អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ទាមទារ​យក​ចំណែក​កោះ​គុត​ពី​ថៃ​មក​កាន់​កាប់​វិញ

2024.11.07
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ទាមទារ​យក​ចំណែក​កោះ​គុត​ពី​ថៃ​មក​កាន់​កាប់​វិញ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត(ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ចេញមុខ​តទល់​ជាមួយ​រដ្ឋាភិបាល​ថៃ ជុំវិញ​ជម្លោះ​កោះគុត (Koh Kut) និង​តំបន់​ដែល​អះអាង​ថា​«ត្រួត​ស៊ី​គ្នា» ដែល​ភាគី​ថៃ​បាន​ទាមទារ​យក​មក​គ្រប់គ្រង​ផ្ដាច់មុខ​នោះ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ស្ងៀមស្ងាត់​តទៅ​ទៀត​នោះ កម្ពុជា​នឹង​រឹតតែ​ចាញ់ប្រៀប​ប្រទេស​ថៃ និង​បាត់បង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​កោះគុត យក​មក​គ្រប់គ្រង​វិញ។ ការ​ថ្លែង​បែបនេះ គឺ​ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បាន​អះអាង​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​របស់​អ្នកស្រី​ប្ដេជ្ញា​ថា នឹង​មិន​ឱ្យ​កោះ​គុត បាន​មក​កម្ពុជា​សូម្បីតែ​មួយ​ម៉ែត្រការ៉េ​ឡើយ។

បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ចេញ​មក​អះអាង​ថា កោះគុត គឺជា​កម្មសិទ្ធិ​របស់​ថៃ មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ឆ្លើយតប ឬ​បញ្ចេញ​ប្រតិកម្ម​នៅ​ឡើយ។ ប៉ុន្តែ​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ចេញ​មុខ​តវ៉ា​ជាមួយ​ភាគី​ថៃ ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា ថា ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺ​ជា​ការ​លើកឡើង​ជា​ឯកតោភាគី និង​មិន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​កំណត់​ព្រំដែន​កម្ពុជា-ថៃ នោះ​ឡើយ។ លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រមូល​ឯកសារ និង​ភស្តុតាង​ដើម្បី​សើរើ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration 'PCA') នៅ​ទីក្រុង​ឡាអេ (The Hague) ដើម្បី​ទាមទារ​យក​កោះគុត​មក​វិញ ព្រោះ​កន្លងមក​ថៃ បាន​គ្រប់គ្រង​កោះគុត ដោយ​ខុសច្បាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក អ៊ុំ សំអាន៖ «នៅពេល​ដែល​ថៃ​កំពុង​គ្រប់គ្រង​កោះគុត​ទាំងស្រុង​អ៊ីចឹង យើង​មិន​អាច​ចរចា​ទ្វេភាគី​បាន​ទេ បើ​ចរចា​ទ្វេភាគី ប្រាកដ​ជា​ថៃ​មិន​ឱ្យ​កោះគុត​មកវិញ​នោះ​ទេ។ ជម្រើស​មានតែ​កម្ពុជា​ត្រូវតែ​ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ PCA នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក ២ភាគ៣ នៃ​កោះគុត​ត្រឡប់មកវិញ និង​តំបន់​ត្រួត​ស៊ី​គ្នា​ចំនួន ២ម៉ឺន ៦ពាន់គីឡូម៉ែត្រ​ការ៉េ​ពី​ថៃ​មកវិញ»

ការ​ថ្លែង​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ថ្លែង​នៅ​ពីមុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ដោយ​អះអាង​ថា​កោះគុត គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ​ផ្ដាច់មុខ ជា​យូរ​ណាស់​មក​ហើយ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​បារាំង ហើយ​អ្នកស្រី​អះអាង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ព្រម​ទទួលស្គាល់ និង​មិន​ទាមទារ​កោះគុត ពី​ថៃ​នោះ​ឡើយ។ នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បាន​ធានា​ទៅកាន់​ប្រជាពលរដ្ឋ​ថៃ ថា​រដ្ឋាភិបាល​របស់​លោកស្រី នឹង​មិន​បណ្ដោយ​ឱ្យ​កោះគុត បាត់បង់​ទៅ​កម្ពុជា​សូម្បី​មួយ​ម៉ែត្រការ៉េ​នោះ​ឡើយ។ តែ​យ៉ាងណា អ្នកស្រី ផេថងថាន បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ចរចា​ជាមួយ​កម្ពុជា លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា(MOU)ឆ្នាំ២០០១ ស្ដីពី​ការ​អភិវឌ្ឍន៍​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន លើ​តំបន់​នេះ ដែល​ត្រូវ​ចែក​ផលប្រយោជន៍​ជាមួយ​កម្ពុជា ក្នុង​នោះ​អ្នកស្រី​អះអាង​ថា អនុស្សរណៈ​នេះ មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​កោះគុត នោះ​ឡើយ។

ទោះជា​យ៉ាងណា លោក អ៊ុំ សំអាន អះអាង​ថា យោង​តាម​អនុសញ្ញា​បារាំង - សៀម ឆ្នាំ១៩០៧ បារាំង​បាន​កំណត់​ព្រំដែន​សមុទ្រ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត​ជាគោល។ ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត កម្ពុជា​ត្រូវ​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​នៃ​កោះ​នេះ ឬ​ស្មើ​នឹង ២/៣ នៃ​កោះគុត​ទាំងមូល រីឯ​ភាគី​ថៃ​ទទួល​បាន​ដី ១/៣ នៃ​កោះ​នេះ។

