ប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្ដីរបស់ខ្លួនជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលមួយឆ្នាំទៅហើយ កំពុងពុះពារជម្នះឧបសគ្គ តស៊ូរុញរទេះលក់ការ៉េម ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា អ្នកមានអំណាចដែលយកតុលាការចោទប្រកាន់សកម្មជនបក្សប្រឆាំងបង្កឱ្យគ្រួសារពួកគេបែកបាក់បែបនេះ ជាអ្នកនយោបាយគ្មានធម៌មេត្តា។
ប្ដីជាប់ឃុំកូននៅតូចកំពុងសិក្សា លោកស្រី ទៀង ចិន្តា ត្រូវរ៉ាប់រងរកប្រាក់ចិញ្ចឹមគ្រួសារតែម្នាក់ឯង។ លោកស្រី ទៀង ចិន្តា ត្រូវអូសរទេះការ៉េមពីកន្លែងមួយ ទៅកន្លែងមួយ កាត់ក្ដៅ កាត់ភ្លៀង ដើម្បីចិញ្ចឹមក្រពះ និងរកលុយយកមកសងបំណុលធនាគារប្រចាំខែផង៖ «ថ្ងៃនេះមកលក់ការ៉េមមានអង្គរក្ស ( កូនស្រី ) ដើរតាមទៀត។ ជម្រាបសួរអ៊ុំ ពូ មីង តា យាយជួយទិញការ៉េមអូនផង»។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង លោកស្រី ទៀង ចិន្តា លក់ដូរមិនសូវដាច់ទេ ថ្ងៃខ្លះលោកស្រីទើបតែលក់បានការ៉េមមួយដើម មេឃក៏ភ្លៀង៖ «អើយមិនយល់ទេ មេឃភ្លៀងទៀតហើយ ទើបចេញលក់មិនទាន់បាន ៥០០ ( រៀល ) ផង ភ្លៀងទៀតហើយ មេឃអឺយមេឃ កុងជាមួយតែអ្នកការ៉េម»។
សកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងសំណុំរឿងរួមគំនិតក្បត់ទាក់ទងផែនការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ស្ត្រីវ័យ ៣៣ឆ្នាំរូបនេះ កំពុងចិញ្ចឹមកូនស្រីម្នាក់អាយុ ៧ឆ្នាំ កំពុងរៀនថ្នាក់ទី១។ លោក វឿង សំណាង កាលពីមិនទាន់ជាប់ឃុំ ក្នុងអំឡុងដែលលោកភៀសខ្លួននៅប្រទេសថៃ លោកតែងឆ្លៀតធ្វើការងារសំណង់ដើម្បីរកប្រាក់ផ្ញើប្រាក់ទៅប្រពន្ធនៅស្រុក ដើម្បីជួយបង់លុយដែលពួកគេជំពាក់ធនាគារ។
ទោះយ៉ាងណាក្ដី ពេញមួយឆ្នាំនេះ លោកស្រី ទៀង ចិន្តា ដែលត្រូវទូលរែករកប្រាក់តែម្នាក់ឯង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទាំងមូល។ លោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីត្រូវសងបំណុលធនាគារជាប្រចាំខែជាង ១លានពីរសែន ឬជាង ៣រយដុល្លារ ត្រូវរ៉ាប់រងការហូបចុកប្រចាំថ្ងៃ និងលុយកូនរៀន រួមទាំងត្រូវផ្ញើលុយឱ្យប្ដីប្រើប្រាស់ក្នុងពន្ធនាគារពី ២០ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ក្នុងមួយខែ។ លោកស្រីត្អូញត្អែរថា ខែខ្លះលោកស្រីត្រូវដើរខ្ចីលុយបងប្អូន ដើម្បីបង្គ្រប់បង់លុយ ដែលជំពាក់ធនាគារ៖ «មុខរបរតិចតួចប្រាក់ចំណូលអត់គ្រប់នឹងប្រាក់ចំណាយ អ៊ីចឹងពិបាកដោយសារខ្ញុំត្រូវចិញ្ចឹមកូន ខ្ញុំត្រូវចិញ្ចឹមប្ដីក្នុងពន្ធនាគារខ្ញុំត្រូវបង់លុយធនាគារដែលខ្ញុំជំពាក់គេអ៊ីចឹងពិបាក អត់គ្រប់ណាបងដល់ថ្ងៃបង់យើងត្រូវសុំពន្យារពេលធនាគារ អត់ទាន់មានលុយគ្រប់ ហើយត្រូវខ្ចីគេ ខ្ចីលិច ខ្ចីកើត ឥឡូវខ្ចីឡើងចង់វ័ណ្ឌកអស់មិនទាន់មានលុយសងគេផង»។

តុលាការក្រុងភ្នំពេញកំពុងបើកសវនាការជំនុំជម្រះក្ដីលោក វឿង សំណាង ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជិត ៤០នាក់ បានបីមកហើយ។ តុលាការចោទប្រកាន់ថា សកម្មជននយោបាយរូបនេះ ចូលរួមប្រព្រឹត្តិបទល្មើសរួមគំនិតតាមរយៈការបង្ហោះសកម្មភាពតាមបណ្ដាញសង្គមហ្វេសប៊ុក។ ទោះយ៉ាងណាក្ដី លោក វឿង សំណាង បដិសេធថា ហ្វេសប៊ុកដែលតុលាការយកមកចោទប្រកាន់នោះ មិនមែនរបស់គាត់នោះទេ។ លោកយល់ថា អាចមានជនខិលខូចលួចយករូបថតរបស់លោក ទៅបង្កើតហ្វេសប៊ុកដាក់ឈ្មោះលោក រួចហើយបង្ហោះវាយប្រហាររដ្ឋាភិបាល។
លោកស្រី ទៀង ចិន្តា ប្រាប់ថា កូនស្រី តែងសួររកឪពុក ប៉ុន្តែលោកស្រីលួចសម្រកទឹកភ្នែក និងកុហកកូនស្រីថា ប្ដីលោកស្រីពេលនេះកំពុងធ្វើការ។ លោកស្រីឱ្យដឹងថា ពេលសមត្ថកិច្ចបញ្ជូនប្ដីលោកស្រីមកតុលាការទាំងដៃជាប់ខ្នោះ កូនស្រីលោកស្រីមិនដឹងថា នោះជាខ្នោះទេ ដោយនាងប្រាប់លោកស្រីថា ប៉ាពាក់កងដៃធំណាស់៖ «កូនឆ្ងល់កូនសួរថា ប៉ាធ្វើការជាមួយប៉ូលិស ហើយឃើញប៉ាជាប់ខ្នោះ កូនសួរប៉ាថា ប៉ាប៉ា អាណឹងអីគេ ម៉េចបានប៉ាប៉ា ពាក់កងដៃ អត់ស្គាល់ថា ខ្នោះណឹងអីគេទេ បន្លំទៅថា ប៉ាប៉ាធ្វើការជាមួយប៉ូលិស កូនមកជិតម៉ាក់មកកុំនៅជិតប៉ា ប៉ាប៉ាជាប់រវល់ធ្វើការ។ ទប់ទឹកភ្នែកអត់បានដែរបងពេលកូនសួរត្រង់ថា ប៉ាប៉ាដៃប៉ាប៉ាជាប់អី ប៉ាប៉ាពាក់កងដៃប៉ាប៉ាពកូនអត់រួចទេ»។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង លើកឡើងថា សកម្មជនបក្សប្រឆាំងដែលមានទស្សនៈមិនស្របនឹងរដ្ឋាភិបាល តែងតែត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំទាំងអយុត្តិធម៌។ លោកបន្តថា ការឃុំខ្លួនសកម្មជនបក្សប្រឆាំងទាំងនេះធ្វើឱ្យប៉ះពាល់ជីវភាព និងក្ដីសុខគ្រួសាររបស់គេទាំងមូល។ លោក អេង ឆៃអ៊ាង ថា ទោះពេលនេះគណបក្សសង្គ្រោះជាតិ មិនបានផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសកម្មជន ដែលកំពុងជាប់ឃុំក្ដី ប៉ុន្តែក៏មានពលរដ្ឋខ្មែរនៅក្រៅស្រុកបានឧបត្ថម្ភប្រាក់ដល់សាច់ញាតិអ្នកជាប់ឃុំខ្លះដែរ៖ «គឺអ្នកទាំងអស់ហ្នឹងអត់មានទោសកំហុសអីទេ គាត់គ្រាន់តែបញ្ចេញទស្សនៈបញ្ចេញគំនិតសម្ដែងការគាំទ្រគាំទ្រអ្នកប្រឆាំងដែលមានទស្សនៈមិនស្របនឹងលោក ហ៊ុន សែន ត្រូវបានគេចាប់យកទៅដាក់ឃុំយ៉ាងអយុត្តិធម៌ ហើយការឃុំខ្លួនអ្នកទាំងអស់ហ្នឹងមិនមែនឃុំខ្លួនតែគាត់ម្នាក់ទេ ស្មើនឹងឃុំគ្រួសារគាត់ទាំងមូលព្រោះពួកគាត់ជាអ្នកដែលមានកាតព្វកិច្ចក្នុងការដោះស្រាយជីវភាពគ្រួសារដល់ពេលគាត់ជាប់ឃុំទៅគ្រួសារគាត់ភរិយាគាត់កូនគាត់ជួបការលំបាកមែនទែន។»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សកម្មជនដើរតាមនយោបាយលោក សម រង្ស៊ី ជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយរដ្ឋាភិបាលមិនអាចចូលដល់ដៃតុលាការកិច្ចការតុលាការបានទេ៖ «អត់មានបន្ទោសអ្នកណាទេ គឺបន្ទោសជនដែលពិរុទ្ធឯងព្រោះគាត់ធ្វើអ្នកទទួលផលទទួលផលខ្លួនឯងមិនមែនត្រឹមតែជាប់ពន្ធនាគារទេ រហូតជះឥទ្ធិពលដល់ក្រុមគ្រួសារទៀត»។
ទោះមន្ត្រីបក្សកាន់អំណាចអះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ជាការអនុវត្តច្បាប់ក្ដី ប៉ុន្តែ អង្គការស៊ីវិលជាតិ និងអន្តរជាតិមើលឃើញថា ការចាប់ខ្លួន និងការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងទាំងនេះមានចរិតនយោបាយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត ឃើញថា ចាប់តាំងមានជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងតុលាការបានចោទប្រកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់។ លោកថា រូបភាពចាប់ចងចោទប្រកាន់សកម្មជន មិនមែនជារូបភាពល្អ និងមិនគួរកើតឡើងក្នុងសង្គមខ្មែរនោះទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បារម្ភថា រូបភាពនេះអាចប៉ះពាល់ដល់ផ្លូវចិត្តកូនស្រីរបស់លោក វឿង សំណាង នៅពេលដឹងថា ឪពុករបស់ខ្លួនជាប់ឃុំព្រោះរឿងនយោបាយ៖ «បើយើងពិនិត្យមើលរូបភាពបែបហ្នឹងគាត់ ( កូនស្រីលោក វឿង សំណាង ) នៅក្មេងគាត់អាចមិនដឹងមិនយល់អំពីរឿងទាំងអស់ ប៉ុន្តែបើគាត់ដឹងគាត់យល់ថា ឪពុកគាត់ត្រូវរងការដាក់ទោសទណ្ឌដាក់ពន្ធនាគារក្នុងការចោទប្រកាន់រឿងនយោបាយជាមួយតុលាការទាំងអស់នេះខ្ញុំគិតថា ជាការជិះឥទ្ធិពលទៅការភាពរីកចម្រើនប្រាជ្ញាស្មារតីរបស់ក្មេងដែលត្រូវការការអប់រំត្រូវការភាពកក់ក្ដៅ»។
លោក វឿង សំណាង ជាអ្នកនយោបាយថ្នាក់មូលដ្ឋាន ដ៏សកម្មនិងស្មោះត្រង់ចំពោះឆន្ទៈម្ចាស់ឆ្នោត។ កាលពីឆ្នាំ២០១៣ លោក វឿង សំណាង ដែលនោះ ជាព្រះសង្ឃ បានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កម្មកររោងចក្រ ពេលនេះលោក វឿង សំណាង រួមទាំងកម្មករផ្សេងទៀត ត្រូវកងទ័ពឆ័ត្រយោងវាយបង្ក្រាបយ៉ាងចាស់ដៃ។
នៅឆ្នាំ២០១៧ លោក វឿង សំណាង បានជាប់ឆ្នោតជាចៅសង្កាត់រងទី២ របស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ។ រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង បានបង្ខំចិត្តរត់ភៀសខ្លួនមកប្រទេសថៃ ដើម្បីគេចពីការបង្ខំឱ្យចូលរួមជាមួយគណបក្សកាន់អំណាច។ បួនឆ្នាំក្រោយមក សមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះពីប្រទេសថៃ យកទៅឃុំខ្លួននៅពន្ធនាគារនៅកម្ពុជា កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។