អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ចាត់ទុកការលើកឡើងរបស់មន្ត្រីស្ថានទូតចិន អំពីការជួយជំរុញវិស័យអប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរនោះថា ជាយុទ្ធសាស្ត្ររបស់ចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការដាក់បញ្ចូលអក្សរចិននៅវិស័យអប់រំលើទឹកដីខ្មែរ។ ប្រតិកម្មនេះ ធ្វើឡើងបន្តបន្ទាប់ពីស្ថានទូតចិនប្រចាំកម្ពុជាថ្មីៗ នេះ អំពាវនាវឱ្យសិស្សានុសិស្សសិស្សខ្មែរបន្តការស្រឡាញ់សិក្សាលើភាសាចិន ក្រោមហេតុផលថា ដើម្បីរួមចំណែកកសាងសហគមន៍ជោគវាសនាកម្ពុជាចិនរួមគ្នានាសម័យទំនើប។
អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងអះអាងថា ចិនកំពុងបង្កើនការពង្រីកឥទ្ធិពលរបស់ខ្លួន តាមរយៈវិស័យអប់រំនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការលើកឡើងរបស់ស្ថានទូតចិន ដែលអះអាងថា នឹងជួយជំរុញវិស័យអប់រំនៅកម្ពុជាឱ្យល្អប្រសើរនោះ គឺពុំមែនជាការពិតឡើយ។ ត្រង់ចំណុចនេះ លោកអះអាងថា ចិនអាចប្រើយុទ្ធសាស្ត្រដោយលើកឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាខែល ដើម្បីពង្រីកឥទ្ធិពលវប្បធម៌ និងអក្សរចិននៅកម្ពុជាតាមរយៈរដ្ឋាភិបាល លោក ហ៊ុន សែន។
លោក អ៊ុំ សំអាន បន្ថែមទៀតថា ការណ៍ដែលកម្ពុជាបន្តរងឥទ្ធិពលផ្នែកនយោបាយពីប្រទេសចិនកុម្មុយនិស្តកាន់តែខ្លាំង រដ្ឋាភិបាលកម្ពុជាក៏ដឹកនាំប្រទេសតាមលំនាំបែបកុម្មុយនិស្ត និងកាន់តែផ្ដាច់ការ។ លោកថា កម្ពុជាពុំគួរធ្វើតាមសំណើចិនដល់ដាក់បញ្ចូលភាសាចិននៅតាមសាលារដ្ឋនោះទេ ដ្បិតសាលាឯកជនចិននៅកម្ពុជាបន្តរីកដុះដាលដូចផ្សិត។
លោក អ៊ំ សំអាន៖ « និស្សិតខ្មែរយើងភាគច្រើនគេពុំសូវចង់ទៅរៀននៅចិនទេ។ គេចង់ទៅរៀននៅប្រទេសលោកសេរី ប្រទេសអាមេរិកអីនោះ។ កូនអ្នកធំៗ នៅកម្ពុជា ក៏មិនដែលទៅរៀននៅចិន ទៅតែនៅសហរដ្ឋអាមេរិក ប្រទេសលោកសេរី ប្រទេសអង់គ្លេសជាដើម។ គេកម្រទៅរៀននៅប្រទេសចិនណាស់។ ចិនមិនអាចធ្វើឱ្យវិស័យអប់រំរបស់កម្ពុជាល្អប្រសើរនោះទេ គ្រាន់តែចិនចង់បញ្ចូលភាសារបស់គេក្នុងកម្មវិធីសិក្សា ឱ្យវប្បធម៌ចិនបញ្ជ្រាបមកក្នុងកម្ពុជាតែប៉ុណ្ណោះឯង » ។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងបន្តបន្ទាប់ពីស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិនកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ថ្លែងក្នុងពិធីបើកបវេសនកាលកាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ នៅវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន (Wang Wentian) ថា ចិនរីករាយសហការជាមួយកម្ពុជាតាមគ្រប់ទម្រង់ ដែលកម្ពុជាយក ឆ្នាំមិត្តភាពចិនកម្ពុជានាឆ្នាំនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិនកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយទៀត។ លោកក៏អំពាវនាវដល់សិស្សានុសិស្សខ្មែរបន្តការស្រឡាញ់សិក្សាលើភាសាចិនក្រោមហេតុផលថាដើម្បីរួមចំណែកកសាងសហគមន៍ជោគវាសនាកម្ពុជាចិនរួមគ្នា ស្របតាមការប្ដេជ្ញាចិត្តនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។
