មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា កម្ពុជា​អាច​មាន​វាសនា​មិន​ខុស​ពី​ប្រទេស​ស្រីលង្កា

ដោយ យ៉ង ចាន់តារា
2022.07.15
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា កម្ពុជា​អាច​មាន​វាសនា​មិន​ខុស​ពី​ប្រទេស​ស្រីលង្កា ក្រុមបាតុករបានសម្រុកចូលកាន់កាប់ភូមិគ្រឹះ និងអគារការិយាល័យរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។
រូប៖ AFP

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ព្រមាន​ថា បើ​កម្ពុជា​នៅ​តែ​អនុវត្ត​គោល​នយោបាយ​មិន​អព្យាក្រឹត្យ ហើយ​បន្ត​ខ្ចី​បុល​ពី​ចិន​ដោយ​មិន​ខ្វាយខ្វល់​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស នោះ កម្ពុជា​អាច​នឹង​មាន​វាសនា​មិន​ខុស​ពី​ប្រទេស​ស្រីលង្កា ដែល​កំពុង​ផុង​ខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ អ្នកឃ្លាំមើល លើក​ឡើង​ថា ប្រាក់​កម្ចី​របស់​ចិន ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដ៏​ច្រើន​លើសលប់​កន្លង​មក​នេះ គឺ​ភាគ​ច្រើន​ជា​ប្រភេទ​ជំនួយ​បែប​ហុត​ទឹក​សម្លឹង​កាក ដែល​អាច​ឱ្យ​កម្ពុជា​ជាប់​អន្ទាក់​បំណុល​ចិន​វ័ណ្ឌ​ក​ដក​ខ្លួន​មិន​រួច។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ លើក​ឡើង​ថា កម្ពុជា​អាច​ជា​គោលដៅ​បន្ទាប់​ពី​ប្រទេស​ស្រីលង្កា​រឿង​ជាប់​អន្ទាក់​បំណុល​ចិន​វ័ណ្ឌ​ក ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បន្ត​ឱប​ក្រសោប​ប្រទេស​ចិន​កុម្មុយនិស្ត និង​ខ្ចី​ប្រាក់​កម្ចី​បុល​ពី​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ ពួក​គាត់​មើល​ឃើញ​ថា ប្រាក់​កម្ចី​របស់​ចិន​ផ្តល់​ឱ្យ​កម្ពុជា​ជា​បន្ត​បន្ទាប់​នេះ ចិន​មិន​បាន​ភ្ជាប់​លក្ខខណ្ឌ​ស្មុគស្មាញ​ទាក់ទង​នឹង​អភិបាលកិច្ច​ល្អ និង​ការ​គោរព​សិទ្ធិមនុស្ស​ដូច​ប្រទេស​បស្ចិម​លោក​ឡើយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​ប្រាក់​កម្ចី​ពី​ចិន ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​កន្លង​មក​នេះ​គ្មាន​តម្លាភាព និង​គណនេយ្យ​ឡើយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន លើក​ឡើង​ថា ការណ៍​ដែល​ចិន​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​កម្ពុជា ដោយ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ច្រើន​បែប​នេះ ក្នុង​គោល​បំណង​ចង់​បាន​កម្ពុជា ដើម្បី​គាំទ្រ​ខ្លួន​រឿង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ លើស​ពី​នេះ លោក​យល់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន ប្រឹងប្រែង​បង្កើត​ទំនាក់ទំនង​ជាមួយ​ចិន​ជាបន្តបន្ទាប់​មក​នេះ គឺ​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ លោក​មើល​ឃើញ​ថា ប្រាក់​កម្ចី ដែល​កម្ពុជា​ខ្ចី​ចិន​ជា​ហូរហែ​មក​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន មិន​បាន​ធ្វើ​យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​បាន​ពេញលេញ​នោះ​ដែរ ពីព្រោះ​លោក​ថា មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ក្នុង​ជួរ​របប​ឯក​បក្ស​នេះ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ៖ «ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​ច្រើន​ រ៉ែ​ ត្បួង​ មាស​ ប្រេង​កាត។ ក៏​ប៉ុន្តែ​របប​លោក ហ៊ុន​សែន​ គឺ​កញ្ជើ​ធ្លុះ​តែ​ម្ដង​មិន​ចេះ​ប្រើ​ធនធាន​ទាំង​អស់​ហ្នឹង​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ អាង​អី​ដើរ​ខ្ចី​លុយ​គេ។ មន្ត្រី​របស់​គាត់​ហ្នឹង​ប្រព្រឹត្ត​អំពី​ពុក​រលួយ ​ហ៊ឺហា ​មាន​វីឡា ​ឡាន​ រាប់​ភ្លេច​ដឹង​ថា​ខ្ចី​លុយ​គេ​មិន​គិត​ចំណូល​រក​ខ្លួនឯង​ទេ។​អ៊ីចឹង​ប្រទេស​កម្ពុជា​នឹង​មាន​វាសនា​មិន​ខុសពី​ប្រទេស​ស្រី​លង្កា​ទេ ហើយ​នឹង​មាន​បាតុកម្ម​ទម្លាក់​លោក​ហ៊ុន សែន»

