មេដឹកនាំបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា កំពុងលាក់បាំងអំពើពុករលួយ និងទិន្នន័យពិតប្រាកដនៃបំណុលរបស់ជាតិ និងប្រជាពលរដ្ឋដែលបណ្ដាលឱ្យពលរដ្ឋខ្មែរធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ។ អ្នកវិភាគសេដ្ឋកិច្ចថា បំណុលសាធារណៈមិនទាន់ធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរតែបំណុលឯកជននៅកម្ពុជាមានកម្រិតខ្ពស់ដែលតម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីលើកឡើងថា បញ្ហាបំណុលនៅកម្ពុជានឹងបង្កជាបញ្ហានៅពេលអនាគតដោយសាររដ្ឋាភិបាលលោក ហ៊ុន សែនលាក់បាំងពីតួលេខបំណុលសាធារណៈដែលបន្ទុកការសងបំណុលទាំងនោះនឹងធ្លាក់មកលើប្រជាពលរដ្ឋខ្មែរ។
លោក សម រង្ស៊ីថ្លែងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយចោទប្រកាន់លើរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានប្រព្រឹត្តអំពើពុករលួយតាមរយៈការកិបកេងបំណុលសាធារណៈ។លោកបន្តថាកម្ពុជាកំពុងមានវិបត្តិបំណុលចំនួនពីរគឺបំណុលសាធារណៈដែលបង្កប់ទៅដោយអំពើពុករលួយតាមរយៈការកិបកេងនិងវិបត្តិបំណុលឯកជន ជំពាក់ដោយប្រជាពលរដ្ឋខ្មែរជាច្រើននាក់កំពុងជាប់ផុងក្នុងបំណុលធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបំណុលទាំងនេះមានចំនួនច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋខ្មែរទៅទៀត៖
«រដ្ឋាភិបាលលោកហ៊ុន សែនគាត់លាក់បំណុលច្រើនណាស់បំណុលរបស់រដ្ឋជំពាក់បរទេសគឺច្រើនៗមែនទែន អាហ្នឹងជាវិបត្តិទីមួយ។ហើយវិបត្តិទីពីរ គឺបំណុលរបស់ប្រជាពលរដ្ឋគឺបំណុលឯកជន គឺច្រើនលើសគេក្នុងពិភពលោក ដូចខ្ញុំនិយាយអម្បាញ់ម៉ិញគ្មានពលរដ្ឋណាជំពាក់លុយគេច្រើនជាងគេដូចពលរដ្ឋខ្មែរក្រោមរបបហ៊ុនសែនហ្នឹងទេ»។
ការលើកឡើងរបស់មន្ត្រីអតីតក្រសួងសេដ្ឋកិច្ចរូបនេះគឺស្របគ្នាទៅនឹងរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០២២ថារដ្ឋាភិបាលកម្ពុជាបានជំពាក់បំណុលបរទេសសរុបជាង៩ពាន់លានដុល្លារអាមេរិក។នៅក្នុងនោះកម្ពុជាជំពាក់មហាអំណាចកុម្មុយនីស្តចិនដល់ទៅជាង ៤២ភាគរយដែលជាចំនួនខ្ពស់ជាងគេនៃបំណុលកម្ពុជាបានខ្ចីប្រទេសដទៃទៀតហើយបំណុលទាំងនេះរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពចរចារដោះស្រាយត្រឹមតែក្នុងទំហំ ៦ភាគរយ ប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដើម្បីសុំការបកស្រាយរឿងនេះបានទេនៅថ្ងៃទី៤ខែកុម្ភៈ។
ប៉ុន្តែ លោក វង្សី វិស្សុតបានថ្លែងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី២៥ ខែមករា ថាកម្ពុជានៅបន្តរក្សាស្ថិរភាពនៃការគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរហើយបំណុលដែលកម្ពុជាជំពាក់បរទេសបច្ចុប្បន្នមានប្រមាណជាង១០ពាន់លានដុល្លារឬស្មើនឹង៣៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។បើតាមក្រសួងសេដ្ឋកិច្ចកម្ពុជានៅមិនទាន់ធ្លាក់ទៅក្នុងវិបត្តិបំណុលវ័ណ្ឌកនៅឡើយព្រោះកម្ពុជាជាប្រទេសដែលជំពាក់បំណុលបរទេសតិចជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានលើកលែងតែប្រទេសប្រ៊ុយណេ។លោក វង្សីវិស្សុតអះអាងទៀតថាកម្ពុជាមានបំណុលឯកជនក្នុងប្រព័ន្ធធនាគារចំនួន ៥៦ពាន់លានដុល្លារ (៥៦,១) ឬស្មើ១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។លោកថា អត្រានេះគឺជាតួលេខមួយខ្ពស់ជាងធម្មតាសម្រាប់ការកំណត់ក្នុងប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជាដែលត្រូវមានបំណុលវិស័យឯកជនក្នុងប្រព័ន្ធធនាគារប្រមាណ៧០ភាគរយនៃGDP។
