តំណាងរាស្ត្រគណបក្សប្រឆាំង ព្រមានថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងមិនឈរអោបដៃមើលឡើយ ប្រសិនមានការចាប់ខ្លួនប្រមុខដឹកនាំបក្សប្រឆាំងមែន។ ជុំវិញបបញ្ហានេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ជំហរកាលពីថ្ងៃទី២៩ មិថុនា ថា ប្រសិនបើមានបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា ពីអ្នកគាំទ្រមែន នោះអ្នកគាំទ្របក្សអំណាចនឹងមានបាតុកម្មប្រឆាំងវិញដែរ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រ និងកម្មករជាច្រើនរយនាក់ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ លោក គង់ បូរ៉ា ឲ្យដឹងថា គេពិបាកស្មាន និងទស្សន៍ទាយណាស់ថា តើនឹងមានព្រឹត្តិការណ៍អ្វីកើតឡើង ព្រោះនឹងមានអ្នកគាំទ្ររាប់ម៉ឺននាក់ នឹងងើបតវ៉ាប្រឆាំងចំណាត់ការនេះ ប្រសិនបើប្រធានស្ដីទីលោក កឹម សុខា ពិតជាត្រូវចាប់ខ្លួនដោយអាជ្ញាធររដ្ឋមែន។
តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៃគណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា អះអាងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ថា បើមានការចាប់ខ្លួនលោក កឹម សុខា នោះជាការពិត នឹងមានអ្នកគាំទ្ររាប់ម៉ឺននាក់ ងើបតវ៉ាប្រឆាំងវិធានការនេះ។
លោក គង់ បូរ៉ា មានជំនឿថា បាតុកម្មអាចកើតឡើង ប៉ុន្តែលោកមិនហ៊ានទស្សន៍ទាយទុកជាមុនទេអំពីហេតុការណ៍ដែលនឹងកើតឡើងក្នុងពេលចាប់ខ្លួននេះ។ បើទោះជាបែបណា តំណាងរាស្ត្ររូបនេះយល់ឃើញថា ម្ចាស់ឆ្នោតនឹងមិនព្រងើយកន្តើយឡើយ ប្រសិនអាជ្ញាធរពិតជាចេញវិធានការតានតឹងដូចការគំរាមមែន។ លោកបន្តថា «បើសិនជាមានការរំលោភលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គាត់មិនអាចឈរមើលការរំលោភមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទេ ហើយមិនដឹងថានឹងអាចមានការប្រមូលផ្ដុំ ឬមានរឿងអ្វីកើតឡើងទេ»។
អ្នកវិភាគនយោបាយយល់ឃើញថា ស្ថានភាពនយោបាយសព្វថ្ងៃពិតជាមិនអំណោយផលសោះឡើយសម្រាប់ការវិនិយោគ។ ការបង្កើនកម្ដៅនយោបាយនៅពេលនេះ វាជាការបិទផ្លូវលំហូរនៃវិនិយោគនៅកម្ពុជា។ ផ្ទុយពីអ្វីដែលរដ្ឋាភិបាលតែងអះអាងថា កម្ពុជាសព្វថ្ងៃស្ងប់ស្ងាត់ និងមានភាពប្រក្រតីនៃចរន្តនយោបាយ ក៏ប៉ុន្តែសហគមន៍អន្តរជាតិវិញ យល់ឃើញថា បរិយាកាសនយោបាយនៅកម្ពុជា មិនអំណោយផលសោះឡើយ។ ក្នុងអំឡុងខែមិថុនា សហគមន៍អន្តរជាតិបានដាក់ការបារម្ភព្រមគ្នាចំពោះការវិវត្តនយោបាយនៅកម្ពុជា ពេលនេះ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Bann Ki-moon) រួមទាំងសហគមន៍អឺរ៉ុប