អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលទាក់ទងនឹងគម្រោង CLV
2024.11.03
អ្នកឃ្លាំមើលកត់សម្គាល់ឃើញថា ការដកខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV មានលក្ខណៈបន្លំភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះកិច្ចព្រមព្រៀង និងអនុស្សរណៈក្រោមឆត្រគម្រោងអភិវឌ្ឍរួមគ្នានៅតែបន្ត។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាលលុបចោលនូវកិច្ចព្រមព្រៀងទាំងនោះ ដោយធ្វើតាមនីតិវិធី និងដោះលែងអ្នកជាប់ឃុំដោយសារបញ្ហានេះ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការដកខ្លួនចេញពីគម្រោងCLV។
បើទោះបីរដ្ឋាភិបាលចេញមុខអះអាងជាបន្តបន្ទាប់ អំពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍រួមគ្នា រវាងកម្ពុជា ជាមួយប្រទេសឡាវ(Laos) និងវៀតណាម (Vietnam) ច្រើនលើកយ៉ាងណាក្ដី ក៏អ្នកឃ្លាំមើល នៅតែមានមន្ទិលចំពោះចេតនារបស់រដ្ឋាភិបាល ដោយសារការបកស្រាយកន្លងមកមិនបានលើកយកពីការបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលជ្រកក្រោមគម្រោងCLVនេះឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែវិច្ឆិកា ថា ការលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) គ្រាន់តែជាផ្នែកតូចមួយនៃគម្រោង CLVធំតែប៉ុណ្ណោះ ព្រោះក្រោមឆត្រគម្រោង CLV នេះ រដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ចំនួន៤ផ្សេងទៀត។ លោកបន្តថា ដើម្បីជម្រះមន្ទិល និងបង្ហាញឆន្ទៈពិតប្រាកដក្នុងការដកខ្លួនពីគម្រោង CLVរដ្ឋាភិបាលត្រូវបន្តលុបចោលកិច្ចព្រមព្រៀងទាំងនោះ និងដកដីសម្បទានដែលផ្ដល់ឱ្យយោធាវៀតណាមត្រឡប់មកវិញ ជាពិសេសគឺត្រូវដោះលែងសកម្មជន និងពលរដ្ឋដែលត្រូវបានចាប់ខ្លួន កំឡុងមានការប្រឆាំងនឹងគម្រោង CLVនេះ។
លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាលគ្រាន់តែចង់ឆ្ពិនភ្នែកប្រជាពលរដ្ឋ ពីការដកខ្លួនចេញពីគម្រោងCLV តែប៉ុណ្ណោះឯង។ គ្រាន់តែចង់ដក CLV នៅលើក្រដាស នៅលើសំបកCLV ប៉ុន្តែគម្រោងដែលអភិវឌ្ឍក្រោមឆត្រ CLV ទាំងប៉ុន្មាន មិនត្រូវបានដកហូតនោះទេ ដូចជាដីសម្បទានសេដ្ឋកិច្ចអីអ៊ីចឹង។ ដូច្នេះ មានន័យថា គឺរដ្ឋាភិបាលគ្រាន់តែលុបចោលកិច្ចព្រមព្រៀងមួយតូច ក្នុងចំណោមកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ហើយនិងគម្រោងអភិវឌ្ឍជាច្រើនទៀត ក្រោមឆត្រ CLV តែប៉ុណ្ណោះឯង»។
ការលើកឡើងនេះ គឺក្រោយពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១ ខែវិច្ឆិកា បានពិភាក្សា និងអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ(Laos) វៀតណាម ទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនរដ្ឋសភាវិញ។
យ៉ាងនេះក្ដី ការលុបចោលកិច្ចព្រមព្រៀងនេះ គ្រាន់តែជាចំណែកមួយ នៃកិច្ចព្រមព្រៀងសរុបចំនួន ៥ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះប៉ុណ្ណោះ។ ក្នុងនោះរួមមាន កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្ដូរទំនិញ និងសេវា កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម និងរវាងកម្ពុជា និងឡាវជាដើម។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចអោយយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង២សែន ៤ម៉ឺនហិកតារ ក្នុងតំបន់ CLV ដោយមានជនអន្តោប្រវេសន៍វៀតណាមជាច្រើននាក់ កំពុងសាងសង់ផ្ទះ និងរស់នៅធ្វើជាកម្មករនៅទីនោះផងដែរ។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ការបញ្ចប់ ឬលុបចោលកិច្ចព្រមព្រៀងនីមួយៗ គឺត្រូវធ្វើឡើងតាមនីតិវិធី និងរបៀបដែលកិច្ចព្រមព្រៀងនោះត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ ហើយដោះស្រាយបញ្ចប់គម្រោងនេះតាមដំណាក់កាល។ លោកបន្តថា ក្នុងពេលដែលកិច្ចសហប្រតិបត្តិការ CLV កំពុងដើរដល់ផ្លូវបញ្ចប់ រដ្ឋាភិបាលក៏ត្រូវដោះលែងសកម្មជន និងពលរដ្ឋដែលកំពុងជាប់ពន្ធនាគារដោយសារបញ្ហានេះ ដើម្បីជម្រះមន្ទិលរបស់សហគមន៍ជាតិ និងអន្តរជាតិ។
លោក សេក សុជាតិ៖ «មានន័យថា វានៅតែមានអាថ៌កំបាំងមួយដែលធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ យកមកធ្វើជាប្រធានបទនៅក្នុងការពិចារណា ថាតើកិច្ចព្រមព្រៀង CLV-DTA ហ្នឹង វាបានបញ្ចប់មែន ឬយ៉ាងណា។ អ៊ីចឹងប្រសិនបើមិនបានដោះលែង វានៅតែមានការសង្ស័យអ៊ីចឹង។ អ៊ីចឹងកាលណាមានការសង្ស័យ វានឹងធ្វើឱ្យមានការរិះគន់ ហើយនិងការជជែកវែកញែក កាន់តែវែងឆ្ងាយទៅទៀត។ ដូច្នេះរឿងរ៉ាវទាំងអស់ហ្នឹង គួរតែមានដំណោះស្រាយឱ្យបានព្រមៗគ្នា»។
រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កាលពីឆ្នាំ១៩៩៩ ដើម្បីអភិវឌ្ឍខេត្តនៅជាប់ព្រំដែន ដោយកម្ពុជាបានដាក់ខេត្តចំនួន៤ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ចូលក្នុងគម្រោងនេះ។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលកម្ពុជាតាមរយៈប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រកាសដកខ្លួនចេញពីគម្រោងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេស បានក្រោកឈរឡើងប្រឆាំងជាបន្តបន្ទាប់ ដោយសារកត្តាប្រជាសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយកម្ពុជា ចាញ់ប្រៀបប្រទេសវៀតណាម។
ការដកខ្លួនចេញពីគម្រោងនេះ រដ្ឋាភិបាលចាត់ទុកថា ជាការគោរពតាមការចង់បានរបស់ប្រជាពលរដ្ឋ និងជាការដកអាវុធពីក្រុមគណបក្សប្រឆាំង ប៉ុន្តែមកទល់ពេលនេះ ការលុបចោលនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នៅតែមិនទាន់ជ្រះស្រឡះនៅឡើយ។
អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រញាប់បញ្ចប់កិច្ចសហប្រតិបត្តិការនេះ ទៅតាមនីតិវិធី ដោយឆ្លងកាត់តាមការអនុម័តរបស់រដ្ឋសភា និងថ្វាយទៅព្រះមហាក្សត្រឡាយព្រះហស្តលេខា ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ ថា រដ្ឋាភិបាលគោរពតាមការចង់បានរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។