ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រមុខរដ្ឋាភិបាល ត្រូវតែផ្តល់តម្លៃ និងធានាឱ្យបាននូវសិទ្ធិដទៃទៀតជូនពលរដ្ឋ មិនមែនគិតតែពីរឿងសិទ្ធិរស់រានមានជីវិតមួយនោះទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ទទួលស្គាល់ថា សិទ្ធរស់រានមានជីវិតជាសិទ្ធិសំខាន់មួយ ប៉ុន្តែមិនមែនដល់ថ្នាក់សំខាន់ជាងគេនោះទេ។ លោកពន្យល់ថា គោលការណ៍សិទ្ធិមនុស្សជាសាកល និងរដ្ឋធម្មនុញ្ញកម្ពុជា ក៏បានផ្តល់តម្លៃដល់សិទ្ធិដទៃទៀតរបស់មនុស្សដែរ ដូចជា ការបញ្ចេញមតិ ការជួបជុំ ការទទួលបានព័ត៌មាន និងការទទួលបានយុត្តិធម៌ ជាដើម។ លោកប្រៀបធៀបថា បើមានត្រឹមសិទ្ធិរស់រានមានជីវិតតែមួយ មនុស្សនឹងមិនខុសពីសត្វនោះទេ៖ «បើយើងគ្រាន់តែឱ្យតម្លៃទៅលើសិទ្ធិរស់រានមានជីវិតមួយមានន័យថា យើងប្រៀបធៀបមនុស្សដូចជាសត្វអ៊ីចឹង។ ឧទាហរណ៍សត្វសុនខ ( ឆ្កែ ) មួយចុះ យើងចង់ឱ្យបាយវាស៊ី ស៊ីទៅ ឬក៏យើងចង់ទាត់មួយជើង ទាត់មួយជើងទៅ។ អាហ្នឹងជាសត្វ ប៉ុន្តែបើមនុស្សអត់អាចទៅរស់នៅអ៊ីចឹងបានទេ បានន័យថា មនុស្សត្រូវការតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស»។
លោក នី សុខា ថ្លែងទៀតថា កម្ពុជាបានផ្តល់សច្ចាប័នដល់ច្បាប់អន្តរជាតិជាច្រើនស្តីពីសិទ្ធិមនុស្ស ហើយច្បាប់កំពូលរបស់កម្ពុជាក៏ធានាការពារសិទ្ធិដទៃទៀតដែរ ដូច្នេះរដ្ឋាភិបាលមានកាតព្វកិច្ចអនុវត្តតាមលិខិតុបករណ៍សិទ្ធិមនុស្សទាំងនោះ។ លោកសង្កត់ធ្ងន់ថា ការដែលប្រមុខរដ្ឋាភិបាលផ្តល់តម្លៃទៅលើតែសិទ្ធិរស់រានមានជីវិតបែបនេះ អាចជាដើមហេតុនៃការរំលោភសិទ្ធិមនុស្សជាច្រើនករណីនាពេលបច្ចុប្បន្ន ដូចជាការបំបិទសិទ្ធិពលរដ្ឋ និងការអនុវត្តច្បាប់ដោយមិនត្រឹមត្រូវជាដើម៖ «កាលណាថ្នាក់ដឹកនាំមានប្រសាសន៍ទៅលើតែបញ្ហាសិទ្ធិមនុស្សមួយជ្រុង ដូច្នេះវាធ្វើឱ្យអ្នកប្រតិបត្តិនៅខាងក្រោមអាចមានការភ័ន្តច្រឡំ ឬក៏លោកអាចព្រងើយកន្តើយ ឬក៏វាមានការរំលោភទៅលើសិទ្ធិផ្សេងទៀត ដូចជាសិទ្ធិជួបជុំ សិទ្ធិចូលរួមចំណែកនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិយុត្តិធម៌ចំពោះមុខច្បាប់ជាដើម » ។
ស្រដៀងគ្នានេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក លើកឡើងថា ទស្សនៈរបស់លោក ហ៊ុន សែន បែបនេះ មានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិទាំងឡាយស្តីពីសិទ្ធិមនុស្ស។ លោកយល់ថា ទំនងជាមកពីមូលហេតុនេះហើយ ទើបបានជាអាជ្ញាធរចាប់ពលរដ្ឋដាក់ពន្ធនាគារតាមអំពើចិត្តដោយសារតែការបញ្ចេញមតិរបស់ពួកគាត់ និងលែងឱ្យតម្លៃលើសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀតរបស់ពលរដ្ឋ៖ «រដ្ឋធម្មនុញ្ញបានចែងអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មានសិទ្ធិរស់រានមានជីវិត ការបញ្ចេញមតិយោបល់ សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានចំណេះដឹង។ ប៉ុន្តែនៅពេលប្រមុខរដ្ឋាភិបាលប្រកាសបែបនេះ ហាក់បីដូចជារដ្ឋាភិបាលនេះ គឺមិនមែនជារដ្ឋាភិបាលមួយដែលការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ » ។
ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២៣ ខែកក្កដាថា អ្វីដែលសំខាន់សម្រាប់លោក គឺការធានាបាននូវអាយុជីវិតពលរដ្ឋ ដែលលោកហៅថា ជាសិទ្ធិរស់រានមានជីវិត។ លោកបញ្ជាក់ថា លោកមិនខ្វល់នឹងមតិរិះគន់ទាំងឡាយលើការបង្កើតច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នោះទេ ព្រោះលោកថា ច្បាប់ទាំងនោះធ្វើឡើងដើម្បីការពារអាយុជីវិតពលរដ្ឋ៖ «អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺសុខុមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជនត្រូវបានធានា។ ហើយដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រានមានជីវិត »។
លោក ហ៊ុន សែន ធ្លាប់បានលើកឡើងជាញឹកញាប់ថា សិទ្ធិរស់រានមានជីវិតសំខាន់ជាងគេបំផុត មិនមែនជាសិទ្ធិបញ្ចេញមតិ ហើយក៏មិនមែនជាលទ្ធិប្រជាធិបតេយ្យអ្វីនោះដែរ។ លោកថែមទាំងបានតាំងខ្លួនជាអ្នកធានាការពារនូវសិទ្ធិរស់រានមានជីវិតនេះទៀតផង ចាប់តាំងពីការដួលរំលំនៃរបបខ្មែរក្រហម មកដល់ពេលបច្ចុប្បន្ន។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងការពារប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា ជារឿងត្រឹមត្រូវ។ លោកយល់ថា ការលើកឡើងរបស់ក្រុមសង្គមស៊ីវិលនោះ អាចដោយសារការលម្អៀងខាងនយោបាយ៖ «ចុះបើអត់មានជីវិតទៅហើយ បានអ្វីទៅមានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិបញ្ចេញមតិ សិទ្ធិស្អីផ្សេងៗហ្នឹង វាអត់មានទេ។ អ៊ីចឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ខ្ញុំយល់ថា ជាការត្រឹមត្រូវ ហើយវាស្របទៅតាមក្រឹត្យក្រមធម្មជាតិ »។
ទោះជាមានការបកស្រាយពីលោក ហ៊ុន សែន និងមន្ត្រីរបស់លោកយ៉ាងនេះក្តី ស្ថានភាពជាក់ស្តែងនៃសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ហាក់មិនត្រូវបានការពារពេញលេញនោះទេ។
គិតត្រឹមក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មានប្រជាពលរដ្ឋរាប់រយនាក់ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធច្បាប់ ក្នុងនោះករណីខ្លះជាប់ពាក់ព័ន្ធផ្ទាល់នឹងលោក ហ៊ុន សែន តែម្តង ដូចជា អំពើរដ្ឋប្រហារបង្ហូរឈាមនៅឆ្នាំ១៩៩៧ និងការបាញ់សម្លាប់ក្រុមកម្មករនៅផ្លូវវេងស្រេង កាលពីដើមឆ្នាំ២០១៤ ជាដើម។
ជាមួយគ្នានេះលោក ហ៊ុន សែន ធ្លាប់បានថ្លែងមិនក្រោមបីលើកនោះទេថា លោកសោកស្តាយដែលមិនបានសម្លាប់ក្រុមគណបក្សប្រឆាំង ដែលលោកចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក៖ «ទេ ! ដាក់ហ្អែងប៉ុន្មាននាក់គ្រវាត់ចោល ដើម្បីសង្គ្រោះប្រជាជនរាប់លាននាក់ មានរឿងអ្វីត្រូវខា្លច។ ខ្ញុំអត់មានអ្វីខ្លាចត្រូវមិនហ៊ាននិយាយនោះទេ។ សំណាងពួកឯងហើយ ដែលឃ្លីបវីដេអូបានក្រោយ កំណត់ថ្ងៃ២៩ ខែធ្នូ ជាកំណត់ថ្ងៃចុងក្រោយ។ បើខ្ញុំក្តាប់វីដេអូហ្នឹងបាន ពួកហ្អែងងាប់។ អ្នកណាចង់និយាយពីរឿងរំលោភសិទ្ធិមនុស្ស ចុះសម្លាប់គេអស់រាប់លាន ម្តេចក៏អ្នកឯងមិននិយាយពីរឿងសិទ្ធិមនុស្ស ? ខ្ញុំគ្រាន់តែកម្ចាត់អ្នកឯងប៉ុន្មាននាក់ ដើម្បីការពារប្រជាជនរាប់លាននាក់ រឿងអ្វីថាខ្ញុំធ្វើមិនបាន?»។
