅ​សភា ហើយ​សភា​បែង​ចែក​ជា ២​ថ្នាក់ គឺ​សភា​ជាន់​ទាប (រដ្ឋសភា) និង​សភា​ជាន់ខ្ពស់ (ព្រឹទ្ធសភា)។

តំណាងរាស្ត្រ​ទទួល​បាន​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​ដែល​យក​ទៅ​បែង​ចែក​ជា ខែ​ទទួល​បាន​ជាង ៤​ពាន់​ដុល្លារ​ក្នុង​១​ខែ។ ក្រៅពី​ប្រាក់​បំណាច់​នេះ​តំណាងរាស្ត្រ​ទទួល​បាន ការ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ដូចជា រថយន្ត ថ្លៃ​ប្រេង ថ្លៃ​ចុះ​បេសកកម្ម ឬ​ថ្លៃ​ផ្ទះ ស្នាក់នៅ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ដើម្បី​សុំ​ការ​ឆ្លើយតប​លើ​បញ្ហា​នេះ បាន​ទេ​នៅ​ថ្ងៃទី​២៨ មីនា។

ចំណែក​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំណាងរាស្ត្រ​ទាំង​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​បំពេញការងារ​បាន ត្រឹមត្រូវ​ទាំង​ការ បង្កើត​ច្បាប់ ការ​តាមដាន​រដ្ឋាភិបាល​និង​ការ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ។

លោក ម៉ម ប៊ុននាង៖ «យើង​មើល​ឱ្យ​ឃើញ​ច្បាស់​ហើយ​ជាក់ស្តែង ឯកឧត្តម​លោកជំទាវ​ជា​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា​បាន​បំពេញ​ភារកិច្ច​ហ្នឹង គឺ​វា​សឹងតែ​គ្រប់បែបគ្រប់យ៉ាង​គ្រប់សព្វ​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្វះខាត ឬ​មាន​ជំងឺ​ដង្កាត់​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់ ហើយ​ជីវភាព​រស់នៅ​របស់​គាត់»។

ទោះ​យ៉ាងណា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា បច្ចុប្បន្ន​មហាជន​ហាក់​ភ្លេច​ថា នៅ​ក្នុង​សង្គម​មាន​តំណាងរាស្ត្រ ព្រោះ​ពេល​មាន​បញ្ហា​ផ្សេងៗ​មិនសូវ​ឃើញ​តំណាងរាស្ត្រ​ចេញ​មុខ​ដោះស្រាយ។

លោក យង់ គិមអេង៖ «យើង​ឃើញ​ថា តួនាទី​របស់​តំណាងរាស្ត្រ​ដូច​ត្រូវ​បាន​គេ​ភ្លេច។ អត់​សូវ​មាន​គេ​សុំ​អន្តរាគមន៍​គេ ស្នើ​ទៅ​អ្នកតំណាងរាស្ត្រ​ឱ្យ​អន្តរាគមន៍​លើ​រឿង​អី​កន្លងមក។ អ៊ីចឹង​ហើយ​គេ​មិន​សូវ​ឃើញ​តួនាទី​តំណាងរាស្ត្រ​ហ្នឹង​ត្រូវ​បាន​លេចឡើង​នៅក្នុង​សង្គម​ខ្មែរ​យើង»។

លោក យង់ គិមអេង ជំរុញ​ឱ្យ​តំណាងរាស្ត្រ​ដែល​កើត​ចេញ​ពី​ការ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ហើយ​ទទួល​ប្រាក់ខែ​ជាប្រចាំ​នេះ ត្រូវធ្វើ​ការងារ​ឱ្យ​សកម្ម​ឡើង ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​សង្គម​ជាតិ។

បច្ចុប្បន្ន​តំណាងរាស្ត្រ​សរុប​មាន​ចំនួន ១៨៧​រូប ក្នុង​នោះ សមាជិក​សភា ១២៥​រូប និង​សមាជិក​ព្រឹទ្ធសភា ៦២​រូប។ សមាជិក​រដ្ឋសភា​បោះឆ្នោត ៥​ឆ្នាំ​ម្តង ចំណែក​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត ៦​ឆ្នាំ​ម្តង។

កាល​ឆ្នាំ​២០១៥ ព្រឹទ្ធសភា​ចេញ​សេចក្តី​ណែនាំ​មួយ​មិន​ឱ្យ​អ្នក​សារព័ត៌​ថតរូប​នៅ​ពេល​ប្រជុំ​ដោយសារតែ​អ្នកសារព័ត៌មាន​មួយចំនួន​ថត​ប៉ះ​សមាជិកសភា​ដេក​ពេល​ប្រជុំ​យក​ទៅ​ផ្សព្វផ្សាយ​។ ដោយ​សេចក្តី​ប្រកាស​ចាត់ទុក​ថា ការ​ផ្សព្វផ្សាយ​បែបនេះ​ធ្វើ​ឱ្យ​ប៉ះពាល់ សេចក្តី​ថ្លៃថ្នូរ បុគ្គល​ឯកជន។

ចំណែក​រដ្ឋសភា​ជា​កន្លែង​ដែល​ផ្តល់​សេវា​ឱ្យ​ពលរដ្ឋ បាន​សាង​របង​២​ជាន់ និង​ដាក់​អ្នកយាម​តឹងរ៉ឹង​ដោយ​បញ្ជាក់​ថា ដើម្បី​ការពារ​សុវត្ថិភាព​តំណាងរាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។