គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅតែ​រក្សា​ជំហរ​ចេញ​តវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​សមាជិក​គ្រួសារ​ពួកគេ

ដោយ សេក បណ្ឌិត
2022.11.30
គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅតែ​រក្សា​ជំហរ​ចេញ​តវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​សមាជិក​គ្រួសារ​ពួកគេ សកម្មភាព​តវ៉ារបស់​ភរិយា​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​ស្នើដោះលែង​សមាជិកគ្រួសារ​ខ្លួន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅតែ​រក្សា​ជំហរ​ចេញ​តវ៉ា​ស្វែងរក​យុត្តិធម៌ ជូន​សមាជិកគ្រួសារ​ពួកគេ ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនទាន់​បង្ហាញ​ឆន្ទៈ​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​មនសិការ មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ក៏ដោយ។ មន្ត្រី​សិទ្ធិមនុស្ស​គាំទ្រ​សកម្មភាព​តស៊ូ​ដោយ​សន្តិវិធី​នេះ ប៉ុន្តែ​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន ពន្លឺយុត្តិធម៌​សម្រាប់​សកម្ម​បក្ស​ប្រឆាំង​អាច​នៅ​វែងឆ្ងាយ។

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​លើកឡើង​ថា ពួកគាត់​ការឈឺចាប់ និង​រស់នៅ​រងទុក្ខ​វេទនា​នៅក្នុង​សង្គម​ដែល​រដ្ឋាភិបាល​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ធ្វើបាប​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ខ្លួន។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​យក​សមាជិក​គ្រួសារ​ពួកគាត់​ធ្វើជា​ចំណាត់​ខ្មាំង​នយោបាយ ហើយ​ងាក​មក​បញ្ចប់​ជម្លោះ​នយោបាយ​ដោយ​សន្តិវិធី ព្រមទាំង​ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ​ឱ្យ​មាន​សេរីភាព​ដើម្បី​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តស្វាយរៀង​ដែល​កំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី រៀបរាប់​ថា លោកស្រី​រស់នៅ​ព្រាត់​ពី​ប្តី​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយសារ​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នកកាន់អំណាច​។ ទន្ទឹម​នឹង​ប្តី​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​មកនេះ លោកស្រី​ឱ្យ​ដឹង​ថា គ្រប់​សកម្មភាព​ដែល​ប្រពន្ធ កូនៗ​សកម្មជន​បក្ស​ប្រឆាំង​ចេញ​តស៊ូ​មតិ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម​ម្តងៗ តែងតែ​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​ទី​សាធារណៈ ហើយ​អាជ្ញាធរ​ពន្ធនាគារ​វិញ​បាន​ចាត់វិធានការ​បំបិទ​សិទ្ធិ​របស់​អ្នកទោស​មនសិការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ពួកគាត់​គួរ​ឱ្យ​ព្រួយបារម្ភ។

លោកស្រី អ៊ុក ចន្ធី សោកស្តាយ​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ខ្វះ​ការ​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​មុន​ការបោះឆ្នោត​តប​តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ​អ្នក​ជាប់ឃុំ និង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ គឺ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃដិន (Joe Biden ) កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​ថា​ទោះបី​រហូត​មក​ដល់ពេល​មិន​ទាន់​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ក៏ដោយ ក៏​ពួក​លោកស្រី​មិនដែល​អស់សង្ឃឹម ឬ​រាថយ​នោះ​ទេ​ក្នុង​ការ​ធ្វើ​សកម្មភាព រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​នៅ​តាម​បណ្តា​ស្ថាប័ន​ជាតិ និង​ស្ថានទូត​នានា​រហូត​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

លោកស្រី អ៊ុក ចន្ធី៖ «សកម្មជន​នយោបាយ​ទាំងអស់​មិនទាន់​ទទួល​បាន​ភាព​យុត្តិធម៌​នៅ​ឡើយ​ទេ ការ​ជាប់ឃុំ​ពួកគាត់​ដោយ​អយុត្តិធម៌​ពីព្រោះ​តុលាការ​កាត់ទោស​ពួកគាត់​ទាំង​គ្មាន​កំហុស​អ្វី​ទាល់​តែ​សោះ គឺជា​ការ​ប្រឌិត មួលបង្កាច់​របស់​តុលាការ ដូច្នេះហើយ​ពួក​ខ្ញុំ​នៅតែ​តវ៉ា នៅតែ​ស៊ូ​ទៅ​មុខ​ទៀត ដើម្បី​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ ក៏​ដូច​សកម្មជន​នយោបាយ​ទាំងអស់»

