គ្រួសារបក្សប្រឆាំងចោទអាជ្ញាធរពន្ធនាគារត្រពាំងផ្លុងរឹតត្បិតសិទ្ធិចូលជួបសាច់ញាតិពួកគេ
2022.10.16

គ្រួសារសកម្មជនគណបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំថា បានរឹតត្បិតលើសិទ្ធិចូលជួបសាច់ញាតិពួកគេយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានឡើយ។ ពួកគេចាត់ទុកទង្វើបែបនេះ គឺជាការដាក់សម្ពាធផ្លូវចិត្ត និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយបន្ថែមពីអំពើអយុត្តិធម៌លើសកម្មជននយោបាយដែលតស៊ូដើម្បីបុព្វហេតុសង្គម។ មន្រ្តីសិទ្ធិមនុស្សលើកឡើងថាអំពើដែលប្រព្រឹត្តផ្ទុយពីច្បាប់គ្រប់គ្រង់ពន្ធានាគារ និងបទដ្ឋានជាតិនិងអន្តរជាតិ គឺជាការរំលោភសិទ្ធិអ្នកជាប់ឃុំ។
គ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពពន្ធនាគារត្រពាំងផ្លុង ស្នើយ៉ាងទទូចដល់អគ្គនាយកដ្ឋានពន្ធគារនៃក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទប់ស្កាត់ការបំបិទសិទ្ធិរបស់សកម្មជននយោបាយពី សំណាក់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួន។
កូនស្រីមន្រ្តីគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ លោក គង់ សំអាន គឺកញ្ញា គង់ មុយលី ប្រាប់វិទ្យុអាស៊ីនៅថ្ងៃទី១៦តុលាថា ឪពុករបស់កញ្ញា និងសកម្មជនបក្សប្រឆាំងដទៃទៀតបានជាប់ពន្ធនាគាររាប់ឆ្នាំដោយអយុត្តិធម៌។ កញ្ញបន្តរឿងរ៉ាវដែលក្រុមគ្រួសារអ្នកនយោបាយឈឺចាប់រហូតមកដល់ពេលនេះ គឺការដាក់សម្ពាធផ្លូវកាយ ផ្លូវចិត្ត ជាពិសេសផ្តាច់ការទាក់ទងជាមួយញាតិមិត្តពួកគាត់ជាដើម។ កញ្ញា គង់ មុយលី ថា ជាក់ស្តែងមន្រ្តីពន្ធនាគារត្រពាំងផ្លុងកំពុងអនុវត្តវិធានការរឹតបណ្តឹងចំពោះការអ្នកចូលជួបអ្នកជាប់ឃុំនយោបាយ ដោយមន្រ្តីនៅទីនោះតម្រូវឱ្យមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលខុសពីពន្ធនាគារព្រៃសត្រឹមបង្ហាញអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំង។ កញ្ញាឱ្យដឹងទៀតថា មន្រ្តីពន្ធនាគារអនុញ្ញាតឱ្យកញ្ញានិងម្តាយជួបមុខឪពុករយៈពេលតែ១៥នាទី ដោយស្ថិតក្រោមការតាមដានពីណាក់ឆ្មាំពន្ធនាគារ ដែលធ្វើឱ្យឪពុករបស់កញ្ញាមិនហ៊ាននិយាយជាមួយគ្រួសារ ដោយសារគាត់បារម្ភខ្លាចគេធ្វើបាបដូចលើកមុនទៀត៖
«អ្នកទោសនយោបាយដូចប៉ានាងខ្ញុំសូម្បីតែប្អូនគាត់បង្កើតចង់ចូលជួបគាត់ ហើយគាត់ក៏ចង់ជួបបង ហើយមិនអាជ្ញាធរពន្ធនាគារមិនឱ្យចូលជួបទាល់តែមានលក្ខខណ្ឌ ប៉ុន្តែអ្នកផ្សេងហេតុអ្វីលោកឱ្យចូលជួបបាន ចំណែកបងប្អូន សាច់ញាតិប៉ាខ្ញុំទៅសួរសុខទុក្ខហេតុអ្វីតឹងតែងម្លេះ សូមអាជ្ញាធរពន្ធនាគារជួយសម្រួលខាងហ្នឹងផង»។
