អង្គការការពារសិទ្ធិជនជាតិភាគតិចឱ្យដឹងថា ជនជាតិវៀតណាមបានបណ្តែតផ្ទះទឹកខ្នាតធំដែលមានបែចិញ្ចឹមត្រីផ្អឹបជាប់ខាងក្រោមប្រមាណ ១រយខ្នង ចេញពីតំបន់ទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់រយៈពេល ៤សប្តាហ៍មកហើយ ប៉ុន្តែអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យចូលប្រទេសវៀតណាមវិញទេ ។ ពលរដ្ឋវៀតណាមឱ្យដឹងថា អាជ្ញាធរវៀតណាមបានប្រាប់ពួកគាត់ថា រដ្ឋាភិបាលវៀតណាមជំរុញឱ្យអ្នករស់នៅលើជម្រកបណ្តែតទឹកទាំងអស់ ត្រូវវិលត្រឡប់ទៅរស់នៅលើផ្ទៃទន្លេសាបវិញ។
មន្ត្រីអង្គការ ការពារសិទ្ធិជនជាតិភាគតិច ឱ្យដឹងនៅថ្ងៃទី១៦ កក្កដា ថា ជម្រកបណ្តែតទឹកធំៗប្រមាណ ១រយខ្នង (១០០) ទាំងនោះ ត្រូវបានជនជាតិវៀតណាមសណ្ដោង រំកិលចេញពីផ្ទៃទន្លេសាប នៅចំណុចចុងកោះ ឬហៅថា តំបន់ចុងពាម ដែលជាចំណុចប្រសព្វគ្នារវៀងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង។ បច្ចុប្បន្ន តំបន់នោះ មានបែចិញ្ចឹមត្រី នៅសល់ប្រមាណ ១៥០ បែដែលពុំទាន់រុះរើ និងមានបែខ្លះ ម្ចាស់របស់គេបានរុះរើដំបូល ដោយប្រក់តង់កៅស៊ូជំនួស រង់ចាំត្រីធំធាត់សិន ទើបរុះរើចេញទាំងស្រុង ស្របតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្ត។អ្នកសម្របសម្រួលនៃអង្គការ ការពារសិទ្ធិជនជាតិភាគតិចខេត្តកំពង់ឆ្នាំង លោក ទត គឹកស្រូយ សង្កេតឃើញថា ពលរដ្ឋវៀតណាមភាគច្រើន មិនអាចសម្របខ្លួនទៅរស់នៅលើគោកបានទេ ព្រោះពួកគាត់ មានទម្លាប់រស់នៅលើទឹក ប្រកបរបរនេសាទ និងចិញ្ចឹមត្រី។ លោកថា បែចិញ្ចឹមត្រីធំៗ ដែលសណ្ដោងទៅកាន់ប្រទេសវៀតណាម ពលរដ្ឋវៀតណាមបានចំណាយប្រាក់យ៉ាងច្រើនសាងសង់ ដោយផ្ទះនីមួយៗមានតម្លៃចាប់ពី ១ម៉ឺន ៥ពាន់ដុល្លារ ដល់ជាង ២ម៉ឺនដុល្លារអាមេរិក ហេតុនេះទើបពួកគាត់មិនរុះរើ ដោយបង្ខំចិត្តបន្លាស់ទីវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោកអះអាងថា ពលរដ្ឋវៀតណាមទាំងនោះ កំពុងជាប់គាំង នៅតំបន់ព្រំដែន តាមដងទន្លេបាសាក់ ក្នុងខេត្តកណ្តាលជាច្រើនថ្ងៃមកហើយ ដោយសារអាជ្ញាធរវៀតណាមមិនអនុញ្ញាតឱ្យចូលប្រទេសវៀតណាម៖ « ពួកគាត់មានការស្រាយស្រណោះទ្រព្យសម្បត្តិពួកគាត់ច្រើនដែរ ម្យ៉ាងទៀត ពួកគាត់ក៏មិនពេញចិត្ត ក្នុងការរស់នៅ លើគោកដែរ។ ផ្ទះហ្នឹងមានផ្ទះខ្លះ ជាង ២ម៉ឺនដុល្លារ ទាំងបែត្រី ហើយរស់នៅលើហ្នឹង ម្យ៉ាងទៀត ជាទម្លាប់ គាត់អត់ចង់រស់នៅលើគោកទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ពលរដ្ឋវៀតណាមនៅតែស្តាយស្រណោះ ផ្ទះធំៗ បណ្តែតទឹក ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងជូនដំណឹងឱ្យរុះរើ និងបន្លាស់ទី ទៅរស់នៅលើគោកវិញ។ លោកថា ពលរដ្ឋវៀតណាមខ្លះ មិនពេញចិត្តរស់នៅលើគោកនោះទេ ហើយ ពលរដ្ឋវៀតណាមខ្លះទៀត លក់ទូកម៉ាស៊ីន និងផ្ទះបណ្តែតទឹក រួចវិល ត្រឡប់ទៅប្រទេសវៀតណាមវិញ។