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពេល​ប្តី​លោកស្រី​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ជា​លើក​ទី​ពីរ​មក លោកស្រី​ត្រូវធ្វើ​ការងារ​រក​ប្រាក់​តែម្នាក់ឯង​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ បង់ថ្លៃ​បន្ទប់​ជួល និង​ត្រូវ​ចិញ្ចឹម​កូនស្រី​រៀន​ថ្នាក់​ទី​៦​ម្នាក់​នៅក្នុង​បន្ទុក ប៉ុន្តែ​លោកស្រី​មិន​បោះបង់ចោល​ការ​ទាមទារ​ភាព​ស្អាតស្អំ​ជូន​ប្តី​ម្តង​ណា​ឡើយ។ លោកស្រី​យល់​ថា ផ្អែក​តាម​ដំណើរការ​សវនាការ​ជាច្រើនលើក​មកនេះ បើសិន​តុលាការ​ពិតជា​បំពេញវិជ្ជា​ជីវៈ​ដោយ​ត្រឹមត្រូវ និង​ឯករាជ្យ គឺ​ប្តី​លោកស្រី និង​សកម្មជន​ផ្សេងទៀត​នឹង​រួច​ផុត​ពី​ការចោទប្រកាន់​នៅ​ថ្ងៃ​ពេល​សវនាការ​ខាងមុខនេះ តែ​លោកស្រី​មិន​សង្ឃឹមថា​តុលាការ​ផ្តល់​យុត្តិធម៌​ឡើយ ពីព្រោះ​សំណុំ​រឿង​នេះ​កើត​ចេញ​ពី​ជម្លោះ​នយោបាយ។

លោកស្រី កុល សាត៖ «តុលាការ​ចាប់​គាត់​ទៅ​ឃុំខ្លួន​ជិត​២​ឆ្នាំ​ហើយ ហើយ​សវនាការ​លើក​ពេល​រហូត សម្រាប់​ខ្ញុំ​ជួប​ការ​លំបាក​ច្រើន ហើយ​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​​ពួកយើង​ខ្ញុំ​ដែល​ជា​អ្នកទោស​មនសិការ​ដោយ​មិនបាន​ធ្វើ​អ្វី​ខុស​សោះ​ដូចជា​ប្តី​ខ្ញុំ និង​អ្នកទោស​មនសិការ​ផ្សេងទៀត​សូម​ដោះលែង​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​មក»

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៦០​នាក់​ទៀត កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ ពួកគាត់​ភាគច្រើន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ​២០២០។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្តាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​២៩ ខែវិច្ឆិកា។

កាល​ពី​ពេល​ថ្មីៗ​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន ជាមួយ​លោក ហ៊ុន សែន ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កន្លង​ទៅ លោក ចូ បៃឌិន បាន​លើក​ឡើង​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លំហ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ទាមទារ​ឱ្យ​បើកចំហ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ និង​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រួម​ទាំង​កញ្ញា សេង ធារី ផង​ដែរ។

ឆ្លើយ​រឿង​នេះ នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្លើយតប​ទៅកាន់​អ្នក​សារព័ត៌មាន លោក ហ៊ុន សែន ធ្វើ​ភ្លេច​អ្វី​ដែល​បាន​ជជែក​ជាមួយ​លោក ចូ បៃឌិន និង​បាន​រុញ​ឱ្យទៅ​សួរ​ស្ថានទូត​សហរដ្ឋអាមេរិក​វិញ​ជុំវិញ​សំណើ​របស់​លោក ចូ បៃដិន នេះ។ បន្ទាប់​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា​ជំនួប​ទ្វេភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) កាលពី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៣ ឡើងវិញ។ ប៉ុន្តែ លោក ហ៊ុន សែន បដិសេធ​ថា មេដឹកនាំ​សហរដ្ឋអាមេរិក​មិន​បាន​ទាមទារ​មាន​ការ​ដោះលែង​អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កញ្ញា សេង ធារី នោះ​ទេ។

ទោះ​យ៉ាងណា សង្គម​ស៊ីវិល​មើល សកម្មជន​សង្គម​ឃើញថា ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​មកដល់ពេលនេះ​រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ណាមួយ​ទាក់ទង​ការ​ដោះលែង​អ្នកទោស​មនសិការ និង​សង្គម​ដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំរឿង​នយោបាយ​នៅឡើយ​ទេ ផ្ទុយ​ទៅវិញ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​រឹតត្បិត និង​បន្ត​គំរាមកំហែង​លើ​អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​មេដឹកនាំ​សហជីព​។ ទន្ទឹម​នឹង​គ្នា​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ខ្វះ​ទំនួល​ខុសត្រូវ ក្នុង​ការ​ឆ្លើយតប​នឹង​សំណើ​របស់​សហគមន៍​ជាតិ​និង​អន្តរជាតិ​ឱ្យ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០២៣។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា គាំទ្រ​ការ​ប្តេជ្ញា​ចិត្ត​តស៊ូ​មតិ និង​បញ្ចេញមតិ​ដោយ​អហិង្សា​ស្របតាម​គោលការណ៍​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌។ លោក​មើល​ឃើញ​ថា បើសិន​ស្ថានភាព​នយោបាយ​មិន​ទាន់​បង្ហាញ​សញ្ញា​វិជ្ជមាន​បែបនេះ ពន្លឺយុត្តិធម៌​សម្រាប់​សកម្ម​បក្ស​ប្រឆាំង​អាច​វែងឆ្ងាយ។ លោក​អំពាវនាវ​ដល់​អ្នក​នយោបាយ​ងាក​មក​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​មុន​ការ​បោះឆ្នោត ដើម្បី​បញ្ចៀស​ការរិះគន់ និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

លោក នី សុខា៖ «ថ្មីៗ​នេះ​ទាំង​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក​តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដូច្នេះ​នេះ​ជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោយ​ធ្វើការ​ឆ្លើយតប​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​ឆ្លើយតប​លក្ខណៈ​វិជ្ជមាន​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​យើង​បាទ»

ដោយឡែក​ករណី​រឹតត្បិត​សិទ្ធិ​អ្នក​ជាប់ឃុំ​នយោបាយ​នៅ​ក្នុង​ពន្ធនាគារ​វិញ កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុង​ដែល​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​៧​ឆ្នាំ​លោក គង់ សំអាន គឺ​កញ្ញា គង់ មុយលី ឱ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ហាមប្រាម​សូម្បីតែ​សាច់ញាតិ និង​មិត្តភក្ដិ ឬ​បងប្អូន​បង្កើត​របស់​អ្នកទោស​មនសិការ​មិន​ឱ្យ​ចូល​សួរសុខទុក្ខ​ឡើយ ដោយ​មន្ត្រី​នៅ​ទីនោះ​លើ​ឡើង​ហេតុផល​ដើម្បី​រក្សា​សន្តិសុខ​។ កញ្ញា​ស្នើ​ដល់​អាជ្ញាធរ​ពន្ធនាគារ​បញ្ឈប់​ការរើសអើង បំបិទ​សិទ្ធិ និង​ដាក់​សម្ពាធ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​តទៅ​ទៀត។

កញ្ញា គង់ មុយលី៖ «ចូលរួម​បានតែ​គ្រួសារ​មានឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ តែ​សាច់ញាតិ បងប្អូន​អត់​បានទេ ចំណែកឯ​អ្នកទោស​ផ្សេង​អត់​មាន​សៀវភៅ​គ្រួសារ​បាន​ចូល​បាន​ម្នាក់ ពី​នាក់ បី​នាក់​អី​ទៅ ហើយ​អាច​ជួបជុំគ្នា​ហូបបាយ​ជុំគ្នា​បាន ចំណែក​ពួកគាត់​(​អ្នក​ជាប់ឃុំ​នយោបាយ​) ដូច​ប៉ា​នាង​ខ្ញុំ​អី​មិនបាន​តែម្តង គាត់​ជា​អ្នកតស៊ូ ជា​គ្រូបង្រៀន​ដែរ​មិន​សម​ណា​ធ្វើ​បែប​នេះ​ដាក់​គាត់ គឺ​អយុត្តិធម៌​ណាស់»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា លើកឡើង​ថា ជន​ជាប់ឃុំ​ដែល​ស្ថិត​ក្រោម​នីតិវិធី ឬ​ត្រួតពិនិត្យ​ដោយ​តុលាការ និង​ប្រព្រឹត្ត​ទោសកំហុស​ធ្ងន់ធ្ងរ អាជ្ញាធរ​ត្រូវ​រឹត​បណ្តឹង​ជាង​ជន​ជាប់ឃុំ​ធម្មតា ដើម្បី​ការពារ​សន្តិសុខ​។ លោក​បន្ត​ថា បើសិន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ឬ​ស្ថាប័ន​ផ្សេងទៀត​មានបំណង​ចូល​សួរសុខទុក្ខ​ជន​ជាប់ឃុំ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ក្រសួងមហាផ្ទៃ ចំណែក​គ្រួសារ​វិញ​ស្ថិត​លើ​ការសម្រេចចិត្ត​អាស្រ័យ​លើ​មន្ត្រី​នៅ​តាម​ពន្ធនាគារ។ ប៉ុន្តែ​លោក នុត សាវនា ជំរុញ​ឱ្យ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ដោះស្រាយ​រឿង​នេះ។

លោក នុត សាវនា៖ «យើង​អត់​មាន​គោលការណ៍​បែងចែក​ជន​ជាប់ឃុំ​ថា ជន​ជាប់ឃុំ​ប្រភេទ​ណា​ធ្វើ​អ៊ីចឹង​ទេ ជួនកាល​នៅ​គោលដៅ​ហ្នឹង​ផ្ទាល់​មន្ត្រី​ពន្ធនាគារ​នៅ​គោលដៅ​ហ្នឹង​ជា​អ្នក​វិនិច្ឆ័យ ឬ​សម្រេច​ផ្ទាល់ តើ​គួរ​ឱ្យ​ជួប​ឬ​មិន​ឱ្យ​ជួប​នោះ ពួកគាត់​(​មន្ត្រី​ពន្ធនាគារ​)​មាន​សិទ្ធិ​សម្រេច​ផ្ទាល់»

ផ្ទុយទៅវិញ មន្ត្រី​សង្គម​ស៊ីវិល​ថា​ជន​ជាប់ឃុំ​គ្រប់រូប​មាន​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ សាច់ញាតិ មិត្តភក្ដិ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ ប៉ុន្តែ​បើសិន​អាជ្ញាធរ​ពន្ធនាគារ​រឹតត្បិត​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ គឺជា​ការរំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។