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បន្ត​ខ្ចី​បុល​បរទេស​ ជា​ពិសេស ពី​ប្រទេស​ចិន​ដោយ​មិន​មាន​គោល​នយោបាយ​ច្បាស់លាស់ នោះ​បំណុល ដែល​កម្ពុជា​ជំពាក់​បរទេស​នឹង​បន្ត​កើន​ឡើង ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ក្រោយៗ ទៀត។ លោក​ជឿជាក់​ថា បើ​លោក ហ៊ុន សែន បន្ត​ងាក​ទៅ​រក​ចិន​ខ្លាំង​កាន់​ទៀត​នោះ ទំហំ​ពាណិជ្ជកម្ម​ក្នុង​ការ​នាំ​ចេញ​ផលិត​របស់​កម្ពុជា​ទៅ​កាន់​សហគមន៍​អឺរ៉ុប (EU) កាន់តែ​រួម​តូច​ចង្អៀត។ លោក​ថា ករណី​នេះ​កម្ពុជា​អាច​ប្រឈម​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​អត់​ឃ្លាន និង​មាន​ការ​តវ៉ា​ដូច​ប្រជាជន​ប្រទេស​ស្រីលង្កា​ដែរ។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា ប្រាក់​កម្ចី​ចិន​ផ្តល់​ឱ្យ​កម្ពុជា​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​គោរពកិច្ច​ល្អ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ខ្ចីបុល​ពី​ចិន​កាន់​តែ​ច្រើន​លើសលប់ ចិន​ក៏​អាច​ឆ្លៀត​ឱកាស​ជា​ថ្នូរ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល តាម​រយៈ​លួច​គ្រប់គ្រង​កំពង់ផែ​សមុទ្រ​រាម​ក្នុង​ខេត្តព្រះសីហនុ​ដោយ​សម្ងាត់។ ក្រៅ​ពី​នេះ លោក គឹម សុខថា បើ​លោក ហ៊ុន សែន នៅ​តែ​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​គ្រួសារ​និយម មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ជា​ពិសេស គួប​ផ្សំ​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​សេរី​ទៀត​នោះ កម្ពុជា​នឹង​អាច​ផុង​ខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ «បំណុល​ខ្ចី​ចិន​កន្លង​មក ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង​ ហាក់​ដូច​ជា​មាន​ការ​លាក់បាំង ​មាន​ការ​លាក់លៀម ​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ជាដើម។ ជាពិសេស​យើង​កត់​សម្គាល់​ឃើញ​ជំនួយ​របស់​ចិន​សាងសង​ហើយ​ ផ្លូវ​អី​ជាដើម​មិន​បាន​រក្សា​នូវ​គុណភាព​ប្រើប្រាស់​បាន​យូរ​ទេ​ គ្រាន់​តែ​សាងសង់​ចាក់គ្រឹះ​ខាងមុខ​ហ្នឹង​ខាងក្រោយ​ខូច​ក៏​មាន​ដែរ។ អ៊ីចឹង​ជា​បញ្ហា​មួយ​ប្រឈម​ដែល​ពលរដ្ឋ​កម្ពុជា​គួរតែ​បារម្ភ​ហើយ​គួរតែ​ឈឺឆ្អាល​ទាំងអស់​គ្នា​ដែរ» »

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២០ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ជាង ៩ពាន់ ៦រយ​លាន​ដុល្លារ (.៦០១,៩៣ លាន​ដុល្លារ)។ ក្នុង​នោះ​ បំណុល​ស្ទើរតែ​ជិត​ពាក់​កណ្ដាល ឬ​ប្រមាណ​ជាង ៤៦% (៤៦,៦៧%) ជា​បំណុល​ដែល​រដ្ឋ​ជំពាក់​ចិន។

