គ្រូបង្រៀន​​ម្នាក់​​ប្រតិកម្ម​នឹង​​តុលាការ​​ខេត្ត​ប៉ៃលិន​​ផ្ដន្ទាទោស​ដាក់​​ពន្ធនាគារ​​១​ឆ្នាំ​​រឿង​​រិះគន់​​អាជ្ញាធរ​​សង់​ស្តូប​មិត្តភាព​​កម្ពុជា​​វៀតណាម​

ដោយ មាន ឫទ្ធិ
2021-05-26
Share
គ្រូបង្រៀន​​ម្នាក់​​ប្រតិកម្ម​នឹង​​តុលាការ​​ខេត្ត​ប៉ៃលិន​​ផ្ដន្ទាទោស​ដាក់​​ពន្ធនាគារ​​១​ឆ្នាំ​​រឿង​​រិះគន់​​អាជ្ញាធរ​​សង់​ស្តូប​មិត្តភាព​​កម្ពុជា​​វៀតណាម​ (រូបកណ្តាល) លោក យួន សូដា ​​​គ្រូបង្រៀន​និង​ជា​កវីនិពន្ឋ​វ័យ​ក្មេង​នៅ​ក្រុង​ប៉ៃលិន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែ​ល​​តុលាការ​ផ្ដន្ទាទោស​មក​​លើ​រូប​គាត់​​ដាក់​ពន្ធនាគារ​​រយៈ​ពេល ​១ ឆ្នាំ ដោយសារ​គ្រាន់​តែ​លោក​សម្ដែង​មតិ​​ឈឺឆ្អាល​រឿង​​ប្រទេស​ជាតិ​នោះ។
រូប៖ ហ្វេសប៊ុក

គ្រូបង្រៀន​​នៅ​ខេត្ត​ប៉ៃលិន​​ដែល​តុលាការ​កាត់​ក្ដី​​ដោយ​កម្បាំង​មុខ​នោះ​ គ្រោង​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​​របស់​សាលាដំបូងខេត្តប៉ៃលិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

​​​គ្រូបង្រៀន​និង​ជា​កវីនិពន្ឋ​វ័យ​ក្មេង​នៅ​ក្រុង​ប៉ៃលិនលោក​ យួង សូដា​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​តុលាការ​ផ្ដន្ទាទោស​មក​​លើ​រូប​គាត់​​ដាក់​ពន្ធនាគារ​​រយៈ​ពេល ​១ ឆ្នាំ ដោយសារ​គ្រាន់​តែ​លោក​សម្ដែង​មតិ​​ឈឺឆ្អាល​រឿង​​ប្រទេស​ជាតិ​នោះ។ ​យុវជន​វ័យ ​២៣ ​ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា ការ​ដែល​គាត់​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Face book) ​កន្លង​ទៅ​នោះ​ គឺ​​ដោយ​សារ​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​​មិត្តភាព​កម្ពុជា​ និង​ វៀតណាម​ នៅ​តំបន់​អតីត​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​។ លោក ​ចាត់​ទុក​សេចក្តី​សម្រេច​​របស់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​​យក​បាន​ឡើយ៖ «ព្រោះ​ការ​ធ្វើ​នេះ​ ទី១​ ខ្ញុំ​យល់​ថាជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ហើយ​ណា​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​​អី​ពី​ការ​ពិត​នៅ​ក្នុងសង្គម​ជាក់​ស្ដែង​ដើម្បី​រក្សា​ប្រយោជន៍​ជូន​ជាតិ​អត់​មាន​អី​លើស​ពី​ហ្នឹង​ទេ។ ខ្ញុំ​មិន​នាំ​ពី​ណា​ទៅ​ធ្វើ​អី​ផ្ដេសផ្ដាស​ឱ្យ​ខុស​ពី​ច្បាប់​ទេ​ ហើយ​ខ្ញុំ​អត់​នឹក​ស្មាន​ថា​ អាជ្ញាធរ​បែរ​ជា​តាម​រក​ចាប់​ខ្លួន​ខ្ញុំ​ ហើយ​ឥឡូវ​រក​មិន​ឃើញ​ក៏​កាត់​ទោស​ខ្ញុំ​តាម​តែ​ចេះ​ពួកគាត់​ចង់​កាត់​អីចឹង​។​ ខ្ញុំ​គ្រាន់​តែ​ជា​គ្រូបង្រៀន​តូចតាច​ម្នាក់ ​ជា​អ្នក​សរសេរ​សៀវភៅ​ធម្មតា​ម្នាក់​ហ្នឹង​ ហេតុ​​ក៏​តាម​រក​រឿង​ខ្ញុំ​ម៉្លេះ»​​​​