សាររបស់លោកមួយនេះ ហាក់បង្ហាញថា លោកមិនញញើតនឹងរំលោភសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋនោះទេ បើពួកគេមិនគាំទ្រការដឹកនាំរបស់លោក។ ជាមួយគ្នានេះ របាយការណ៍នានាក៏បង្ហាញដែរថា លោក ហ៊ុន សែន និងរបបរបស់លោកមិនបានគោរពសិទ្ធិជាមូលដ្ឋានដទៃទៀតរបស់ពលរដ្ឋ ឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនោះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងថា ការអះអាងរបស់លោក ហ៊ុន សែន រឿងការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋនោះ គ្រាន់តែលេសរបស់គាត់ក្នុងការក្តាប់អំណាចឱ្យណែនក្នុងដៃតែប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា លោក ហ៊ុន សែន បារម្ភខ្លាចបាត់បង់អំណាច ដូច្នេះបានជារបបរបស់គាត់ប្រឹងបំបិទសិទ្ធិពលរដ្ឋគ្រប់បែបយ៉ាង ទោះជាដឹងថា ទង្វើនេះផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិយ៉ាងណាក្តី៖ « មេដឹកនាំផ្តាច់ការហ្នឹង យកតែសិទ្ធិនៃការរស់រានមានជីវិតតែមួយ មិនបានឱ្យប្រជាពលរដ្ឋគិតពីសិទ្ធិនៃការបញ្ចេញមតិ និងសិទ្ធិនៃការប្រមូលផ្តុំ ជាដើមនោះទេ»។
សហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ បានវាយតម្លៃពីការធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីចុងឆ្នាំ ២០១៧ រហូតមក។ហេតុការណ៍ដែលនាំទៅរកកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សនេះ គឺការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់មេបក្សនេះដាក់ពន្ធនាគារពីបទក្បត់ជាតិ និងការបំបិទសិទ្ធិអ្នកនយោបាយបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ក្រៅពីនេះ តុលាការបានចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងជាបន្តបន្ទាប់មកទល់នឹងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ការបង្ក្រាប និងគាបសង្កត់លំហសង្គមស៊ីវិល សហជីព និងសារព័ត៌មានឯករាជ្យ ព្រមទាំងការបញ្ចេញមតិរបស់ពលរដ្ឋ នៅតែកើតមានឡើងឥតឈប់ឈរ។
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ការបង្ក្រាបទាំងអម្បាលម៉ានពីសំណាក់របបក្រុងភ្នំពេញនេះ មានទិសដៅតែមួយប៉ុណ្ណោះ គឺធានាជ័យជម្នះផ្តាច់មុខឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងការបោះឆ្នោតអាណត្តិក្រោយទៀត។ ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិដែលនិយមប្រជាធិបតេយ្យ បានឆ្លើយតបនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងនេះវិញ ដោយការដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗមួយចំនួននៃរបបក្រុងភ្នំពេញ និងដកហូតផ្នែកខ្លះនៃឋានៈអនុគ្រោះពន្ធពីកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចដល់លោក ហ៊ុន សែន ដែលជាអ្នកក្តាប់អំណាចកំពូល ឱ្យងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីឱ្យស្របតាមខ្លឹមសារច្បាប់ជាតិ និងអន្តរជាតិ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះក៏ដើម្បីបញ្ចៀសទណ្ឌកម្ម និងវិបត្តិផ្សេងៗទៀត កុំឱ្យកើតមានឡើងនាពេលខាងមុខផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។