សកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដើរបញ្ច្រាស់ទិសដៅអាស៊ាន ដើម្បីធ្វើនយោបាយប្រជាភិថុតិឲ្យអន្តរជាតិទទួលស្គាល់ភាពស្របច្បាប់របស់របបសឹកនៅភូមា ឬ មីយ៉ាន់ម៉ា (Myanmar)។ អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនត្រឹមតែមិនអាចបញ្ចុះបញ្ចូលអន្តរជាតិបានទេ ថែមទាំងរងការអាម៉ាស់សម្រាប់ខ្លួនឯងបន្ថែមទៀត។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបែបនេះ ធ្វើឡើងចំពេលដែលលោក ហ៊ុន សែន កំពុងព្យាយាមបញ្ចុះបញ្ចូលជាថ្មីទៀត ដោយម្តងនេះឲ្យប្រទេសជប៉ុន ផ្ដល់ការគាំទ្រដល់ជំហរឯកតោភាគីរបស់លោកក្នុងរឿងភូមានេះ។
ប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនលោក ហៃ វណ្ណា មើលឃើញថា លោក ហ៊ុន សែន កំពុងរងភាពអាម៉ាស់ខ្លាំង ក្រោយពេលលោកបរាជ័យទាំងស្រុង ក្នុងការធ្វើសកម្មភាពងាកទៅគាំទ្រមេដឹកនាំផ្ដាច់ការភូមា ដោយដើរបញ្ច្រាស់ទិសដៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ។
លោក ហៃ វណ្ណា បន្តថា ការសន្យាបទឈប់បាញ់ ឬការសន្យាទៅជួបចរចាគ្រប់ភាគីពាក់ព័ន្ធនោះ គ្រាន់តែជានយោបាយប្រជាភិថុតិជួយការពាររបបសឹកភូមាប៉ុណ្ណោះ ព្រោះថាជាក់ស្ដែងលោក ហ៊ុន សែន បានចរចាតែជាមួយភាគីមេដឹកនាំរបបសឹកភូមាតែមួយគត់ ខណៈ លោក ហ៊ុន សែន។ ប៉ុន្តែលោកមិនបានធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀតឡើយ៖ « អ្វីដែលលោក ហ៊ុន សែន បាននិយាយហ្នឹងវាបំផ្លើសទាំងអស់ មិនមានអ្វីជាការពិតទេ ហើយយើងមើលឃើញថា របបផ្ដាច់ការដែលដឹកនាំដោយ មីង អ៊ុងលាំង ហ្នឹង វាមិនព្រមធ្វើអ្វីទៅតាមការចង់បានរបស់សមាជិកអាស៊ាន ដែលគេបានសម្រេច៥ចំណុចហ្នឹងទេ។ អ៊ីចឹង ! គ្មានចំណុចមួយណា ដែលត្រូវបានអនុវត្តបានទេ»។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ មករា ដោយលើកសរសើរអំពីទស្សនៈកិច្ចរបស់លោកទៅប្រទេសភូមាថា ទទួលបានលទ្ធផលជាច្រើនចំណុច។
លោក ហ៊ុន សែន ក៏បានណែនាំរដ្ឋមន្ត្រីការបរទេស ដែលជាប្រសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន ឲ្យប្រឹងប្រែងរកកិច្ចការសម្របសម្រួលជាមួយអាស៊ាន ដើម្បីអនុវត្តបទឈប់បាញ់នៅភូមា។ លោក ក៏បានស្នើសុំប្រទេសជប៉ុន ផ្តល់ការគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅប្រទេសនេះផងដែរ។ តែយ៉ាងណាលោក ហ៊ុន សែន អះអាងថា វិបត្តិនៅភូមា នឹងមិនអាចបិទបញ្ចប់ត្រឹមពេលកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ានទេ « យើងឈានទៅ និយាយទៅដល់បញ្ហាបញ្ឈប់រាល់អំពើហិង្សា បន្ថែមទៅដោយពាក្យឈប់បាញ់ ព្រោះមានការបាញ់គ្នា។ អ៊ីចឹងទេ ដើម្បីឲ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទី ហើយតួនាទីនេះ ដែលពីមុននេះ គេមិនអាចរកបាន។ ប៉ុន្តែឥឡូវអាស៊ានអាចរកបានហើយ ដែលអាស៊ានមានតួនាទី ចូលទៅធ្វើការសម្របសម្រួលនៃភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់»។
នៅក្នុងដំណើរទស្សនៈកិច្ចដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំរដ្ឋប្រហារភូមាលោក មីន អងលាំង (Min Aung Hlaing) កាលពីថ្ងៃទី០៧ និង០៨ មករា លោក ហ៊ុន សែន មិនបានទៅជួបភាគីពាក់ព័ន្ធផ្សេង ក្រៅពីការនិយាយគ្នាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល១ឆ្នាំ និងភាគីក្រុមមេដឹកនាំរដ្ឋប្រហារនៃរបបសឹកភូមា ការសន្យាឲ្យប្រសិតពិសេសអាស៊ានជួបសន្ទនាភាគីពាក់ព័ន្ធ ការផ្ដល់ជំនួយមនុស្សធម៌ និងការរាប់អានគ្នាជាបងប្អូនធម៌រវាង លោក ហ៊ុន សែន និង លោក មីង អ៊ុងលាំង។