ប្រតិកម្ម​របស់​គ្រូបង្រៀន​​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រឡាបញ្ជី​សាលាដំបូង​​ខេត្ត​ប៉ៃលិនលោក​ កែវ រស់​មុនីឧត្ដម ​បាន​ចេញ​លិខិត​ជូន​ដំណឹង​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃទី៩ ខែមេសា ប៉ុន្តែ​លោក​ទើប​តែ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា​ ថាសាលក្រម​របស់​សាលាដំបូង​ខេត្ត​នេះ​បាន​ផ្ដន្ទាទោស​រូប​លោក ​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋជាអាទិ៍​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ឆ្នាំ២០២០។​​

លិខិត​ដដែល​បន្ថែម​ទៀត​ថា សាលក្រម​នេះ ជំនុំជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា និង​ប្រកាស​​ដោយ​កម្បាំង​មុខ​ជន​ជាប់ចោទ​​នៅ​ថ្ងៃ​ទី៧​ ខែមេសា។ តុលាការ​​បញ្ជាក់​ថា ជនជាប់ចោទ​មាន​សិទ្ធិ​ប្ដឹង​ទាស់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ ក្រោយ​​ពេល​បាន​ទទួល​ដំណឹង​។

​​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ឆ្នាំ​២០២០​ លោក​ យួង​ សូដា​ បាន​បង្ហោះ​សារ​នៅ​បណ្ដាល​សង្គម​ហ្វេសប៊ុក​របស់​លោក​​​​ថា​ ឥឡូវ​​នេះ​កម្ពុជា​មាន​ស្តូប​សឹង​តែ​គ្រប់​ខេត្ត​ហើយ​ លោក​ជឿជាក់​ថា ​នៅពេល​ខាង​មុខ​​ខ្មែរ​​នឹង​មាន​ទង់​ជាតិ​២​​បង្ហូត​ក្នុង​ពេល​តែ​មួយ​ដូច​​នៅ​ប្រទេស​លាវ ​(Lao) ជា​មិន​ខាន​ឡើយ​។

​ជុំ​វិញ​រឿង​នេះ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បាត់ដំបង​លោក​ យិន ម៉េង​លី មាន​ប្រសាសន៍​ថា ​ការ​បង្ហោះ​សារ​បែប​នេះ​ជា​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ លោក ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «អីចឹង​ចង់​ឱ្យ​តុលាការ​ហ្នឹង​លោក​ទម្លាក់ បទ​ចោទ​ហ្នឹង​វិញ​ទៅ សម្រាប់​គ្រូបង្រៀន​ម្នាក់​ សម្រាប់​បុគ្គល​ម្នាក់​ដែល​គ្មាន​រចនាសម្ព័ន្ធ​​គ្មាន​ការ​ដឹក​នាំ​នោះ។​ តើ​ពាក្យសំដី​ប៉ុន្មាន​មាត់​ហ្នឹង​ជា​ការ​ញុះញង់​ទេ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ហ្នឹង​ច្រើន​ណាស់​ រដ្ឋ​អាច​ប្រើ​ប្រាស់​ហ្នឹង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ទៅ​ បើ​យើង​​គិត​ថា អ្វី​ដែល​គ្រូបង្រៀន​ហ្នឹង​ជា​បុគ្គល​ម្នាក់​និយាយ​ធ្វើ​ឱ្យ​ញុះញង់​ហ្នឹង​ ហើយ​កុំ​ឱ្យ​គេ​រិះគន់​មក​លើ​រដ្ឋាភិបាល​ ឬ​ក៏​តុលាការ​ពី​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​ក្នុង​បញ្ចេញមតិ​ហ្នឹង​ ហើយ​យើង​បើក​ចំហ​ឡើង​វិញ​ទៅ​»

​ទោះ​ជា​យ៉ាង​ណា ​គ្រូបង្រៀន​រូប​នេះ​បាន​ភៀស​​ខ្លួន​​ជា​ថ្មី​ទៅ​រក​​ទីកន្លែង​មាន​សុវត្ថិភាព​​ហើយ​ បន្ទាប់​ពី​លោក​​រត់​គេច​ខ្លួន​អស់​រយៈ​ពេល​ជាង​៦​ខែ​ម្ដង​​ហើយ ​​ដោយសារ​​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​។ គ្រូបង្រៀន​រូប​នេះ​ឱ្យ​ដឹង​ថា ​បើ​ទោះ​បី​ជា​​មាន​ចំណាត់​ការ​ពី​តុលាការ​បែប​នេះ​ក្ដី​ក៏​លោក​​​នៅ​ប្រកាន់​ជំហរ​​ចូល​រួម​សម្ដែង​មតិ​​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​​ដដែល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល