សកម្មជនបក្សប្រឆាំង នៅតែបន្តធ្វើចលនាកៀរគរពលករនៅក្រៅប្រទេស ដើម្បីឲ្យបន្តគាំទ្រ ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ពួកគេអះអាងថា ផែនការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនទាន់បញ្ចប់នោះទេ ទោះបីជាថ្ងៃ ៩វិច្ឆិកា មិនបានជោគជ័យក៏ដោយ។ ចំណែករបបក្រុងភ្នំពេញនិយាយថា មិនបារម្ភអំពីចលនារបស់សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសនេះទេ។
ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ ប្រកាសថា ពួកគេមិនរាថយ នៅតែរក្សាជំហររឹងមាំ ហើយនៅតែបន្តធ្វើចលនាចុះជួបកៀរគរប្រជាពលករខ្មែរស្ទើររាល់ថ្ងៃ ដើម្បីរង់ចាំអមដំណើរលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញដដែល ដើម្បីបញ្ចប់អំណាចផ្តាច់ការ ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងជួយស្រោចស្រង់ប្រទេសជាតិឲ្យរីកចម្រើនត្រឹមត្រូវ។
សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅថៃ ក្រោយរបបក្រុងភ្នំពេញចាប់ឃុំខ្លួនជាង ៣ឆ្នាំ លោក នាង សុឃុន ប្រាប់អាស៊ីសេរីថា ផែនការវិលចូលកម្ពុជាវិញរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មិនទាន់បញ្ចប់នោះទេ ព្រោះថ្ងៃទី៩ វិច្ឆិកា គ្រាន់តែជាថ្ងៃចាប់ផ្ដើមប៉ុណ្ណោះ។ លោក បន្តថា សកម្មជនបក្សប្រឆាំង នៅតែបែងចែកក្រុមការងារចុះទៅជួបប្រជាពលករខ្មែរតាមគោលដៅរៀងៗ ខ្លួន ដើម្បីឲ្យពួកគេចូលរួមគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅពេលខាងមុខ។ អតីតអ្នកទោសនយោបាយរូបនេះ ពន្យល់ថា មូលហេតុដែលបន្តអន្ទោកអន្ទោលឲ្យពលករគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ ព្រោះដើម្បីស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផង និងដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBAដែលផ្ដល់ប្រយោជន៍ធំធេងជូនប្រជាពលរដ្ឋកម្ពុជា៖ «លោកប្រធាន សម រង្ស៊ី ក៏ដូចថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែឲ្យយុវជន និងសកម្មជនទាំងអស់នៅតែធ្វើសកម្មភាពជួបជុំគ្នា ប្រមូលកម្លាំងគ្នា ដើម្បីត្រៀមចាំដំណើរមាតុភូមិនិវត្តន៍ដដែលក្នុងពេលឆាប់ៗ នេះ » ។
សកម្មជនបក្សប្រឆាំងរូបនេះ បន្តថា ក្នុងពេលចុះជួបពលករមួយកន្លែងៗ គឺមានពលកររាប់រយនាក់ ចូលរួម និងសុទ្ធតែបង្ហាញឆន្ទៈពិតប្រាកដចូលរួមគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ លោក នាង សុឃុន បញ្ជាក់ថា ថ្វីត្បិតផែនការវិលចូលកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា មិនបានជោគជ័យក្តី ប៉ុន្តែក្រុមសកម្មជន និងប្រជាពលករមិនអន់ចិត្តអ្វីឡើយ ព្រោះសុទ្ធបានដឹងថា លោក សម រង្ស៊ី បានព្យាយាមគ្រប់បែបយ៉ាង ដើម្បីចូលប្រទេសកម្ពុជា ប៉ុន្តែ របបក្រុងភ្នំពេញទៅវិញទេ ដែលរារាំងលោក សម រង្ស៊ី៖ «ការជួបជុំនេះ គឺទឹកចិត្តរបស់កម្មករ ពលករ និងយុវជនរបស់យើង នៅតែរឹងមាំ និងមានទឹកចិត្តមុតស្រួច ពុះកញ្ជ្រោលដដែល ដើម្បីរង់ចាំតែថ្នាក់ ដឹកនាំវិលចូលកម្ពុជាវិញ ហើយពួកគាត់នឹងអមដំណើរទៅជាមួយ»។
