អ្នកនយោបាយបក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាកម្ពុជា ថ្កោលទោសរដ្ឋសភារបបក្រុងភ្នំពេញ ដែលសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ រដ្ឋសភាថា មតិរិះគន់ទាំងឡាយអំពីរឿងសន្ធិសញ្ញាបំពេញបន្ថែមនេះ មិនអាចយកជាការបានឡើយ ព្រោះជាការកេងចំណេញនយោបាយ។
អ្នកតាមដានបញ្ហាព្រំដែនបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរដ្ឋសភារបបក្រុងភ្នំពេញ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដែលពួកគេអះអាងថា បានធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា ការអនុម័តយល់ព្រមរបស់សភាឯកបក្សនៅពេលនេះ មានន័យស្មើនឹងកាត់ទឹកដីខ្មែរទៅឱ្យវៀតណាមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវវៀតណាមលើកបន្តុបឱ្យកាន់អំណាចតាំងពីដើមទស្សវត្សរ៍ទី៨០ មកនោះ។ លោកអះអាងថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ធ្វើឡើងក្នុងពេលដែលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដូច្នេះសន្ធិសញ្ញានេះ និងសន្ធិសញ្ញាបំពេញបន្ថែមផ្សេងទៀត ដែលរបបលោក ហ៊ុន សែន បានចុះហត្ថលេខាទទួលស្គាល់ជាមួយភាគីវៀតណាមរហូតមកដល់ពេលនេះ សុទ្ធសឹងតែជាសន្ធិសញ្ញាខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ការអនុម័តនៅថ្ងៃនេះត្រូវទុកជាមោឃៈ មិនអាចយកជាការបានទេ ដោយសាររដ្ឋសភាហ្នឹងជារដ្ឋសភាដែលខុសច្បាប់ រដ្ឋាភិបាលក៏ខុសច្បាប់ដែរ។ ដូច្នេះនៅពេលដែលមានរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនិងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ យើងត្រូវលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលរដ្ឋសភាបានអនុម័តថ្ងៃនេះ ហើយយើងនឹងសើរើការបោះបង្គោលព្រំដែនជាមួយយួនផងដែរ»។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ថ្កោលទោសរដ្ឋសភារបបក្រុងភ្នំពេញ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ ព្រោះលោកពិនិត្យឃើញថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បាន៨៤% នោះ ធ្វើឱ្យកម្ពុជាបាត់ទឹកដី និងធ្វើឡើងដោយខុសច្បាប់។ លោកបន្តថា ទង្វើរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញរឿងព្រំដែនជាមួយវៀតណាមនេះ នឹងត្រូវកូនចៅខ្មែរជំនាន់ក្រោយជេរស្តី ព្រោះនេះជាការកាត់ទឹកដីឱ្យបរទេស ដែលជាទង្វើក្បត់ជាតិខ្លួនឯង។ ទោះជាយ៉ាងណា លោកមានសុទិដ្ឋិនិយមថា សន្ធិសញ្ញាមិនស្របច្បាប់ទាំងឡាយរវាងរបបលោក ហ៊ុន សែន ជាមួយភាគីវៀតណាម នឹងត្រូវលុបចោល នៅពេលកម្ពុជាមានរដ្ឋាភិបាលស្របច្បាប់មួយដែលគិតពីប្រយោជន៍ជាតិជាធំ៖ «យ៉ាងណាក៏ដោយ ក៏យើងមិនអាចទទួលស្គាល់ មិនអាចយល់ស្របចំពោះការយល់ព្រមណាមួយទៅលើលទ្ធផលនៃការបោះបង្គោលព្រំដែនហ្នឹង ហើយនិងអ្វីដែលរដ្ឋសភាកម្ពុជាបានធ្វើថ្ងៃនេះ។ យើងសូមធ្វើការថ្កោលទោសដាច់អហង្ការ។ យើងយល់ថា របបឯកបក្សហ្នឹងគាត់ធ្វើយ៉ាងណា ដើម្បីយកចិត្តយកថ្លើមតែវៀតណាម ដោយមិនខ្វល់មិនខ្វាយពីការបាត់បង់បូរណភាពទឹកដី»។
រដ្ឋសភារបបក្រុងភ្នំពេញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដោយសំឡេងគាំទ្រទាំងស្រុងនៃសមាជិកសភា ១១០ រូបដែលចូលរួមក្នុងសម័យប្រជុំសភាពេញអង្គ នៅថ្ងៃទី០៤ វិច្ឆិកា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រមកាលពីថ្ងៃទី១១ តុលា និងបញ្ជូនបន្តមកឱ្យរដ្ឋសភាអនុម័ត រយៈពេលមួយសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ក្រោយរដ្ឋសភាអនុម័តរួចហើយ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យ មុននឹងបញ្ជូនបន្តទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាទទួលស្គាល់ជាផ្លូវការ និងចូលជាធរមាន។ លោកអះអាងថា សេចក្តីព្រាងច្បាប់នេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ព្រំដែនជាមួយប្រទេសវៀតណាមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ លោកថ្លែងទៀតថា អ្នកដែលរិះគន់រឿងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ គឺជាអ្នកដែលមានបំណងបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍជាតិ៖ «ចំពោះអ្នកដែលប្រឆាំងនឹងសន្ធិសញ្ញានេះ គឺថាគាត់មិនបានគិតអ្វីឱ្យបានជ្រាលជ្រៅទេ ប្រហែលជាគាត់ចង់ចំណេញខាងនយោបាយ។ កន្លងមក ក្នុងពេលដែលយើងធ្វើ ក៏យើងមិនមែនធ្វើឆាប់ដែរ យើងធ្វើជាង១០ ឆ្នាំ ក៏មានការលំបាកដែរ ដោយសារការទៅរំខានរបស់ពួកអ្នកដែលចង់រំខានហ្នឹង។ ដូច្នេះហើយមតិដែលប្រឆាំងនឹងសន្ធិសញ្ញានេះ គឺមិនអាចយកជាការបានទេ ហើយតាមខ្ញុំយល់ គឺមិនមានស្មារតីជួយប្រទេសកម្ពុជាឱ្យបានសុខសាន្ត ឬបានចម្រើនទៅមុខទេ គឺថាជាការយកជើងរាទឹកទៅវិញ»។
របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ គឺជាឯកសារផ្លូវច្បាប់ដែលទទួលស្គាល់ការបោះបង្គោលព្រំដែន ៨៤% ជាមួយប្រទេសវៀតណាម។ បន្ថែមពីលើនេះ របបក្រុងភ្នំពេញអះអាងទៀតថា សន្ធិសញ្ញានេះ គឺជាឯកសារគ្រឹះការពារបូរណភាពទឹកដីកម្ពុជា ដែលមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ គឺជាការរួមបញ្ចូលគ្នានៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយជាខ្លាំងដែលសន្ធិសញ្ញានេះត្រូវបានរដ្ឋសភាអនុម័ត ក្នុងពេលកម្ពុជាមិនទាន់មានឯកភាពជាតិ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ថ្លែងថា ក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ ហើយកម្ពុជាកំពុងស្ថិតក្នុងជម្លោះនយោបាយបែបនេះ ស្ថាប័ននីតិបញ្ញតិមួយនេះ ពុំគួរផ្តល់សច្ចាប័នលើសន្ធិសញ្ញព្រំដែនជាមួយប្រទេសវៀតណាមឡើយ ព្រោះអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ។ លោកស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការពន្យារពេល ឬធ្វើប្រជាមតិ មុននឹងអនុម័តសន្ធិសញ្ញាព្រំដែននេះ៖ «យើងនៅតែបង្ហាញក្តីបារម្ភដដែលថា ការដែលយើងធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ គឺវាអាចនាំទៅដល់ការខាតបង់ផលប្រយោជន៍ជាតិមួយចំនួន។ ទីមួយ គឺដោយសារសា្ថនភាពនយោបាយយើងហាក់មិនទាន់ស្រុះស្រួល ហើយទីពីរកិច្ចការមួយចំនួនដែលរដ្ឋាភិបាលកំពុងធ្វើហ្នឹង ហាក់ដូចជាមានការលាក់លៀមច្រើន»។
ក្រៅពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ពលរដ្ឋមួយចំនួន ក៏បានបញ្ចេញមតិថ្កោលទោសរដ្ឋសភា ចំពោះការអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះដែរ។ មតិរិះគន់ទាំងនោះលេចឡើងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយពួកគេសរសេរថា របបលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រទាក់ទងនឹងការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ហើយអ្នកខ្លះទៀតចង់ឱ្យថ្នាក់ដឹកនាំរបបក្រុងភ្នំពេញសម្រេចរឿងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម នៅពេលកម្ពុជាមានឯកភាពជាតិពិតប្រាកដ។
របបក្រុងភ្នំពេញបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយភាគីវៀតណាមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមនេះ កម្ពុជា និងវៀតណាមបានដំណើរការបោះបង្គោលព្រំដែនគោក ពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ ដោយសម្រេចបានលទ្ធផល៨៤% ឬស្មើនឹង ៣១៥បង្គោល នៃព្រំដែនសរុប ៣៧៥បង្គោល។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ ក្រុមយុវជន និងពលរដ្ឋនៅមូលដ្ឋានមួយចំនួនអះអាងថា ការបោះបង្គោលព្រំដែននេះ ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនៅតាមព្រំដែនទៅប្រទេសវៀតណាម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា ប្រសិនបើទៅថ្ងៃមុខ គណបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលវិញ នោះពួកគេមានសិទ្ធិក្នុងការសើរើមើលឡើងវិញ នូវសន្ធិសញ្ញាដែលរដ្ឋាភិបាលសព្វថ្ងៃ បានចុះហត្ថលេខាជាមួយភាគីវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។