មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល ប្រតិកម្មនឹងការចោទប្រកាន់របស់អាជ្ញាធរក្រុងភ្នំពេញ ដែលថា ពួកគេចេះតែរិះគន់ មិនបានជួយអ្វីដល់ប្រជាពលរដ្ឋ។ ពួកគេថា ការដោះស្រាយបញ្ហាជូនពលរដ្ឋនោះ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ហើយអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង អាចត្រឹមតែផ្តល់យោបល់លើចំណុចខ្វះខាតប៉ុណ្ណោះ។
មន្រ្តីបក្សប្រឆាំង និងសង្គមស៊ីវិលសោកស្ដាយ ចំពោះការលើកឡើងរបស់អាជ្ញាធរ ដែលមិនបានដឹងអំពីតួនាទីបក្សប្រឆាំង និងសង្គមស៊ីវិល នៅក្នុងសង្គមប្រជាធិបតេយ្យ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល គឺលោក អ៊ំ សំអាន លើកឡើងថា វិធានការបិទខ្ទប់ និងការពារការរីករាលដាលជំងឺកូវីដ១៩ របស់របបក្រុងភ្នំពេញ មិនមានប្រសិទ្ធភាពដូចការអះអាងឡើយ ព្រោះអ្នកឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង។ ម្យ៉ាងទៀត លោកថា ការផ្តល់ជំនួយសង្គមរបស់រដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋរងគ្រោះមិនបានឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋនោះឡើយ ទើបពលរដ្ឋខ្លះផ្ទុះការតវ៉ានៅតាមតំបន់បិទខ្ទប់។ លោកបញ្ជាក់ថា គណបក្សប្រឆាំង គឺជាកញ្ចក់ឆ្លុះបញ្ចាំង និងលាតត្រដាងអំពើអយុត្តិធម៌សង្គម និងរិះគន់រដ្ឋាភិបាលដើម្បីកែលម្អ ហើយលោកចង់ឃើញរដ្ឋាភិបាល បក្សប្រឆាំង និងសង្គមស៊ីវិល ដោះស្រាយបញ្ហាជាតិរួមគ្នាដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ៖ «ត្រូវការចូលរួមពីសង្គមស៊ីវិលគណបក្សប្រឆាំង អាហ្នឹងបានមានតម្លាភាព ក្នុងការគ្រប់គ្រងជំនួយ ឬអំណោយផ្សេងៗ ការទប់ស្កាត់រាលដាលជំងឺកូវីដ១៩ ឃើញជំនួយច្រើនណាស់ពីប្រទេសដទៃទៀតនៅលើពិភពលោក ដែលគេជួយជំនួយ ឬអំណោយដល់រដ្ឋាភិបាលលោក ហ៊ុន សែន ហ្នឹង មិនដឹងលុយហ្នឹងបាត់ទៅណាអស់ ហើយរៃអង្គាសពីសប្បុរសជន ពីឧកញ៉ាអី លុយហ្នឹងមិនដឹងទៅណាអស់ដែរ មិនដល់ដៃប្រជាពលរដ្ឋ កញ្ចប់ថវិកាជាតិថាចំណាយឆ្នាំ២០២០ កន្លងមកនេះអស់ជាងមួយពាន់លានដុល្លារជាងមិនដឹងលុយហ្នឹងទៅណា»។
ស្រដៀងគ្នានេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា លើកឡើងថា លោកសោកស្ដាយចំពោះការលើកឡើងរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលមិនយល់អំពីតួនាទីរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល។ លោកថា អង្គការសង្គមស៊ីវិលមានតួនាទី បំពេញការខ្វះចន្លោះរបស់រដ្ឋាភិបាល។ ទាក់ទងរឿងជំនួយវិញ លោក នី សុខា បញ្ជាក់ថា រដ្ឋមាន កាតព្វកិច្ចត្រូវជួយដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង មិនមែនមកនិយាយថាសង្គមស៊ីវិលមិនបានជួយអ្វីនោះ៖ «ជំនួយរបស់រដ្ឋមិនមែនជំនួយមនុស្សធម៌ទេ គឺជាជំនួយកាតព្វកិច្ចរបស់រដ្ឋក្នុងការជួយប្រជាពលរដ្ឋ មិនមែនជាជំនួយមនុស្សធម៌ទេ ប៉ុន្តែសង្គមខ្លះ មានបងប្អូនសង្គមស៊ីវិលខ្លះ គម្រោងខ្លះដែលសង្គមស៊ីវិលមានក្នុងការជួយទៅលើប្រជាពលរដ្ឋតិចតួច អាហ្នឹងជាជំនួយមនុស្សធម៌ ឱ្យយល់ច្បាស់ពីជំនួយមនុស្សធម៌ និងជំនួយជាកាតព្វកិច្ច»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំងទាំងនេះ កើតមានឡើងបន្ទាប់ពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ឧសភាថា វិធានការរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ គឺជាវិធានការទាន់ពេលវេលា។ លោកថា អាជ្ញាធររាជធានីភ្នំពេញបានចែកស្បៀងអាហារឱ្យប្រជាពលរដ្ឋរងគ្រោះបានជិត ៣០ម៉ឺនកញ្ចប់ហើយ ហើយប្រសិនពលរដ្ឋដែលខ្វះខាតត្រូវទាក់ទង ទៅអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានស្បៀងអាហារ។ លោកចោទបក្សប្រឆាំង និងសង្គមស៊ីវិលថា បានតែនិយាយរិះគន់ ដោយមិនបានជួយអ្វីដល់រដ្ឋាភិបាលនោះទេ៖ «ហើយសួរថាសង្គមស៊ីវិលចូលរួមបានប៉ុន្មាន ហើយក្រុមប្រឆាំងចូលរួមបានប៉ុន្មានខ្ញុំអត់ហ៊ាននិយាយទេ សូមឱ្យលោកដកលេខខ្លួនឯង គឺធ្វើអីក៏ប្រឆាំងដែរ នៅពេលគាត់អត់បានចេញលុយមួយរៀល និងអត់បានចេញកម្លាំងពលកម្មមួយបន្តិចសោះ រហូតដល់ម៉ោងនេះទាំងអស់គ្នាដឹងហើយពីណាចុះហ្វេសប៊ុកថាម្ចាស់ផ្ទះដេញគាត់ចេញទេ ទឹកផ្ដាច់ទឹកទេ ភ្លើងទៅផ្ដាច់ទេ អត់ទាន់មានទេ រដ្ឋាភិបាលនឹងដោះស្រាយជាបន្តបន្ទាប់បញ្ហាដែលកើតមាន»។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើងថា សង្គមស៊ីវិល បាននាំសារអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយឱ្យពួកគាត់។ លោកថា អាជ្ញាធររាជធានីភ្នំពេញមិនគួរចោទប្រកាន់សង្គមស៊ីវិលនោះទេ ព្រោះសង្គមស៊ីវិលចែកជំនួយជូនប្រជាពលរដ្ឋកន្លងមកគឺជាជំនួយសប្បុរសធម៌ មិនមែនការប្រកួតប្រជែកនឹងអាជ្ញាធរនោះទេ។ លោកថា ស្ថានភាពនេះ អាជ្ញាធរគួរយកចិត្តទុកដោះស្រាយថ្លៃទឹកភ្លើង បន្ទប់ជួល និងបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ដារឡើងវិញនូវជីវភាពប្រជាពលរដ្ឋឡើងវិញ៖ «ប្រទេសប្រកាន់ភ្ជាប់នូវនីតិរដ្ឋ ប្រទេសដែលប្រកាន់ភ្ជាប់នូវកាតព្វកិច្ចរវាងអាជ្ញាធររដ្ឋនិងពលរដ្ឋមិនមែនទាល់តែប្រជាពលរដ្ឋលើកឡើងហើយ ចាំដោះស្រាយទេ តួនាទី កាតព្វកិច្ចរបស់អាជ្ញាធររដ្ឋត្រូវតែដោះស្រាយ មុនធ្វើអ្វីមួយត្រូវមានផែនការច្បាស់លាស់ ហើយអ៊ីចឹងរដ្ឋត្រូវឆ្លើយតបទៅលើចំណុចអ្វីខ្លះ ដូចជា ចំណុចដែលត្រូវឆ្លើយតបទៅលើស្បៀងអាហារ ឆ្លើយតបទៅលើការបាត់ប្រាក់ចំណូល គាត់មិនមានលទ្ធភាពបង់ថ្លៃទឹកថ្លៃភ្លើង គាត់ត្រូវមានផែនការរួចជាស្រេចកុំចាំតែពលរដ្ឋលើកឡើងហើយ ទើបទៅដោះស្រាយក្រោយ ឃើញស្ថានភាពបែបនេះ គឺឃើញប្រជាពលរដ្ឋច្រើនស្រែកច្រើនតើនៅតាមបណ្ដាញសង្គម»។
ជាទូទៅរបបឯកបក្សមិនដែលទទួលយកការរិះគន់ ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ អំពីភាពអសកម្មរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ របបឯកបក្សតែងតែចាត់ទុកមតិយោបល់របស់អង្គការសង្គមស៊ីវិលថា ជាក្រុមប្រឆាំងទៅវិញ។ ក្រុមអ្នកតាមដានសង្គម អះអាងថា សំឡេងសង្គមស៊ីវិល និងគណបក្សប្រឆាំងមានសារៈសំខាន់ណាស់សម្រាប់ជាកញ្ចុះឆ្លុះសង្គម ដែលជាគន្លឹះដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។