អ្នកឃ្លាំមើលនយោបាយជំរុញទៅរដ្ឋាភិបាលឱ្យរក្សាខ្លួននៅឯករាជ្យដើម្បីការពារអធិបតីភាពនិងប្រយោជន៍ជាតិ។ ការលើកឡើងនេះ ក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ។មន្ត្រីរដ្ឋាភិបាលឆ្លើយតបថាកម្ពុជានៅរក្សាអព្យាក្រឹតភាព ហើយ មិនបានបោះបង់ប្រទេសមហាអំណាចណាមួយចោលឡើយ។
អ្នកឃ្លាំមើលនយោបាយលើកឡើងថារដ្ឋាភិបាលលោក ហ៊ុន សែន នៅរយៈពេលចុងក្រោយនេះមិនបានរក្សាខ្លួនឱ្យក្លាយជាប្រទេសឯករាជ្យនោះទេដោយកម្ពុជាហាក់ងាកទៅចិនខ្លាំង។ពួកគេបារម្ភថាបើកម្ពុជាមិនអាចរក្សាខ្លួននៅកណ្ដាលទេកម្ពុជានឹងខាតបង់ប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច។

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថារដ្ឋាភិបាលគួរពង្រឹងឯករាជ្យបច្ចុប្បន្នថែមទៀតដោយមិនត្រូវទ្រេតទ្រោតទៅប្រទេសណាមួយទេព្រោះអាចធ្វើឱ្យកម្ពុជារងគ្រោះក្នុងជម្លោះនយោបាយក្នុងតំបន់។ លោកលើកឡើងទៀតថាការរក្សាអព្យាក្រឹតភាពនឹងធ្វើឱ្យកម្ពុជាទទួលបានការរាប់អានទាំងប្លុកសេរីនិងប្លុកកុម្មុយនីស្ត៖
«មានអីក្រៅអំពីយើងកសាងសេដ្ឋកិច្ចកសាងកងទ័ពយើងឱ្យរឹងមាំមកបើខាងសព្វវុធវិញគឺយើងអាចទំនាក់ដំណើរការទៅខាងកុម្មុយនិស្ត ក៏យើងទៅបានខាងអាមេរិកក៏យើងដំណើរការទៅបាន ដើម្បីផលប្រយោជន៍កម្ពុជារបស់យើង។បើយើងទៅខាងចិន គឺយើងបិទទ្វារមួយចំហៀងហើយ»។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាខួបលើកទី៦៩ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងកាលពីឆ្នាំថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលដឹកនាំដោយសម្ដេចព្រះ នរោត្ដម សីហនុ។ ថ្ងៃប្រារព្ធខួបនេះដែរព្រះមហាក្សត្រសម្ដេច នរោត្តម សីហមុនី បានយាងទៅដាក់កម្រងផ្កានៅវិមានឯករាជ្យដោយមានការអមព្រះរាជដំណើរពីប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ប្រធានរដ្ឋសភាលោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរាជការជាច្រើនពាន់នាក់។
លោក ហ៊ុន សែន លើកឡើងតាមទំព័រហ្វេសប៊ុករបស់លោកថាទិវាបុណ្យឯករាជ្យជាតិរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋរបស់សម្តេចព្រះ នរោត្តម សីហនុ។ លោកបន្តទៀតថា សម្ដេច នរោត្តម សីហនុ បានលះបង់ព្រះកាយពល បញ្ញាញាណ ធ្វើការតស៊ូដើម្បីទាមទារឯករាជ្យជូនកម្ពុជា។

ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហោះសារអបអរដល់ពលរដ្ឋខ្មែរក្នុងឱកាសនៃការប្រារព្ធពិធីនេះដែរ។
រីឯអ្នកវិភាគនយោបាយចាស់វស្សាបណ្ឌិត ឡៅ ម៉ុងហៃ វិញ លោកលើកឡើងតាមទំព័រហ្វេសប៊ុកថា ថ្ងៃ៩ វិច្ឆិកា មានលក្ខណ: និងកត្តាអំណោយផលច្រើនដែលជួយដល់ការអភិវឌ្ឍឱ្យបានទៅជាប្រទេសមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងជឿនលឿនចម្រុងចម្រើន។ លោកបណ្ឌិតរំលឹកថាក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំងកម្ពុជាសល់លុយរហូតមានប្រទេសជិតខាងជំពាក់បំណុលកម្ពុជាទៀតផង។
ទាក់ទងរឿងនេះដែរប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវ៉េ (Norway) លោក ម៉ែន ណាត សង្កេតឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន មិនបានធ្វើខ្លួនជារដ្ឋឯករាជ្យនោះទេ។ អ្នកឃ្លាំមើលរូបនេះសោកស្ដាយដែលកម្ពុជាហាក់បាត់ឯករាជ្យភាពព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកទៅចិនជ្រុលពេក។ លោកបន្តទៀតថា ចំណុចដែលធ្វើឱ្យគេមើលឃើញថាកម្ពុជាងាកទៅចិននោះគឺលោក ហ៊ុន សែន បានជំពាក់បំណុលច្រើនជាងប្រទេសផ្សេងៗទៀតហើយលោក ហ៊ុន សែន តែងវាយប្រហារ សហរដ្ឋអាមេរិក និងបានចាត់ទុកចិនជាមិត្តដែកថែបទៀតផង៖
«មេដឹកនាំបច្ចុប្បន្នហ្នឹងយកមោទនភាពដែលយើងទាមទារបានពីបារាំងមកជាន់ឈ្លីដូចជាយើងដាក់ខ្លួនឯងទៅក្រោមប្រទេសដែលជំពាក់បំណុលចិនដាក់ខ្លួនជាមិត្តដែកថែបបាត់នូវឯករាជ្យភាពក្នុងនាមកម្ពុជាជារដ្ឋអាធិបតេយ្យ»។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេនៅថ្ងៃទី៩ ខែវិច្ឆិកា។

ទោះជាយ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ឆ្លើយតបថារដ្ឋាភិបាលកម្ពុជាមានមុខមាត់និងទំនាក់ទំនងការទូតល្អដូចសព្វថ្ងៃព្រោះរដ្ឋាភិបាលបានរក្សាអធិបតេយ្យភាពជាតិនិងរក្សាអព្យាក្រឹត្យភាពបានល្អ។ លោកអះអាងទៀតថាទំនាក់ទំនងរវាងចិននិងកម្ពុជាគឺជាការធ្វើនយោបាយឆ្លាតវៃហើយកម្ពុជាក៏មិនបោះបង់ប្រទេសមហាអំណាចណាផ្សេងទៀតចោលនោះដែរ៖
«ការដែលទំនាក់ទំនងល្អនេះមិនមែនយើងបោះបង់ចោលមហាអំណាចណាមួយទេរវាងអាមេរិករវៀងបណ្ដាប្រទេសផ្សេងៗនៅអឺរ៉ុបនិងបណ្ដាប្រទេសក្រីក្រគឺជាមិត្តរបស់កម្ពុជាឱ្យតែមានប្រយោជន៍ដល់កម្ពុជា»។
ទោះជាមានការអះអាងបែបនេះពីមន្ត្រីរដ្ឋាភិបាលក្ដីក៏កន្លងទៅលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈញឹកញាប់ថាលោកងាកទៅចិនព្រោះចិនងាយស្រួលធ្វើការជាមួយលោកនិងងាយស្រួលឱ្យលោកខ្ចីលុយ។ ក៏ប៉ុន្តែទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងរបបក្រុងប៉េកាំងនេះ ក៏កំពុងនាំមកនូវហានិភ័យសម្រាប់កម្ពុជាដែរ។ សារព័ត៌មានបរទេសបានចុះផ្សាយជាបន្តបន្ទាប់ថារដ្ឋាភិបាលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិន ដើម្បីឱ្យចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាម ដែលនេះគឺជាក្ដីបារម្ភសម្រាប់សន្តិសុខតំបន់ទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។