ប៉ុន្តែបទឈប់បាញ់នេះ មិនអាចទៅរួចទេ។ ក្រោយមេដឹកនាំរបបសឹកភូមាសន្យាបទឈប់បាញ់ជាមួយលោក ហ៊ុន សែន បានត្រឹមមួយថ្ងៃ គឺនៅថ្ងៃទី០៨ ខែ មករា របបសឹកភូមា បានប្រើឧទ្ធម្ភាគចក្របាញ់គ្រាប់មីស៊ីលទៅលើក្រុងឡយក(Loikaw) រដ្ឋកាយ៉ា(Kayah) ដោយបញ្ជាក់ហេតុផលថា មានកងទ័ពរបស់ជនជាតិភាគតិចការ៉ែន (KNDF) កំពុងលាក់ខ្លួននៅទីនោះ។ ការវាយប្រហារតាមផ្លូវអាកាសនេះ កើតឡើងតាំងពីម៉ោង២រសៀល ដល់ម៉ោង៧យប់ថ្ងៃទី៩ ខែមករា ដែលទង្វើនេះផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងលោក ហ៊ុន សែន និងលោក មីន អងលាំង។
អ្នកឃ្លាំមើល មិនរំពឹងថា ដំណើរបញ្ច្រាស់ទិសរបស់លោក ហ៊ុន សែន អាចដោះស្រាយវិបត្តិផ្ទៃក្នុងនៅភូមាបានឡើយ។ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត យល់ថា លោក ហ៊ុន សែន មិនទាន់អាចដោះស្រាយវិបត្តិផ្ទៃក្នុងនៅកម្ពុជាបានផង កុំថាឡើយមានសមត្ថភាព ដល់ទៅដោះស្រាយវិបត្តិជម្លោះផ្ទៃក្នុងនៅប្រទេសភូមានោះ។ លោកបន្តថា ចេតនារបស់លោក ហ៊ុន សែន គឺគ្រាន់តែចង់បញ្ចុះបញ្ចូលឲ្យអាស៊ាន និងសហគមន៍អន្តរជាតិ សម្របខ្លួនទៅទទួលស្គាល់របបសឹកភូមាប៉ុណ្ណោះ។ តែយ៉ាងណា លោកថា ផែនការនេះ នឹងមិនបានសម្រេចទេ« លទ្ធផលគាត់ គឺសូន្យ។ វាផ្ទុយស្រឡះពីយន្តការរបស់អាស៊ាន ត្រូវដោះស្រាយបញ្ហាភូមា ហើយគាត់ប្រើប្រាស់យន្តការអាស៊ានហ្នឹង វានាំឲ្យប្រទេសទាំងអស់នៅក្នុងនៅក្នុងអាស៊ានហ្នឹង គឺវាបែកបាក់ខ្វែងគំនិតគ្នា ហើយពិបាកដោះជាងបញ្ហាភូមាទៀត ចម្រូងចម្រះ ហើយលោក ហ៊ុន សែន គ្មានធ្វើអ្វីបានទេ។ គាត់យកបញ្ហាអាស៊ាននេះ និយាយឲ្យខ្លីទៅគឺ គាត់ទៅនេះ គាត់អត់មានស្ដាប់នរណាទាំងអស់ ក្នុងប្រទេសចំណោមអាស៊ានហ្នឹង»។
អាស៊ានបានដាក់លក្ខខណ្ឌគោលការណ៍ ៥ចំណុច ឲ្យរបបសឹកភូមាអនុវត្ត គឺទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ទី២៖ ចាប់ផ្ដើមសន្ទនាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ច នៅប្រទេសភូមា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ទោះជាយ៉ាងណា មេដឹកនាំរដ្ឋប្រហារយោធាភូមា លោកមីន អងលាំង មិនអនុវត្តតាមនោះទេ។ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ មានពលរដ្ឋភូមាជាង មួយពាន់បួនរយ (១.៤០០) នាក់ត្រូវបានគេសម្លាប់ ក្នុងនោះរួមទាំងកុមារយ៉ាងហោចណាស់១០០នាក់ផងដែរ និងមានមនុស្សយ៉ាងហោចណាស់ជាង ៣០ នាក់ត្រូវពួកយោធាដុតសម្លាប់ទាំងរស់។ ក្រៅពីនេះមានមនុស្សជាង មួយម៉ឺនមួយពាន់ (១១.៣០០)នាក់ ត្រូវបានចាប់ខ្លួន។ មនុស្សជាច្រើនរត់ចោលផ្ទះសម្បែង ដោយសារការបាញ់ប្រហារពីកងកម្លាំងសន្តិសុខ និងយោធាក្រោមបញ្ជាការរបស់មេយោរដ្ឋប្រហារលោកមីន អ៊ុងលាំង។ ក្រុមអង្គការសង្គមស៊ីវិល កំពុងដាក់ពាក្យប្ដឹងលោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយទទូចឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ (Hague) ឱ្យបើកការស៊ើបអង្កេតជាបន្ទាន់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏កំពុងធ្វើយុទ្ធនាការ ទាមទារឲ្យតុលាការអន្តរជាតិនេះ កាត់ទោសមេរដ្ឋប្រហារយោធានេះ ពីបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។