និងក្រសួងការបរទេសសហរដ្ឋអាមេរិក ជាដើម មើលឃើញថា ទិដ្ឋភាពនយោបាយកំពុងគំរាមកំហែងដល់ពន្លកនៃប្រជាធិបតេយ្យ និងសន្តិភាពរបស់កម្ពុជា។ ទន្ទឹមនឹងនេះ មេដឹកនាំពិភពលោកទាំងនោះ សុទ្ធតែបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរវិលទៅរកតុចរចាឡើងវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។
ផ្ទុយពីសារនយោបាយរបស់ប្រមុខការទូតអន្តរជាតិនេះ កាលពីថ្ងៃទី២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញសាច់ដុំនយោបាយជាថ្មីថា បើបក្សប្រឆាំងពិតជាមានអ្នកងើបតវ៉ារឿងចាប់ខ្លួនលោក កឹម សុខា នេះមែន នោះបក្សកាន់អំណាចក៏នឹងមិនអត់ឱនឲ្យវិញឡើយ។ លោកបន្តថា «បើលោកឯងមិនចេញ ក៏គង់តែថ្ងៃមួយគេយកចេញដែរ ហើយកុំគំរាមធ្វើបាតុកម្ម។ សូមទោសនិយាយគ្នាច្បាស់ឲ្យហើយ កុំគំរាមធ្វើបាតុកម្ម។ បន្លាជោះបន្លា នឹងអាចកើតមាន ហើយគេធ្វើតែមួយព្រឹបចប់សេចក្ដីហើយ។ សូមកុំនឹកស្មានថារួចខ្លួនឲ្យសោះ»។
តំណាងរាស្ត្រគណបក្សប្រឆាំងធ្លាប់ចោទប្រកាន់ថា មូលហេតុដែលនាំឲ្យអ្នកនយោបាយទាំងពីរបក្សចាប់ផ្ដើមខ្វែងគំនិតគ្នានេះ ក៏ព្រោះរដ្ឋាភិបាលប្រើវិធានការចាប់ខ្លួនអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងបំពានច្បាប់ គឺរំលោភអភ័យឯកសិទ្ធិសភា។ ផ្ទុយពីនេះ បក្សកាន់អំណាចចោទប្រកាន់ថា បក្សប្រឆាំងទៅវិញទេដែលចេះតែដើរបរិហារកេរ្តិ៍រដ្ឋាភិបាលរហូតហ៊ានចោទថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន លួចរំលាយខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមមើលឃើញថា ប្រសិនបើភាគីម្ខាងព្យាយាមបិទច្រកម្ខាងទៀត នោះលទ្ធភាពនៃការតវ៉ាចៀសមិនផុតពីផ្ទុះឡើងទេ។ លោក កែម ឡី ប្រៀបធៀបថា គេមិនត្រូវឲ្យអ្នកជិះទូករួមគ្នា ហើយមានម្នាក់រត់ចុះរត់ឡើងស្រេចនឹងចិត្តនៅក្នុងទូក ដែលអាចនាំឲ្យគ្រោះថ្នាក់នោះបានទេ។ លោកបន្តថា «ជិះទូកទាំងអស់គ្នា ហើយយើងរត់ចុះរត់ឡើងស្រេចចិត្ត ជាន់ក្បាលទូក ជាន់គែមទូកស្រេចចិត្តរាល់ថ្ងៃនេះ អាចនឹងលិចទាំងអស់គ្នា។ អ៊ីចឹងអ្នកនៅក្នុងទូកហ្នឹងជួយកុំឲ្យមនុស្សម្នាក់រត់ក្បាលទូក ចុងទូក គែមទូកស្រេចចិត្ត ពេលរលកវាខ្លាំងផង ក្រែងវាលិចទាំងអស់គ្នា»។
វិបត្តិនយោបាយដែលឈានទៅដល់ការបិទច្រកចរចានេះ មន្ត្រីគណបក្សប្រឆាំងអះអាងថា ខ្លួនបានព្យាយាមណាត់ជួបបក្សកាន់អំណាចជាញឹកញាប់មកហើយ ដើម្បីបញ្ចប់វិវាទ និងការខ្វែងគំនិតគ្នានេះ។ ប៉ុន្តែរហូតមកពេលនេះ នៅពុំទាន់ឃើញឃើញបក្សគ្របគ្រងរដ្ឋាភិបាលផ្ដល់ភ្លើងខៀវវិញនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។