វិទ្យុ​អាស៊ី​សេរី​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ កក្កដា។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ផៃ ស៊ីផាន តែងតែ​លើក​ឡើង​ថា កម្ពុជា​បាន​គិតគូរ​ល្អិតល្អន់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន និង​ប្រទេស​ជា​មិត្ត​ផ្សេងៗ ទៀត។

ទាក់ទង​នឹង​បំណុល​ចិន​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែឧសភា ឆ្នាំ២០២១ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី «អនាគត​របស់​អាស៊ី» ថា ចិន​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន។ ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ថា បើ​មិន​ឱ្យ​លោក​ពឹង​ចិន តើ​ឱ្យ​លោក​ពឹង​អ្នក​ណា។ ក្រៅ​ពី​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា តែងតែ​អះអាង​ថា កម្ចី​របស់​ចិន​ផ្តល់​ឱ្យ​កម្ពុជា​គោល​បំណង​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ ក្នុង​គោលដៅ​រក្សា​សន្តិភាព និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ក្នុង​នាម​ជា​មិត្ត​ដែកថែប​នៃ​ប្រទេស​ទាំង​ពីរ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណរា កត់​សម្គាល់​ឃើញ​ថា ជំនួយ​របស់​ចិន​នានា ជា​ពិសេស ផ្ដោត​លើ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​កម្ពុជា មិន​បាន​បង្ហាញ​ពី​តម្លាភាព​ពេញលេញ និង​ប្រសិទ្ធភាព​នៃ​សំណង​ទាំង​នោះ​ឡើយ។ លោក​ថា បញ្ហា​ទាំង​នេះ ប្រជាពលរដ្ឋ​គួរ​តែ​មាន​ការ​ឈឺ​ឆ្អាល​ខ្វាយខ្វល់​ក្នុង​ការ​បញ្ចេញ​ជា​ទស្សនៈ​យោបល់​ទៅ​កាន់​រដ្ឋាភិបាល ឱ្យ​មាន​ការ​គ្រប់គ្រង​បំណុល​បរទេស​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​នេះ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​អន្ទាក់​បំណុល​ចិន ដែល​អាច​កើត​មាន​ឡើង​ដូច​ប្រទេស​ស្រីលង្កា ដោយសារ​តែ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «បំណុល​ខ្ចី​ចិន​កន្លង​មក ​យក​មក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហ្នឹង​ ហាក់​ដូច​ជា​មាន​ការ​លាក់បាំង ​មាន​ការ​លាក់លៀម ​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ជាដើម។ ជាពិសេស​យើង​កត់​សម្គាល់​ឃើញ​ជំនួយ​របស់​ចិន​សាងសង់​ហើយ​ ផ្លូវ​អី​ជាដើម​មិន​បាន​រក្សា​នូវ​គុណភាព​ប្រើប្រាស់​បាន​យូរ​ទេ​ គ្រាន់​តែ​សាងសង់​ចាក់គ្រឹះ​ខាងមុខ​ហ្នឹង​ខាងក្រោយ​ខូច​ក៏​មាន​ដែរ។ អ៊ីចឹង​ជា​បញ្ហា​មួយ​ប្រឈម​ដែល​ពលរដ្ឋ​កម្ពុជា​គួរតែ​បារម្ភ​ហើយ​គួរតែ​ឈឺឆ្អាល​ទាំងអស់​គ្នា​ដែរ»

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ធ្លាប់​វាយតម្លៃ​ថា កម្ពុជា​នៅ​មិនទាន់​ឈាន​ដល់​កម្រិត​ប្រកាស​ហានិភ័យ​ដោយសារតែ​កម្ចី​បរទេស​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ បង្ហាញ​ពី​ក្តី​បារម្ភ​ថា បំណុល​ទាំងនេះ​ភាគច្រើន​ប្រមូល​ផ្ដុំ​តែ​ទៅលើ​តែ​ម្ចាស់បំណុល​ចិន​តែមួយ​។ ពួកគេ​ពន្យល់​ថា ការដែល​កម្ពុជា​ប្រមូល​ផ្តុំ​កម្ចី​របស់​ចិន​តែ​មួយ​នេះ ​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ទៅ​ឱ្យ​ប្រទេស​ចិន​ក្នុង​ករណី​កម្ពុជា​មិន​អាច​រើខ្លួន​សងបំណុល​ចិន​រួច៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។