ទោះជាយ៉ាងនេះអ្នកតាមដានសេដ្ឋកិច្ចនៅតែព្រមានថាបើកម្ពុជារកបាន ៧០ ហើយចាយ ១០០ នោះបំណុលបរទេសដែលរដ្ឋាភិបាលជំពាក់នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំស្របពេលដែលកញ្ចប់ថវិកាជាតិសម្រាប់ចំណាយប្រចាំឆ្នាំកាន់តែច្រើនឡើង។ទន្ទឹមនឹងនេះអ្នកតាមដានសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលគួរតែប្រើប្រាស់ថវិកាជាតិដោយប្រុងប្រយ័ត្នដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចនិងទប់ទល់កំណើនអតិផរណាក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកលព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ចាន់ សុផលមានប្រសាសន៍ថាបំណុលសាធារណៈរបស់កម្ពុជានៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេតែបំណុលឯកជនជារឿងដែលគួរឱ្យព្រួយបារម្ភពីព្រោះបំណុលនេះមានចំនួនច្រើន ហើយប៉ះពាល់ខ្លាំងទៅលើប្រជាពលរដ្ឋ។លោកយល់ឃើញថារដ្ឋាភិបាលគួរតែបង្កើតឱកាសនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបការងារអាជីវកម្មផ្សេងៗដើម្បីមានលទ្ធភាពសងបំណុលទាំងនោះនិងផ្ដល់ជំនួយទៅដល់ប្រជាពលរដ្ឋក្រីក្រជាដើម៖
«ជាធម្មតាខ្ចីគេមកត្រូវតែមានមុខសញ្ញាចំណាយឱ្យបានច្បាស់លាស់ជាពិសេសគឺការវិនិយោគដើម្បីបង្កើតជាចំណូលជាតិចំណូលប្រជាពលរដ្ឋទៅថ្ងៃអនាគត»។
របាយការណ៍វាយតម្លៃទៅលើសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៥,២ភាគរយនិងព្យាករណ៍ថា អាចកើនឡើងដល់៥,៦ភាគរយនៅឆ្នាំ២០២៣។ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ផ្សាយកាលពីចុងឆ្នាំ២០២២ព្យាករណ៍ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចត្រឹម៤,៨ភាគរយក្នុងឆ្នាំ២០២២ខណៈក្នុងឆ្នាំ២០២៣ វិញធនាគារពិភពលោកព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងទទួលបាន៥,២ភាគរយ។ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះព្រមានថាបើទោះជាមានកំណើននេះក៏ដោយក៏សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដោយសារតែការវិវត្តសភាពការណ៍ក្រៅព្រំដែនរបស់កម្ពុជា។
អ្នកតាមដានស្ថានការណ៍មើលឃើញថារដ្ឋាភិបាលកម្ពុជានៅតែខ្វះតម្លាភាពនិងគណនេយ្យភាពក្នុងការបែងចែកនិងប្រើប្រាស់ប្រាក់កម្ចីសាធារណៈហើយតួលេខនៃកំណើនសេដ្ឋកិច្ចដែលរដ្ឋាភិបាលបង្ហាញនោះមិនស៊ីគ្នាទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលឡើយ។ពួកគេបារម្ភថាកម្ពុជាកាន់តែផុងខ្លួននឹងបំណុលបរទេសកាន់តែធ្ងន់ធ្ងរដោយសារការប្រើប្រាស់ប្រាក់កម្ចីមិនច្បាស់លាស់និងអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។