មន្ត្រី​បក្ស​ប្រឆាំង​រំពឹង​ថា តុលាការ​នឹង​ជម្រះ​ក្ដី​ដោយ​តម្លាភាព​ហើយ​ដោះលែង​លោក​មាន​សេរីភាព​វិញ

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​លោក ចៅ វាសនា រំពឹង​ថា សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​​នឹង​ជំនុំជម្រះក្ដី​ដោយ​តម្លាភាព ហើយ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្ដី​រំពឹង​នេះ​ស្រប​ពេល​ដែល​តុលាការ​ថ្នាក់​ក្រោម​មួយ​នេះ​គ្រោង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​សំណុំ​រឿង​ លោក ចៅ វាសនា នៅ​ថ្ងៃ​ទី១៨ មករា​ខាង​មុខ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា នៅ​តែ​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ​ ដូច្នេះ​លោក​រំពឹង​ថា​ តុលាការ​នឹង​ដោះ​លែង​លោក​នៅ​ថ្ងៃ​សវនាការ​ខាង​មុខ។

កូន​ស្រី​​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ដែល​ជា​ចៅ​សង្កាត់​រង​ទី​២​សង្កាត់​ប៉ោយប៉ែត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ មករា​ថា ឪពុក​របស់​អ្នក​ស្រី​​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ចៅ​សង្កាត់​រង​ទី២ របស់​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ឪពុក​របស់​អ្នក​ស្រី​ជា​មនុស្ស​ស្លុត​ត្រង់ និង​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។

អ្នកស្រី ចៅ រតនៈ៖ «គាត់​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​​មក​លើ​គាត់​ទេ​ ដោយសារ​តែ​គាត់​មិន​បាន​បង្ហាញ​ជា​សាធារណៈ ឬ​ផុស​បង្ហាញ​កន្លែង​ណា​មួយ ដែល​បញ្ជាក់​ថា គាត់​ជា​អ្នក​បង្ហាញ​ធ្វើ​ឱ្យ​មាន​ការ​ចលាចល​សន្តិសុខ​ក្នុង​សង្គម ឬ​មួយ​ញុះញង់​ពលរដ្ឋ​ឱ្យ​ធ្វើ​តាម​ការងារ​អ្វី ដែល​គាត់​បាន​ផុលផុស​ ហ្នឹង​គឺ​អត់​មាន​ភស្តុតាង​ណា​មក​ចោទ​ប្រកាន់​លើ​គាត់​ទេ។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ខាង​មុខ នឹង​ផ្ដល់​ភាព​យុត្តិធម៌​​ជូន​គាត់​ដោយ​ចង់​​កៀបសង្កត់​ទៅ​លើ​គាត់ ហើយ​ចេះ​តែ​យក​បទ​ចោទ​ទម្លាក់​មក​លើ​គាត់​ម្ដង​ជា​ពីរ​ដង ដើម្បី​ឱ្យ​គាត់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​អយុត្តិធម៌ បង្កើត​ភាព​ឈឺចាប់​ទៅ​ដល់​គណបក្ស​ប្រឆាំង»។

ក្ដី​រំពឹង​នេះ​​ស្រប​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​គ្រោង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​​សំណុំ​រឿង​ញុះញង់​របស់​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី១៨ មករា​ខាង​មុខ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក រឿន លីណា ដើម្បី​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ មករា។

ជុំវិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ​​យល់​ឃើញ​ថា មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​មាន​សេរីភាព​ឡើង​វិញ ប្រសិន​បើ​តុលាការ​​ដំណើរ​ការ​ក្ដីក្ដាំ​មួយ​នេះ ដោយ​គ្មាន​ការ​រើសអើង​ផ្នែក​នយោបាយ និង​ដោយ​តម្លាភាព​។ លោក​បញ្ជាក់​ថា ​សំណុំ​រឿង​របស់​​លោក ចៅ វាសនា ក៏​មិន​ខុស​ពី​​សកម្មជន​គណបក្ស​ប្រឆាំង​ដទៃ​ដែរ​ ដែល​ជាប់​ទោស​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

លោក ស៊ឹង សែន​ករុណា៖ «អីចឹង​ហើយ​យើង​ចង់​ឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ល្អ​ប្រសើរ​។​អីចឹង​ស្ថានភាព​ល្អ​ប្រសើរ​ទៅ​បាន​ទាល់​តែ​អ្នក​នយោបាយ​ទាំង​ឡាយ ដែល​មាន​ឥទ្ធិពល​មាន​អំណាច​នឹង​​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​​អំពី​ការ​គិត​គួរ​ក្នុង​ការ​ដោះលែង​នៃ​សកម្មជន​នយោបាយ​​ សកម្មជន​សង្គម​នានា​ឱ្យ​​រួច​ផុត​បទ​ចោទ​ប្រកាន់​​ឱ្យ​ពួកគេ​មាន​សេរីភាព​ក្នុង​ការ​អនុវត្ត​​នូវ​សិទ្ធិ​របស់​ខ្លួន​នឹង​​ដោយ​ពុំ​មាន​ការ​រឹតត្បិត​​ការ​គំរាមកំហែង​​សកម្មភាព​របស់​ពួកគេ»។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា​​ឆ្នាំ​២០២៣​ និង​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា។​រហូត​មក​ដល់​ពេល​​នេះ​លោក​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​​អស់​រយៈ​ពេល​ជាង​៥​ខែ​ហើយ។​​​

លោក ចៅ វាសនា មាន​ដើម​កំណើត​ខ្មែរ​ក្រោម ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ និង​ ញុះញង់​ឱ្យ​មាន​ការរើសអើង ពាក់ព័ន្ធ​នឹង​រឿង ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹកឆ្នោត​កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោលការ​ចោទប្រកាន់​នេះ។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាត់ទោស​ជាប់ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​អំពី​បទ​ញុះញង់ និង​បាន​ចេញពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ​២០២២ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈពេល ៥​ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។