សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ ពួកគេសុខចិត្តរស់នៅលំបាក ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេអះអាងថា បើទោះបីជាពួកគាត់មានបញ្ហាផ្នែកជីវភាព នឹងប្រឈមអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនឱ្យអាជ្ញាធរកម្ពុជាក្ដីក៏ពួកគេនៅតែបន្តធ្វើនយោបាយដដែល។ មូលហេតុ ដែលសកម្មជនបក្សប្រឆាំងទាំងនេះបន្តក្រាញននៀលភៀសខ្លួននៅប្រទេសថៃ គឺដើម្បីតស៊ូមតិតាមច្បាប់អន្តរជាតិ ឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅថៃ ប្ដេជ្ញាចិត្តតស៊ូធ្វើនយោបាយ ដើម្បីឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ពួកគេបានរត់គេចពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន ដោយចោទប្រកាន់ពួកគេថា បានរួមគំនិតជាមួយលោក សម រង្ស៊ី ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ឲ្យដឹងថា ពេលខ្លះលោកត្រូវលួចទៅធ្វើការ ដើម្បីបានកម្រៃខ្លះ មកចិញ្ចឹមប្រពន្ធ និងកូនបួននាក់ ព្រោះលោកកំពុងរស់នៅក្នុងឋានៈជាជនភៀសខ្លួន មិនអាចរកការងារណាធ្វើឲ្យបានពេញលេញដូចពលករខ្មែរដទៃនោះទេ។ លោកបន្តថា លោកជាជនភៀសខ្លួនរស់នៅដោយការផ្ដល់អាហារបន្តិចបន្តួចពីអង្គការសហប្រជាជាតិ មិនអាចផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃបានទេ។ លោកបញ្ជាក់ថា ទោះបី លោកស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ ក៏លោកនៅតែមិនដកខ្លួនចេញពីឆាកនយោបាយដែរ ព្រោះលោកធ្វើសកម្មភាពទាំងនេះដើម្បីទុកគំរូល្អដល់អ្នកជំនាន់ក្រោយ ក្នុងការចូលរួមតស៊ូ ដើម្បីឱ្យកម្ពុជាមានប្រជាធិបតេយ្យពេញលេញ៖ «ហើយកន្លងទៅដែលខ្ញុំបានចូលទៅធ្វើកិច្ចការខ្លះៗ គឺភាពទ័លច្រកបំផុតដោយសារខ្ញុំអត់មានថវិកាអ្វីទាំងអស់សម្រាប់ចាយវាយ សម្រាប់បង់ថ្លៃបន្ទប់ សម្រាប់កូនចាយហ្នឹងគឺខ្ញុំសុខចិត្តសុំលន់តួសុំគេទៅធ្វើការងារ ដើម្បីលួចធ្វើការងារ ដើម្បីយកមកចិញ្ចឹមឲ្យបានមួយថ្ងៃពីរថ្ងៃហ្នឹងឯង»។
កាលពីថ្ងៃទី១៥ ខែកញ្ញានេះ លោក ដួង ចន្ត្រា និងសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ទៀត ត្រូវជនអនាមិកគំរាមសម្លាប់ ដោយផ្ញើសារចូលក្នុងគណនេយ្យហ្វេសប៊ុករបស់ពួកគាត់។
លោក ដួង ចន្ត្រា រៀបរាប់ថា មូលហេតុដែលមានជនអនាមិកគំរាមសម្លាប់លោក និងសកម្មជនដទៃទៀត ដោយសារពួកគេទាំង៥នាក់ បានបង្ហោះសារក្នុងបណ្ដាញសង្គមឲ្យយុវជន និងពលរដ្ឋងាកមកឈឺឆ្អាលរឿងបញ្ហាប្រទេសជាតិ។ លោកយល់ថា កម្ពុជាកំពុងដើរទៅរករបបផ្ដាច់ការ ព្រោះលោក ហ៊ុន សែន បានកែប្រែរដ្ឋធម្មនុញ្ញត្រួសត្រាយផ្លូវ ដើម្បីងាយស្រួលផ្ទេរតំណែងទៅឲ្យកូនប្រុសច្បងរបស់គាត់។ លោកថា លោកក៏មិនគាំទ្រឲ្យ រដ្ឋាភិបាលកម្ពុជាដាក់ដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យជាតិនោះទេ ព្រោះលោកថា រឿងនេះធ្លាប់មានការខ្វែងគំនិតគ្នាម្ដងហើយ ក្នុងសម័យសង្គមរាស្ត្រនិយម ដោយក្រសួងអប់រំក្នុងសម័យនោះបានប្រកែកមិនឲ្យមានកម្មវិធីសិក្សាភាសាវៀតណាមនៅក្នុងសាលារដ្ឋ៖ «ខ្ញុំនៅតែចិញ្ចឹមចិត្តព្យាយាមតស៊ូ ដើម្បីធ្វើយ៉ាងណាផ្លាស់ប្ដូររបបនៃការដឹកនាំរបស់លោក ហ៊ុន សែន នេះឲ្យបាន ហើយទាមទារឲ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មានការបោះឆ្នោតដោយត្រឹមត្រូវ សេរី យុត្តិធម៌ ដោយពិតប្រាកដនៅកម្ពុជាពេលខាងមុខ»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ដែលភៀសខ្លួននៅថៃ មកពីខេត្តត្បូងឃ្មុំ លោក តាំង សុផុន ប្រាប់ថា លោកមិនបោះបង់ឆន្ទៈក្នុងការធ្វើនយោបាយនោះទេ ព្រោះលោកចង់ឃើញការផ្លាស់ប្ដូររបបដឹកនាំប្រកបដោយតម្លាភាព ហើយប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់រស់នៅដោយសន្តិភាពពិតប្រាកដ។ លោកបន្តថា ការរស់នៅរបស់លោកមានការលំបាកដោយជីវភាពខ្វះខាតហូបចុកមិនគ្រប់គ្រាន់ និងគ្មានសុវត្ថិភាពនោះទេ តែលោកនៅតែមានចិត្តចង់ចូលប្រឡូកក្នុងឆាកនយោបាយដដែល ដើម្បីប្រទេសមានប្រជាធិបតេយ្យ ពលរដ្ឋមានសេចក្ដីសុខ និងការរីកចម្រើនរបស់ប្រទេសជាតិ៖ «ឬថារាសីគាត់អស់ យីអ៊ុនគាត់ដាក់ទៅក្រែងលោគាត់ វាអស់ពីអំណាចទៅ អាហ្នឹងយើងនៅតែប្រឹងបន្តអ៊ីចឹង ទោះបីយើងធ្វើបានប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង សមត្ថភាពយើងជួយជាតិបានប៉ុណ្ណា ជួយប៉ុណ្ណឹង ថាឲ្យបោះបង់អត់បោះបង់ទេ ត្រូវតែព្យាយាមទៅមុខទៀត ត្រូវតែខំ ត្រូវតែជួយ ដូចថាជ្រោមជ្រែងដឹកនាំក្មេងៗក្រោយហ្នឹងឲ្យជួយចូលរួម ដើម្បីកសាងប្រជាធិបតេយ្យឡើងវិញ បន្តទៅអនាគតសម្រាប់កូនចៅជំនាន់ក្រោយ»។
ឆ្លើយតបនឹងការលើកឡើងរបស់សកម្មជនគណបក្សសង្គ្រោះជាតិនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន និយាយបែបឌឺដងថា លោកគាំទ្រនឹងការតស៊ូលំបាករបស់ក្រុមគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួននៅថៃ ហើយមិនព្រមបោះបង់នូវឆន្ទៈធ្វើនយោបាយ។ លោកបន្ថែមថា លោកគោរពទៅតាមការសម្រេចចិត្តរបស់សកម្មជនបក្សប្រឆាំង ដែលនៅតែស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែការដែលសកម្មជនទាំងនោះចោទថា កម្ពុជាមិនទាន់មានសន្តិភាព និងកំពុងឋិតនៅក្រោមរបបផ្ដាច់ការនោះ លោកថា ជារឿងមិនពិតឡើយ ព្រោះលោក សុខ ឥសាន អះអាងថា ប្រជាពលរដ្ឋកំពុងរស់នៅដោយសុខសប្បាយជាមួយរដ្ឋាភិបាល៖ «ការដែលគាត់ទទួលរងការលំបាកនៅបរទេស ប្រទេសជិតខាងហ្នឹងដោយសារគាត់ ចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងមេរបស់ខ្លួន