ជនជាតិវៀតណាមម្នាក់ ដែលបន្លាស់ទីពីទន្លេសាប មករស់នៅលើគោក ក្នុងខេត្តកំពង់ឆ្នាំង គឺលោក យ៉ យ៉ាំងឌុង ប្រាប់អាស៊ីសេរីថា ជម្រកបណ្តែតទឹក១០០ខ្នង កំពុងកឿងនៅខេត្តកណ្តាល ដោយសារអាជ្ញាធរវៀតណាម រារាំងជិត ១ខែមកហើយ ដោយលើកហេតុផលថា ទប់ស្កាត់ជំងឺកូវីដ១៩ ។ លោកថា អាជ្ញាធរវៀតណាម បានផ្តល់ស្បៀងអាហារ និងអង្ករមួយចំនួន ដល់ពលរដ្ឋវៀតណាមដែលកំពុងកកស្ទះនោះ។ លោកបន្ថែមថា អាជ្ញាធរវៀតណាម កំពុងរកមធ្យោបាយ អន្តរាគមន៍ឱ្យអាជ្ញាធរកម្ពុជា អនុញ្ញាតឱ្យពលរដ្ឋវៀតណាម បញ្ជូនផ្ទះបណ្តែតទឹកទាំងនោះ ឱ្យវិលត្រឡប់មកលើផ្ទៃទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំងវិញ៖ «នៅទល់ដែនគេដោះស្រាយ គេអត់ឱ្យចូលច្រាំងទេ ព្រោះគេខ្លាចឆ្លងជំងឺ។ ខាងវៀតណាម និងខ្មែរយើង កំពុងពិភាក្សាគ្នាឱ្យយកអ្នកទៅ ឱ្យវិលត្រឡប់មកវិញ ពីព្រោះប្រជាជននៅខាងវៀតណាមយើង។ បើនៅកំពង់ឆ្នាំង គេឱ្យមកកំពង់ឆ្នាំង បើនៅកំពង់លួង គេឱ្យនៅកំពង់លួង»។
ជុំវិញរឿ នេះ ប្រធានការិយាល័យកិច្ចការបរទេស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង លោក ប៉ាន់ ឡៃឈៀង បដិសេធការអធិប្បាយដោយលោករុញឱ្យទៅសួរអភិបាលខេត្តវិញ។
អាស៊ីសេរីមិនទាន់អាចទាក់ទង អភិបាលខេត្តកំពង់ឆ្នាំងដែលទើបឡើងកាន់ដំណែង គឺលោក ស៊ុន សុវណ្ណារិទ្ធ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះ បានទេ នៅថ្ងៃទី ១៦ កក្កដា។ ចំណែក ប្រធានសមាគមវៀតណាម លោក ស៊ឹម ជី អាស៊ីសេរីក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរសព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ដីព្រៃលិចទឹកទំហំ៤០ហិកតារក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យបន្លាស់ទីពីផ្ទះបណ្ដែតទឹកជាង២ពាន់(២.០០០)គ្រួសារក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ មកទល់ពេលនេះ អ្នកដែលទៅតាំងទីលំនៅលើដី ៤០ ហិកតារ មានជិត ២រយគ្រួសារ។ អាជ្ញាធរខេត្តកំពង់ឆ្នាំងធ្លាប់អះអាងថា ដី៤០ហិកតារនោះ ជាដីជួល មិនមែនចែកឱ្យនោះទេ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលរកឃើញថា ក្រុមពលរដ្ឋវៀតណាមជិត ២រយគ្រួសារដែលកំពុងរស់នៅលើដីនោះ ត្រូវបង់លុយឱ្យអាជ្ញាធរខ្មែរក្នុងមួយខែ ១០ម៉ឺនរៀល ហើយរយៈពេល ៣ ឆ្នាំ ក្រោយ ពួកគេនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្នុងទំហំដីឡូត៍ ៤ ម៉ែត្រ ២តឹក បណ្តោយ ២០ ម៉ែត្រ ក្នុងមួយគ្រួសារ។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា មកទល់ពេលនេះ មានជនជាតិវៀតណាមជាង ៤រយ (៤០០)គ្រួសារប៉ុណ្ណោះ បានឯកភាពរុះរើផ្ទះបណ្តែតទឹក តាមការណែនាំរបស់អាជ្ញាធរ និងមានពលរដ្ឋវៀតណាមប្រមាណ ១រយ (១០០) គ្រួសារទៀត បានសណ្ដោងផ្ទះបណ្តែតទឹក ទៅកាន់ប្រទេសវៀតណាមវិញ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្លាប់ប្រាប់អាស៊ីសេរីថា ក្នុងខេត្តកំពង់ឆ្នាំង មានផ្ទះបណ្ដែតទឹកជិត ៤ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ បច្ចុប្បន្ន នៅខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមរស់នៅជាង១ម៉ឺននាក់ (១០.០៨៧) ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មើលឃើញថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងដោះស្រាយបញ្ហានេះ ហើយទទួលបានលទ្ធផលជាវិជ្ជមានខ្លះហើយ ប៉ុន្តែការអនុវត្តច្បាប់អន្តោប្រវេសន៍នៅតែធូររលុង និងពុំមានភាពច្បាស់លាស់នៅឡើយទេ។ លោកថា ជនជាតិវៀតណាម ដែលមករស់នៅតំបន់បឹងទន្លេសាប និងដីគោក បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការអនុវត្តច្បាប់អន្តោប្រវេសន៍នៅតែមានតិចតួចបំផុត៖ « និយាយចំរដ្ឋាភិបាលគួរចេញជាគោលការណ៍រួមមួយ ស្នើឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តតាមហ្នឹង បើមិនដូច្នោះទេ ខេត្តនេះឱ្យជម្លៀសទៅនោះ អ្នកនេះអនុញ្ញាតឱ្យឡើងត្រឹមនោះ វាអត់ស្មើភាពគ្នាទេ វាអត់ត្រឹមត្រូវទេ»។
ក្រុមអង្គការសង្គមស៊ីវិលចាត់ទុក ការបន្លាស់ទីជនជាតិវៀតណាម តាមរយៈកាត់ឆ្វៀលដីទំហំ ៤០ ហិកតារ គឺជាចំណុចល្អ ដើម្បីស្ដារបរិស្ថានទន្លេសាប កាត់បន្ថយការបន្ទរបង់ចូលទន្លេ កាត់បន្ថយការចោលសំរាម និងការនេសាទត្រីខុសច្បាប់ជាដើម។ ក៏ប៉ុន្តែពួកគេថា ដី ៤០ ហិកតារនោះ មិនគួរផ្តល់ជាកម្មសិទ្ធិស្របច្បាប់ដល់ជនជាតិវៀតណាមនោះទេ ព្រោះអាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពជាតិ នៅថ្ងៃអនាគត។ រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក និងគណបក្សប្រឆាំង បានបង្ហោះសាររិះគន់អាជ្ញាធរថា មិនគួរផ្តល់ដីសម្បទានសង្គមកិច្ចឱ្យជនជាតិវៀតណាម ៤០ ហិកតារ នោះទេ ប៉ុន្តែគួរតែបណ្តេញពួកគាត់ឱ្យត្រឡប់ ទៅប្រទេសវៀតណាមវិញ។
ទាក់ទងនឹងក្រុមជនជាតិវៀតណាមដែលផ្លាស់ទីទៅប្រទេសវៀតណាមនោះវិញ អភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ ឱ្យដឹងថា បច្ចុប្បន្នផ្ទះបណ្តែតទឹករបស់ពួកគេ កំពុងចតលើផ្ទៃទឹកទន្លេក្បែរតំបន់ព្រំដែនក្នុងខេត្តកណ្តាល ហើយអាជ្ញាធរបានការពារសុវត្ថិភាព និងជំរុញឱ្យពួកគាត់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។ លោកបញ្ជាក់ថា មានពលរដ្ឋវៀតណាមប្រមាណ១រយនាក់ ដែលកំពុងជាប់គាំងនៅនោះ៕