ក្រុមអ្នកឃ្លាំមើល ជំរុញកម្ពុជាឱ្យលើកយកបញ្ហាសង្ស័យវត្តមានទ័ពចិននៅកំពង់ផែកងទ័ពជើងទឹករាមទៅពិភាក្សាជាចំហនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅខេត្តសៀមរាប។ ការជំរុញនេះ កើតមានឡើងស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ ដោយមានក្រុមមេដឹកនាំកំពូលៗ ក្នុងវិស័យយោធាតំណាងប្រជាជនជាងពាក់កណ្ដាលពិភពលោកមកចូលរួម ក្នុងនោះក៏មានមហាអំណាចអាមេរិក និងចិនផងដែរ។
ក្រុមអ្នកឃ្លាំមើល និងតាមដានស្ថានការណ៍នយោបាយកម្ពុជា និងកិច្ចការអន្តរជាតិ យល់ឃើញថា នេះគឺជា «ឱកាសមាស» មួយសម្រាប់កម្ពុជាក្នុងការលាងជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ ជុំវិញរឿងរ៉ាវនៅកំពង់ផែកងទ័ពជើងទឹករាម ដែលកម្ពុជាកំពុងអនុញ្ញាតឱ្យ «មិត្តដែកថែប» ចិន ធ្វើទំនើបកម្ម។
«ឱកាសមាស» គឺដោយសារតែកម្ពុជាកំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលមានមេដឹកនាំកំពូលៗ វិស័យការពារជាតិនៅលើពិភពលោកមកចូលរួម ជាពិសេស ប្រមុខការពារជាតិអាមេរិក និងចិន។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅតែបន្តចោទប្រកាន់ថា កម្ពុជាលួចអនុញ្ញាតឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) ប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាម «ផ្ដាច់មុខ»។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ និងប្រទេសចិន តែងតែបដិសេធព័ត៌មានទាំងនេះ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ថ្លែងក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ថា លោកចង់ឃើញកម្ពុជាដាក់បញ្ចូលបញ្ហាសង្ស័យពីវត្តមានកងទ័ពរំដោះប្រជាជនចិននៅកំពង់ផែកងទ័ពជើងទឹករាម ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ។ លោកពន្យល់ថា ការធ្វើដូច្នេះគឺដើម្បីឱ្យក្រុមមេដឹកនាំកំពូលៗ យោធានៃប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាមេរិក និងចិន ពិភាក្សាជម្រះមន្ទិលសង្ស័យលើបញ្ហានេះឱ្យដាច់ស្រឡះ៖
« ពីព្រោះយើងត្រូវបញ្ជាក់ឱ្យប្រទេសទាំងអស់ ដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ ដើម្បីឱ្យដឹងថា កម្ពុជាពិតជាមិនមានចេតនា ឬក៏មិនមានការលួចលាក់ណាមួយ ដើម្បីផ្តល់ទឹកដីឱ្យបរទេសមកតាំងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងទឹកដីកម្ពុជាបាននោះទេ។ កាលណាយើងប្រកាសអ៊ីចឹង យើងច្បាស់ជាមានឱកាសច្រើន នៅក្នុងការណ៍ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គឺសហរដ្ឋអាមេរិកច្បាស់ជាបង្ហាញនៅមុខអន្តរជាតិអំពីថា ហេតុអ្វីបានជាគាត់សង្ស័យថា កម្ពុជាមានកិច្ចសហប្រតិបត្តិការជាសម្ងាត់ជាមួយនឹងកងទ័ពនៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងតំបន់នោះ »។
លោក សេក សុជាតិ ពន្យល់បន្តថា ក្រុមមេដឹកនាំវិស័យយោធាកំពូលៗ ទាំងនេះ សុទ្ធតែមានព័ត៌មានពេញលេញនៅក្នុងដៃ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្ដង។ លោកជំរុញឱ្យក្រុមមេដឹកនាំយោធានៃប្រទេសពាក់ព័ន្ធក្នុងរឿងបញ្ហាកំពង់ផែរាមនេះ ជាពិសេស កម្ពុជាខ្លួនឯងតែម្ដង គួរបើកចិត្តឱ្យទូលាយលាងជម្រះក្ដីមន្ទិលសង្ស័យជុំវិញរឿងនេះ ដើម្បីធានាអធិបតេយ្យ អព្យាក្រឹត្យ និងឯករាជ្យរបស់កម្ពុជា ដូចដែលប្រទេសនេះបានចែងនៅក្នុងច្បាប់កំពូលរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោក សេក សុជាតិ ព្រមានថា ប្រសិនបើកម្ពុជា និងប្រទេសពាក់ព័ន្ធមិនរួមគ្នាដោះស្រាយបញ្ហាចម្រូងចម្រាសនៅកំពង់ផែរាមនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះទេ នោះបញ្ហានៃការសង្ស័យនេះនឹងចេះតែរីកធំ និងកាន់តែតានតឹងឡើងៗ៖
