លោក កឹម សុខា រំពឹង​ថា​បក្ស​ប្រឆាំង​​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ដោយ ជិន ជេដ្ឋា
2017-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Chin Chetha
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រំពឹង​ថា គណបក្ស​លោក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤​នេះ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ព្រោះ​កម្លាំង​ដែល​ធ្លាប់​មាន​ក្នុង​ការ​បោះឆ្នោត​កាល​ឆ្នាំ​២០១៣ បាន​បែកខ្ញែក​អស់​ហើយ។

លោក កឹម សុខា ដើរ​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ឱកាស​ដែល​លោក​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​អហិង្សា និង​ប្រកួត​ដោយ​ថ្លៃ​ថ្នូរ។ លោក​ថា ការ​ប្រកួត​ប្រជែង​លើក​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​យ៉ាង​តិច ៦០% ដោយ​សំអាង​ថា ពលរដ្ឋ​មើល​ឃើញ​ថា គោលនយោបាយ​ទាំង ៥​ចំណុច ដើម្បី​អភិវឌ្ឍន៍​ឃុំ-សង្កាត់ អាច​អនុវត្ត​បាន។

ក្រោយ​ជួប​អ្នក​គាំទ្រ​ប្រមាណ ១​ពាន់​នាក់​នៅ​ក្រុង​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា លោក កឹម សុខា ប្រាប់​អាស៊ីសេរី​ថា សកម្មភាព​ឃោសនា​ជិត ១​សប្ដាហ៍​ដំបូង គឺ​មាន​ភាព​ប្រសើរ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​តិចតួច​ទាន់​ពេល។ លោក​ថា បើ​ស្ថានភាព​ល្អ​ប្រសើរ​ដូច​នេះ បន្ត​រហូត​ដល់​ថ្ងៃ​បោះឆ្នោត នឹង​ពុំ​មាន​ការ​តវ៉ា​អ្វី​កើត​ឡើង​ទេ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ឥឡូវ​នេះ​ប្រសើរ​ជាង​មុន រហូត​ដល់​ថ្ងៃ​នេះ​អត់​មាន​បញ្ហា​ធំដុំ​ទេ។ ដូច្នេះ​ហើយ​បាន​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​សភាពការណ៍​នេះ​ត​ទៅ​មុខ​ទៀត ហើយ​ថ្ងៃ​បោះ​ឆ្នោត​ក្ដី រាប់​សន្លឹក​ឆ្នោត​ក្ដី សូម​ឲ្យ​ប្រកាស​លទ្ធផល​ពិត​ប្រាកដ មិន​ប្រកាស​ដូច​ក្រសួង​ព័ត៌មាន​ទេ គឺ​ប្រកាស​ដោយ គ.ជ.ប»

លោក​បញ្ជាក់​ថា ការ​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ហើយ​គណបក្ស​មិន​អាច​ទៅ​ទាញ​ពលរដ្ឋ​ឲ្យ​តវ៉ា ឬ​ជំទាស់​ឆន្ទៈ​ពួកគេ​ឡើយ។ ប៉ុន្តែ​លោក​ជឿជាក់​ថា បើ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​រំពឹង​ទុក ហើយ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​ទទួល​យក​ដោយ​អស់​ចិត្ត។

ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ដៃគូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​ថា បើ​ទោះ​បី​ជា​ខំ​ប្រឹង​និយាយ​លួងលោម​ពលរដ្ឋ​ម្ចាស់​ឆ្នោត​យ៉ាង​ណា​ក៏​មិន​អាច​ប្រមូល​សំឡេង​គាំទ្រ​រហូត​ដល់ ៦០% ដែរ ព្រោះ​កម្លាំង​ធ្លាប់​រួប​រួម​គ្នា បាន​បែក​ទៅ​ចូល​រួម​គណបក្ស​ដទៃ និង​បង្កើត​បក្ស​ថ្មី ប្រៀប​ដូច​ទឹក​ដែល​ធ្លាប់​ពេញ​ពាង ស្រក​មក​នៅ​កន្លះ​ពាង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា កម្លាំង​បក្ស​សង្គ្រោះ​ជាតិ លែង​ខ្លាំង​ដូច​កាល​ពី​ឆ្នាំ​២០១៣ ដោយ​លោក​មើល​ឃើញ​ថា កម្លាំង​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ក្រុម​លោក សួន សេរីរដ្ឋា សុទ្ធ​តែ​លែង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រព​ពេល​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ខ្លះ អស់​ជំនឿ ហើយ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន៖ «ឯកឧត្ដម កឹម សុខា និយាយ​អ៊ីចឹង​វា​គ្រាន់​តែ​ជា​វោហារសាស្ត្រ​នយោបាយ​ដើម្បី​កម្លាំង​ចិត្ត​សមាជិក​សមាជិកា ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​របស់​គាត់​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា ឆ្នាំ​២០១៣ បក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​ដល់​ចំណុច​កំពូល​ហើយ តែ​ក្រោយ​ការ​តវ៉ា​ជិត​មួយ​ឆ្នាំ​យើង​ឃើញ​ថា កម្លាំង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លែង​គាំទ្រ​គណបក្ស​នេះ​ទៀត​ហើយ»

លោក សុខ ឥសាន យល់​ថា ពុំ​មាន​ហេតុ​ផល​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​លេស​លុបលាង​ភាព​បរាជ័យ​របស់​បក្ស​ប្រឆាំង​នោះ​ទេ បើ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ឬ​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ឯករាជ្យ​នោះ។ កន្លង​ទៅ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ឯកភាព​គ្នា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​សមាសភាព គ.ជ.ប ចប់​សព្វគ្រប់​អស់​ហើយ​ដែរ។

