មេបក្សប្រឆាំងលោក សម រង្ស៊ី បន្តចោទប្រកាន់មេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន ថា ជាមេភេរវករដែលបញ្ជាឲ្យបោកគ្រាប់បែកសម្លាប់ក្រុមបាតុករនៅមុខរដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ គ្រួសារជនរងគ្រោះនៅតែទន្ទឹងរង់ចាំយុត្តិធម៌ ទោះបីជាអូសបន្លាយពេលជាច្រើនឆ្នាំហើយក្ដី។ សង្គមស៊ីវិលយល់ថា ប្រសិនបើសំណុំរឿងដ៏រសើបនេះ នៅតែបន្តជាប់គាំងមិនអាចចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់បានទេ នឹងនាំឲ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរ និងប្រព័ន្ធតុលាការ។
គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ គឺជាខួប ២៤ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកដៃទៅលើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង ដែលកាលណោះ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់។ មកទល់បច្ចុប្បន្ននេះ ឃាតកគប់គ្រាប់បែកនេះ ស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ។
គណបក្សសង្គ្រោះជាតិ ចាត់ទុកបាតុករដែលបានស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ នោះ ជាអ្នកដែលលះបង់ជីវិតដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ គណបក្សសង្គ្រោះជាតិ លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ មីនាថា រយៈពេល ២៤ឆ្នាំមកនេះ អាជ្ញាធររបបក្រុងភ្នំពេញ មិនបានស្វែងរកចាប់ជនដៃដល់ និងអ្នកបញ្ជា មកផ្ដន្ទាទោសតាមច្បាប់នោះទេ។
គណបក្សប្រឆាំងដ៏ធំមួយនេះ នៅតែប្ដេជ្ញាចិត្តស្វែងរកយុត្តិធម៌ជូនរងគ្រោះជានិច្ច ហើយអ្វីដែលគណបក្សកំពុងធ្វើនៅពេលនេះ គឺយុទ្ធនាការ "បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា"។
ជាមួយគ្នានេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) ដោយចោទត្រង់ៗ តែម្ដងថា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន គឺជាមេភេរវករបញ្ជាឲ្យរៀបចំអំពើភេរវកម្មដោយបោកគ្រាប់បែកចំនួន ៤គ្រាប់ទៅលើហ្វូងបាតុករ ដែលបានបណ្ដាលឲ្យមានជនរងគ្រោះស្លាប់យ៉ាងតិច ១៦នាក់ និងរបួសធ្ងន់រាប់សិបនាក់។ លោក សម រង្ស៊ី ដែលជាជនរងគ្រោះម្នាក់ដែរនោះ បន្តថា បើទោះបីជាលោក បានចោទប្រកាន់ជាច្រើនលើកច្រើនសាថា លោក ហ៊ុន សែន ជាមេភេរវករក្នុងរឿងនេះក្ដី ក៏លោកលោក ហ៊ុន សែន មិនដែលហ៊ានប្តឹងលោកពីបទបរិហារកេរ្តិ៍នៅចំពោះមុខតុលាការឯករាជ្យណាមួយទេ។ មេបក្សប្រឆាំងរូបនេះ ជឿជាក់ថា ថ្ងៃណាមួយ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងយកលោក ហ៊ុន សែន ទៅកាត់ទោសឲ្យទាល់តែបាន។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មិនអាចយកជាការបានឡើយ ព្រោះកាលពីឆ្នាំ២០១៦ លោក សម រង្ស៊ី ធ្លាប់សរសេរលិខិតសុំទោសលោក ហ៊ុន សែន និងសន្យាឈប់ចោទប្រកាន់តទៅទៀត។ លោកបន្តថា ចំពោះការប្ដេជ្ញាចិត្តរកយុត្តិធម៌របស់គណបក្សសង្គ្រោះជាតិ គ្រាន់តែជាសារនយោបាយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី លោកមិនហ៊ានសន្យាថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងអាចអាចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនេះបានឡើយ៖ « អាហ្នឹងជាការនិយាយជាឯកជនរបស់ទណ្ឌិត មេឧទ្ទាម ក្រៅច្បាប់ អ្នកនិយាយតើ។ ខ្ញុំសួរថា អ្នកណាជឿ បើនិយាយគេអត់ជឿផង អ្នកឯងនិយាយប៉ុន្មានដង ប៉ុន្មានឆ្នាំ ក៏គ្មានអ្នកណាជឿដដែលហ្នឹង យកជាការវាមិនបាន » ។

កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៉ី ធ្វើជាប្រធានគណបក្សជាតិខ្មែរ។ លោកបានដឹកនាំកម្មករ និងសិស្សនិស្សិត ធ្វើបាតុកម្មដោយសន្តិវិធីនៅមុខរដ្ឋសភាចាស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដើម្បីទាមទារយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការ។ បាតុកម្មពេលនោះ ត្រូវបានបញ្ចប់នៅពេលជនមិនស្គាល់មុខគប់គ្រាប់បែកចំនួន៤គ្រាប់បណ្ដាលឲ្យមនុស្ស១៦ស្លាប់នាក់ និងរងរបួសប្រមាណ ២០០នាក់ផ្សេងទៀត ប៉ុន្តែរហូតមកទល់ពេលនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែឋិតក្នុងទីងងឹត។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារជនរងគ្រោះនៅតែប្រកាសទាមទាររកយុត្តិធម៌ និងទទូចសុំឲ្យរដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីនាំយកអ្នកបញ្ជា និងឃាតកពិតមកផ្ដន្ទាទោសឲ្យបានឆាប់។
ម្ដាយជនរងគ្រោះមួយរូប គឺលោកស្រី លី នារី អាយុ ៧៨ឆ្នាំ ថ្លែងថា លោកស្រីបាត់បង់កូនប្រុសបង្កើតម្នាក់ ជាវេជ្ជបណ្ឌិតក្នុងវ័យ ២៩ឆ្នាំនៅក្នុងហេតុការណ៍បោកគ្រាប់បែកនោះ។ លោកស្រីរៀបរាប់ថា លោកស្រី នៅតែនឹកដល់កូនជានិច្ច និងខកចិត្តយ៉ាងខ្លាំង ក្នុងគ្រាដែលទន្ទឹងរង់ចាំយុត្តិធម៌ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែពុំមានលទ្ធផល។ លោកស្រីឲ្យដឹងថាអាជ្ញាធរ មិនដែលជូនដំណឹងងដល់គ្រួសារជនរងគ្រោះអំពីដំណើរការស៊ើបអង្កេតគួរឲ្យជឿទុកចិត្តបាននោះទេ៖ « ២៤ឆ្នាំកន្លងផុតទៅវាដូចជាយូរណាស់ អ្នកផ្សេងៗ គេ អាចភ្លេចបាន ប៉ុន្តែចំពោះយើងខ្ញុំទាំងអស់គ្នា ហាក់ដូចជាព្រឹត្តិការណ៍វានៅថ្មីៗ នៅនឹងភ្នែកខ្លួនឯង នៅនឹងខួរក្បាលនៅគិត នៅក្ដុកក្ដួល ទៅជួតរូបថតកូន មើលទៅអាឡោះ អាល័យកូនជាទីបំផុត » ។
ម្ដាយរបស់ជនរងគ្រោះរូបនេះ ស្នើសុំឲ្យអាជ្ញាធររដ្ឋាភិបាល ពន្លឿនបើកការការស៊ើបអង្កេតដោយឯករាជ្យ និងច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះទាំងអស់៖ « ទោះបីជា ២៤ ឆ្នាំកន្លងផុតទៅហើយ ខ្ញុំនៅតែសង្ឃឹមថា ថ្ងៃណាមួយ យុត្តិធម៌ នឹងមានសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ តែឥឡូវនេះមិនអាចរកអីឃើញទេ។ ខ្ញុំចង់បានយុត្តិធម៌ឆាប់ៗ ដែរ ទាន់ខ្ញុំនៅរស់ » ។
ពាក់ព័ន្ធបញ្ហានេះ អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែទាំងលោក ខៀវ សុភ័គ និងលោក ជិន ម៉ាលីន ធ្លាប់ប្រាប់អ្នកកាសែតជាដដែលៗ ថា សំណុំរឿងនេះ មិនទាន់បិទទេ ប៉ុន្តែអះអាងថា ការស៊ើបអង្កេតរកឃាតកត្រូវបានជាប់គាំង ព្រោះបាត់តម្រុយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ក្នុងនាមជាអង្គការផ្នែកសិទ្ធិមនុស្ស គឺចង់ឱ្យយុត្តិធម៌កើតមានសម្រាប់ជនរងគ្រោះគ្រប់រូប។ លោកចាត់ទុកថា សំណុំរឿងគប់គ្រាប់បែកនេះ គឺជាផ្នែកមួយនៃនិទ្ទណ្ឌភាព ដោយសារឃាតកនៅតែមានសេរីភាព មិនទាន់ត្រូវបានចាប់ខ្លួនយកមកអនុវត្តទោសតាមច្បាប់នៅឡើយ៖ « បើយើងមើលទៅលើការទទួលខុសត្រូវ គឺរដ្ឋាភិបាល