លោក ហ៊ុន ម៉ាណែត ដឹកនាំមួយឆ្នាំនេះ«មិនបានបម្រើតាមតម្រូវការពលរដ្ឋឡើយ ក្រៅតែចាំបង្ក្រាបអ្នករិះគន់»

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថាក្រោម​ការ​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែតរយៈពេល​មួយ​ឆ្នាំ​មក​នេះមិន​បាន​បង្ហាញ​សមិទ្ធផល​ដែល​អាច​កត់​សម្គាល់​បាន​ទេ ហើយ​លោក ហ៊ុន ម៉ាណែត ថែម​ទាំង​បង្ក្រាប​ទៅ​លើ​សំឡេង​រិះគន់​ទៅ​វិញ​។ ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​នេះ ក្រោយ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​រៀបចំ​សិន្និសីទ​កាសែត​បង្ហាញ​ពី​លទ្ធផល​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល​មួយ​ឆ្នាំ​។

មន្ត្រី​គណបក្ស​ប្រឆាំង​ និង​អ្នក​វិភាគ​នយោបាយ​ មើល​ឃើញ​ថារយៈ​ពេល​១​ឆ្នាំ ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ជំនួស​ឪពុក គឺ​លោក ហ៊ុន សែន​ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ ប្រសើរ​ឡើង​ទេ ខណៈ​អយុត្តិធម៌ ការ​គំរាម​នយោបាយ និង​សេដ្ឋកិច្ច​កាន់​តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ទៅ​វិញ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំប្រទេសអូស្ត្រាលី (Australia) លោកអ៊ិន ហេមរ៉ា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​១៩ ខែ​សីហា ថាអ្នក​វិនិយោគ​ជា​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​កៀរគរ​របស់​លោក​ ហ៊ុន ម៉ាណែត ​នោះ​ទេ​ គឺ​ដោយសារ​ពួកគេ​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​បែប​ក្រុមគ្រួសារ​បក្សពួកនិយម​ និង​អំពើ​ពុករលួយ​។ លោក​ថា ដោយសារ​តែ​សេដ្ឋកិច្ច​ខ្មែរ​មិន​រីក​ចម្រើន​នោះ​ហើយទើប​មាន​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បន្ត​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន​ និង​​បង្ខំ​ចិត្ត​បែក​ពី​គ្រួសារ​។

លោកអ៊ិន ហេមរ៉ា បន្ថែម​ថា​លោក ហ៊ុន ម៉ាណែត​ គឺ​ដូច​គ្នា​នឹង​ឪពុក​របស់​​លោក​ដែរ ដោយ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ និង​លោក​បន្ត​ដឹក​នាំ​ប្រទេស​ងាក​ទៅ​រក​ប្រទេស​ចិន​ និង​វៀតណាម​ខ្លាំង​។

លោកអ៊ិន ហេមរ៉ា៖«ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​មាន​ន័យ​ថា​ទី​មួយ​យើង​ចង់​បាន​អ្នក​វិនិយោគ​ ហើយ​យើង​ធ្វើ​ម៉េច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​។ឧទាហរណ៍​ប្រសិន​ជា​គាត់​មាន​បំណង​ចង់​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​ការ​ងារ​នៅ​ប្រទេស​ហ្នឹង​ធ្វើ​ម៉េច​គាត់​ត្រូវ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ហើយ​ដើម្បី​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ គាត់​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ផ្ទុយ​»។

ការ​លើក​ឡើងនេះ​ស្រប​ពេល​​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​នេះ​។

អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី១៩ សីហា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើកឡើង​ពី​សមិទ្ធផល​រយៈ​ពេល ១ឆ្នាំ របស់​រាជរដ្ឋាភិបាល និង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណាអួត​សរសើរ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មួយ​ឆ្នាំ​មក​នេះ បាន​សម្រេច​ជោគជ័យ​គ្រប់​វិស័យជា​ពិសេស​ការ​ថែ​រក្សា​បាន​នូវ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈនិង​សមិទ្ធផល​លេច​ធ្លោ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ការពារ​នូវ​អធិបតេយ្យ​ភាព​ជាដើម​។

លោកប៉ែនបូណា៖«យើង​ធ្លាប់​លឺ​សម្ដេច​តេជោ​ ក៏​ដូច​ជា​​សម្ដេច​ធិបតី​​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​​កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​ជា​មួយ​​ជំនួយ​បរទេស​ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​ដាច់​ខាក​ កម្ពុជា​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​អនុញ្ញាត​​ឱ្យ​បាត់​ដី​សូម្បី​មួយ​មីលីម៉ែត្រ​ នេះ​ជា​ការ​អះអាង​ជា​ឱឡារិក​»​។

ផ្ទុយ​ពី​ការ​លើកឡើង​នេះមន្ត្រី​បក្ស​ប្រឆាំង អ្នក​ឃ្លាំមើល និង​ពលរដ្ឋ​មួយ​ចំនួន​ វាយ​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ថា តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​មក​កាន់​តំណែងអយុត្តិធម៌​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ជីវភាព​ពលរដ្ឋ​តូចតាច កាន់​តែ​ពិបាក​ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ស្ទើរ​គ្រប់​គ្រួសារ​។ ចំពោះ​វិស័យ​នយោបាយ​វិញ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពុំ​មានភាព​ល្អ​ប្រសើរ​ឡើយ​ ដោយសារ​ថាមាន​អ្នក​ទោស​នយោបាយ កាន់​តែ​ច្រើន​ឡើង ហើយ​ការ​គំរាម​កំហែង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ដែរ។ ចំពោះ​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​វិញពួកគាត់​មើល​ឃើញ​ថា​ការ​កាប់​ព្រៃ​ឈើ ការ​លក់​ទ្រព្យ​សម្បត្តិ​ជាតិ និង​ទ្រព្យ​សម្បត្តិ​រាស្រ្ត ឲ្យ​ទៅ​ក្រុមហ៊ុន​ និង​ជនបរទេស​ មាន​កាន់​តែ​ច្រើន​ឡើងខណៈ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​គ្រឿងញៀន ​នៅ​តែ​កើន​ឥត​ឈប់។ ជា​ពិសេស​ថ្មី​ៗ​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត​ រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​រឿង​បង្ក្រាប​ពលរដ្ឋ​ដែល​ឈឺឆ្អាល​បញ្ហា​ទឹកដី​។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹមសុខ លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែតមិន​បាន​បង្ហាញ​ការ​ដឹក​នាំ​ខុស​ពី​ឪពុក​លោក​នោះ​ទេ​ ជាក់​ស្ដែង​លោក​ ហ៊ុន ម៉ាណែត មិន​ទទួល​យក​មតិ​របស់​ពលរដ្ឋ​​ដែល​បាន​រិះគន់​ ឬ​ស្នើសុំ​នោះ​ឡើយ។ ម៉្យាង​ទៀត​ លោក​ ហ៊ុន ម៉ាណែត​ ដូច​គ្នា​នឹង​ឪពុក​របស់​លោក​​គឺ​ការ​បង្ក្រាប​​ទៅ​លើ​អ្នក​រិះគន់ និង​មន្ត្រី​បក្ស​ប្រឆាំង​។

លោក គឹមសុខ៖«វិស័យ​សាធារណៈ​របស់​ក្រុម​លោក​ ហ៊ុន ម៉ាណែត មិន​បាន​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​​ត្រឹមត្រូវ​ទេ​ ក៏​ប៉ុន្តែ​វិធានការ​របស់​រដ្ឋបាល​របស់​លោក​ ហ៊ុន ម៉ាណែត​ចាំ​ខ្ទប់​មាត់​ និង​សិទ្ធិ​សេរីភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា​​ដែល​ប្រតិកម្ម​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ទៅ​វិញ​»​។

អ្នក​ឃ្លាំ​មើល​សង្គម​ និង​ពលរដ្ឋ​សោក​ស្ដាយ​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែតបន្ត​ដឹក​នាំ​ផ្ដាច់ការ​ដូច​ឪពុក​របស់​លោក​ ដែល​សកម្មជន​បក្ស​ប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមាណ​ ​៦០នាក់​បន្ត​ជាប់​ពន្ធនាគារ ខណៈ​យុវជន និង​ពលរដ្ឋ​ប្រមាណ​២០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្រោយ​រិះគន់​លើ​បណ្ដាញ​សង្គម​ ថា​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ ជុំវិញ​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ (CLV)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។