លោកហ៊ុន ប្រែចិត្តពីការកំណត់សញ្ជាតិមួយចំពោះ ប្រធានគណបក្សនយោបាយ ទៅសញ្ជាតិច្រើន យ៉ាងឆាប់រហ័ស បើទោះជាលោក បាននិយាយកាលពីជាង១០ថ្ងៃមុនថា ប្រធានគណបក្សគណបក្សនយោបាយ ត្រូវតែមានសញ្ជាតិមួយប៉ុណ្ណោះ។ គណបក្សប្រឆាំងសង្គមស៊ីវិល ស្វាគមន៍ការសម្រេចថ្មីនេះ ប៉ុន្តែអ្នកវិភាគយល់ឃើញផ្សេងពីនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការប្រែប្រួលរបស់លោក ហ៊ុន សែន នៅពេលនេះ ព្រោះការសម្រេចកាលពីមុនមិនបានថ្លែង ឬមានរបៀបវារៈច្បាស់លាស់។ ជាងនេះទៅទៀត លោកថា មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីក្នុងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល មានសញ្ជាតិលើសពីមួយ ហើយប្រសិនលោក ហ៊ុន សែន តម្រូវពួកគេសល់តែសញ្ជាតិខ្មែរ អ្នកទាំងនោះនឹងរត់ចោលលោក ហ៊ុន សែន៖ «លោក ហ៊ុន សែន អត់ដឹងថា អ្នកធ្វើការជាមួយគាត់រត់ចោលគាត់ទេ ម្នាក់ៗគេមានផ្ទះនៅក្រៅប្រទេស កូនប្រពន្ធគេនៅក្រៅទាំងអស់ មានរឿងអីឡើងយន្តហោះទៅបាត់»។
លោក ហ៊ុន សែន ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរបើកឱកាសឲ្យប្រធានគណបក្សនយោបាយដែលសញ្ជាតិមួយ ឬសញ្ជាតិច្រើនជាងនេះ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សកាន់អំណាចរូបនេះ អួតអាងថា គណបក្សលោក ធ្លាប់ដែលធ្លាប់តែចូលរួមការប្រកួតទម្ងន់ធ្ងន់ រង់ចាំស្វាគមន៍ជានិច្ចចំពោះរដូវកាលប្រកួតប្រជែង ឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ខាងមុខ៖ «ឆ្លងកាត់ទៅតាមការត្រិះរិះរបស់គណបក្សថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស ក៏ដូចជាចង់ឲ្យមានការចូលរួមឲ្យបានច្រើន គណបក្សប្រជាជនបើកឲ្យមានការចូលប្រកួតប្រជែងប្រធានមានសញ្ជាតិប៉ុន្មានក៏ចូលរួមប្រកួតប្រជែងបានដែរ»។
ការលើកឡើងរបស់ លោក ហ៊ុន សែន ក្នុងពិធីរំលឹកខួប៧មករា លើកទី៣៧ នៅព្រឹកថ្ងៃទី៧ មករា ២០១៦ គឺផ្ទុយគ្នាស្រឡះ ពីលើកឡើងរបស់លោក ក្នុងពិធីបែកសញ្ញប័ត្រ កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅ ដែលតម្រូវឲ្យ ប្រធានគណបក្សនយោបាយ និងប្រធានស្ថាប័នរបស់ជាតិមួយចំនួនមានសញ្ជាតិខ្មែរតែមួយ។ លោកថា ការកំណត់បែបនេះ ដើម្បីកុំឲ្យអ្នកនយោបាយមានសញ្ជាតិពីរពេលមានបញ្ហាចេះតែរត់ចោលស្រុក៖ «ខ្លាចអីនឹងលាសញ្ជាតិមួយដើម្បីផលប្រយោជន៍ខ្មែរ កុំអាងអីលិខិតឆ្លងដែនពីរ បក្សណាមិនសម្រេចអត់ទៅ យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីសម្រេច»។
ច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៣៤ថ្មី ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ ច្បាប់កំពូលរបស់ជាតិនេះ មិនបានតម្រូវឲ្យ ពលរដ្ឋខ្មែរត្រូវមានសញ្ជាតិមួយ ឬពីរនោះដើម្បីធ្វើនយោបាយនោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ស្វាគមន៍សម្រេចជាថ្មីរបស់ លោក ហ៊ុន សែន នៅពេលនេះ។ លោកថា គណបក្សសង្គ្រោះជាតិ មិនគាំទ្រការកំណត់សញ្ជាតិមួយចំពោះប្រធានគណបក្សនយោបាយទេ ព្រោះជាការខាតប្រយោជន៍ជាតិ។ លោកយល់ថា រឿងសញ្ជាតិមិនមែនចោទជាបញ្ហា អ្វីដែលសំខាន់ គឺឆន្ទៈក្នុងការបម្រើសង្គមជាតិនោះទេ៖ «យើងគាំទ្រការប្រកាសនេះ ព្រោះតាំងពីដើមមកយើងមិនចង់ឲ្យមានកំណត់សញ្ជាតិតែមួយទេចំពោះអ្នកនយោបាយ ប្រធានគណបក្សទេ»។
នៅរយៈចុងក្រោយនេះ ចាប់ពីលោក ហ៊ុន សែន បើកចិត្តទូលាយទទួលយកការរិះគន់ពីមហាជន គេសង្កេតឃើញរដ្ឋាភិបាលរបស់លោក កែប្រែតាមសំណើរបស់អ្នករិះគន់ យ៉ាងណាមិញ ច្បាប់ចរាចរណ៍ថ្មី ដែលបង្កអោយមានការជជែក។ ជាក់ស្ដែង លោក ហ៊ុន សែន បានលុបចោលការប្រឡងដើម្បីធ្វើប័ណ្ណបើកបរ បន្ថយតម្លៃធ្វើប័ណ្ណ និងបង្កភាពងាយស្រួលដល់អ្នកបើកបរម៉ូតូជាដើម។
ស្រដៀងគ្នានឹងគណបក្សប្រឆាំងសង្គមស៊ីវិលក៏យល់ស្របដែរ ចំពោះរឿងសញ្ជាតិនេះ។ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ថា ការកំណត់ប្រធានគណបក្សនយោបាយមានសញ្ជាតិតែមួយ ជាការរំលោភសិទ្ធិសេរីរបស់ពលរដ្ឋដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា អ្នកដែលសញ្ជាតិមួយមិនសំដៅថា អ្នកនោះស្មោះត្រង់នឹងជាតិ ជាងអ្នកដែលមានសញ្ជាតិពីរ ឬលើសពីនេះនោះទេ៖ «នៅក្នុងរដ្ឋធម្មនុញ្ញយើង គេទទួលស្គាល់មនុស្សគ្រប់រូបមានសិទ្ធិបង្កើតគណបក្ស ឬសមាគម អ៊ីចឹងបើមានការកំណត់ឲ្យប្រធានគណបក្សមានសញ្ជាតិតែមួយជាការរំលោភសិទ្ធិសេរីភាព»។
លោក កែម ឡី យល់ថា ដើម្បីកុំការសម្រេចណាមួយ របស់ប្រមុខរដ្ឋាភិបាល ប្រែប្រួលនោះ ទាមទារកាសម្រេចនោះមុននឹងធ្វើឡើង ត្រូវមានការសិក្សាស្រាវជ្រាវត្រឹមត្រូវ ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងផ្អែកទៅលើអនុវត្តរបស់ផ្សេងបានអនុវត្ត៕
សូមស្ដាប់មតិប្រតិកម្មរបស់លោក សម រង្ស៊ី ពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។