ដោយឡែក អនុសញ្ញា​ក្រុង​វីយ៉ែន (Vienna) ឆ្នាំ១៩៦៩ ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ចែងថា ការ​កំណត់​បង្គោល​ព្រំដែន​ត្រូវ​យក​តាម​ប្រទេស​ដាក់​អាណានិគម ហើយ​ប្រទេស​ដែល​មាន​អំណាច មិន​អាច​បង្កើត​សន្ធិសញ្ញា ដើម្បី​ឈ្លានពាន​ទឹកដី​ប្រទេស​ទន់ខ្សោយ​បាន​ឡើយ។

ទោះជា​បែបនេះ​ក្ដី ថៃ​បាន​ចូល​កាន់កាប់​កោះគុត និង​ផ្នែក​ដែន​សមុទ្រ​ខ្មែរ​នៅ​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» (OCA) គឺ​បន្ទាប់ពី​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ចព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ចោទ​ថា ការណ៍​ដែល​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​លោក ហ៊ុន សែន  ចុះ​កិច្ចព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​វៀតណាម និង​ការ​ធ្វើ​ឱ្យ​រាល់​សន្ធិសញ្ញា​ខុសច្បាប់​នានា​កាលពី​សម័យ​នោះ​រស់​ឡើងវិញ​តាមរយៈ​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​អធិបតេយ្យ​លើ​កោះគុត និង​ដែន​សមុទ្រ​ខ្មែរ​ប្រមាណ ៣ម៉ឺន​គីឡូម៉ែត្រ​ការ៉េ។

បច្ចុប្បន្ន​កោះគុត ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ​បង្កើត​ទៅជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​មក​កម្សាន្ត​ប្រហែល ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើងទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សមយុទ្ធ​ផង​ដែរ។ តំបន់​ដែល​ភាគី​ថៃ​អះអាង​ថា​ជា​តំបន់«ត្រួតស៊ីគ្នា»នេះ អាច​មាន​កំណប់​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ​យ៉ាងហោចណាស់ ៣០០ពាន់​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការបរទេស លោក ឯម សុវណ្ណារ៉ា យល់​ឃើញ​ថា ដើម្បី​បញ្ចប់​ជម្លោះ​កោះគុត និង​តំបន់​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា ភាគី​កម្ពុជា-ថៃ គួរតែ​ដោះស្រាយ​ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដោយ​មិន​ត្រូវ​អះអាង​ផ្អែក​លើ​វោហារសាស្ត្រ​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «ព្រោះ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នេះ​សំខាន់​ណាស់​ព្រំដែន ហើយ​ប្រសិនបើ​នរណា​មួយ​ក៏ដោយ មិន​គិត​ថា​ភាគី​ណា​ចំណេញ​ឬ​ខាត​ទេ ព្រោះ​ពលរដ្ឋ​សងខាង​ដាក់​បន្ទុក មុន​នឹង​ចែក​ផល​នៃ​ការ​យក​ប្រេង​ហ្នឹង ប្រសិនបើ​វា​ត្រួត​ស៊ី​គ្នា គួរតែ​ចែក​គ្នា​ហើយ ប៉ុន្តែ​បើ​វា​មិនទាន់​ច្បាស់លាស់​ទេ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​បន្ទុក​លើ​អ្នកនយោបាយ​ហើយ ជៀស​មិន​ផុត​ទេ»

កិច្ច​ចរចា​នៃ​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា-ថៃ នៅ​តំបន់​នេះ បាន​ជាប់​គាំង​ជាង ២០ឆ្នាំ​មក​ហើយ ដែល​បាន​ប្រែក្លាយ​ជា​ចំណុច នៃ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ តាំងពី​ខែ​មិថុនា ឆ្នាំ២០០១។ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ក្នុង​ពេល​ថៃ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០០៩ ខណៈ​កិច្ចចរចា​បាន​ផ្អាក​ម្ដងទៀត កាលពី​ចុងឆ្នាំ២០១៩ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ កាលពី​ដើម​ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត និង​ភាគី​ថៃ​បាន​ព្រមព្រៀង​គ្នា សិក្សា​គម្រោង​វិនិយោគ​ប្រេង​រួមគ្នា ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា (OCA)  នេះ​ដែល​មាន​ទំហំ ២ម៉ឺន ៦ពាន់ (២៦.០០០) គីឡូម៉ែត្រ​ការ៉េ។

លោក អ៊ុំ សំអាន លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​ដូច​ការ​អះអាង​របស់​មេដឹកនាំ​ថៃ ថា​កោះគុត​ស្ថិតនៅ​ក្នុង​ទឹកដី​ថៃ និង​មិន​ទាមទារ​យក ២/៣ នៃ​កោះ​គុត យក​មក​គ្រប់គ្រង​វិញ​ទេ​នោះ រដ្ឋាភិបាល​ត្រកូល​ហ៊ុន នឹង​ក្លាយ​ជា​ជន​ក្បត់ជាតិ ព្រោះ​សុខចិត្ត​កាត់​ទឹកដី​កម្ពុជា នៅ​កោះគុត និង​កាត់​ដែន​សមុទ្រ​ខ្មែរ​មួយ​ចំនួន​ឱ្យ​ទៅ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។