លោក ឡី សុខុន ​ប្ដេជ្ញា​បន្ត​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង ​ក្រោយ​ចេញពី​ពន្ធនាគារ

0:00 / 0:00

មន្ត្រី​គណបក្សភ្លើងទៀន​នៅ​ខេត្តបាត់ដំបង​ដែល​អាជ្ញាធរ​ទើប​ដោះលែង​ចេញពី​ពន្ធ​នាគារ ​នៅតែ​ប្រកាន់​ជំហរ ​និង​ឆន្ទៈ​មោះមុត ​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ​មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ការ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក ឡី សុខុន ​និង​នៅតែ​ចាត់ទុកថា​ ការ​ឃុំ​ខ្លួន​លោក​ជា​រឿង​អយុត្តិធម៌។​

តុលាការ​ខេត្តបាត់ដំបង​បាន​ដោះលែង​មន្ត្រី​គណបក្ស​ភ្លើងទៀន​នៅ​ស្រុកឯកភ្នំ ​លោក ឡី សុខុន ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ​នៅ​ថ្ងៃទី៩ ​ធ្នូ ​ក្រោយ​ឃុំ​ខ្លួន​លោក​គ្រប់​ចំនួន​កំណត់ ​រយៈពេល​៦ខែ។ ​ទោះបី​ធ្លាប់​ជាប់ពន្ធនាគារ​ក្ដី ​លោក ឡី សុខុន ​នៅតែ​អះអាង​ថា ​លោក​​​មាន​ឆន្ទៈ​បន្ត​សកម្មភាព​នយោបាយ​ដដែល។​

ប្រធានប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ស្រុកឯកភ្នំ ​ខេត្តបាត់ដំបង ​លោក ឡី សុខុន ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៩ ​ធ្នូ ​ថា ​ការចោទប្រកាន់ ​និង​ឃុំ​ខ្លួន​លោក​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ ​ជា​រឿង​អយុត្តិធម៌។ ​ប៉ុន្តែ​លោក​ថា ​ភាព​អយុត្តិធម៌​នេះ​បាន​ជំរុញ​ទឹកចិត្ត ​និង​ឆន្ទៈ​លោក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការ​បន្ត​ជីវភាព​នយោបាយ ​ដើម្បី​ចូល​រួមចំណែក​លើកស្ទួយ​នីតិរដ្ឋ ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖

«ខ្ញុំ​បន្ត​ជីវិត​នយោបាយ​ខ្ញុំ​ខ្លាំង​ជាង​មុន​ទៀត។ ​ចង់​ជម្រាប​ជូន​ថា​ការ​ឃុំ​ខ្លួន​ខ្ញុំ​មិន​អាច​ធ្វើ​ឱ្យ​ខ្ញុំ​រាថយ ​ធ្វើ​ឱ្យ​ខ្ញុំ​បាក់​ស្មារតី ​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​ដល់​ថ្នាក់​ឈប់​ធ្វើនយោបាយ​នៅ​ទេ។​ (តែ) ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ស្អប់ ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ក្លាហាន ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​តស៊ូ​ដើម្បី​យក​សេរីភាព​ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​ប្រជាធិបតេយ្យ​មក​ឱ្យ​បងប្អូន​យើង​ ​ក៏ដូចជា​ប្រទេសជាតិ​យើង​ឱ្យ​ពេញ​បរិបូរណ៍​ដូច​កាលពី​ឆ្នាំ ៩៣-៩៤»។

អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក ឡី សុខុន ​កាលពី​ថ្ងៃទី៨ ​មិថុនា ​ក្រោម​បទ​ចោទ ​រំលោភ​លើ​លំនៅឋាន ​បន្ទាប់ពី​លោក​ថត​វីដេអូ​ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​អង្គុយ​កត់ឈ្មោះ​ពលរដ្ឋ​នៅ​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​ក្នុង​ភូមិកំពង់សំបួរ ​ស្រុកឯកភ្នំ។ ​តុលាការ​ខេត្តបាត់ដំបង ​កាលពី​ថ្ងៃទី១៧ ​វិច្ឆិកា ​បាន​សម្រេច​ផ្ដន្ទាទោស​រយៈពេល​៦ខែ ​ខណៈ​លោក​ជាប់ឃុំឃាំង​បណ្ដោះអាសន្ន​អស់​រយៈពេល​ជាង​៥ខែ​រួច​ទៅ​ហើយ។ ​តុលាការ​បាន​សម្រេច​ចេញដីកា​បង្គាប់​ឱ្យ​ដោះលែង​លោកជាស្ថាពរ​នៅ​ថ្ងៃទី៩ ​ធ្នូ ​ក្រោយ​ឃុំ​លោក​គ្រប់​ចំនួន​កំណត់ ​ដោយ​បញ្ជាក់​ថា​លោក​បាន​គោរព​បទបញ្ជា ​និង​វិន័យ​ផ្ទៃក្នុង​របស់​ពន្ធនាគារ​បាន​ល្អ។​

ទោះជាយ៉ាងណា ​អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្តបាត់ដំបង ​លោក អ៊ិន គង់ជិត ​នៅតែ​ចាត់ទុកថា​ការ​ឃុំ​ខ្លួន​លោក ឡី សុខុន ​កន្លងទៅ​នោះ ​គឺជា​រឿង​អយុត្តិធម៌ ​និង​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​គាំទ្រ​ចំពោះ​ការ​បន្ត​ជីវភាព​នយោបាយ​របស់​លោក ឡី សុខុន ​ដោយ​គ្មាន​ការ​ភ័យខ្លាច ​ឬ​បាក់ស្បាត ​ក្រោយ​រួចផុត​ពី​ការ​ឃុំឃាំង៖

«យន្ត​ការ​មិនបាន​ដោះស្រាយ​រក​យុត្តិធម៌​សម្រាប់​រូប​គាត់ ​ប៉ុន្តែ​បែរជា​ដាក់ទោស​ទណ្ឌ​ទៅលើ​គាត់​ដែល​ជា​មនុស្ស​សុចរិត ​ដែល​គាត់​ជា​អ្នក​ស្វែងរក​កំហុស​នានា ​និង​អំពើ​ល្មើស​នានា​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត»។​

អង្គការសង្គម​ស៊ីវិល ​និង​អ្នកច្បាប់​បាន​ចាត់​ទុក​ការចោទប្រកាន់ ​និង​ឃុំ​ខ្លួន​លោកឡី សុខុន ​រយៈពេល ​៦ខែ​កន្លងមក​នេះ​ថា ​ជា​ការសងសឹក​ផ្នែក​នយោបាយ​ជាជាង​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ។ ​អង្គការ​សិទ្ធិមនុស្ស ​និង​អ្នកច្បាប់​វាយ​តម្លៃ​ទៀត​ថា ​ការចោទប្រកាន់ ​គំរាមកំហែង ​និង​ចាប់​អ្នកនយោបាយ​បក្សប្រឆាំង​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់ ​តាម​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ដោយ​បក្ស​កាន់អំណាច​នោះ ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ ​និង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​ពលរដ្ឋ ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។