ស្រដៀងគ្នានេះដែរ ប្រពន្ធសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតលោក ញ៉ែម វាន គឺលោកស្រី ពៅ សារ៉ន ថ្លែងថា ចាប់តាំងពីអាជ្ញាធរបញ្ជូនប្តីលោកស្រីពន្ធនាគារព្រៃសទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងមក លោកស្រីមិនសូវបានទៅសួរសុខទុក្ខ និងផ្ញើចំណីអាហារជូនប្តីឱ្យបានដិតដល់ដូចនៅពន្ធនាគារព្រៃសនោះទេ ពីព្រោះមន្រ្តីពន្ធនានៅត្រផ្លុងរឹតត្បិតខ្លាំងចំពោះសកម្មជនបក្សប្រឆាំង។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះឱ្យដឹងថារហូតមកដល់ពេលនេះ ប្តីលោកស្រីដែលត្រូវគេវាយទាត់ធាក់នៅក្នុងគុកកន្លងមកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារសមត្ថកិច្ចបណ្តោយឱ្យជនដៃដល់បន្តនៅក្រៅសំណាញ់ច្បាប់ ខណៈអាការៈមុខរបួសប្តីលោកស្រីនៅឈឺចាប់ស្ទើររាល់ថ្ងៃ ជាពិសេសត្រង់ចៀក និងស្មាផ្នែងខាងឆ្វេង បើទោះគ្រូពេទ្យក្នុងពន្ធនាគារផ្តល់ថ្នាំព្យាបាលក៏ដោយ៖
«ពេលខ្ញុំចូលទៅគេ (មន្រ្តីពន្ធនាគារ)ទាររកសៀវភៅគ្រួសារ គេមិនឱ្យជួបទេប្អូន និយាយរួមសាច់ញាតិគេមិនឱ្យជួបតែម្តង ខ្ញុំចូលជួបតែម្នាក់ឯង សូម្បីប្អូនរបស់គាត់បង្កើតក៏មិនឱ្យចូលដែរ។ ខ្ញុំពិបាកដេកពេលយប់មិនដែលគ្រប់ ពិបាកតឹងតែង អយុត្តិធម៌ ខ្ញុំទទួលយកមិនបានទេ»។
កាលពីថ្ងៃទី២១ ខែសីហា អាជ្ញាធរពន្ធនាគារបានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ក្នុងចំណោមនោះសកម្មជនបីនាក់រួមមានលោក កែវ ថៃ លោក ជុំ ចាន់ និងលោក ញ៉ែម វាន ត្រូវបានក្រុមបងធំជាប់ឃុំដូចគ្នាវាយទាត់ធាក់ដោយសេរីក្នុងពន្ធាគារត្រពាំងផ្លុងបណ្តាលឱ្យរបួសធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំាពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែតុលា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាជនជាប់ឃុំគ្រប់រូបមានសិទ្ធិប្រាស្រ័យទាក់ទងជាមួយគ្រួសារ សាច់ញាតិ មិត្តភក្តីដែលមានចែងនៅក្នុងច្បាប់។ លោកថាបើសិនអាជ្ញាធរពន្ធនាគារ កំរាមកំហែង រឹតត្បិត លើសកម្មជនបក្សប្រឆាំងទាំងនោះ គឺជាការរំលោភសិទ្ធិរបស់ពួកគេ។ ចំណែកករណីហិង្សាលើសកម្មជនបក្សប្រឆាំងវិញ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿននីតិវិធីឱ្យបានឆាប់ និងចាត់វិធានការផ្លូវច្បាប់លើជនប្រព្រឹត្តដើម្បីទប់ស្កាត់អំពើបែបនេះកុំឱ្យកើតឡើងតទៅទៀត៖
«មន្រ្តីពន្ធនាគារហ្នឹងបារម្ភហូសហេតុពេក ដោយសាររឿងហ្នឹងជាប់ពាក់ព័ន្ធរឿងនយោបាយ អ៊ីចឹងការរឹតត្បិតមួយចំនួនវាហួសសេរីភាពដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពរបស់អ្នកជាប់ឃុំទៅវិញ វាអត់ត្រឹមត្រូវទេ។ ខ្ញុំគ្រាន់តែសំណូមពរឱ្យមន្រ្តីពន្ធនាគារហ្នឹងតាមច្បាប់ និងគោរពទៅលើសិទ្ធិរបស់ជនជាប់ឃុំ ពីព្រោះជនជាប់ឃុំទាំងអស់ពួកគាត់អស់តែសិទ្ធិដែលតុលាការដកហូតទេ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។ កាលពីថ្ងៃទី១៣ ខែកញ្ញា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្តល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង១២នាក់ ដែលឃុំខ្លួននៅត្រពាំងផ្លុងឲ្យជាប់ពន្ធនាគារ៥ឆ្នាំដដែល។
ទោះយ៉ាងណា ក្រុមគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សនៅតែស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជននយោបាយទាំងនោះឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។