លោក សុខ ឥសាន រំលឹក​ថា ភាព​ចន្លោះ​ប្រហោង​ទាក់ទង​នឹង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ចូល​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រួច​ហើយ។ ដូច្នេះ​បើ​មាន​ការ​តវ៉ា​អ្វី​កើត​ឡើង​ទៀត​នោះ លោក​ចាត់​ទុក​ថា ជា​សកម្មភាព​តវ៉ា​បែប​អានាធិបតេយ្យ៖ «អ៊ីចឹង​អ្នក​ណា​តវ៉ា​តាម​បែប​អានាធិបតេយ្យ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជា​លេស​នេះ គឺ​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ខ្ញុំ​ឧទាហរណ៍​ទេ! ពេល​មាន​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ពី​គ.ជ.ប ហើយ​បើ​មិន​បាន​ចូល​ប្រជុំ​តាម​ការ​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​តាម​ព្រះមហាក្សត្រ​ទេ អា​នោះ​ត្រូវ​បាត់បង់​អាសនៈ​ដោយ​ស្វ័យប្រវត្តិ ហើយ​បើ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ខ្លាំង​ដូច​ឆ្នាំ​២០១៣ អា​ហ្នឹង​ត្រូវ​បាត់​បង់​សិទ្ធិ​នយោបាយ​ទាំង​ស្រុង»

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក មាស នី បារម្ភ​ថា បញ្ហា​ខ្លះ​អាច​នឹង​កើត​មាន បើ គ.ជ.ប មិន​បាន​ត្រួត​ពិនិត្យ​ការ​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ដោយ​លោក​មើល​ឃើញ​ថា គណបក្ស​នយោបាយ​ខ្លះ​មិន​បាន​គោរព ឬ​រំលោភ​ទៅ​លើ​ការ​ណែនាំ​គ.ជ.ប។ ការ​តវ៉ា​តែងតែ​កើត​មាន​នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា តែ​ការ​តវ៉ា​មិន​ប្រាកដ​ចេញ​តែ​ពី​បក្ស​ប្រឆាំង​នោះ​ទេ៖ «អ្នក​ចាញ់​តែងតែ​ទាមទារ​អ្វី​ផ្សេង​ទៀត។ ខ្ញុំ​មិន​និយាយ​ថា CNRP ចាញ់​ទេ តែ​បើ CPP ចាញ់​ឆ្នោត ឬ​បាត់​សន្លឹក​ឆ្នោត​ច្រើន ជួន​កាល​ក៏​អាច​មាន​ការ​តវ៉ា​ឡើង​ដែរ​បាទ! ហើយ​ក៏​យើង​មិន​អាច​និយាយ​ថា ឲ្យ​តែ​អ្នក​តវ៉ា​ចេញ​ពី​គណបក្ស​ប្រឆាំង​ដែរ ព្រោះ​នេះ​ជា​វប្បធម៌​មួយ​ទៅ​ហើយ»

ចំពោះ លោក មាស នី ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​៤ នេះ មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ប្រដំប្រសងគ្នា។

មាន​លទ្ធផល​ប្រដំប្រសងគ្នា​ដោយសារ​គណបក្ស​កាន់​អំណាច​មិន​ទាន់​ធ្វើ​កំណែទម្រង់​អ្វី​បាន​ជា​ដុំកំភួន និង​ការ​បំភិតបំភ័យ​រឿង​សង្គ្រាម​នៅ​មុន​ការ​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​បន្ត​បាត់​បង់​សំឡេង​គាំទ្រ។ចំណែក​បក្ស​សង្គ្រោះ​ជាតិ វិញ អាច​ស្រូប​យក​សំឡេង​គាំទ្រ​សរុប​ប្រហែល ៤០% នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ ហេតុផល​ដែល​អាច​ស្រូប​យក​បាន ត្រូវ​បាន​លោក​ពន្យល់​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភាគ​ច្រើន ជា​ពលរដ្ឋ​អស់​ជំនឿ​លើ​បក្ស​កាន់​អំណាច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធំៗ និង​អ្នក​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​នយោបាយ​យក​ពួកគេ​ធ្វើ​ជា​ចំណាត់​ខ្មាំង​នយោបាយ​តាម​រយៈ​ការ​គំរាម​កំហែង​ផ្សេងៗ៖ «ការ​មើល​ឃើញ​ខុស​គ្នា ខាង​គណបក្ស​កាន់​អំណាច​ហាក់​ថា ការ​គំរាម​នឹង​អាច​ជួយ​ឲ្យ​ពលរដ្ឋ​ងាក​មក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​វិញ តែ​សម្រាប់​ប្រជាជន​ទូទៅ​វិញ​យល់​ឃើញ​ថា ការ​គំរាម​នេះ​ហាក់​យក​គាត់​ធ្វើ​ជា​ចំណាត់​ខ្មាំង»

អ្នក​វិភាគ​រូប​នេះ បាន​មើល​ឃើញ​គណបក្ស​តូចៗ​ពីរ កំពុង​ងើប​ឡើង​ដែរ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ទាំង​ពីរ​ភាគ​ច្រើន​ចេញ​ពី​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដោយ​លោក​ឲ្យ​រង់ចាំ​​អ៊ុត​មើល​ទាំង​អស់​គ្នា​ថ្ងៃ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

CPP កំពុងបារម្ភការរង្គួសរង្គើផ្ទៃក្នុងក្រោយលទ្ធផលឃុំសង្កតា់ ។ ជាពិសេសក្នុងចំណោមកងកំលាំងប្រដាប់អាវុធ ។ ដូចនេះហើយបានមានសារគំរាមជាញឹកញាប់ ។ ទប់មិនជាប់ទេ ។​

May 27, 2017 10:59 PM

គេហទំព័រ​ទាំងមូល