ស្របពេលការបោះឆ្នោតជិតចូលមកដល់ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមជំរុញឱ្យតំណាងរាស្ត្របង្កើនការបំពេញតួនាទីរបស់ខ្លួនការពារផលប្រយោជន៍ម្ចាស់ឆ្នោត។ ចំណែកអ្នកនាំពាក្យព្រឹទ្ធសភាអះអាងថា អ្នកតំណាងរាស្ត្របានបំពេញតួនាទីខ្លួនបានល្អហើយ។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមស្ថិតនៅក្នុងវិស័យផ្សេងៗគ្នា ជំរុញឱ្យតំណាងរាស្ត្របង្កើនការបំពេញតួនាទីរបស់ខ្លួនបន្ថែមទៀត ឱ្យត្រូវតាមការកំណត់របស់ច្បាប់ក្នុងការបម្រើផលប្រយោជន៍របស់ម្ចាស់ឆ្នោត។
មាត្រា២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា តំណាងរាស្ត្រក្រោយពេលបោះឆ្នោតជ្រើសតាំងនិងស្បថចូលកាន់តំណែងហើយគឺក្លាយជាតំណាងពលរដ្ឋទូទាំងប្រទេសមិនមែនតំណាងតែពលរដ្ឋនៅមណ្ឌលដែលខ្លួនឈរឈ្មោះនោះទេ។
តំណាងរាស្ត្រមានតួនាទីសំខាន់ ៣គឺធ្វើច្បាប់ តាមដានរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងជួបប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខនៅតាមមូលដ្ឋាន។
អ្នកសិក្សាកិច្ចការនយោបាយលោក ប៉ោ មករា មានប្រសាសន៍ថា តាមការសង្កេតរបស់លោកគឺតំណាងរាស្ត្រមិនទាន់បានបំពេញការងារឱ្យត្រឹមត្រូវតាមច្បាប់កំណត់នៅឡើយ ទាំងការហៅរដ្ឋាភិបាលសាកសួរពេលអនុវត្តច្បាប់មិនបានត្រឹមត្រូវ និងការជួបពលរដ្ឋដែលរងគ្រោះផ្សេងៗផ្ទុយទៅវិញតំណាងរាស្ត្រយកតួនាទីបម្រើឱ្យបក្ស។
លោក ប៉ោ មករា៖ «ខ្ញុំឃើញតំណាងរាស្ត្រមួយចំនួនគាត់ច្រើនតែយកតួនាទីតំណាងរបស់ខ្លួនហ្នឹងទៅប្រើជាតំណាងរបស់បក្សមិនមែននៅក្នុងតំណាងរបស់ពលរដ្ឋធ្វើជាប្រយោជន៍សម្រាប់មហាជនទូទៅទេ»។
លោក ប៉ោ មករា ក៏បានផ្តល់យោបល់ថា តំណាងរាស្ត្រមិនត្រូវឈរឈ្មោះ ច្រើនអាណត្តិ ឬមួយជីវិតទេ ដើម្បីកុំឱ្យតំណាងរាស្ត្រយកតួនាទីនេះធ្វើជារបរចិញ្ចឹមជីវិត
លោក ប៉ោ មករា៖ «តំណាងរាស្ត្រហ្នឹងគាត់ថា មិនត្រូវបានឱ្យបោះឆ្នោតឱ្យជាប់ៗគ្នាឱ្យឈរឈ្មោះជាតំណាងរាស្ត្រហ្នឹងទេ។ វាគួរណាស់តែមានការឈប់សម្រាកណាមួយដើម្បីជៀសវាងនូវការយកតួនាទីតំណាងរាស្ត្រហ្នឹងទៅជាមុខរបរ ជាការស្វែងរកលាភសក្ការតាមរយៈតំណាងរាស្ត្រហ្នឹង»។
ជុំវិញរឿងនេះអតីតនាយិកាអង្គការសីលកា ហើយបច្ចុប្បន្នជាអ្នកឃ្លាំមើលការអភិវឌ្ឍ សង្គមអ្នកស្រី ធីតា ឃឹះ មើលឃើញថា បច្ចុប្បន្នតំណាងរាស្ត្រហាក់មិនសូវបានបំពេញការងារ តាមការសន្យាមុនបោះឆ្នោតនិងបំពេញតួនាទីទៅតាមច្បាប់នោះទេ។
អ្នកស្រី ជំរុញឱ្យអ្នកនយោបាយឬតំណាងរាស្ត្រ យកគំរូតាមអ្នកនយោបាយ នៅប្រទេសរីកចម្រើនគឺនៅពេលជាប់ឆ្នោតគេបំពេញការងារទៅតាមច្បាប់និងគោលនយោបាយដែលពួកគេសន្យាពេលឃោសនា។
អ្នកស្រី ធីតា ឃឹះ៖ «នៅស្រុកគេដែលជឿនលឿន បើគេសន្យាគេធ្វើណា!។ គេធ្វើរាប់ទៅ ១ ២ ៣ ៤ ៥ គឺគេធ្វើភ្លាមហ្នឹងឯង។ ដូចជាលោកJoe Bidenប្រធានាធិបតីនៅស្រុកអាមេរិកនេះ គឺគាត់ថា គាត់នឹងដោះស្រាយបញ្ហាបរិស្ថានគាត់ទៅសាញ៉េអាគ័រ អារឿងបរិស្ថានហ្នឹងឡើងវិញ។ ដែលប្រធានាធិបតីមុនលុបចោលគាត់អត់ធ្វើឥឡូវគាត់មកគាត់ធ្វើអាហ្នឹងឡើងវិញ»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា បញ្ហាដែលកម្មករនិយោជិតបានដាក់លិខិតស្នើទៅតំណាងរាស្ត្រ ឱ្យជួយដោះស្រាយលើការរំលោភបំពាន និងកេងប្រវ័ញ្ចនានា ពីថៅកែនោះមិនដែលទទួលបានដំណោះស្រាយទេ។
