គ្រួសាររបស់អតីតសកម្មជនបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសព្រួយបារម្ភចំពោះសុខភាពឳពុកនិងប្ដីដែលមានសភាពទ្រុឌទ្រោមក្នុងមន្ទីរឃុំឃាំង។ក្តីព្រួយបារម្ភនេះគឺបន្ទាប់ពីពួកគេបានទៅជួបសួរសុខទុក្ខប្ដីនិងឳពុក មាន សភាពស្គមស្លេកស្លាំងខុសប្រក្រតីដោយសារតែពួកគាត់ដេកមិនសូវលក់បណ្ដាលមកពីមានសារ៉ែនរោទ៍រំខាននៅក្នុងពន្ទនាគារ។ សង្គមស៊ីវិលយល់ឃើញថា មន្ត្រីពន្ធនាគារគួរតែប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។
គ្រួសារជនជាប់ឃុំនយោបាយទាំងនោះ លើកឡើងថា សុខភាពប្ដីនិងឪពុករបស់ពួកគេអាចនឹងមានសភាពធ្ងន់ធ្ងរប្រសិនបើអាជ្ញាធរមិនឆាប់ដោះស្រាយសំឡេងសារ៉ែនរោទ៍រំខាននៅក្នុងពន្ធនាគារ។
ប្រពន្ធលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី និងកូនស្រីរបស់លោក ហេង ច័ន្ទសុទ្ធី កញ្ញា ហេង បូរី ព្រួយបារម្ភពីសុខភាពគ្រួសារ ព្រោះពួកគាត់ មានវ័យកាន់តែចាស់និងមានជំងឺប្រចាំកាយច្រើន។
ប្រពន្ធសកម្មជនបក្សប្រឆាំងលោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមិថុនាថាលោកស្រីបានជួបសួរសុខទុក្ខប្តីកាលពីដើមសប្តាហ៍នេះ។ លោកស្រីថាប្តីលោកស្រីចាប់ផ្តើមស្ពឹកដៃជើងឈឺក្បាលដោយសារមួយរយៈនេះដេកមិនសូវលក់ ព្រោះខាងអាជ្ញាធរពន្ធនាគារបានដំឡើងឧបករណ៍ម្យ៉ាងដែលមានសំឡេងរោទ៍រំខាននៅក្នុងពន្ធនាគា។ លោកស្រី អ៊ុក ចន្ធី អះអាងថាពួកលោកស្រីនៅតែបន្តតស៊ូមតិដើម្បីទាមទារឱ្យតុលាការដោះលែងប្តីលោកស្រីនិងអ្នកជាប់ឃុំនយោបាយផ្សេងទៀត ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ៖ « ពីមុនគាត់អត់ដែលស្ពឹកដៃស្ពឹកជើងទេ តែក្រោយមកហ្នឹងកាត់ចាប់ផ្តើមស្ពឹកដៃស្ពឹកជើង មិនថាស្វាមីខ្ញុំទេ គឺពួកទាំង ទាំងអស់គ្នាអ្នកជាប់ឃុំហ្នឹងហ្មង ហើយម្យ៉ាងដោយសារពួកគាត់សុទ្ធតែចាស់ៗ ហើយពួកគាត់មានជំងឺជាប់ខ្លួនអញ្ចឹង ។ ម្នាក់ៗសុទ្ធតែលើសឈាមលើសអីសព្វគ្រប់ចឹង ដល់លឺសម្លេងហ្នឹងរំខានទៅបណ្តាលអោយសុខភាពគាត់កាន់តែទ្រុឌទ្រោមខ្លាំង »។
លោកស្រី បន្ថែមថាកត្តាជីវភាពសព្វថ្ងៃរបស់លោកស្រីជួបនឹងបញ្ហាលំបាកលំបិនក្រោយពីប្តីត្រូវជាប់ឃុំហើយពេលនេះលោកស្រីនៅម្នាក់ឯងនិងទើបបកភ្នែករួចមិនអាចធ្វើការងារអ្វីកើតឡើយ ។ លោកស្រីរំពឹងថាប្តីលោកស្រីនឹងទទួលបានយុត្តិធម៌ឆាប់ៗដើម្បីអោយគ្រួសារលោកស្រីបានជួបជុំគ្នា។
ចំណែកកូនស្រីរបស់សកម្មជនបក្សប្រឆាំង លោក ហេង ច័ន្ទសុទ្ធី វិញ គឺកញ្ញា ហេង បូរី ថ្លែងថា សុខភាពឳពុករបស់កញ្ញា មានសភាពស្លេកស្លាំង មានកម្លាំងកាន់តែចុះខ្សោយនិងបន្តប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺជាប្រចាំកាយ។ កញ្ញា ហេង បូរី អះអាងថា ឪពុករបស់កញ្ញា ប្រាប់កញ្ញាថាដេកមិនសូវលក់ដោយសារសារ៉ែនរោទ៍នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារតែងតែឆែកឆេរំខានក្នុងបន្ទប់ស្នាក់នៅស្ទើរៀងរាល់ថ្ងៃ៖ « ឃើញថាសុខភាពគាត់មានការចុះខ្សោយអញ្ចឹងផងដែរ ហើយក៏បានលឺគាត់និយាយផងដែរថា អើយអាសារមានការបោសបន្ទប់ ក៏ដូចជា ភាសាសាមញ្ញគេថាឆែកឆេរអញ្ចឹងហាស់បង ។ ខាងលើគេមកឆែកឆេរបន្ទប់របស់គាត់ ក៏ដូចជាជជុះ ឬក៏រើឥវែរឥវ៉ាន់ខោអាវគាត់អី ជជុះរលាស់ ពេញណាពេញណី ចឹងហាស់បង។ ហើយរឿងមួយទៀតបញ្ហាគាត់និយាយថា មានការដាក់ដូចជាជាតិវិទ្យុសកម្ម នៅក្នុងបន្ទប់របស់គាត់ ដែលវាជាសម្លេងរំខាន ដែលធ្វើអោយប៉ះពាល់សតិអារម្មណ៍របស់គាត់ ការគិតរបស់គាត់ ក៏ដូចជា ជាពិសេស រំខានទៅដល់ការសំរានរបស់គាត់ ផងដែរបង ដោយថាវាធ្វើអោយប៉ះពាល់ខ្លាំងទៅដល់សុខភាពគាត់តែម្តងបង »។
កញ្ញា ហេង បូរី អំពាវនាវទៅដល់ស្ថាប័នតុលាការនិងរដ្ឋាភិបាលឱ្យដោះលែងជនជាប់ឃុំមនសិកាទាំងអស់ដោយឥតលក្ខខណ្ឌព្រោះពួកគាត់គ្មានទោសកំហុស ហើយសុទ្ធសឹងតែជាអ្នកស្អាតស្អំ។ កញ្ញា ហេង បូរី បន្ថែមថា កញ្ញាសូមឱ្យមន្ត្រីតុលាការធ្វើអោយបានត្រឹមត្រូវដូចអ្វីដែលខ្លួនបានធ្វើសច្ចាប្រណិធានមុនចូលកាន់ដំណែងដែលឈរលើគោលការត្រឹមត្រូវនិងយុត្តិធម៌ដើម្បីពលរដ្ឋគ្រប់រូប។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាលោក នុត សវនា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេដោយទូរសព្ទចូលតែមិនមានអ្នកទទួល។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ឃើញថាប្រសិនបើមន្ត្រីពន្ធនាគារបំពាក់ឧបករណ៍ឬប្រព័ន្ធបច្ចេកវិទ្យានៅក្នុងពន្ធនាគាពួកគេត្រូវសិក្សានិងបញ្ជាក់អោយបានច្បាស់លាស់ដើម្បីចៀសវាងការប៉ះពាល់ទៅដល់សុខភាពអ្នកជាប់ឃុំ។ លោក អំ សំអាត ថា អង្គការលោកនឹងបន្តតាមដានពីផលប៉ះពាល់ទាក់ទងនិងការដាក់ឧបករណ៍ដែលមានសំឡេងរោទ៍រំខាន ថាតើអាចប៉ះពាល់ដល់សុខភាពនិងសិទ្ធិរបស់អ្នកជាប់ឃុំឬទេ។ លោក បន្តថា ខាងពន្ធនាគាគួររិះរកវិធីសាស្ត្រផ្សេងៗក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សុខភាពជនជាប់ឃុំ៖ « យើងដឹងហើយថា ពន្ធនាគាគឺ ឥឡូវនេះគឺមានភាពចង្អៀតណែនខ្លាំង ! អញ្ចឹងបើសិនជាមានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការគ្រប់គ្រង ហើយមានសម្លេងធ្វើការរំខានទៅដល់អ្នកជាប់ឃុំ ដែលធ្វើអោយគាត់គេងមិនលក់ ឬក៏អាចរំខាននូវការគេង ឬការសំរាករបស់ពូកគាត់នៅក្នុងបន្ទប់ហ្នឹង ។ អាហ្នឹងវាប៉ះពាល់សម្រាប់សុខភាពបន្ថែមទៅទៀត គឺទាមទារអោយមានការសិក្សា និងការស្រាវជ្រាវ និងការបញ្ជាក់អោយបានច្បាស់លាស់ដែរ »។
បច្ចុប្បន្នមានសកម្មជនគណបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល ប្រមាណ៦០នាក់កំពុងជាប់ឃុំនៅពន្ធនាគារ។ ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនផង ថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនប្រឆាំងទាំងនេះ គឺជារឿងនយោបាយ គ្មានមូលដ្ឋានច្បាប់ និងបន្តទាមទារឲ្យដោះលែងសមាជិកបក្សប្រឆាំង និងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។