លោក កឹម សុខា រំលឹក​ទៅ​តុលាការ​ថា ការ​សម្រេច​ដោយ​អគតិ​ជា​អំពើ​បាប

ដោយ សេក បណ្ឌិត
2022.09.07
Share on WhatsApp
Share on WhatsApp
លោក កឹម សុខា រំលឹក​ទៅ​តុលាការ​ថា ការ​សម្រេច​ដោយ​អគតិ​ជា​អំពើ​បាប លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ដៃ​សំពះ​អ្នក​គាំទ្រ​លោក​ពី​លើ​រថយន្ត ពេល​ចេញ​ពី​សវនាការ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា ជា​រឿង​អយុត្តិធម៌ ដែល​តុលាការ​ភ្ជាប់​រូប​លោក ទៅ​នឹង​ករណី​អំពើ​ហិង្សា ក្នុង​បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង កាល​ពី​ឆ្នាំ២០១៣។ លោក កឹម សុខា លើក​ឡើង​ដូច្នេះ​ក្នុង​សវនាការ​ជំនុំជម្រះ​ក្ដី​សំណុំ​រឿង​ក្បត់​ជាតិ​លើក​ទី៥៥ នៅ​ថ្ងៃ​ទី៧ ខែសីហា។ មេ​បក្ស​ប្រឆាំង​រូប​នេះ ក៏​រំលឹក​ទៅ​តុលាការ​ថា «ការ​សម្រេច​ដោយ​អគតិ​ជា​អំពើ​បាប»

ការ​កាត់​ក្ដី​របស់​តុលាការ ក្នុង​សំណុំរឿង​លោក កឹម សុខា តុលាការ​ហាក់​កំពុង​កាត់ ដើម្បី​ក្ដី​បំពេញ​ចិត្ត​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​តុលាការ​នៅតែ​ចោទ​ប្រកាន់​ថា លោក កឹម សុខា មាន​ជាប់​ទាក់ទង​នឹង​ការ​បាតុកម្ម​ដដែល​នៅ​ផ្លូវ វេង ស្រេង ដែល​ការ​ចោទ​ប្រកាន់​នេះ គឺ​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែរ។

មេធាវី និង​អ្នក​ឃ្លាំមើល​សវនាការ​រិះគន់​ថា តុលាការ​ហាក់​មាន​ចេតនា អូស​បន្លាយ​សំណុំរឿង​លោក កឹម សុខា ឲ្យ​កាន់តែ​វែង​រក​ទី​បញ្ចប់​គ្មាន ដោយ​តុលាការ​លើក​យក​អង្គហេតុ​ដដែល មិន​ពាក់ព័ន្ធ នឹង​សំណុំរឿង​នេះ មក​ចោទ​សួរ​លោក កឹម សុខា ជា​ច្រើន​សប្ដាហ៍​បែប​នេះ។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក​មេធាវី ផែង ហេង ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា តំណាង​អយ្យការ បាន​ចាក់​វីដេអូ​ឈុត​ខ្លីៗ នៃ​អំពើ​ហិង្សា ក្នុង​បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង និង​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ទោះ​យ៉ាង​ណា​ក្ដី លោក​មេធាវី​ថា ការ​ចាក់​វីដេអូ​នេះ បាន​ធ្វើ​ឲ្យ​ខាត​ពេល​អត់​ប្រយោជន៍ ព្រោះ​មិន​ជាប់​ទាក់ទង​នឹង​អង្គហេតុ។ លោក​ថា នៅ​ពេល​តំណាង​អយ្យការ​សួរ​សំណួរ​ដដែលៗ ទាក់ទង​អំពើ​ហិង្សា​នៅ​ផ្លូវ វេង ស្រេង បែប​នេះ លោក កឹម សុខា នៅតែ​រក្សា​ចម្លើយ​ដដែល​ដែរ គឺ​លោក​ទទួល​ស្គាល់​តែ​បាតុកម្ម ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ចំណែក​បាតុកម្ម​ក្រៅ​ពី​នេះ​លោក កឹម សុខា មិន​ដឹង​ឡើយ៖ «បាតុកម្ម​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​សាលក្រម​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​មនុស្ស​មួយ​ចំនួន​រួច​ហើយ​ ហើយ​មិន​មាន​ពាក់ព័ន្ធ​ ឬ​ការ​ទទួល​ខុសត្រូវ​របស់​ឯកឧត្ដម កឹម សុខា ដូច្នេះ​ខ្ញុំ​គិត​ថា ការ​លើក​យក​បាតុកម្ម ដែល​បាន​កាត់​ក្ដី​រួច​ហើយ​ មាន​សាលក្រម​រួច​ហើយ​យក​មក​សួរ​ឡើង​គឺ​គ្រាន់តែ​រឿង​ខាត​ពេល​វេលា​អត់​ប្រយោជន៍»

ចំណែក លោក កឹម សុខា ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី៧ ខែកញ្ញា គឺ​ក្រោយ​ចប់​សវនាការ​នេះ​ដោយ​លោក​បាន អរគុណ មេធាវី​ការពារក្តី សហការី អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ ដែល​តែងតែ​ជួយ​ការពារ លើក​ទឹក​ចិត្ត និង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ដោយ​បាន​ចូលរួម​ផ្ទាល់​ក្នុង​តុលាការ និង​តាមដាន​នៅ​ខាង​មុខ​តុលាការ ទោះបី​សវនាការ​នេះ​បាន​អូស​បន្លាយ​រយៈ​ពេល​យ៉ាង​យូរ​រហូត​ដល់​ជុំ​ទី៥៥ ហើយ​ក៏​ដោយ។

