សកម្មជនបក្សប្រឆាំង ដែលកំពុងពន្ធនាគារព្រៃសស្នើដល់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ជួយដោះស្រាយវិបត្តិនយោបាយ ដើម្បីឱ្យមានការប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាព។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា នឹងមិនមានការចរចាផ្នែកនយោបាយជាមួយបក្សប្រឆាំងឡើយ ហើយអវត្តមានសកម្មជនទាំងនោះមិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតខាងមុខនេះទេ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យគណបក្សកាន់អំណាចចូលតុចរចាជាមួយបក្សប្រឆាំង ហើយដោះលែងជនជាប់ឃុំនយោបាយឱ្យមានសេរីភាព ដើម្បីរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សកម្មជនបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃស រួមមាន លោក គង់ ម៉ាស់ លោក អៀ ចាន់ណា លោក វឿង សំណាង លោក ទុំ ប៊ុនថន និងលោក ហ៊ូវ អូខុង បានផ្ញើលិខិតមួយច្បាប់ចេញពន្ធនាគារព្រៃសជូនកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត តាមរយៈមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារកាលពីចុងខែសីហា។ លិខិតនោះលើកឡើងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាមិនដោះស្រាយបញ្ហានយោបាយនោះឱ្យបានត្រឹមត្រូវ និងមិនដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញទេ នោះបង្ហាញថា ការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយមិនស្មើភាព។ លិខិតដដែលបន្តថា បើលោក ហ៊ុន ម៉ាណែត ដែលជាយុវជនបន្តវេនរបស់គណបក្សកាន់អំណាចឈ្នះការបោះឆ្នោតទទួលតំណែងនាយករដ្ឋមន្រ្តីខាងមុខនេះវិញ នោះជាការឈ្នះមិនថ្លៃថ្នូរនោះទេ ហើយកម្ពុជានឹងទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិថែមទៀត។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកញ្ញាថា លិខិតនោះជាលិខិតពិតប្រាកដ ដែលប្តីរបស់លោកស្រី និងសកម្មជនផ្សេងទៀតផ្ញើចេញពីពន្ធនាគារ។ លោកស្រីនៅតែចាត់ទុកការចាប់ឃុំខ្លួនប្តីលោកស្រីកន្លងទៅ គឺជារឿងនយោបាយ ពីព្រោះគាត់ជាមនុស្សស្អាតស្អំ និងធ្វើការងារជួយសង្គមកន្លងមក ដើម្បីបុព្វហេតុជាតិ។ លោកស្រីរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងជួយអន្តរាគមន៍ ដើម្បីឱ្យមានដោះលែងប្ដីលោកស្រី និងសកម្មជននយោបាយដទៃទៀតឱ្យមានសេរីភាព ដើម្បីបានចូលរួមធ្វើនយោបាយឡើងវិញ៖ «ខាងនយោបាយត្រូវរូវគ្នា ខ្ញុំគិតថា គាត់ ( ប្តី ) នឹងរួចខ្លួន គេដោះលែងវិញ តែបើសិនស្ថានភាពនយោបាយនៅតែជាប់គាំងអ៊ីចឹងទៅថ្ងៃមុខទៀត សម្រាប់ពួកខ្ញុំជាក្រុមគ្រួសារលែងជឿជាក់លើប្រព័ន្ធតុលាការស្រុកខ្មែរ ពីព្រោះយកគាត់ទៅឃុំខ្លួនជាង ២០ខែ ដោយមិនបានកាត់ក្តី អ៊ីចឹងដោយសារនយោបាយ បើនយោបាយត្រូវគ្នា ខ្ញុំគិតថា គាត់នឹងមានសេរីភាពមកវិញ»។
ស្របពេលវិបត្តិនយោបាយមិនទាន់រកច្រកចេញ ហើយរដ្ឋាភិបាលបន្តចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់នោះ ក្រុមអ្នកទោសនយោបាយ តែងតែផ្ញើសំបុត្រតាមសាច់ញាតិរបស់ពួកគេទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងត្រូវដោះស្រាយវិបត្តិនយោបាយជាហូរហែ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំការបញ្ជាក់ជុំវិញសំណើរបស់សកម្មជនគណបក្សប្រឆាំងបាននៅឡើយទេ នៅថ្ងៃទី៦ ខែកញ្ញា។
ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ដឹងអំពីលិខិតរបស់សកម្មជនបក្សប្រឆាំងទាំងនេះឡើយទេ ប៉ុន្តែលោកថា ប្រសិនបើទទួលបានលិខិតនោះ អាជ្ញាធរពន្ធនាគារនឹងយកមកពិនិត្យមើលខ្លឹមសារជាមុនសិន មុននឹងបញ្ជូនទៅថ្នាក់លើបន្តទៀត។
ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន វិញ លោកអះអាងថា គណបក្សរបស់លោកមិនមានការចរចាផ្នែកនយោបាយណាមួយតបតាមសំណើអ្នកជាប់ឃុំទាំងនោះឡើយ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ក៏មិនខ្វល់ពីការរិះគន់ជុំវិញអវត្តមានរបស់ក្រុមប្រឆាំងចូលរួមក្នុងដំណើរបោះឆ្នោតខាងមុខនេះដែរ៖ «បើអត់ពួកគាត់ក៏ដោយ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅដដែល ហើយការឈ្នះ ឬចាញ់លើការបោះឆ្នោតនៅតែមាន ដូច្នេះមិនមែនមានតែគាត់ធ្វើឱ្យការបោះឆ្នោតមានន័យ ឬមានកិត្តិយសអ្វីទេ អ៊ីចឹងអត់ពួកគាត់ដំណើរការបោះឆ្នោតដំណើរទៅមុខ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតែដំណើរដដែល»។
ទោះយ៉ាងណាក្ដី កាលពីថ្ងៃទី២៦ ខែសីហា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថ្លែងក្រោយពេល បិទបញ្ចប់ដំណើរបេសកកម្មរបស់លោក ដោយផ្ដោតសំខាន់លើការស្នើឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីការពារសិទ្ធិសេរីភាពពលរដ្ឋ និងត្រូវដោះលែងសកម្មជនគណបក្សនយោបាយ ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។ ជាមួយគ្នានេះ លោកអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពសង្គមស៊ីវិល និងនយោបាយ ក្នុងនោះក៏រាប់បញ្ចូលទាំងការលុបចោល និងការកែទម្រង់ច្បាប់នានា ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មើលឃើញថា សំណើរបស់សកម្មជននយោបាយ ដែលកំពុងជាប់ឃុំសុំឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញស្នាដៃពិតប្រាក ដើម្បីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺសមស្រប ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។ លោកយល់ថា លោក ហ៊ុន ម៉ាណែត អាចពិបាកក្នុងការដោះស្រាយរឿងនេះ ប៉ុន្តែអ្នកនយោបាយជំនាន់មុនត្រូវត្រួសត្រាយផ្លូវ ដោយចូលតុចរចាបញ្ចប់វិបត្តិនយោបាយ ដើម្បីផ្ដល់គំរូដល់យុវជនជំនាន់ក្រោយ៖ « ខ្ញុំគិតថា ពេលនេះ គឺជាពេលសមស្របដែរ លោក ហ៊ុន ម៉ាណែត គួរតែបង្ហាញនូវស្នាដៃរបស់លោក ដើម្បីឱ្យមានឆន្ទៈមោះមុតក្នុងរឿងនយោបាយ ដើម្បីឈានទៅរកការប្រកួតប្រជែងមួយ ដោយបើកចំហ ត្រូវតែហ៊ានរៀបចំការបោះឆ្នោតមួយប្រព្រឹត្តទៅដោយមានការប្រកួតប្រជែងគ្នា តម្លាភាព បើកចំហ ហើយហ៊ានទទួលយកលទ្ធផល ដែលកើតចេញពីការបោះឆ្នោតមួយ ដែលទទួលស្គាល់ពីភាពយុត្តិធម៌ និងត្រឹមត្រូវ » ។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។ ថ្មីៗ នេះ តុលាការបានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំ ទៅ ៧ឆ្នាំ។ ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានសកម្មជនមួយចំនួនត្រូវតុលាការក្រុងភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នហួសការកំណត់នៃច្បាប់ ដោយពួកគេត្រូវរង់ចាំសវនាការជំនុំជម្រះរហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទាររដ្ឋាភិបាលឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។