សកម្មជនគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការប្រឆាំងសាលក្រម តុលាការក្រុងភ្នំពេញដែល រឹបអូសអគារទីស្នាក់ការកណ្ដាលគណបក្សប្រឆាំងលក់ឡៃឡុងយកលុយទៅឲ្យមេដឹកនាំបក្សកាន់អំណាច។ ទោះយ៉ាងណាមន្ត្រីបក្សកាន់អំណាចលើកឡើងថា សាលក្រមតុលាការ ជាការផ្ដាច់ឫសគល់បក្សប្រឆាំង។
សកម្មជនគណបក្សប្រឆាំងកំពុងធ្វើញត្តិ និងយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកប្រឆាំងមិនឲ្យមានរឹបអូសទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិយកលក់ឡៃឡុងឡើយ។ ពួកគេលើកឡើងដូចៗគ្នាថា អគារនេះកើតចេញពីញើសឈាមរបស់អ្នកគាំទ្រគណបក្សនេះដែលចូលរួមបរិច្ចាគថវិកាក្នុងការសាងសង់ទីស្នាក់ការនេះ។
សកម្មជនបក្សសង្គ្រោះជាតិ លោកស្រី មាន ឡា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរីថា ការទាមទាររបស់លោកស្រីនិងសកម្មជនផ្សេងទៀតព្រោះលោកស្រី មិនពេញចិត្តនឹងការសម្រេចរបស់តុលាការ។ លោកស្រីយល់ថា ទង្វើរបស់តុលាការពេលនេះ ធ្វើឡើងតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោកស្រីបន្តថា មេដឹកនាំរូបនេះនៅតែភ័យខ្លាចនិងគេងមិនលក់ពេលឃើញអាគារគណបក្សសង្គ្រោះជាតិ៖ «លោក ហ៊ុន សែន ធ្លាប់និយាយហើយ អ្វីដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិគេចង់បំបាត់ចោលឲ្យអស់ប៉ុន្តែធ្វើទៅអត់រួច នៅតែទាមទារទីស្នាក់ការគណបក្សសង្គ្រោះជាតិយើងមិនវិញ ទៅតាម អ្វីដែលយើងអាចធ្វើបាន»។
រីឯ សាខាគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលីលើកឡើងក្នុងញត្តិរបស់ខ្លួនកាលពីថ្ងៃទី១៩ វិច្ឆិកា ថា ដីកាបង្គាប់តុលាការឲ្យលក់អគារដើម្បីសងបំណុលដែលលោក សម រង្ស៊ី ចាញ់ក្ដីជាអំពើខុសឆ្គង ។ ប្រភពដដែលលើកឡើងថា ទីស្នាក់ការនេះជាសកម្មសិទ្ធិរបស់អ្នកគាំទ្រគណបក្សនៅ ទូទាំងពិភពលោក មិនមែនត្រឹម ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី ទេ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអូស្ត្រាលី លោក អ៊ិន ហេមរា ស្នើទៅតុលាការឲ្យពិនិត្យឡើងវិញនូវការសម្រេចនេះ៖ «បានយើង សង្ឃឹមថា តុលាការនៅទីក្រុងនឹងពិនិត្យសាលាឡើងវិញ ហើយដោយសារមានការចេញសេចក្ដីថ្លែងការណ៍ពីអ្នកដែលចេញលុយថវិកាអគារហ្នឹងតុលាការអាច យល់ថា អគារហ្នឹងជារបស់គណបក្សសង្គ្រោះជាតិ មិនមែនជាកម្មសិទ្ធិរបស់លោក សម រង្ស៊ីម្នាក់ទេដូច្នេះគាត់អាចលុបចោលការនូវដីកាសម្រេចហ្នឹង»។
ប្រតិកម្មរបស់សកម្មជនគណបក្សសង្គ្រោះជាតិពេលនេះក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ បានចេញដីកាចំនួន៤ ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បង្គាប់ឲ្យមេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវសងលុយទៅក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដូចជា លោក ហ៊ុន សែន ជាច្រើនលានដុល្លារ។ ពាក់ព័ន្ធនឹងសំណើរបស់មន្ត្រីបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា ចំណាត់ការរបស់តុលាការបែបនេះស្មើនឹងការការផ្ដាច់ឫសគល់គណបក្សប្រឆាំង៖ «ផ្ដាច់ឫសផ្ដាច់គល់ព្រោះវាអត់មូលដ្ឋាននៅហ្នឹងទីស្នាក់ការក៏ អស់ទ្រព្យ សម្បត្តិក៏អស់ចប់»។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកចង់រឹបអូសយកទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជាបន្តបន្ទាប់ក្នុងនោះរួមមាន ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិជាដើម។
ជុំវិញយុទ្ធនាការប្រឆាំងសាលក្រមតុលាការនេះ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា ការធ្វើញត្តិរបស់សកម្មជនជារឿងល្អមួយដែលបញ្ជាក់ពីការតស៊ូផ្នែកនយោបាយ ប៉ុន្តែលោកមិនដឹងថា ពួកគេនឹងទទួលបានលទ្ធផលបែបណានោះទេ ខណៈប្រធានគណបក្សនេះគឺលោក កឹម សុខា មិនបានបញ្ចេញប្រតិកម្មអ្វីទាំងអស់លើករណីនេះ។ អ្នកវិភាគរូបនេះយល់ថា ទីស្នាក់ការនេះមិនមែនត្រឹមជាអគាររបស់គណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែវា ក៏ជាមរតករបស់ក្រុមអ្នកប្រជាធិបតេយ្យដែរ៖ «ដើម្បីការពារអត្តសញ្ញាណរបស់គណបក្សសង្គ្រោះជាតិក៏ ជាការ បង្ហាញនិងការលើកទឹកចិត្តអ្នកតស៊ូក្នុងមាគាប្រជាធិបតេយ្យដែរ។ បទពិសោធន៍កន្លងមក ឃើញថា គណបក្សរាជនិយមបាត់បង់កេរ្តិ៍ឈ្មោះបាត់បង់កិត្តិនាមអីហ្នឹងគឺដោយសារបាត់បង់ទីស្នាក់ការកណ្ដាលរបស់ខ្លួនហ្នឹងឯងទោះបីក្នុងរូបភាពពីផ្សេងគ្នាក៏ដោយ»។
លោក សេង សារី យល់ថា ប្រសិនអគារនេះត្រូវបានតុលាការលក់ឡាយឡុងមែននោះ វាអាចនឹងក្លាយជាកន្លែងលក់ឡាន ឬកន្លែងម៉ាស្សា ជាដើមដែលអាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តអ្នកគាំទ្រគណបក្សប្រឆាំង។
ជុំវិញដំណើរការរបស់តុលាការក្នុងការលក់ឡាយឡុងអគារនេះដែរ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានលោក តាំង ស៊ុនឡាយ ឲ្យដឹងថា ពេលនេះតុលាការគ្រាន់តែរឹបអូសអគារនេះទុកសិន។ ទោះបីជាយ៉ាងណា លោក សម រង្ស៊ី អះអាងថា សាលក្រមតុលាការនេះ នឹងធ្វើឲ្យលោកអស់ចំណងសម្ភារៈ ហើយរឹតតែឲ្យលោកមានសេរីភាពធ្វើនយោបាយខ្លាំងជាងមុន។ លោកថា សាលក្រមនឹងមិនអាចផ្តាស់ប្តូរការប្តេជ្ញាចិត្តរបស់លោក ដើម្បីធ្វើការងារតស៊ូមតិឲ្យមានការផ្តាស់ប្តូរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។