មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគព្រមានថា បើកម្ពុជានៅតែអនុវត្តគោលនយោបាយមិនអព្យាក្រឹត្យ ហើយបន្តខ្ចីបុលពីចិនដោយមិនខ្វាយខ្វល់ការភ្ជាប់លក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស នោះ កម្ពុជាអាចនឹងមានវាសនាមិនខុសពីប្រទេសស្រីលង្កា ដែលកំពុងផុងខ្លួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកឃ្លាំមើល លើកឡើងថា ប្រាក់កម្ចីរបស់ចិន ដែលបានផ្តល់ឱ្យកម្ពុជាដ៏ច្រើនលើសលប់កន្លងមកនេះ គឺភាគច្រើនជាប្រភេទជំនួយបែបហុតទឹកសម្លឹងកាក ដែលអាចឱ្យកម្ពុជាជាប់អន្ទាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគ លើកឡើងថា កម្ពុជាអាចជាគោលដៅបន្ទាប់ពីប្រទេសស្រីលង្ការឿងជាប់អន្ទាក់បំណុលចិនវ័ណ្ឌក ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តឱបក្រសោបប្រទេសចិនកុម្មុយនិស្ត និងខ្ចីប្រាក់កម្ចីបុលពីចិនដ៏ច្រើនសន្ធឹកសន្ធាប់។ ពួកគាត់មើលឃើញថា ប្រាក់កម្ចីរបស់ចិនផ្តល់ឱ្យកម្ពុជាជាបន្តបន្ទាប់នេះ ចិនមិនបានភ្ជាប់លក្ខខណ្ឌស្មុគស្មាញទាក់ទងនឹងអភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្សដូចប្រទេសបស្ចិមលោកឡើយ ដែលធ្វើឱ្យកម្ពុជាទទួលប្រាក់កម្ចីពីចិន ដើម្បីអភិវឌ្ឍប្រទេសជាតិកន្លងមកនេះគ្មានតម្លាភាព និងគណនេយ្យឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខេត្តសៀមរាប លោក អ៊ុំ សំអាន លើកឡើងថា ការណ៍ដែលចិនផ្តល់ប្រាក់កម្ចីឱ្យកម្ពុជា ដោយគ្មានភ្ជាប់លក្ខខណ្ឌច្រើនបែបនេះ ក្នុងគោលបំណងចង់បានកម្ពុជា ដើម្បីគាំទ្រខ្លួនរឿងជម្លោះដែនសមុទ្រចិនខាងត្បូង។ លើសពីនេះ លោកយល់ថា រដ្ឋាភិបាល លោក ហ៊ុន សែន ប្រឹងប្រែងបង្កើតទំនាក់ទំនងជាមួយចិនជាបន្តបន្ទាប់មកនេះ គឺដើម្បីការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ បន្ថែមពីនេះ លោកមើលឃើញថា ប្រាក់កម្ចី ដែលកម្ពុជាខ្ចីចិនជាហូរហែមកនេះ រដ្ឋាភិបាល លោក ហ៊ុន សែន មិនបានធ្វើយកមកអភិវឌ្ឍប្រទេសជាតិឱ្យបានពេញលេញនោះដែរ ពីព្រោះលោកថា មន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួររបបឯកបក្សនេះ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ៖ « ប្រទេសកម្ពុជា ជាប្រទេសដែលមានធនធានធម្មជាតិច្រើន រ៉ែ ត្បួង មាស ប្រេងកាត។ ក៏ប៉ុន្តែរបបលោក ហ៊ុនសែន គឺកញ្ជើធ្លុះតែម្ដងមិនចេះប្រើធនធានទាំងអស់ហ្នឹង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ អាងអីដើរខ្ចីលុយគេ។ មន្ត្រីរបស់គាត់ហ្នឹងប្រព្រឹត្តអំពីពុករលួយ ហ៊ឺហា មានវីឡា ឡាន រាប់ភ្លេចដឹងថាខ្ចីលុយគេមិនគិតចំណូលរកខ្លួនឯងទេ។អ៊ីចឹងប្រទេសកម្ពុជានឹងមានវាសនាមិនខុសពីប្រទេសស្រីលង្កាទេ ហើយនឹងមានបាតុកម្មទម្លាក់លោកហ៊ុន សែន » ។
