មន្ត្រីបក្សប្រឆាំងដែលត្រូវបានគ.ជ.បផាកពិន័យរក្សាជំហរមិនបង់ប្រាក់នោះឱ្យទៅគ.ជ.ប
2023.09.16
មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងរក្សាជំហរមិនបង់ប្រាក់ពិន័យដែលគ.ជ.ប សម្រេចផាកពិន័យពួកគេទេ។ ពួកគេរក្សាជំហរ បែបនេះ ក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចេញលិខិតបង្គាប់ឱ្យមេដឹកនាំនិងសកម្មជនគណបក្សប្រឆាំងបង់ប្រាក់ពិន័យម្នាក់ៗចាប់ពី១០លានរៀល ទៅ២០លានរៀល ដោយមិនបញ្ជាក់ហេតុផល។
មេដឹកនាំបក្សប្រឆាំងនិងសកម្មជនគណបក្សនេះដែលត្រូវបានគ.ជ.ប ចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យនោះ ពួកគេសុទ្ធសឹងរស់នៅក្រៅប្រទេស។ អ្នកទាំងនោះរួមមាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រងការពិបាកជាប្រាក់២០លានរៀល ឬជិត៥.០០០(ប្រាំពាន់)ដុល្លារ អនុប្រធានគណបក្សនេះលោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ត្រូវបានគ.ជ.ប បង្គាប់ឱ្យបង់ពិន័យប្រាក់ ១០លានរៀនឬជិត២.៥០០(ពីរពាន់ប្រាំរយ) ក្រៅពីនេះ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះ ក៏ត្រូវបានគ.ជ.ប ពិន័យប្រាក់ម្នាក់ៗ១០លានរៀលផងដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងនិទ្ទេសខ្លួននៅសហរដ្ឋអាមេរិក(U.S.A) សរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែកញ្ញា ថា លោករីករាយក្នុងការបង់ប្រាក់ពិន័យនេះ តែដោយសាររបបត្រកូលហ៊ុន មិនឱ្យ លោកចូលទៅប្រទេសកម្ពុជា ដូច្នេះ ឱ្យអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ចាត់តំណាងរបស់ខ្លួន ទៅទទួលប្រាក់ពិន័យនេះ ពីលោកតាមការគួរនៅសហរដ្ឋអាមេរិក។
ចំណែកពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង(South Korea) និងជាសកម្មជនគណបក្សសង្គ្រោះជាតិ លោក ម៉ាត់ វណ្ណនី ដែលត្រូវបានគ.ជ.ប ផាកពិន័យប្រាក់១០លានរៀលដែរនោះ យល់ថា លិខិតបង្គាប់ឱ្យបង់ប្រាក់របស់គ.ជ.បនេះ មានភាពមិនប្រក្រតី ព្រោះក្នុងលិខិតមិនបានបញ្ជាក់ថា លោកធ្វើអ្វីខុសទៅនឹងបម្រាបរបស់គ.ជ.ប។ ទោះបែបនេះ សកម្មជនគណបក្សប្រឆាំងរូបនេះ ឱ្យវិទ្យុអាស៊ីសេរីដឹងថា កន្លងមកលោកបានបញ្ចេញមតិ និយាយរឿងសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោត។ លោក ម៉ាត់ វណ្ណនី រក្សាជំហរ មិនបង់ប្រាក់ពិន័យនេះទេ ព្រោះលោកអះអាងថា អ្វីដែលលោកនិយាយទាក់ទងការបោះឆ្នោតកន្លងមកជាសេរីភាពបញ្ចេញមតិ មិនមែនជាការប្រព្រឹត្តិបទល្មើសទេ។
លោក ម៉ាត់ វណ្ណនី៖ «យើងបង់ផាកពិន័យលុះត្រាតែយើងទទួលស្គាល់អ្វីដែលយើងបានធ្វើខុស តែបើយើងអត់បានធ្វើខុសទៅនឹងច្បាប់ផង យើងទៅបង់ផាកពិន័យយ៉ាងម៉េច។ សរុបមកវិញគឺខ្ញុំអត់ទៅបង់ទេ ដោយសារតែខ្ញុំយល់ថា អ្វីដែលខ្ញុំហ្នឹងជាទម្រង់សំដែងមតិ អត់មានច្បាប់មកហាមឃាត់មនុស្សមិនឱ្យនិយាយបានទេ ត្រឹមតែនិយាយតែនិយាយគ្មានទោសទេ។ »)
ប្រតិកម្មរបស់មេដឹកនាំនិងសកម្មជនគណបក្សប្រឆាំងពេលនេះ ធ្វើឡើងក្រោយពេល អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានចេញលិខិតបង្គាប់ឱ្យថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រឆាំងជិត៤០រូប រួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ឡុង រី ជាដើមនោះចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឬនៅទីស្ដីការគ.ជ.ប រយៈពេល៣០ថ្ងៃ យ៉ាងយូរបន្ទាប់ពីទទួលបានលិខិតបង្គាប់នេះ។ គ.ជ.ប ក៏ទាមទារប្រាក់ពិន័យនេះពីអ្នកវិភាគនយោបាយ លោក គឹម សុខ និងព្រះសង្ឃ ដូចជាព្រះតេជព្រះគុណ លួន សុវ៉ាត់ ដែរ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងគូសខ្វែងសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតថ្នាក់ជាតិ កាលពីខែកក្កដា ដែលសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