«ពីព្រោះបើសិនជាយើងមិនដោះស្រាយនៅក្នុងពេលឱកាសមាសល្អមកដល់នេះទេ មានន័យថា យើងហាក់បីដូចជាមានការលាក់លៀម។ វាបង្កើតឱ្យមានការសង្ស័យ ហើយក៏អាចធ្វើឱ្យប្រទេសដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ មានបន្ទុកដាក់បន្ថែមមកលើកម្ពុជាថា កម្ពុជាពិតជាមានការលួចលាក់មែនជាដើម»។
កម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដែលមានប្រមុខការពារជាតិអាស៊ាន ៩ប្រទេសនិងដៃគូ ៨ប្រទេស រួមមាន អាមេរិក (US) ចិន (China) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ដ៍ (New Zealand) រុស្ស៊ី (Russia) ឥណ្ឌា (India) ជប៉ុន (Japan) និងកូរ៉េខាងត្បូង (South Korea) ចូលរួម។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ « សាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមរមណីយកម្ម »។ នេះគឺជាលើកទីពីរហើយ ដែលកម្ពុជាដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលមានមន្ត្រីលំដាប់កំពូលក្នុងវិស័យការពារជាតិនៅលើពិភពលោក មកចូលរួមនៅលើទឹកដីខេត្តសៀមរាបនេះ។ កម្ពុជាធ្លាប់ធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានបូកជាលើកទីមួយ កាលពីឆ្នាំ២០១២ កន្លងទៅ។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ស្របទៅនឹងការលើកឡើងរបស់លោក សេក សុជាតិ ដើម្បីជាឱកាសឱ្យកម្ពុជាបង្ហាញតម្លាភាពពេញលេញក្នុងរឿងរ៉ាវនៅកំពង់ផែសមុទ្ររាមនេះទៅកាន់ភាគីអន្តរជាតិ ជាពិសេស នៅចំពោះមុខអាមេរិក និងចិន ដែលពាក់ព័ន្ធក្នុងក្ដីមន្ទិលសង្ស័យនិងការចោទប្រកាន់នេះ៖
« នេះជាឱកាសមាស ដែលកម្ពុជាអាចបង្ហាញពីតម្លាភាពអំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះ ឬក៏ជាប្រធានអាស៊ាន ហើយក៏ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់ៗ ដើម្បីធ្វើម៉េចឱ្យសហរដ្ឋអាមេរិក [ ជឿ ទុកចិត្ត ] ព្រោះអ្វីដែលសំខាន់គឺសហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ហើយកម្ពុជានៅតែជាកន្លែងផលិតរបស់ប្រទេសចិន។ ដូច្នេះហើយ វាជាចំណុចសំខាន់ណាស់ ដែលយើងត្រូវតែដោះស្រាយបញ្ហាហ្នុងឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន »។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ ដើម្បីសុំការអត្ថាធិប្បាយជុំវិញការជំរុញឱ្យកម្ពុជាដាក់បញ្ហាកំពង់ផែរាមនៅលើតុនៃកិច្ចប្រជុំជាមួយក្រុមមេដឹកនាំវិស័យការពារជាតិរបស់ប្រទេសមួយភាគធំនៅលើពិភពលោក បាននៅឡើយទេ គិតត្រឹមយប់ថ្ងៃទី២២ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងទៅចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅខេត្តសៀមរាប នៅចំពោះមុខក្រុមមេដឹកនាំវិស័យយោធាពិភពលោកទាំងនេះ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។ រីឯ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ វិញ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកយ៉ាងខ្លី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា លោកបានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក។ លោក ទៀ បាញ់ មិនបានឱ្យដឹងទេថា តើភាគីអាមេរិក បានលើកឡើងពីកង្វល់នានាពាក់ព័ន្ធនឹងបញ្ហាសង្ស័យថា កម្ពុជាលួចអនុញ្ញាតឱ្យកងទ័ពសាធារណរដ្ឋប្រជាមានិតចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាម «ផ្ដាច់មុខ» ឬយ៉ាងណានោះទេ។
រីឯរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន វិញ លោកបានសរសេរនៅលើ ទំព័រទ្វីតធ័រ (Twitter) របស់លោក កាលពីយប់ថ្ងៃទី២២ វិច្ឆិកា ថា លោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ លោកថា លោកបានស្វាគមន៍ជំហរជាគោលការណ៍របស់កម្ពុជាពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន (Ukraine) ហើយបានសង្កត់ធ្ងន់លើសារសំខាន់នៃការចាត់វិធានការនានាដើម្បី «ការពារ» អធិបតេយ្យរបស់កម្ពុជា។ លោក ឡូយដ៍ អូស្ទីន មិនបានរៀបរាប់លម្អិតអំពីខ្លឹមសារនៃការចាត់វិធានការទាំងនេះដើម្បីឱ្យកម្ពុជាធានាអធិបតេយ្យរបស់ខ្លួនដោយវិធីណានោះទេ។ ក៏ប៉ុន្តែ ការគូសបញ្ជាក់របស់លោកនេះ គឺលោកទំនងជាចង់សំដៅទៅលើបញ្ហាសង្ស័យពីវត្តមានកងទ័ពរំដោះប្រជាជនចិននៅកំពង់ផែរាម និងការណ៍ដែលប្រទេសចិនកុម្មុយនិស្តអាចមានមហិច្ឆតាកែប្រែកម្ពុជាឱ្យក្លាយជាមូលដ្ឋានកងទ័ពរបស់ខ្លួនទីពីរនៅលើពិភពលោកនាពេលអនាគត។
បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក ផ្សាយកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បានសម្ដែងពីកង្វល់នានារបស់លោកជុំវិញសកម្មភាពយោធានានាដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ លោកជំរុញឱ្យកម្ពុជាចាត់នូវវិធានការនានា ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ លោកក៏បានកត់សម្គាល់អំពីសារសំខាន់ក្នុងការកសាងនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្កាមួយ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ និងដល់ប្រជាជននៃប្រទេសទាំងពីរ ដែលលោកបានស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក មិនបាននិយាយចំឈ្មោះប្រទេសចិនកុម្មុយនិស្ត ដែលជាគោលដៅចម្បងនៃការសង្ស័យរបស់អាមេរិកនោះទេ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការបង្ហាញតម្លាភាព និងការលើកយកបញ្ហានៅកំពង់ផែសមុទ្ររាមនេះមកដោះស្រាយនៅចំពោះមុខក្រុមមេដឹកនាំកំពូលវិស័យយោធារវាងអាមេរិក និងចិននាពេលនេះ ក៏នឹងរួមចំណែកផ្តល់ផលប្រយោជន៍ដល់កម្ពុជាខ្លួនឯងឱ្យអាចបង្កើនកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយប្រទេសធំៗ ទាំងជាមួយសហរដ្ឋអាមេរិក និងទាំងជាមួយប្រទេសចិន ព្រមទាំងប្រទេសពាក់ព័ន្ធសំខាន់ៗ ដទៃទៀត ប្រកបដោយតម្លាភាព និងអព្យាក្រឹត្យ។ ផ្ទុយទៅវិញ លោកព្រមានថា កម្ពុជានឹងក្លាយជា «ជនរងគ្រោះ» នៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ បើនៅតែមិនព្រមលើកយកបញ្ហាចម្រូងចម្រាសនៅកំពង់ផែកងទ័ពជើងទឹករាមនេះមកដោះស្រាយឱ្យជ្រះស្រឡះនាពេលនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។