លោក អ៊ុំ សំអាន បន្ថែមទៀតថា បើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តខ្ចីបុលបរទេស ជាពិសេស ពីប្រទេសចិនដោយមិនមានគោលនយោបាយច្បាស់លាស់ នោះបំណុល ដែលកម្ពុជាជំពាក់បរទេសនឹងបន្តកើនឡើង ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្រោយៗ ទៀត។ លោកជឿជាក់ថា បើលោក ហ៊ុន សែន បន្តងាកទៅរកចិនខ្លាំងកាន់ទៀតនោះ ទំហំពាណិជ្ជកម្មក្នុងការនាំចេញផលិតរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុប (EU) កាន់តែរួមតូចចង្អៀត។ លោកថា ករណីនេះកម្ពុជាអាចប្រឈមជួបបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការអត់ឃ្លាន និងមានការតវ៉ាដូចប្រជាជនប្រទេសស្រីលង្កាដែរ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ សង្កេតឃើញថា ប្រាក់កម្ចីចិនផ្តល់ឱ្យកម្ពុជាមិនបានឆ្លុះបញ្ចាំងការគោរពកិច្ចល្អ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន ខ្ចីបុលពីចិនកាន់តែច្រើនលើសលប់ ចិនក៏អាចឆ្លៀតឱកាសជាថ្នូរក្នុងការពង្រីកឥទ្ធិពល តាមរយៈលួចគ្រប់គ្រងកំពង់ផែសមុទ្ររាមក្នុងខេត្តព្រះសីហនុដោយសម្ងាត់។ ក្រៅពីនេះ លោក គឹម សុខថា បើលោក ហ៊ុន សែន នៅតែដឹកនាំប្រទេសតាមបែបឯកបក្សគ្រួសារនិយម មិនព្រមស្ដារប្រជាធិបតេយ្យឡើងវិញ ជាពិសេស គួបផ្សំជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកសេរីទៀតនោះ កម្ពុជានឹងអាចផុងខ្លួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៖« បំណុលខ្ចីចិនកន្លងមក យកមកកសាងហេដ្ឋារចនាសម្ព័ន្ធហ្នឹង ហាក់ដូចជាមានការលាក់បាំង មានការលាក់លៀម នៅក្នុងការដេញថ្លៃជាដើម។ ជាពិសេសយើងកត់សម្គាល់ឃើញជំនួយរបស់ចិនសាងសងហើយ ផ្លូវអីជាដើមមិនបានរក្សានូវគុណភាពប្រើប្រាស់បានយូរទេ គ្រាន់តែសាងសង់ចាក់គ្រឹះខាងមុខហ្នឹងខាងក្រោយខូចក៏មានដែរ។ អ៊ីចឹងជាបញ្ហាមួយប្រឈមដែលពលរដ្ឋកម្ពុជាគួរតែបារម្ភហើយគួរតែឈឺឆ្អាលទាំងអស់គ្នាដែរ »។
គិតត្រឹមដំណាច់ឆ្នាំ២០២០ កម្ពុជាជំពាក់បំណុលបរទេសសរុបប្រមាណជាង ៩ពាន់ ៦រយលានដុល្លារ (៩.៦០១,៩៣ លានដុល្លារ)។ ក្នុងនោះ បំណុលស្ទើរតែជិតពាក់កណ្ដាល ឬប្រមាណជាង ៤៦% (៤៦,៦៧%) ជាបំណុលដែលរដ្ឋជំពាក់ចិន។
វិទ្យុអាស៊ីសេរីទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បីសុំប្រតិកម្មឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១៥ កក្កដា។
