ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានបណ្ដេញលោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចេញពីរដ្ឋសភា នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣។
ការបណ្តេញនេះកើតឡើងបន្ទាប់ពីលោក ឈាង វុន បានបញ្ចប់ធ្វើសន្និសីទកាសែតស្តីពីការសម្រេចបង្កកប្រាក់ខែ និងបញ្ឈប់តួនាទីតំណាងរាស្ត្រ ២៩រូប មកពីគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ។
លោក ឈាង វុន បានប្រកាសថា លោក សុន ឆ័យ មិនមែនជាសមាជិករដ្ឋសភាទៀតទេ ដូច្នេះលោក សុន ឆ័យ គ្មានសិទ្ធិធ្វើសន្និសីទកាសែតក្នុងរដ្ឋសភាទេ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានចាត់ទុកកាយវិការ និងពាក្យសម្ដីប្រមាថមកលើរូបលោកផ្តើមដោយលោក ឈាង វុន ថាបង្ហាញឲ្យឃើញចរិតផ្តាច់ការរបស់មន្ត្រីបក្សកាន់អំណាច។ លោកបញ្ជាក់ថា មូលហេតុដែលលោក ឈាង វុន ដេញលោកចេញពីរដ្ឋសភា ដោយសាររូបលោកឆ្លើយសំណួររបស់អ្នកកាសែតដែលបានសួរនាំជុំវិញបញ្ហារដ្ឋសភាបង្កកប្រាក់ខែ និងបញ្ឈប់តួនាទីតំណាងរាស្ត្របក្សប្រឆាំងចំនួន ២៩រូប តាមរយៈកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានសោកស្ដាយដែលមានអ្នកនយោបាយមួយចំនួនគ្មានក្រមសីលធម៌ក្នុងការនិយាយស្តី ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។ លោកបានរិះគន់សកម្មភាព និងទង្វើរបស់មន្ត្រីស្ថាប័នកំពូលនៃរដ្ឋកម្ពុជា ថាអាចនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។
ដូចគ្នានេះដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ និងសោកស្ដាយទង្វើរបស់មន្ត្រីរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បម្រើការក្នុងស្ថាប័នច្បាប់ តែបែរជាប្រើពាក្យសម្ដី ឬប្រកាន់យកចរិតដូចមនុស្សមិនទទួលបានការអប់រំ។ លោកថ្លែងថា មិនអាចទទួលយកបានទេចំពោះទង្វើរបស់លោក ឈាង វុន ដែលបានប្រើសម្ដី ឬធ្វើទង្វើអសីលធម៌ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បម្រើការក្នុងស្ថាប័នកំពូលរបស់ជាតិនោះ។
កន្លងមក លោក ឈាង វុន ធ្លាប់បានចំអក និងប្រើពាក្យប្រមាថដោយប្រដូចអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទៅនឹងជនជាតិព្នងដែលចង់សំដៅគ្មានការអប់រំ ឬមិនមានការយល់ដឹងខ្ពង់ខ្ពស់ ឬមានលក្ខណៈកាចសាហាវជាដើម។ ការប្រដូចនេះ ត្រូវបានជនជាតិដើមភាគតិចព្នងប្រតិកម្ម និងទាមទារឲ្យលោក ឈាង វុន សុំទោសជាសាធារណៈ ព្រោះបានប្រមាថដល់ជនជាតិព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។