លិខិតរបស់មន្ត្រីជាន់ខ្ពស់គ.ជ.ប លោក ទេព នីថា ចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ក៏ព្រមានដែរថា ក្នុងករណីមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង មិនបង់ប្រាក់ពិន័យតាមកាលកំណត់គ.ជ.ប និងអនុវត្តតាមនីតិវិធីទាមទារប្រាក់ពិន័យដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា១៦៦។
ជុំវិញការចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យនេះ លោក ទេព នីថា សុំមិនបកស្រាយទេ ដោយលោកជំរុញឱ្យសុំការបញ្ជាក់ពីអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា។
លោក ទេព នីថា៖ «ខ្ញុំគ្រាន់តែគ្រាន់តែស៊ីញ៉េ(ចុះហត្ថលេខា)ជាឯកសាររដ្ឋបាលទេបាទ។ ខ្ញុំគ្រាន់តែជាអ្នករដ្ឋបាលស៊ីញេចេញទេបាទ»។
ទាក់ទងរឿងនេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថានិចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា តាមនីតិវិធីមុនពេល គ.ជ.ប ចេញសេចក្ដីសម្រេចពិន័យដូច្នេះ គ.ជ.ប ត្រូវបើកសវនាការជំនុំជម្រះ ជាមុនសិន តែអ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះ មិនបានដឹងច្បាស់ថា គ.ជ.ប បានជំនុំជម្រះលើសំណុំរឿងនៅពេលណានោះទេ។ ទោះបែបនេះ លោក លោក សំ គន្ធាមី យល់ថា គ.ជ.ប មិនគួរចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យនេះទេ។ លោកបន្តថា គ.ជ.ប គួរតែមានការព្រមានជាមុនសិន ហើយប្រសិនបើ បុគ្គលទាំងនោះមិនរាងចាលទើបគ.ជ.ប សម្រេចធ្វើការផាកពិន័យ។
លោក សំ គន្ធាមី៖ «ធ្វើការពិន័យទាំងអស់ហ្នឹងមិនគួរពិន័យទេ បើសិនជាធ្វើការជំនុំជម្រះកំបាំងមុខហ្នឹងក៏ព្រមានទៅណាគ្រាន់តែថា ឱ្យបញ្ឈប់សកម្មភាពហ្នឹងខុសច្បាប់អ៊ីចឹងណាតាមគ.ជ.ប មាត្រាតាមច្បាប់បោះឆ្នោតអីហ្នឹងណា»។
វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺរឿងនេះបន្ថែមពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃទី១៦ ខែកញ្ញា។ កាលពីអំឡុងនៃការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដែលជាការបោះឆ្នោតហាមឃាត់មិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនោះ មេដឹកនាំនិងសកម្មជនគណបក្សប្រឆាំង បានធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកប្រាប់ទៅពលរដ្ឋថា ការទៅបោះឆ្នោត ឬមិនបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋហើយពលរដ្ឋមិនរងការបង្ខំឱ្យទៅបោះឆ្នោតតែគ្មានគណបក្សដែលខ្លួនពេញចិត្តពួកគេអាចគូសខ្វែងលើសន្លឹកឆ្នោតនោះចោល។ ទោះជាយ៉ាងណា ដោយសារមានការស្រែកបញ្ជាពីលោក ហ៊ុន សែន នោះ ស្ថាប័ន គ.ជ.ប ដែលរងការរិះគន់ថា ជាឧបករណ៍របស់បក្សកាន់អំណាច បានចាត់វិធានការភ្លាមៗ ដោយបង្វែរសាច់រឿងបញ្ចេញមតិរបស់ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងនេះ ទៅជារឿងខុសច្បាប់ ហើយទាមទារឱ្យបង់ប្រាក់ពិន័យតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។