ប៉ូលិសខេត្តសៀមរាបបានចាប់សកម្មជនប្រឆាំងម្នាក់យកទៅឃុំខ្លួនកាលពីរសៀលថ្ងៃទី១៩ តុលា ពាក់ព័ន្ធនឹងគម្រោងការទៅអមដំណើរប្រធានស្ដីទី គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលស្រុកវិញនៅពេលខាងមុខ។ ភរិយាសកម្មជនគណបក្សប្រឆាំងរូបនោះចាត់ទុកវិធានការនេះថា ជារឿងអយុត្តិធម៌ ហើយលោកស្រីអះអាងទៀតថា មន្ត្រីប៉ូលិសខេត្តសៀមរាបបានបង្ខំស្វាមីរបស់លោកស្រីឱ្យសារភាពដើម្បីជាថ្នូរដោះលែងឱ្យមានសេរីភាពវិញ។
ភរិយាសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិលោក សំ វុទ្ធី គឺលោកស្រី មួន សាវ៉ើន អំពាវនាវដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាជួយរកយុត្តិធម៌ជូនស្វាមី ដើម្បីឱ្យសមត្ថកិច្ចដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ។
លោកស្រីប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២០ តុលាថា ប៉ូលិសខេត្តសៀមរាបមានគ្នា ៥នាក់ បានចូលទៅចាប់ខ្លួនស្វាមីរបស់លោកស្រី គឺលោក សំ វិទ្ធី នៅពេលដែលគាត់កំពុងលក់ចាប់ហួយនៅមុខផ្ទះ នៅសង្កាត់ស្វាយដង្គំ ដោយមិនពុំមានបង្ហាញដីកាចាប់ខ្លួនពីតុលាការនោះទេ។ ភរិយាសកម្មជនបក្សប្រឆាំងរូបនេះបន្តថា ប៉ូលិសបានបញ្ជូនស្វាមីទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តនៅម៉ោង៦រសៀលថ្ងៃទី១៩ តុលា។លោកស្រីបញ្ជាក់ទៀតថា ក្នុងពេលទៅឃុំខ្លួននោះ ប៉ូលិសបានបង្ខំឱ្យស្វាមីរបស់លោកស្រី សារភាពពីទោសកំហុសដែលគាត់បានបង្ហោះសារតាមហ្វេសប៊ុក( Face book) គាំទ្រគណបក្សសង្គ្រោះជាតិម្ដងហើយម្ដងទៀត ដើម្បីជាថ្នូរដោះលែងឱ្យមានសេរីភាពឡើយវិញ ប៉ុន្តែលោកស្រីថាស្វាមីមិនបានធ្វើតាមបង្គាប់របស់ប៉ូលិសឡើយ៖ «ហើយគាត់ថាមិនដឹងសារភាពពីស្អីគេ ហើយគេសួរថា អ្នកណាមេខ្លោងដឹកនាំគាត់ ហើយគាត់មានមេខ្លោងពីណាអត់ទេ។គេយកទូរស័ព្ទប្ដីខ្ញុំទៅឆែកមើលទាក់ទងពីណាខ្លះមិនទាន់ឱ្យមកវិញទេ។ ខ្ញុំយំមកតាមប្ដីខ្ញុំរហូតដល់យប់មិញ ខ្ញុំសុំជួបប្ដីដល់ពេលឱ្យជួបប៉ុន្តែមានប៉ូលិសម្នាក់នៅក្នុងនោះដែរ ។គ្រួសារខ្ញុំវាកំពុងតែដុនដាបដល់ពេលគេចាប់ប្ដីខ្ញុំដោយគ្មានកំហុសបែបនេះខ្ញុំពិបាកនឹងទទួលយកណាស់ ព្រោះគ្រួសារខ្ញុំត្រូវការប្ដីខ្ញុំជាខ្លាំង យើងធ្លាប់តែល្ងាចឡើងជួបជុំក្រុមគ្រួសារ ដល់ពេលគ្មានប្ដីអីចឹងទៅវាដូចយើងឡើងដើមឈើលែងដៃអីចឹង » ។
លោកស្រីបន្តថា ស្វាមីជាមនុស្សស្លូតត្រង់ ដោយប្រកបរបររត់រ៉ឺម៉កទេសចរឬហៅម៉ូតូកង់បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសាររាល់ថ្ងៃ ដោយមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តសៀមរាបលោក ទិត្យ ណារ៉ុង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី២០តុលា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ក៏មិនអត្ថាធិប្បាយជុំវិញពីការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះដែរ ដោយលោកបង្វែរឱ្យសួរទៅតំណាងអយ្យកានៃសាលាដំបូងខេត្ត គឺលោក រៀម ច័ន្ទម្នី ជំនួសវិញ៖ «បាទខ្ញុំទាក់ទងទៅខាងគេយាមហើយ គេថារឿងហ្នឹងនៅដំណាក់កាលអយ្យកា អីចឹងលោកទាក់ទងទៅខាងអ្នកនាំពាក្យខាងអយ្យកាវិញបាទ !»