តំណាងរាស្ត្រធ្វើការនៅសភា ហើយសភាបែងចែកជា ២ថ្នាក់ គឺសភាជាន់ទាប (រដ្ឋសភា) និងសភាជាន់ខ្ពស់ (ព្រឹទ្ធសភា)។
តំណាងរាស្ត្រទទួលបានប្រាក់បំណាច់ប្រចាំឆ្នាំដែលយកទៅបែងចែកជា ខែទទួលបានជាង ៤ពាន់ដុល្លារក្នុង១ខែ។ ក្រៅពីប្រាក់បំណាច់នេះតំណាងរាស្ត្រទទួលបាន ការឧបត្ថម្ភផ្សេងៗទៀតដូចជា រថយន្ត ថ្លៃប្រេង ថ្លៃចុះបេសកកម្ម ឬថ្លៃផ្ទះ ស្នាក់នៅជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ដើម្បីសុំការឆ្លើយតបលើបញ្ហានេះ បានទេនៅថ្ងៃទី២៨ មីនា។
ចំណែកអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់វិទ្យុអាស៊ីសេរីថា តំណាងរាស្ត្រទាំងនៅរដ្ឋសភា និងព្រឹទ្ធសភាបំពេញការងារបាន ត្រឹមត្រូវទាំងការ បង្កើតច្បាប់ ការតាមដានរដ្ឋាភិបាលនិងការជួបសួរសុខទុក្ខប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុននាង៖ «យើងមើលឱ្យឃើញច្បាស់ហើយជាក់ស្តែង ឯកឧត្តមលោកជំទាវជាសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភាបានបំពេញភារកិច្ចហ្នឹង គឺវាសឹងតែគ្រប់បែបគ្រប់យ៉ាងគ្រប់សព្វដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋខ្វះខាត ឬមានជំងឺដង្កាត់ផ្សេងៗដែលប៉ះពាល់ដល់សុខភាពរបស់គាត់ ហើយជីវភាពរស់នៅរបស់គាត់»។
ទោះយ៉ាងណាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា បច្ចុប្បន្នមហាជនហាក់ភ្លេចថា នៅក្នុងសង្គមមានតំណាងរាស្ត្រ ព្រោះពេលមានបញ្ហាផ្សេងៗមិនសូវឃើញតំណាងរាស្ត្រចេញមុខដោះស្រាយ។
លោក យង់ គិមអេង៖ «យើងឃើញថា តួនាទីរបស់តំណាងរាស្ត្រដូចត្រូវបានគេភ្លេច។ អត់សូវមានគេសុំអន្តរាគមន៍គេ ស្នើទៅអ្នកតំណាងរាស្ត្រឱ្យអន្តរាគមន៍លើរឿងអីកន្លងមក។ អ៊ីចឹងហើយគេមិនសូវឃើញតួនាទីតំណាងរាស្ត្រហ្នឹងត្រូវបានលេចឡើងនៅក្នុងសង្គមខ្មែរយើង»។
លោក យង់ គិមអេង ជំរុញឱ្យតំណាងរាស្ត្រដែលកើតចេញពីការទុកចិត្តរបស់ប្រជាពលរដ្ឋហើយទទួលប្រាក់ខែជាប្រចាំនេះ ត្រូវធ្វើការងារឱ្យសកម្មឡើង ដើម្បីការពារផលប្រយោជន៍ពលរដ្ឋម្ចាស់ឆ្នោត និងសង្គមជាតិ។
បច្ចុប្បន្នតំណាងរាស្ត្រសរុបមានចំនួន ១៨៧រូប ក្នុងនោះ សមាជិកសភា ១២៥រូប និងសមាជិកព្រឹទ្ធសភា ៦២រូប។ សមាជិករដ្ឋសភាបោះឆ្នោត ៥ឆ្នាំម្តង ចំណែកសមាជិកព្រឹទ្ធសភាបោះឆ្នោត ៦ឆ្នាំម្តង។
កាលឆ្នាំ២០១៥ ព្រឹទ្ធសភាចេញសេចក្តីណែនាំមួយមិនឱ្យអ្នកសារព័ត៌ថតរូបនៅពេលប្រជុំដោយសារតែអ្នកសារព័ត៌មានមួយចំនួនថតប៉ះសមាជិកសភាដេកពេលប្រជុំយកទៅផ្សព្វផ្សាយ។ ដោយសេចក្តីប្រកាសចាត់ទុកថា ការផ្សព្វផ្សាយបែបនេះធ្វើឱ្យប៉ះពាល់ សេចក្តីថ្លៃថ្នូរ បុគ្គលឯកជន។
ចំណែករដ្ឋសភាជាកន្លែងដែលផ្តល់សេវាឱ្យពលរដ្ឋ បានសាងរបង២ជាន់ និងដាក់អ្នកយាមតឹងរ៉ឹងដោយបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពតំណាងរាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។