តំណាងពលករប្រចាំប្រទេសថៃម្នាក់ទៀត លោក មករា វីន ថ្លែងថា ក្រុមពលករនៅប្រទេសថៃភាគច្រើន មិនបាក់ស្មារតី និងមិនអស់សង្ឃឹមទេ។ ផ្ទុយទៅវិញ ពួកគេត្រៀមខ្លួនជាស្រេចរង់ចាំអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ព្រោះពួកគេ ជឿជាក់ថា មានតែវត្តមានមេបក្សប្រឆាំងរូបនេះ ទើបអាចផ្លាស់ប្តូរកម្ពុជាឲ្យរីកចម្រើនត្រឹមត្រូវ និងស្គាល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ៖ «ពួកគាត់នៅតែត្រៀម នៅតែចាំស្ដាប់ថ្នាក់ដឹកនាំ បើថ្នាក់ដឹកនាំចុះទៅថ្ងៃណា ពួកគាត់នឹងចុះទៅថ្ងៃនោះដែរ។ពួកគាត់មិនបោះបង់ចោលទេ ។ពួកគាត់នៅតែ គាំទ្រលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា ជាមនុស្សតែមួយ។ ពលករទាំងអស់ ចង់ឲ្យមានការផ្លាស់ប្ដូរ ចង់ឃើញប្រទេសរបស់ខ្លួនរីកចម្រើន មិនចង់ឃើញក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ចេះតែមានភាពអយុត្តិធម៌មួយកន្លែងហើយ មួយកន្លែងទៀតនោះទេ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក មិនព្រួយបារម្ភ ចំពោះចលនារបស់សកម្មជនបក្សប្រឆាំងនៅប្រទេសនេះទេ។ លោកចោទក្រុមសកម្មជនបក្សប្រឆាំងទាំងនោះថា ជាក្រុមអត់មានការងារធ្វើត្រឹមត្រូវ ហើយការធ្វើសកម្មភាព នយោបាយនៅក្នុងប្រទេសថៃ គឺក្នុងបំណងចង់បានសិទ្ធិជ្រកកោននៅប្រទេសទី៣៖ «ជាសិទ្ធិរបស់គាត់ តែគាត់អាចប្រឈមផ្លូវច្បាប់នៅកន្លែង ដែលគាត់រស់នៅ និងផ្លូវច្បាប់របស់កម្ពុជា តែក្រែងគោលបំណងរបស់គាត់មិនមែននយោបាយទេ គឺគោលបំណងចង់បានប្រទេសទី៣ ដែលគាត់ត្រូវទៅ»។
ទោះយ៉ាងណាក្តី សកម្មជនដែលរត់ភៀសខ្លួននៅប្រទេសថៃ សុទ្ធតែអះអាងថា មូលហេតុដែលបង្ខំ ចិត្តភៀសខ្លួនរស់នៅក្រៅប្រទេស ដោយសារតែរបបក្រុងភ្នំពេញប្លន់តួនាទីមុខ តំណែងរបស់គាត់ និងធ្វើទុក្ខបុកម្នេញគ្រប់យ៉ាង មិនឲ្យពួកគេអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិបានទេ។ ពួកគេបន្តថា ការភៀសខ្លួននៅក្រៅប្រទេស គឺគ្រាន់តែជាយុទ្ធសាស្ត្ររក្សាកម្លាំងសម្រាប់ចូលរួមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា លោក សម រង្ស៊ី នៅតែចិញ្ចឹមចិត្តចង់វិល ចូលកម្ពុជាដដែល ជាពិសេស លោក សម រង្ស៊ី នឹងប្រថុយចូលកម្ពុជានៅពេលស្ថានភាពនយោបាយល្អប្រសើរជាងសព្វថ្ងៃ។ ទន្ទឹមគ្នានេះ លោកមើលឃើញថា សកម្មជន និងពលករ នៅតែមានទឹកចិត្ត ពុះកញ្ជ្រោលចង់ឃើញដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី៖ «ចលនានេះ ក៏មានឥទ្ធិពលខ្លះដែរទៅលើរបបក្រុងភ្នំពេញ ខណៈពេលដែលលោក សម រង្ស៊ី ក្នុងពេលស្ថានភាពនយោបាយប្រែប្រួលប្រសើរណាមួយ គឺគាត់អាចប្រថុយចូលប្រទេសកម្ពុជា»។
ថ្វីដ្បិត លោក សម រង្ស៊ី មិនទាន់សម្រេចផែនការវិលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាក្តី ប៉ុន្តែ លោក សម រង្ស៊ី នៅតែប្រកាសជាបន្តបន្ទាប់ថា លោកនៅតែរក្សាជំហរដឹកនាំពលរដ្ឋខ្មែរវិលចូលប្រទេសកម្ពុជាវិញឲ្យបានក្នុងពេលដីខ្លីខាងមុនេះ និងអំពាវនាវឲ្យអ្នកគាំទ្រតាំងចិត្តឲ្យខ្ពស់ចូលរួមផ្លាស់ប្តូរជាមួយលោក។ លោក សម រង្ស៊ី ប្រកាសថា ថ្ងៃទី៩ វិច្ឆិកា គ្រាន់តែជាថ្ងៃចាប់ផ្ដើមប៉ុណ្ណោះ ហើយផែនការនេះទទួលបានជោគជ័យ ៧០ភាគរយទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។