ទោះជាយ៉ាងណាក្ដី លោក ផៃ ស៊ីផាន តែងតែលើកឡើងថា កម្ពុជាបានគិតគូរល្អិតល្អន់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់បំណុលដែលកម្ពុជាជំពាក់ចិន និងប្រទេសជាមិត្តផ្សេងៗ ទៀត។
ទាក់ទងនឹងបំណុលចិននេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២១ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» ថា ចិនបានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានប្រកាសថា បើមិនឱ្យលោកពឹងចិន តើឱ្យលោកពឹងអ្នកណា។ ក្រៅពីនេះ ស្ថានទូតចិនប្រចាំកម្ពុជា តែងតែអះអាងថា កម្ចីរបស់ចិនផ្តល់ឱ្យកម្ពុជាគោលបំណងសម្រាប់ធ្វើការអភិវឌ្ឍ ក្នុងគោលដៅរក្សាសន្តិភាព និងពង្រឹងទំនាក់ទំនងល្អក្នុងនាមជាមិត្តដែកថែបនៃប្រទេសទាំងពីរ។
ទោះបីជាយ៉ាងណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណរា កត់សម្គាល់ឃើញថា ជំនួយរបស់ចិននានា ជាពិសេស ផ្ដោតលើការអភិវឌ្ឍផ្នែកវិស័យហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា មិនបានបង្ហាញពីតម្លាភាពពេញលេញ និងប្រសិទ្ធភាពនៃសំណងទាំងនោះឡើយ។ លោកថា បញ្ហាទាំងនេះ ប្រជាពលរដ្ឋគួរតែមានការឈឺឆ្អាលខ្វាយខ្វល់ក្នុងការបញ្ចេញជាទស្សនៈយោបល់ទៅកាន់រដ្ឋាភិបាល ឱ្យមានការគ្រប់គ្រងបំណុលបរទេសសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអន្ទាក់បំណុលចិន ដែលអាចកើតមានឡើងដូចប្រទេសស្រីលង្កា ដោយសារតែអំពើពុករលួយជាប្រព័ន្ធ៖ « បំណុលខ្ចីចិនកន្លងមក យកមកកសាងហេដ្ឋារចនាសម្ព័ន្ធហ្នឹង ហាក់ដូចជាមានការលាក់បាំង មានការលាក់លៀម នៅក្នុងការដេញថ្លៃជាដើម។ ជាពិសេសយើងកត់សម្គាល់ឃើញជំនួយរបស់ចិនសាងសង់ហើយ ផ្លូវអីជាដើមមិនបានរក្សានូវគុណភាពប្រើប្រាស់បានយូរទេ គ្រាន់តែសាងសង់ចាក់គ្រឹះខាងមុខហ្នឹងខាងក្រោយខូចក៏មានដែរ។ អ៊ីចឹងជាបញ្ហាមួយប្រឈមដែលពលរដ្ឋកម្ពុជាគួរតែបារម្ភហើយគួរតែឈឺឆ្អាលទាំងអស់គ្នាដែរ » ។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ធ្លាប់វាយតម្លៃថា កម្ពុជានៅមិនទាន់ឈានដល់កម្រិតប្រកាសហានិភ័យដោយសារតែកម្ចីបរទេសនៅឡើយទេ ក៏ប៉ុន្តែក្រុមអ្នកជំនាញ បង្ហាញពីក្តីបារម្ភថា បំណុលទាំងនេះភាគច្រើនប្រមូលផ្ដុំតែទៅលើតែម្ចាស់បំណុលចិនតែមួយ។ ពួកគេពន្យល់ថា ការដែលកម្ពុជាប្រមូលផ្តុំកម្ចីរបស់ចិនតែមួយនេះ អាចធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យទៅឱ្យប្រទេសចិនក្នុងករណីកម្ពុជាមិនអាចរើខ្លួនសងបំណុលចិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។