របាយការណ៍ក្រសួងអប់រំឱ្យដឹងថាវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជាបានឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងការរៀនចិន។ ប្រភពដដែលឱ្យដឹងទៀតថាមកទល់នឹងពេលនេះ មានសិស្សនិស្សិតនៃវិទ្យាស្ថាននេះជាង ៣រយនាក់នឹងត្រូវបន្តការសិក្សានៅកម្រិតឧត្ដមសិក្សាភាសាចិនការបណ្ដុះបណ្ដាលជំនាញដូចជាផ្នែកព័ត៌មានវិទ្យាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងការគ្រប់គ្រងឡូជីស្ទីក។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ រស់ សុវាចា និងប្រធានលេខាធិការសមាគមមិត្តភាពកម្ពុជាចិនលោក ច័ន្ទ សុវណ្ណារ៉េត ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ។
ក្រសួងអប់រំកម្ពុជាចាប់ផ្ដើមផ្សព្វផ្សាយពាណិជ្ជកម្មអំពីការសិក្សាភាសាចិនទាំងនៅតាមស្ថាប័នរដ្ឋ និងឯកជន បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន យល់ព្រមចុះកិច្ចព្រមព្រៀងជាចិន ក្នុងអំឡុងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែវិច្ឆិកាឆ្នាំ២០២២ ដោយដាក់បញ្ចូលអក្សរចិននៅតាមសាលារៀនរដ្ឋរបស់ប្រទេសកម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនិងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មិនរំពឹងថា ការដាក់បញ្ចូលអក្សរចិននៅកម្ពុជានឹងធ្វើឱ្យពលរដ្ឋខ្មែរ ដែលរៀនភាសាចិន អាចទទួលបានអត្ថប្រយោជន៍ច្រើន តាមរយៈការដាក់ពាក្យនៅតាមវិស័យការងារទទួលបានអត្ថប្រយោជន៍ក្របខ័ណ្ឌល្អប្រសើរនោះទេ។ លោកមើលឃើញថា កន្លងមកមានពលរដ្ឋ ជាពិសេស យុវជនយ៉ាងច្រើនសិក្សាភាសាចិន ប៉ុន្តែពួកគេទទួលបានការងារ និងផលប្រយោជន៍ពីការរៀនអក្សរចិននៅមានកម្រិតនៅឡើយ។
ម្យ៉ាងវិញទៀតលោកថាការបញ្ចូលអក្សរចិននៅកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងអំពីការបន្តពង្រីកឥទ្ធិពលចិននៅកម្ពុជា។
លោក ឯម សុវណ្ណារ៉ា៖ « ការសិក្សាភាសាបរទេសជាភាសាអន្តរជាតិ ភាសាចិនជាភាសាអន្តរជាតិមួយដែរ ជាសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋកម្ពុជា។ ពលរដ្ឋកម្ពុជាមានសិទ្ធជ្រើសរើសពេញលេញ។ ក៏ប៉ុន្តែគ្រាន់តែថា ការសិក្សាភាសាចិនកាន់តែច្រើនទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ខ្ញុំមិនជឿជាក់បែបហ្នឹងទាំងស្រុងទេ។ អាស្រ័យលើភាគីចិនហ្នឹងបានជួយជ្រោមជ្រែងលើវិស័យអប់រំអ្វីខ្លះ ? លើផ្នែកណាខ្លះ ? យើងឃើញជាទម្រង់ច្បាស់លាស់ទើបយើងជឿជាក់ ព្រោះពលរដ្ឋកម្ពុជាសិក្សាភាសាចិននេះយូរណាស់មកហើយ ច្រើនឆ្នាំមកហើយ អត្ថប្រយោជន៍ទទួលបាន ក៏មិនច្រើនលើសលប់ » ។
អ្នកជំនាញរូបនេះលើកឡើងបន្តថា រដ្ឋាភិបាលកម្ពុជាគួរបន្តពង្រឹងធនធានមនុស្សដោយខ្លួនឯង និងពង្រឹងវិស័យអប់រំ វប្បធម៌ និងអក្សរសាស្ត្ររបស់ខ្លួនឱ្យបានរឹងមាំបន្ថែមទៀត ជាជាងទទួលយកនូវវប្បធម៌បរទេស។ លោក ឯម សុវណ្ណារ៉ា ព្រមានថា ប្រសិនបើកម្ពុជាគ្មានការពង្រឹងនូវការអភិរក្សវប្បធម៌ អក្សរសាស្ត្ររបស់ខ្លួន និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយបែរជាអនុញ្ញាតឱ្យវប្បធម៌បរទេសចូលកម្ពុជា នោះវានឹងធ្វើឱ្យប្រជាជាតិទាំងមូលចុះទន់ខ្សោយកាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។