ត្រូវស៊ើបអង្កេត ស្រាវជ្រាវលើរឿងហ្នឹង ហើយស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើនៃការគប់គ្រាប់បែកនោះ។ អ្វីដែលសំខាន់ បើសិនជាយើងមិនបានស្វែងរកយុត្តិធម៌លើរឿងនេះទេ យើងក៏បារម្ភដែរ ព្រោះនេះជាមេរៀនប្រវត្តិសាស្ត្រ មួយដែរ គឺការដែលស្វែងរកយុត្តិធម៌នៅក្នុងសង្គម ការដែលស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ គឺជាការបំបាត់និទណ្ឌភាព ឬជាការទប់ស្កាត់ ដើម្បីកុំឲ្យមានអំពើនិងព្រឹត្តិការណ៍តទៅទៀត » ។

ព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករកាលណោះ ក៏ធ្លាប់ត្រូវការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មកធ្វើការស៊ើបអង្កេតដែរ តែបានបញ្ឈប់បេសកកម្មរបស់ខ្លួនវិញមុនកាលកំណត់ ក្រោមហេតុផលថា អាជ្ញាធរកម្ពុជាមិនសហការស្វែងរកភស្តុតាងទាំងនោះឡើយ។
ករណីបោកគ្រាប់បែកនេះ លោក សម រង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ ក៏ប៉ុន្តែដោយសារកត្តានយោបាយមិនអំណោយផលសម្រាប់បុគ្គល លោក សម រង្ស៊ី ដកពាក្យបណ្ដឹងនេះវិញ ដែលគេដឹងថា ការដកពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី កាលណោះ គឺជាថ្នូរនឹងការអនុញ្ញាតរបស់លោក ហ៊ុន សែន ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ខណៈលោកកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសនោះ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មានចំណងជើងថា ឧក្រិដ្ឋជនពីការវាយប្រហារគ្រាប់បែកដៃលើក្រុមបក្សប្រឆាំងកាលពីឆ្នាំ១៩៩៧ នៅមិនទាន់ផ្ដន្ទាទោសបង្ហាញថា នៅថ្ងៃបោកគ្រាប់បែកនោះ កម្លាំងមកពីកងពល "ង៧០" ដែលជាកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានដាក់ពង្រាយនៅក្បែរកន្លែងកើតហេតុ។
របាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរទៀតថា មេបញ្ជាការកងអង្គរក្សនៃកងពល "ង៧០" លោក ហ៊ុយ ពិសិដ្ឋ ជាអ្នកបញ្ជាឲ្យមានការដាក់ពង្រាយកងអង្គរក្សនៅថ្ងៃកើតហេតុ ហើយលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការរងនៃកងអង្គរក្សពេលនោះ ធ្លាប់បានគំរាមបាញ់សម្លាប់អ្នកកាសែតណាដែលចោទប្រកាន់ថា កងអង្គរក្សលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនោះថែមទៀតផង។
យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងបន្តថា នៅក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមបាតុករនៅពេលនោះ គឺក្រុមប៉ូលិសដែលឋិតនៅទីនោះពីដំបូង បានរារាំងមិនឲ្យសង្គ្រោះអ្នករងគ្រោះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ កត់សម្គាល់ថា ក្រោយការវាយប្រហារនេះ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ត្រូវបានលោក ហ៊ុន សែន ដំឡើងតួនាទីជាបន្តបន្ទាប់។
ក្រុមអង្គការជាតិ និងអន្តរជាតិ ហៅការបណ្ដែតបណ្ដោយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការមិនរកយុត្តិធម៌ឲ្យជនរងគ្រោះក្នុងករណីគប់គ្រាប់បែកលើហ្វូងបាតុករកាលពី ២៤ឆ្នាំមុននោះ គឺជាការព្យាយាមការពារ និងលើកទឹកចិត្តដល់ជនប្រព្រឹត្តិបទល្មើស ដែលធ្វើឱ្យអំពើនិទណ្ឌភាពបន្តញាំញីនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។