លោក កឹម សុខា ថា ការ​ដែល​រង​ភាព​អយុត្តិធម៌ ៥ឆ្នាំ​មក​នេះ បាន​លើក​ឡើង​យក​ពាក្យ​ពីរ​ឃ្លា​ថា «ការ​សម្រេច​ដោយ​អគតិ គឺ​ជា​អំពើ​បាប» បន្ត​ទៀត​ថា «ជួបជុំ​គ្នា​ធ្វើ​បុណ្យ​តាម​ទំនៀម​ទម្លាប់​ខ្មែរ គឺ​អំពើ​ជា​កុសល»។ មេ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជាមួយ​ពលរដ្ឋ​នៅ​តាម​វត្ត​អារាម​ខ្លះ ក្នុង​សប្ដាហ៍​ខាង​មុខ ទោះ​លោក​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ក្ដី។

សវនាការ​លើក​ទី៥៥ នេះ​ក៏​មិន​ខុស​លើក​មុនៗ ដែរ គឺ​នៅ​ក្នុង​បន្ទប់​សវនាការ មាន​តំណាង​អង្គការ​សហប្រជាជាតិ តំណាង​ស្ថានទូត​ប្រទេស​លោក​សេរី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តាមដាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុកដាក់។ ចំណែក​នៅ​ក្រៅ​របង​តុលាការ មាន​សមត្ថកិច្ច​ប្រមាណ ២០នាក់ ឈរ​ឃ្លាំមើល ហើយ​អ្នកគាំទ្រ​លោក កឹម សុខា ដែល​ឈរ​ត្រៀបត្រា​នៅ​មុខ​តុលាការ​ប្រមាណ ១០០នាក់។

អ្នក​គាំទ្រ​លោក កឹម សុខា ម្នាក់ គឺ​លោក ជា ស្រេង រិះគន់​ថា សវនាការ​មាន​ចរិត​នយោបាយ និង​មិន​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក កឹម សុខា បាន​នោះ​ឡើយ។ លោក ជា ស្រេង ចង់​ឃើញ​សហគមន៍​អន្តរជាតិ គួរ​មាន​ការ​អន្តរាគមន៍​បន្ថែម​ទៀត ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ឆាប់​វិល​ចូល​តុ​ចរចា​ដោះ​ស្រាយ​បញ្ហា​នេះ៖ «បើសិន​មិន​មាន​សម្ពាធ​នៃ​អន្តរជាតិ​លេង​ខ្លាំង​ ប្រហែល​ស្ថានការណ៍​ហ្នឹង​មាន​ការ​ចរចា​នយោបាយ​ដំណើរ​ការ​បាន​ហើយ បើ​ថា នៅ​តែ​ប្រេតៗ អ៊ីចឹង​ទេ គាត់ (តុលាការ) ធ្វើ​ដើម្បី​ពន្យារ​ពេល​ទេ»

ឆ្លើយតប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​អះអាង​ដដែល​ថា សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ៖ «បាទ​ការ​យល់​ឃើញ​ខុស​គ្នា គាត់​ស្រែក​ថា រឿង​នយោបាយ​ជា​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ រឿង​ជាក់ស្ដែង​នៅ​ក្នុង​ដៃ​តុលាការ​ទៅ​ហើយ ឥឡូវ​រឿង​នយោបាយ​ម៉េច​ទៀត»

ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក យី សុខសាន្ត ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​សង្កេត​ឃើញ​ថា បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង ជា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​រោងចក្រ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ កាន់តែ​ខិត​ជិត​មក​ដល់ គួរ​មាន​ដោះស្រាយ​ផ្នែក​នយោបាយ ដើម្បី​បញ្ចប់​សំណុំរឿង​នេះ៖ «តាម​ការ​កត់​សម្គាល់​ក្នុង​នាម​យើង​សង្គម​ស៊ីវិល ដែល​យើង​តាម​ដាន​រឿង​នេះ​ដែរ វា​រឿង​នយោបាយ ហើយ​ហាក់​ដូច​ជា​អូស​បន្លាយ​ពេល​វេលា ឬ​ក៏​ជា​ការ​ពន្យារ​ពេល​ ហើយ​លោក កឹម សុខា ខ្លួន​ឯង​គាត់​ថា ការ​សួរ​គាត់​ដដែលៗ គឺ​ជា​ការ​ពន្យារ​ពេល»

លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​សេរីភាព ជាង ៥ឆ្នាំ​មក​ហើយ ព្រោះ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ តុលាការ​នឹង​បន្ត​សវនាការ​នេះ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ គឺ​នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក កឹម សុខា ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ចុង​ខែសីហា ថា លោក កឹម សុខា ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ វេង ស្រេង ដូចជា ការ​លួច​ផ្ដល់​នំប៉័ង​ឲ្យ​ក្រុម​បាតុកម្ម​នៅ​ម៉ោង ៣ទៀប​ភ្លឺ​ជា​ដើម។ លោក​ថា ការ​ទាមទារ​ការ​ផ្លាស់ប្ដូរ​ក្រោយ​ការ​បោះ​ឆ្នោត​ជា​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ អាច​ជិះ​ឥទ្ធិពល​ដល់​តុលាការ​ក្នុង​ការ​សម្រេច​ក្ដី​លើ​ករណី​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។