រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ប្តេជ្ញាធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ ការប្តេជាចិត្តនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីមួយក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសទាំងពីរចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង លើកទី៧ នៅទីក្រុងបាហ្កាន(Bagan) ប្រទេសមីយ៉ាន់ម៉ា (Myanmar)។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី៣ ខែកក្កដា ម្សិលម៉ិញថា លោក ប្រាក់ សុខុន និងលោក វ៉ាង យី បានជួបពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់លម្អិតទេថាតើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀតនេះ ប្រទេសទាំងពីរនឹងផ្តោតលើវិស័យណាខ្លះ ជាពិសេសវិស័យយោធា ដែរឬទេ ស្របពេលដែលកម្ពុជាកំពុងរងការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកម្ពុជាលួចអនុញ្ញាតឱ្យចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខ និងថាចិនមានផែនការដាក់មូលដ្ឋានទ័ពនៅទីនោះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង (MLC) លើកទី៧ រៀបចំធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៤ ខែកក្កដា ដោយរបបសឹកខុសច្បាប់ភូមា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសតំបន់មេគង្គដទៃទៀត ដូចជា ចិន (China) កម្ពុជា ឡាវ (Lao) ថៃ (Thailand) និងវៀតណាម (Vietnam) ជាដើម។ កិច្ចប្រជុំនេះ ធ្វើឡើងភ្លាមៗស្របពេលដែលប្រេសិតពិសេសអាស៊ាន ស្តីពី បញ្ហាមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កំពុងបំពេញទស្សនកិច្ចការងារជាលើកទីពីរដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅភូមា។
លោក ប្រាក់ សុខុន នៅតែមិនត្រូវបានរបបសឹកខុសច្បាប់ភូមា អនុញ្ញាតឱ្យជួបមេដឹកនាំស្របច្បាប់ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និងជាតំណាងនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា(NUG) ឡើយ។ នេះជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសដទៃក្នុងតំបន់មេគង្គ ជាពិសេសរដ្ឋមន្ត្រីការបរទេសចិន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ ដែលក្រុមប្រទេសលោកសេរីមិនរាប់រក ក្រោយពីរបបសឹកភូមាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់ចេញពីតំណែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ក្រុមប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក (USA)កាណាដា (Canada) អង់គ្លេស(UK) និងសហភាពអឺរ៉ុប (EU) ព្រមទាំងប្រទេសដទៃទៀតក្នុងតំបន់ ដូចជា សិង្ហបុរី (Singapore) ជាដើម បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើក្រុមមេដឹកនាំយោធានៃរបបសឹកភូមា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់នៅលើពិភពលោកដែលបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះមុនគេ ក្រោយការធ្វើរដ្ឋប្រហាររបស់ពួកយោធាភូមា។ កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កំពុងរងការរិះគន់ថា ព្យាយាមទទួលស្គាល់របបសឹកភូមាខុសច្បាប់ និងធ្វើឱ្យរបបនេះអាចបន្តអំណាចខុសច្បាប់បានយូរអង្វែងតទៅទៀត ដូចតាមការចង់បានរបស់ប្រទេសកុម្មុយនិស្តចិន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាភូមា។
តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា បានរិះគន់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៧ នៅទីក្រុងបាហ្កាននៃប្រទេសភូមាជាមួយក្រុមរបបសឹកភូមានេះថា ជាការរំលោភឆន្ទៈរបស់ប្រជាជនភូមា និងថាធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងឯកច្ឆ័ន្ធ ៥ចំណុច របស់អាស៊ាន។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងកាលពីថ្ងៃទី១ ខែកក្កដា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នេះ ធ្វើឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព»។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការនេះ នឹងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ កំណត់ទិសដៅអនាគត និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ ជាមួយប្រទេសចិន។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីចុងឆ្នាំ២០១៥ ដោយប្រទេសចិន សម្រាប់ជាយន្តការដោះស្រាយវិបត្តិទឹកទន្លេមេគង្គជាមួយប្រទេសនៅតាមខ្សែទឹកខាងក្រោម។ ប្រទេសចិនរងការរិះគន់ថា បានសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅតាមខ្សែទឹកខាងលើនៃទន្លេមេគង្គ និងព្យាយាមស្តុកទឹកទុកធ្វើឱ្យរំហូរទឹកទន្លេនៃខ្សែទឹកខាងក្រោមរីងរាក់ខុសប្រក្រតី ព្រមទាំងប៉ះពាល់ដល់ជីវចម្រុះទាំងមូលនៅតំបន់ទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។