កំពុងរត់គេចខ្លួននៅប្រទេសបារាំងហ្នឹងឯងបាទ។ មិនមែនដោយសាររាជរដ្ឋាភិបាលធ្វើការគាបសង្កត់គាត់ទេ ហើយចុះគេនៅរាប់ ១៧ - ១៦លាននាក់ ដែលរស់នៅក្នុងកម្ពុជាមាននរណាទៅគាបសង្កត់ ដោយសារគេអត់មានចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង អ៊ីចឹងទេគាត់ត្រូវទទួលស្គាល់ការពិត ថា មកពីគាត់ចូលដៃចូលជើងជាមួយក្រុមឧទ្ទាមក្រៅច្បាប់»។
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា លោកស្ងើចសរសើរការលះបង់របស់សកម្មជនបក្សសង្គ្រោះជាតិ រងទុក្ខលំបាកយ៉ាងណាក្ដី ក៏នៅតែប្រកាន់គោលជំហររបស់ខ្លួនដោយមិនក្បត់ឆន្ទៈរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា ការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន មិនមានប្រជាធិបតេយ្យពេញលេញទេ ព្រោះអាជ្ញាធររដ្ឋាភិបាលឯកបក្សនៅតែធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ និងអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល រហូតមានអ្នកខ្លះទ្រាំមិនបានភៀសខ្លួនទៅរស់នៅក្រៅប្រទេស៖ «រដ្ឋាភិបាលផ្ដាច់ការរបស់លោក ហ៊ុន សែន មិនមែនត្រឹមតែបំបិទសិទ្ធិទេ គឺបំពានសិទ្ធិរបស់ពួកគាត់ ដែលជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យទៅទៀត។ បំពានសិទ្ធិហ្នឹងមានន័យថា គ្រាន់តែសិទ្ធិមូលដ្ឋានរបស់ពួកគាត់ក្នុងការបញ្ចេញមតិ ហើយធ្វើសកម្មភាពនៅសមរភូមិនយោបាយកម្ពុជាក៏ត្រូវគេធ្វើទុក្ខបុកម្នេញ រារាំងគ្រប់កាលៈទេសៈទាំងអស់ម្ល៉ោះហើយ ទើបពួកគាត់ចាកចេញពីប្រទេសគេចខ្លួនឲ្យរស់ជីវិត ! រស់ជីវិតទាំងវេទនា»។
បច្ចុប្បន្នមានសកម្មជនគណបក្សនយោបាយ និងសកម្មជនតស៊ូមតិ ប្រមាណ៦០នាក់ កំពុងភៀសខ្លួននៅប្រទេសថៃ ហើយភាគច្រើនពួកគាត់ជួបការលំបាកផ្នែកសេដ្ឋកិច្ច និងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពួកគេអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែតាមយាយីពួកគេមកដល់ប្រទេសថៃព្រោះកន្លងមកពួកគាត់តែងឃើញមនុស្សប្លែកមុខតាមឃ្លាំមើលសកម្មភាពរបស់ពួកគាត់ជាប្រចាំនៅប្រទេសថៃ។ សកម្មជនទាំងនោះ មួយចំនួនបានភៀសខ្លួនទាំងគ្រួសារ និងមួយចំនួនទៀតតែម្នាក់ឯងរស់នៅបែកពីប្រពន្ធកូននៅកម្ពុជា ដោយសារអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញតាមធ្វើទុក្ខបុកម្នេញលើពួកគាត់ ធ្វើឱ្យមិនអាចរស់នៅក្នុងស្រុកបាន។ សកម្មជនទាំងនោះអះអាងថា ពួកគេនៅតែធ្វើសកម្មភាពនយោបាយដឹកនាំក្រុមពលករខ្មែរនៅប្រទេសថៃហ៊ានបញ្ចេញមតិកែលម្អរដ្ឋាភិបាល ដើម្បីឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិប្រកបដោយចិរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។