។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងលោករៀម ច័ន្ទម្នី ម្ដងហើយម្ដងទៀត តែលោកមិនទទួលទូរស័ព្ទនៅថ្ងៃដដែលនេះ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ថា ក្រុមសកម្មជនបក្សប្រឆាំងទាំងឡាយដែលមានពាក់ព័ន្ធនឹងគម្រោងការទៅចូលរួមអមដំណើរប្រធានស្ដីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា មានទោស ហើយគឺជាជនក្បត់ជាតិ ដែលសមត្ថកិច្ចរបស់លោកនឹងតាមចាប់ពួកគេដាក់គុក ដោយមិនឱ្យរួចខ្លួនឡើយ។
មន្ត្រីអង្គការស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សបានលើកឡើងថា អាជ្ញាធរប្រកាសចាប់ចងនិងការធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះ ជារឿងនយោបាយ ដោយសារពួកគេគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការចាប់ចងសកម្មជនគណបក្សកន្លងមកនេះ គឺជាការធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋច្រើនជាងការអនុវត្តច្បាប់ ពីព្រោះការប្រព្រឹត្តរបស់អ្នក ដែលត្រូវបានចាប់ខ្លួនទាំងនោះ សុទ្ធតែមិនមានអ្វីខុសច្បាប់ដល់ថ្នាក់ចាប់ដាក់គុកឡើយ។ លោកបញ្ជាក់ថា កំហុសរបស់ពួកគេភាគច្រើនកើតចេញពីការប្រមូលផ្ដុំគ្នាថ្លែងសាររឿងនយោបាយ ដូច្នេះគឺមិនខុសច្បាប់នោះទេ ព្រោះសកម្មភាពនេះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា ប្រទេសប្រជាធិបតេយ្យ គឺរដ្ឋាភិបាលត្រូវបើកទូលាយឱ្យពលរដ្ឋចូលរួមកិច្ចការនយោបាយឱ្យបានច្រើនកាន់តែល្អ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍបានឆាប់រហ័ស៖ «ហើយក៏ទទួលផងដែរអំពីមតិរបស់អង្គការជាតិនិងអន្តរជាតិដែលគេបានលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស និងរំលោភប្រជាធិបតេយ្យទាំងអស់ហ្នឹង ដែលត្រូវងាកទៅរកដំណោះស្រាយរួមគ្នា។ដូច្នេះយើងចង់ឃើញការដោះស្រាយនេះទទួលយកអនុសាសន៍ពីតំណាងអង្គការសហប្រជាជាតិ ជាពិសេសអ្នកស្រីតំណាងអង្គការសហប្រជាជាតិដែលបានលើកគឺធ្វើយ៉ាងណា ឱ្យមានការចូលមកប្រកួតប្រជែងផ្នែកនយោបាយ ដោយសន្តិវិធីនិងដោយយុត្តិធម៌ឡើងវិញ » ។
គិតត្រឹមរសៀលថ្ងៃទី២០ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥០នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៤នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ។
លោក សឹង សែនករុណា ថ្លែងថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ មិនមែនជាដំណោះស្រាយនយោបាយនោះទេ ផ្ទុយទៅវិញរឹតតែធ្វើឱ្យអ្នកគាំទ្រគណបក្សនេះ ដែលមានជិតកន្លះប្រទេសក្ដៅក្រហាយ និងស្អប់ខ្ពើមរដ្ឋាភិបាលកាន់តែច្រើនឡើង។ លោកកត់សំគាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើនចង់ឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ និងមានដំណោះស្រាយនយោបាយឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ដែលជាប្រយោជន៍ជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្របន្តមានការងារធ្វើបានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។